ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូន​ស្រី​​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី​ជំទាស់​នឹង​ទម្លាប់ ហើយ​​មិន​ទទួល​យក​​បុព្វសិទ្ធិ​ពិសេស


នាង Kahiyang Ayu កូន​ស្រី​របស់​លោក Joko Widodo ប្រធានា​ធិបតី​ថ្មី​របស់​ឥណ្ឌូនេស៊ី ត្រូវ​បាន​អម​ដំណើរ​​ដោយ​កងសន្តិសុខការ​ នៅ​ពេល​​នាង​ទៅ​ប្រឡង​ចូល​ជា​បុគ្គលិក​រដ្ឋការ​ស៊ីវិល​នៅ​ទីក្រុង Solo។ (Y. Satriawan / VOA)

កូន​ស្រី​របស់​លោក Joko Widodo ប្រធានា​ធិបតី​ថ្មី​របស់​ឥណ្ឌូនេស៊ី​បាន​ប្រែ​ក្លាយ​ទម្លាប់​នៃ​ការ​ប្រឡង​ចូល​ជា​បុគ្គលិក​រដ្ឋការ​ស៊ីវិល​ឲ្យ​ទៅ​ជា​ប្រធាន​បទ​នៃការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ជាតិ ដោយ​មិន​ព្រម​ទទួល​យក​បុព្វសិទ្ធិ​ពិសេស ដែល​ជាទូទៅ​ទទួលបាន​ដោយ​សារ​តែ​ខ្លួន​ជា​សាច់​ញាតិ​របស់​អ្នក​មាន​អំណាច​ក្នុង​ប្រទេស។

កាល​ពី​ថ្ងៃព្រហស្បតិ៍​នេះ នាង Kahiyang Ayu បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រឡង​ចូល​ជា​បុគ្គលិក​រដ្ឋការ​ស៊ីវិល​នៅ​ទីក្រុង Solo ហើយ​បាន​ប្រឡង​ជាមួយ​នឹង​បេក្ខជន​ប្រមាណ​ជាង​៦ពាន់​នាក់​ផ្សេង​ទៀត។

ការ​ធ្វើ​បែប​នេះ​បាន​បង្ករ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​ដែល​អំពើ​ពុក​រលួយ និង​បញ្ហា​បក្ខ​ពួក​និយម​គឺជា​បញ្ហា​ដ៏​រាំ​រ៉ៃ ហើយ​កូន​ចៅ​របស់​អ្នក​មាន​អំណាច​ជា​ញឹក​ញាប់​ទទួល​បាន​ការ​បុព្វសិទ្ធិ​ពិសេស។

ការ​ចូល​ប្រឡង​របស់​នាង Kahiyangនេះ បាន​កើត​ឡើង​ក្នុង​ពេល​មិន​ដល់​មួយ​សប្តាហ៍ ក្រោយ​ពី​ឪពុក​របស់​នាង​បាន​ឡើង​កាន់​ដំណែង ដោយ​ក្នុង​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​បាន​សន្យា​ថា​នឹង​លុប​បំបាត់​អំពើ​ពុក​រលួយ។ នៅ​សប្តាហ៍​នេះ លោក Widodo ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Jokowi បាន​ចាត់​វិធាន​ការណ៍​ដែល​មិន​ធ្លាប់​មាន​ពីមុន គឺ​ឲ្យ​ក្រុម​ឃ្លាំ​មើល​ប្រឆាំង​អំពើ​ពុក​រលួយ​ជាតិ​ពិនិត្យ​ពិច័យ​ក្រុម​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​សំខាន់ៗ។

ក្នុង​ឯក​សណ្ឋាន​ស​ខ្មៅ​ដូច​បេក្ខជន​ផ្សេង​ទៀត ហើយ​មាន​ក្រុម​សន្តិសុខ​ការ​ពារ នាង Kahiyang Ayu បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ក្រោយ​ពី​ប្រឡង​រួច នាង​ចង់​បាន​លទ្ធផល​ជោគ​ជ័យ​ដូច​បេក្ខជន​ផ្សេងៗ​ទៀត​ដែរ។

នាង Kahiyang Ayu និយាយ​ថា៖

«តាម​រយៈ​ការ​ចូលរួម​ប្រឡង​នេះ ខ្ញុំ​សង្ឃឹម​ថា​យើង​ទាំង​អស់​គ្នា​នឹង​អាស្រ័យ​លើ​លទ្ធផល​ប្រឡង ដើម្បី​ជាប់​ជា​បុគ្គលិក​រដ្ឋការ​ស៊ីវិល​ដូចៗ​គ្នា»។

នាង Lilis Jannatun ជា​បេក្ខនារី​ម្នាក់​ដែល​បាន​អង្គុយ​ជិត​កូន​ស្រី​លោក​ប្រធានាធិបតី​ក្នុង​ពេល​ប្រឡង ប្រាប់​វីអូអេ​ថា នាង​ភ្ញាក់​ផ្អើល​ដែល​កូន​ស្រី​លោក​ប្រធានាធិបតី​ Widodoមិន​ទទួល​បាន​ការ​បុព្វសិទ្ធិ​ពិសេស។

នាង Lilis ថា៖

«ច៎ា នាង​បាន​អង្គុយ​ក្បែរ​កាំ​ជណ្តើរ​នៅ​ពេល​ប្រឡង ឃ្លាត​ពី​កន្លែង​ខ្ញុំ​អង្គុយ​ពីរ​កៅអី​... ខ្ញុំ​មិន​ឃើញ​មាន​សន្តិសុខ​ណា​នៅ​ក្បែរ​នាង​ក្នុង​អំឡុង​ពេល​ប្រឡង​ទេ។ នាង​បាន​ប្រឡង​ដោយ​មិន​បាន​ទទួល​បុព្វសិទ្ធ​ពិសេស​អ្វី​ឡើយ»។

លោក Hari Prihatno ប្រធានការងារ​រដ្ឋការ​ប្រចាំ​តំបន់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​កំណត់​បែប​បទ និង​ការ​ជួយ​សម្រួល​ដល់​បេក្ខជន រួម​ទាំង​កូន​ស្រី​របស់​លោក​ប្រធានាធិបតី​គឺ​មាន​ភាព​ស្មើគ្នា។

លោក Hari និយាយ​ថា៖

«អ្នក​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​យកព័ត៌មាន​បាន​ឃើញ​ផ្ទាល់​ភ្នែក​ហើយ​ថា អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​គឺ​ប្រព្រឹត្ត​ទៅ​តាម​បទដ្ឋាន និង​វិធី ដោយ​គ្មាន​ការ​ផ្តល់​បុព្វសិទ្ធិ​ពិសេស​អ្វី​ឡើយ បើ​ទោះ​បី​ជា​នាង​ជា​កូន​ស្រី​លោក​ប្រធានា​ធិបតី​ក៏ដោយ។ ដូច​បេក្ខជន​ដទៃ​ទៀត​ដែល​មាន​ឯក​សណ្ឋាន​ស​ខ្មៅ​ដូច​គ្នា​សម្រាប់​ការ​ប្រឡង នាង​បាន​យក​ប័ណ្ណ​ប្រឡង និង​អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​ខ្លួន​មក​ជាមួយ​ដែរ។ នាង​បាន​អង្គុយ​លើ​កៅអី​គ្មាន​ពូក​ដូច​គ្នា​នឹង​បេក្ខជន​ប្រឡង​ផ្សេង​ទៀត។ នៅ​ទី​នេះ​អ្វីៗ​ទាំងអស់​មាន​តម្លាភាព»។

នៅ​ទីក្រុង Solo បេក្ខជន​ប្រមាណ​៦ពាន់​២រយ​នាក់​បាន​ចូលរួម​ប្រឡង​ចូល​ជា​បុគ្គលិក​រដ្ឋការ​ស៊ីវិល​ចំនួន​៦៥កន្លែង៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG