ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​មុជទឹក​របស់​ឥណ្ឌូណេស៊ី​ត្រូវ​រក​ឃើញ​ថា​បាក់​ជា​៣​ផ្នែក ហើយ​នាវិក​៥៣​នាក់​បាន​ស្លាប់​​


មន្ត្រីយោធាមួយរូបកាន់អាវកាក់ពាក់ក្នុងគ្រោះអាសន្ន ដែលត្រូវបានរកឃើញ បន្ទាប់ពីនាវាមុជទឹក KRI Nanggala-420 របស់ឥណ្ឌូណេស៊ី ត្រូវបានរកឃើញថាបាក់ជា៣បំណែក ហើយនាវិក៥៣នាក់បានស្លាប់ នៅក្រុងបាលី ឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១។

យោធា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​នាវា​មុជ​ទឹក​របស់​ប្រទេស​នេះ ​ដែល​បាន​លិច​នៅ​ក្នុង​សមុទ្រ​បាលី ​ត្រូវ​បាន​គេ​រក​ឃើញ​បែក​ជា​បី​ផ្នែក​ ហើយ​នាវិក​ទាំង​ ៥៣ ​នាក់ ​ត្រូវ​បាន​បញ្ជាក់​ថា​ បាន​ស្លាប់។ ​

យោធា​បាន​ប្រកាស​ថា នាវា​លិច​នេះ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​បាត​មហា​សមុទ្រ​ដោយ​ស្កេន​រលក​សំឡេង ​(sonar) ដែល​បាន​រក​ឃើញ​នាវា​មុជ​ទឹក​នេះ​ នៅ​ជម្រៅ ​៨៥០​ ម៉ែត្រ​ ឆ្ងាយ​ហួស​ពី​ជម្រៅ​នាវាចរណ៍​របស់​វា។​

ក្រុម​អ្នកជួយ​សង្គ្រោះ​បានរក​ឃើញ​វត្ថុ​ថ្មីៗ រួម​ទាំង​អាវ​កាក់​គ្រា​អាសន្នដែល​គេ​ជឿ​ថា​ជា​របស់​អ្នក​នៅ​លើ​នាវា​មុជទឹក​ KRI Nanggala-402​ ចំណាស់ ​៤៤ ​ឆ្នាំ​នេះ។ ​មន្ត្រីឥណ្ឌូណេស៊ី​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​នាវា​នេះ​ កាល​ពី​ថ្ងៃពុធ ​(ទី​២១ ខែ​មេសា) សប្តាហ៍​មុន​ ខណៈ​ដែល​ប្រទេស​នេះ​រៀបចំ​ធ្វើ​សមយុទ្ធ​ torpedo​ គឺ​គ្រាប់​បាញ់​នាវា torpedo ។​

លោក ​Hadi Tjahjanto ​សេនាប្រមុខ​យោធា​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «នាវា​ KRI Nanggala​ បាន​បាក់​ជា​បី​ផ្នែក​ គឺ​ផ្នែក​បាត​កប៉ាល់​ កន្ទុយ​កប៉ាល់ ​និង​ផ្នែក​សំខាន់ៗ​ទាំង​អស់ ​បែក​ចេញ​ដោយ​ផ្នែក​សំខាន់​មាន​ប្រេះ។​ បំណែក​នាវា​មុជទឹក​នេះ​និង​ផ្នែក​ខាង​ក្នុង​របស់​វា ​នៅ​រប៉ាត់រប៉ាយ​នៅ​ក្នុង​ទឹក​សមុទ្រ»។

លោក​ប្រធានាធិបតី​ Joko Widodo ​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ។ ​លោក​បាន​មាន​ប្រសាសន៍​ថា៖​ «យើង​ទាំង​អស់​គ្នា​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ សូម​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សោកនាដកម្ម​នេះ​ ជា​ពិសេស​ក្រុម​គ្រួសារ​នៃ​នាវិក​នាវា​មុជទឹក​នេះ»។​

សម្ភារៈនិងឧបករណ៍មួយចំនួន ត្រូវបានរកឃើញ បន្ទាប់ពីនាវាមុជទឹក KRI Nanggala-420 របស់ឥណ្ឌូណេស៊ី ត្រូវបានរកឃើញថាបាក់ជា៣បំណែក ហើយនាវិក៥៣នាក់បានស្លាប់ នៅក្រុងបាលី ឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១។
សម្ភារៈនិងឧបករណ៍មួយចំនួន ត្រូវបានរកឃើញ បន្ទាប់ពីនាវាមុជទឹក KRI Nanggala-420 របស់ឥណ្ឌូណេស៊ី ត្រូវបានរកឃើញថាបាក់ជា៣បំណែក ហើយនាវិក៥៣នាក់បានស្លាប់ នៅក្រុងបាលី ឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១។

មូលហេតុ​នៃ​ការ​លិច​នេះ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ។​ កងទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី​ធ្លាប់​បាន​និយាយ​ថា​ ការ​ដាច់​ចរន្ត​អគ្គិសនី​អាច​ជា​មូលហេតុរារាំង​នាវា​មុជទឹក ​មិន​ឱ្យ​អនុវត្ត​នីតិវិធី​គ្រា​អាសន្ន​ ឡើង​មក​លើ​ផ្ទៃ​ទឹក​បាន។​ ឥណ្ឌូណេស៊ី​ទទួល​បាន​នាវា​មុជទឹក​នេះ​ពី​ប​ប្រទេស​អាល្លឺម៉ង់​ខាង​លិច ​នៅ​ចុង​ទសវត្ស ១៩៧០។​

ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា ​ខ្លួន​នឹង​ដាក់​ពង្រាយ​កម្លាំង​ទៅ​កាន់​កោះ​បាលី​និង​ក្រុង​ Banyuwangi នៅ​លើ​កោះ​ជ្វា​ ដើម្បី​ជួយ​កំណត់​អត្តសញ្ញាណ​ជនរង​គ្រោះ ​នៅ​ពេលយក​សាកសព​មក​បាន។​

លោក​ឧត្តមនាវី​ឯក​ Mike Gilday ​ប្រធាន​ផ្នែក​ប្រតិបត្តិការ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា​ លោក​ក្រៀមក្រំ​យ៉ាង​ខ្លាំង ​ដែល​បានដំណឹងអំពី​ការ​លិច​នាវា​នេះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃសៅរ៍ លោក​បាន​និយាយ​ថា៖ «ក្នុង​នាម​ជា​នាវិក​[ដូច​គ្នា]​យើងមាន​សេចក្តី​ស្រឡាញ់​ចំពោះលំហ​សមុទ្រដូច​គ្នា​ និង​មាន​ចំណង​មិត្តភាព​ជាមួយ​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ។​ យើងយល់​ច្បាស់​អំពី​ហានិភ័យ​នៃ​នាវាចរណ៍ ហើយ​ក៏​យល់​ពី​សារៈសំខាន់​នៃ​មហា​សមុទ្រ​របស់​ពិភពលោក​ ចំពោះ​របៀប​រស់​នៅ​រួមគ្នា​របស់​យើង​ផង​ដែរ»។

លោក​ Gilday​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ឥណ្ឌូណេស៊ី​ គឺ​ជា​មិត្ត​និង​ដៃគូ​ដ៏​ល្អ​របស់​សហរដ្ឋ​អាមេរិក។ ​លោក​បាន​មាន​ប្រសាសន៍​ថា៖​ «ទោះ​បី​មាន​ការ​បាត់បង់​ដ៏​សោកសៅ​នេះក្តី​ ក៏​ខ្ញុំ​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា​ យើង​នឹង​បន្ត​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​ ដើម្បី​គាំទ្រ​ដល់​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​មួយ ដែល​សេរី​និង​បើក​ចំហ»៕

ប្រែ​សម្រួល​ដោយ ពិន ស៊ីសុវណ្ណ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG