ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​កំពុង​បង្រៀន​ពី​ការ​អធ្យាស្រ័យ​គ្នា​ដោយ​ប្រើ​រឿង​កំប្លែង


សិស្ស​នៅ​សាលារៀន​អ៊ីស្លាម​ដែល​មាន​កន្លែង​ស្នាក់នៅ​ Ash-Shidiqiyah Islamic ​កំពុង​អាន​សៀវភៅ​រូបគំនូរ​កំប្លែង​​​អំពី​អំពី​យុវជន​អ៊ីស្លាម​ដោះស្រាយ​បញ្ហា​ជាតិពន្ធ។
សិស្ស​នៅ​សាលារៀន​អ៊ីស្លាម​ដែល​មាន​កន្លែង​ស្នាក់នៅ​ Ash-Shidiqiyah Islamic ​កំពុង​អាន​សៀវភៅ​រូបគំនូរ​កំប្លែង​​​អំពី​អំពី​យុវជន​អ៊ីស្លាម​ដោះស្រាយ​បញ្ហា​ជាតិពន្ធ។

សៀវភៅ​រឿង​កំប្លែង​ថ្មីៗ​ជា​បន្ត​បន្ទាប់​កំពុង​ត្រូវ​បាន​បង្ហាញ​ជូន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ដើម្បី​លើក​កម្ពស់​ភាព​ទីទៃ​ពី​គ្នា​និង​ការ​អធ្យាស្រ័យ​គ្នា។​ ក្រុម​មនុស្ស​ដែល​ស្ថិត​នៅ​ពី​ខាង​ក្រោយ​ការ​បង្កើត​សៀវភៅ​កំប្លែង​ ថ្លែង​ថា​ សៀវភៅ​ទាំង​នេះ​ជា​វិធីសាស្រ្ត​បង្កើត​ថ្មី​និង​មាន​ប្រសិទ្ធិភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សារ​ដែល​គ្មាន​ការ​អធ្យាស្រ័យ​ពី​ក្រុម​អ៊ីស្លាម​ជ្រុល​និយម។

សៀវភៅ​រឿង​កំប្លែង​ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ឥណ្ឌូនេស៊ី​ បង្ហាញ​រឿង​ពិត​ស្តី​ពី​ថា​តើ​ លោក​ ណាសៀរ​ អាបាស់​ (Nasir​ Abas)​ ដែល​បាន​កើត​នៅ​ប្រទេស​ម៉ាឡេស៊ី​ លែង​ចូល​ចិត្ត​ចលនា​ក្រុម​អ៊ីស្លាម​និយម​មូលវិវត្ត​យ៉ាង​ដូច​ម្តេច។​ ផ្ទាំង​ចម្រុះ​ពណ៌​ប្រាប់​អំពី​ថា​តើ​លោក​ អាបាស់​ បាន​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អាហ្វកានីស្ថាន​ប្រឆាំង​នឹង​សហភាព​សូវៀត​ ហើយ​បាន​បន្ត​ក្លាយ​ជា​មេដឹកនាំ​បណ្តាញ​ភេរវកម្ម​ ជើម៉ា​ អ៊ីស្លាម៉ីយ៉ា​ (Jemaah​ Islamiyah)​ ប្រចាំ​នៅ​តំបន់​អាស៊ី​អគ្នេយ៍​ទៀត​ផង។​ លោក​ អាបាស់ ​បាន​និយាយ​ថា​ សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​នេះ​ក្នុង​ការ​កំណត់​មុខ​សញ្ញា​លើ​ជន​ស៊ីវិល​ស្លូត​ត្រង់​ ដោយ​ចាប់​ផ្តើម​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​កោះ​បាលី​ក្នុង​ឆ្នាំ​២០០២​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់​ បាន​នាំ​ឲ្យ​លោក​មាន​ការ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត។

«ដូច្នេះ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ។​ ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​ប្រតិបត្តិការ​បែប​នោះ​នៅ​ក្នុង​តំបន់​មាន​ជន​ស៊ីវិល​ ដោយ​សារ​តែ​វាផ្ទុយ​ពី​ការ​យល់​ដឹង​របស់​ខ្ញុំ។​ វា​ផ្ទុយ​ពី​ពាក្យ​របស់​ជីហាឌ​ (Jihad)»។

ឥឡូវនេះ​ លោក​ អាបាស់​ ជា​អ្នក​គាំពារ​មតិ​សម្រាប់​ការ​អធ្យាស្រ័យ​ខាង​ផ្នែក​សាសនា​ ហើយ​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​កសាង​ឡើង​វិញ​នូវ​ក្រុម​អ៊ីស្លាម​និយម​មូលវិវត្ត។

«ខ្ញុំ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។​ ខ្ញុំ​មាន​កាតព្វកិច្ច​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ហើយ​កាតព្វកិច្ច​មួយ​នោះ​គឺ​ត្រូវ​ប្រាប់​ពី​អំពើ​ល្អ​ ហើយ​ហាម​ឃាត់​នូវ​រាល់​អំពើ​អាក្រក់។​ ដូច្នេះ​ ខ្ញុំ​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​ដើម្បី​រារាំង​មិត្ត​ភក្តិ​របស់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​អំពើ​អាក្រក់»។

លោក​ អាបាស់​ មាន​ប្រសាសន៍​ថា​ លោក​ចូល​ចិត្ត​អំពី​របៀប​ដែល​សៀវ​ភៅ​រឿង​កំប្លែង​បង្ហាញ​អំពី​ជីវិត​ និង​សារ​របស់​លោក​ដែល​ធ្វើ​ឲ្យ​យុវវ័យ​មាន​ការ​ចាប់​អារម្មណ៍។

រឿង​រ៉ាវ​របស់​លោក​ស្ថិត​ក្នុង​ចំណោម​រឿង​កំប្លែងជា​ច្រើន​ ដែល​ជំរុញ​ឲ្យ​មាន​ការ​អធ្យាស្រ័យ​ ដែល​នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ឥណ្ឌូនេស៊ី។​ នៅ​ឯ​សាលា​រៀន​អ៊ីស្លាម​ អាសស្សីឌីគីយ៉ះ​ (Ash-Shidiqiyah)​ ខាង​ក្រៅ​ទីក្រុង​ហ្សាកាតា​ និស្សិត​វ័យ​ជំទង់​កំពុង​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​ពី​សៀវភៅ​កំប្លែង​មួយ​ឈុត​ទៀត​ ដែល​ផ្តោត​ទៅ​លើ​ដំណើរ​ផ្សង​ព្រេង​របស់​និស្សិត​ ហើយ​និង​របៀប​ដែល​ពួក​គេ​ត្រូវ​ដោះស្រាយ​ជា​មួយ​មនុស្ស​ដែល​គរ​ចាត់​ទុក​ជា​តួយ៉ាង​និង​ព័ត៌មាន​មិន​ពិត​យ៉ាង​ដូច​ម្តេច។

ប្រតិកម្ម​ភ្លាមៗ​ពី​សំណាក់​ក្រុម​និស្សិត​មាន​ភាព​វិជ្ជមាន។​ លោក​ មហាម៉ាត់​ ហ្វូហ្សី​ (Mohammad​ Fauzi)​ ថ្លែង​ថា​ លោក​ពេញ​ចិត្ត​និង​សារ​ប្រកប​ដោយ​សីលធម៌​នៅ​ក្នុង​ចំណុច​សំខាន់​នៃ​សាច់​រឿង​នេះ។

លោក​និយាយ​ថា​ មេរៀន​នេះ​គឺ​ត្រូវ​លើក​សរសើរ​ពី​ភាព​ខុស​គ្នា​ ហើយ​ដឹង​ថា​អ្នក​មិន​អាច​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សារ​តែ​អ្នក​មាន​ភាព​ខុស​ប្លែក​គ្នា​នោះ​ឡើយ។

កញ្ញា​ ស្សីឡា​ (Sheila)​ មាន​អាយុ​១៦​ឆ្នាំ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ កញ្ញា​ចូល​ចិត្ត​អំពី​របៀប​ដែល​សៀវភៅ​រឿង​កំប្លែង​ផ្តោត​ទៅ​លើ​ជន​អ៊ីស្លាម​វ័យ​ក្មេង​ ដូច​ជា​រូប​កញ្ញា​ផ្ទាល់​ ដែល​ប្រឈម​មុខ​នឹង​ទ្វេរ​គ្រោះ​នៃ​ក្រម​សីលធម៌។

កញ្ញា​និយាយ​ថា​ ជា​ធម្មតា​ រឿង​កំប្លែង​និយាយ​តែ​ពី​សាច់​រឿង​ស្នេហា​ ឬ​និយាយ​អំពី​វីរៈជន​សកម្ម​ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ជប៉ុន។​ កញ្ញា​បន្ថែម​ទៀត​ថា​ រឿង​កំប្លែង​នេះ​មាន​ចំណុច​ចំណេះ​ដឹង​ និង​ខ្លឹមសារ​នៃសីលធម៌​នៅ​ក្នុង​ផ្ទៃ​រឿង​នោះ។

មាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ប្រឆាំង​ក្រុម​ជន​ជាតិ​ភាគ​តិច​សាសនា​នៅ​ឥណ្ឌានេស៊ី។​ ខណៈ​ពេល​ដែល​សម្លេង​ភាគ​តិច​របស់​ក្រុម​ជ្រុល​និយម​អ៊ីស្លាម​ត្រូវ​បាន​បន្ទោស​ជា​រឿយៗ​ពី​បទ​ញុះ​ញុង​ឲ្យ​មាន​ការ​មិន​អធ្យាស្រ័យ​ មាន​ការ​ព្រួយ​បារម្ភ​ថា​ ជន​អ៊ីស្លាមនិយម​កណ្តាល​ភាគ​ច្រើន​មិន​បាន​ធ្វើ​កិច្ច​ការ​ឲ្យ​បាន​ច្រើន​ល្មម​ដើម្បី​យក​ឈ្នះ​ចិត្ត​គំនិត​របស់​យុវវ័យ​ឡើយ។

អង្គការ​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​ឈ្មោះ​ «ការ​ស្វែងរក​មូលដ្ឋាន​រួម​គ្នា» ​(Search​ For​ Common​ Ground)​ បាន​សរសេរ​រឿង​កំប្លែង​ស្តីពី​ការ​អធ្យាស្រ័យ​គ្នា។​ លោក​ អេហ្គើស​ ណារ៉ូវី​ (Agus​ Nahrowi)​ ដែល​ជា​គ្រូ​ឬ​អ្នក​បណ្តុះ​បណ្តាល​នៅ​ក្នុង​ក្រុម​នោះ​ និយាយ​ថា​ សៀវភៅ​រឿង​កំប្លែង​ជា​វិធីសាស្ត្រ​បង្កើត​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​សម្លេង​អ៊ីស្លាម​និយម​កណ្តាល​មាន​គេ​ស្តាប់​ឭ។

«វា​ជា​ការ​សាក​សម​ណាស់​ក្នុង​ការ​និយាយ​ថា វា​ជា​ការ​ពិបាក​ចំពោះ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ និង​ផ្លាស់​ប្តូរ​ចិត្ត​គំនិត។​ ប៉ុន្តែ​សម្រាប់​ចំណុច​ចាប់​ផ្តើម​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​របស់​ពួក​គេ ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ យុទ្ធនាការ​នេះ​គឺ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង»។

គម្រោង​ «ការ​ស្វែង​រក​មូលដ្ឋាន​រួម​គ្នា»​ ត្រូវ​បាន​ទទួល​ការ​គាំទ្រ​មួយ​ផ្នែក​ពី​សំណាក់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។​ ក្រុម​នេះ​កំពុង​គ្រោង​នឹង​បែង​ចែក​សៀវភៅ​រឿង​កំប្លែង​ចំនួន​៦​ម៉ឺនក្បាល​ទៅ​ឲ្យ​សាលារៀន​អ៊ីស្លាម​នៅ​ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG