ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជួញដូរ​មនុស្ស​នៅ​ឥណ្ឌូណេស៊ី


នាង​​អេលី អានីតា (Elly Anita) ដែល​ត្រូវ​គេ​ជួញ​ដូរ​។
នាង​​អេលី អានីតា (Elly Anita) ដែល​ត្រូវ​គេ​ជួញ​ដូរ​។

ហ្សាកាតា ឥណ្ឌូណេស៊ី៖ អង្គការ​សហប្រជាជាតិ​បាន​បង្កើត​មូល​និធិទុក​ចិត្ត​ថ្មី​មួយ​ ដែល​មានអ្នក​ផ្តល់ជំនួយ​ច្រើន ដើម្បី​ជួយ​ជន​រង​គ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្សនៅ​ជុំវិញ​ពិភពលោក។ ស្ត្រី​ជាតិ​ឥណ្ឌូនេស៊ី​ ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​រង​គ្រោះ​បំផុតពី​ការ​ជួញ​ដូរ​នេះ ទោះជាប្រទេស​នេះ​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​អនុម័ត​ច្បាប់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះក៏ដោយ។

កាល​ពី​ឆ្នាំ​២០០៦ នាងអេលី អានីតា (Elly Anita) មក​ពី​កោះចាវ៉ាខាង​កើត បាន​ធ្វើដំណើរ​ទៅ​កាន់​ទី​ក្រុង​ឌូ​បៃ (Dubai) ដើម្បី​ធ្វើ​ការ​ជា​លេខា។ បន្ទាប់​ពី​ទទួល​រង​នូវ​ការ​យាយីខាងផ្លូវ​ភេទ​អស់​រយៈ​ពេល​ពីរ​ខែពី​សំណាក់​ថៅកែ​របស់​នាង និង​មិន​បាន​ទទួល​ប្រាក់​ខែ នាង​បាន​សុំ​ផ្ទេរ​ការ​ងារ។ នាង​អានីតា​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ឃឺឌីស្ថាន (Kurdistan) ដែល​គេ​ប្រាប់​នាង​ថា​ជា​ផ្នែកមួយ​របស់​ប្រទេស​អ៊ីតាលី (Italy)។

នៅ​ពេល​ដែល​នាង​អានីតាបាន​បោះ​ជំហាន​ចុះ​ពី​លើ​យន្តហោះ ហើយ​ទូរស័ព្ទ​ហៅ​ភ្នាក់​ងាររបស់​នាង បុរស​នោះ​បដិសេធ​មិន​ប្រាប់​នាង​ថា​តើ​នាង​ស្ថិត​នៅ​ទី​ណា​ឡើយ។ នាងថ្លែង​ថា៖

«ខ្ញុំគេងអត់​លក់​សោះយប់​នោះ។ ខ្ញុំ​ចេះ​តែ​គិត​ថាតើ​ខ្ញុំ​នៅ​កន្លែង​ណា? អូហ៍! ព្រះ​អើយ!​ ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង»។

អស់​រយៈ​ពេល​ពីរ​សប្តាហ៍ ទើបនាងដឹងថា នាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ ដែល​កំពុង​ហែក​ហួរ​ដោយ​សារ​សង្គ្រាម។ រឿង​រ៉ាវ​របស់​នាង​អានីតាមិន​មែន​ជា​រឿង​តែ​មួយ​ ដែលខុស​ពី​គេ​នោះ​ទេ។

ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ចំនួន​ករណី​រំលោភ​ ដែល​ត្រូវ​បាន​រាយការណ៍​ ​បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស។ យោង​តាម​ក្រសួង​ការ​បរទេស កាល​ពី​ឆ្នាំ​មុន របាយការណ៍​ស្តី​ពី​អំពើ​ហិង្សា​ភាគ​ច្រើន​បំផុត​កើត​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ដែល​មាន​ចំនួន​៦៣​ភាគរយ និង៣៣ភាគរយ​នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី។

លោក ហ្គារី ឡេវីស (Gary Lewis) អ្នក​តំណាង​ប្រចាំ​នៅ​តំបន់​អាស៊ី​ខាង​កើត​ និងប៉ាស៊ីហ្វិក​ (East Asia and Pacific) នៃការិយាល័យ​ថ្នាំ​ញៀន និងឧក្រិដ្ឋកម្ម​ របស់​អង្គការ​សហប្រជាជាតិ (U.N. Office of Drugs and Crime) មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ចំនួន​របាយការណ៍​បានកើន​ឡើង​ក៏ដោយ ភាព​ខ្វះ​ខាត​ទិន្នន័យ​បង្កការ​លំបាក​ ដើម្បី​វាស់​កម្រិត​ជាក់​ស្តែងនៃ​បញ្ហា​នេះ។ លោក​ឡេវីស​ បន្តថា៖

«ប្រសិន​បើ​យើង​មិន​ដឹង​ថា​ លទ្ធផល​ផ្តល់​មក​បែប​ណា ឧទាហរណ៍ ប្រសិន​បើ​យើង​មិន​ដឹងថា មាន​ស្ត្រី​ក្នុង​ចំនួនតិច​តួចប៉ុណ្ណា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រក​ស៊ី​ផ្លូវ​ភេទ​ ដែល​ស្ត្រី​នោះ​ខ្លួន​ឯង​ជា​ជន​រង​គ្រោះ ប្រសិន​បើ​យើង​មិន​ដឹង​ថាមាន​ចំនួន​អ្នក​មើល​ការ​ខុស​ត្រូវ និង​មេ​ខ្លោងច្រើន​ប៉ុណ្ណា​ ដែល​ត្រូវបាន​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ​ទាំង​អស់​នេះ​ យើង​នឹង​មិនដឹង​ថា ​សកម្មភាព​របស់​យើងកំពុង​មាន​ទិសដៅ​ទៅ​រក​អ្វីដែល​មាន​ភាព​ប្រាកដ​ប្រជា ឬ​មាន​ប្រយោជន៍​នោះ​ទេ។ ដូច្នេះ​យើង​ត្រូវ​ការ​ទិន្នន័យ​ជា​មូលដ្ឋាន​ ​ដែល​មិន​គ្រាន់​តែ​ដើម្បីយល់​ថា​តើបញ្ហាកំពុង​រីក​ដុះ​ដាល​យ៉ាង​ដូច​ម្តេច​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ការ​ទិន្នន័យ​នេះ​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​សកម្មភាព​របស់​យើង​ពិត​ជា​កំពុង​មាន​ឥទ្ធិពល​ដ៏​សមស្រប​ដែរ​ឬ​ទេ»។

ទី​ភ្នាក់​ងារអង្គការ​សហ​ប្រជាជាតិនឹង​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់​គ្រង​មូល​និធិ​ទុក​ចិត្ត​ ដែល​មាន​អ្នក​ផ្តល់ជំនួយច្រើន ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​សកម្មភាព​សកល​នៃអង្គការ​សហ​ប្រជាជាតិ ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស (UN Global Action Plan to Combat Human Trafficking)។ ផែន​ការ​សកម្មភាព​នេះ បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន។ ថវិកា​នេះ​នឹងពង្រឹង​ការ​គាំទ្រ​ដល់​ជន​រង​គ្រោះ​ ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​អំពើ​ជួញ​ដូរមនុស្ស។ លោក ណូរ៉ា មូរ៉ាត (Nora Murat) នាយក​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា ថវិកា​នេះ​គួរ​តែ​ដោះ​ស្រាយ​សេចក្តីត្រូវ​ការ​បន្ទាន់​របស់​ជន​រង​គ្រោះ។ លោក​ថ្លែង​ថា៖

«ឥឡូវ​នេះ សេចក្តី​ត្រូវ​ការ​ជាបន្ទាន់គឺ​ត្រូវ​កសាង​មជ្ឈ​មណ្ឌល​សម្រាប់​ពួក​គេ​ ដើម្បី​ឲ្យ​ពួក​គេរង់​ចាំ​រហូតដល់​រឿង​ក្តី​របស់​ពួក​គេត្រូវបានបើក​សវនាការ​នៅ​ក្នុង​តុលាការ។ ដោយ​សារ​តែ​ឥឡូវ​នេះ​ ការ​ដាក់​ពួក​គេ​នៅ​ក្នុងមជ្ឈ​មណ្ឌល​ឃុំឃាំង​ពិត​ជា​មិន​បាន​ជួយ​អ្វី​សោះ​ ទាំង​សម្រាប់​ការងារ​ចោទ​ប្រកាន់​ និង​ជន​រង​គ្រោះផ្ទាល់។ ខ្ញុំ​នឹង​ដាក់​លុយ​ចូល​ទៅ​ក្នុង​កិច្ចការ​នោះ​មុន​គេ​ ហើយ​ក៏​នឹង​ពិនិត្យ​មើល​សិទ្ធិ​មនុស្ស​ផ្ទាល់​ខ្លួន​របស់​ពួក​គេ មាន​ដូច​ជា​សិទ្ធិ​ក្នុង​ការ​ទទួល​ចំណី​អាហារ​ និង​សិទ្ធិ​ទទួល​ការថែរក្សា​សុខភាព និង​ទទួល​បាន​ទឹក»។

នៅ​ពេល​នាង​អានីតា​ព្យាយាម​រត់​គេច​ពី​ប្រទេស​អ៊ីរ៉ាក់ នាង​គ្មាន​ជម្រក​ ដើម្បី​ជ្រក​កោន​ឡើយ។​ នាង​បាន​ត្រឡប់​ទៅ​កាន់​ការិយាល័យភ្នាក់ងាររបស់​នាង​វិញ ហើយ​បាន​ឃើញ​ស្រ្តីជន​រង​គ្រោះ​ប្រហែល​៤០​នាក់​ផ្សេង​ទៀត កំពុង​គេង​នៅ​លើ​កម្រាល​ឥដ្ឋ។​ មិន​គ្រាន់​តែមិនបានជួយនាង​ទេ ភ្នាក់ងារ​របស់​នាង​អានីតាបែរ​ជា​រឹប​អូស​យក​ទូរ​ស័ព្ទ​ដៃ​របស់​នាង ហើយ​បដិសេធ​មិន​ប្រគល់​លិខិត​ឆ្លង​ដែន​ឲ្យ​នាង​វិញ​ទេ។ នាង​បានលួច​ទូរស័ព្ទ​របស់​ឆ្មាំ​សន្តិសុខ​ ដើម្បី​ទាក់ទងស្ថាន​ទូត​ឥណ្ឌូនេស៊ីប្រចាំ​នៅ​ប្រទេស​ហ៊្សកដង់ (Jordan)។ នាង​អានីតា បន្ថែម​ថា៖

«​ពេល​ខ្ញុំ​និយាយ​ទៅ​កាន់​រដ្ឋាភិបាល​របស់​ខ្ញុំ គឺ​គ្មាន​បាន​អ្វី​ទាំង​អស់។ ពួក​គេ​មិន​ឆ្លើយ​តប​នឹង​ខ្ញុំ​ សូម្បី​តែ​បន្តិច។ ដូច្នេះ​ គ្មាន​នរណា​ម្នាក់​សោះ។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ព្រះ ហើយ​បានរក​ឃើញ​ដំណោះ​ស្រាយ​ដោយ​ខ្លួន​ឯង ដោយសារ​តែ​ខ្ញុំ​មិន​អាច​ពឹង​លើ​នរណា​ម្នាក់​ឡើយ។ សូម្បី​តែ​រដ្ឋាភិបាល​របស់​ខ្ញុំ»។

ជា​រឿយៗ​ ជន​រង​គ្រោះ ដែល​មិន​បាន​ទទួល​ជំនួយ​ពីរដ្ឋាភិបាល បាន​ពឹង​ផ្អែក​លើអង្គការ​មិន​មែនរដ្ឋាភិបាលដើម្បី​គាំទ្រ។ នៅ​ទី​បញ្ចប់​ នាង​អានីតា​រក​បាន​ជំនួយ​ នៅ​ពេល​ដែលនាង​បាន​ទាក់​ទង​អង្គការ​ថែ​ទាំជន​អន្តោ​ប្រវេសន៍ ដែល​ជា​អង្គការក្រៅ​រដ្ឋាភិបាលក្នុង​ស្រុក ដែល​នាង​កំពុង​ធ្វើ​ការនា​ពេល​នេះ។ ខណៈ​ដែល​នាង​ស្ថិត​ក្នុង​ប្រទេស​អ៊ីរ៉ាក់ រឿង​រ៉ាវ​របស់​នាង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត។ នៅ​ពេល​ដែល​ភ្នាក់ងារ​របស់​នាងបាន​ឮអំពី​ការ​ផ្សព្វ​ផ្សាយ​នេះ បុរស​នោះ​ និងក្រុមបុគ្គលិក​វាយនាងអានីតា។ នាង​ថ្លែង​ថា៖

«ពួក​គេ​បោច​សក់​ខ្ញុំ។ ពួក​គេ​វាយ​ខ្ញុំ។ ពួក​គេ​ធាក់​ខ្ញុំ។ ពួក​គេ​ព្យាយាម​ច្របាច់​ករ​ខ្ញុំ។ ពួកគេ​ចង់សម្លាប់​ខ្ញុំ​នៅ​ពេល​នោះ ដោយ​សារ​តែ​ពួក​គេ​និយាយ​ថា​ រាល់​ផល​ប៉ះពាល់​ទាំង​អស់​នេះបង្ក​ឡើង​ដោយ​សារ​ខ្ញុំ»។

ដោយ​មាន​ជំនួយ​ពី​អង្គការ​ថែ​ទាំ​ជន​អន្តោ​ប្រវេសន៍ នាង​អានីតាបាន​រក​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញនៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ចាប់​តាំង​ពី​ជួប​រឿង​ដ៏​អាក្រក់​នេះ​មក ប្រទេស​ឥណ្ឌូនេស៊ីបាន​ធ្វើ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ខ្លះៗទៅ​លើ​បញ្ហា​នេះ ដោយ​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ការ​រត់​ពន្ធ​មនុស្ស និង​ចុះ​ហត្ថលេខាលើអនុសញ្ញា និង​ពិធី​សារ​របស់​អង្គការ​សហ​ប្រជាជាតិ ទាក់​ទង​នឹង​អំពើរត់ពន្ធ​មនុស្ស។

តែ​ទោះ​ជា​យ៉ាង​ណា ការ​អនុវត្ត​ច្បាប់​ទាំង​អស់​នេះ​នៅ​មាន​ភាព​ទន់​ខ្សោយ និងរង​ផល​ប៉ះ​ពាល់ដោយ​សារមន្រ្តី​ប៉ូលីន​ និង​ប្រព័ន្ធ​របស់​រដ្ឋាភិបាល ពុក​រលួយ ដែល​ធ្វើ​ឲ្យ​មូល​និធិបន្ថែមរបស់​អង្គការ​សហប្រជាជាតិ ដើម្បី​គាំទ្រ​ដល់​ជន​រង​គ្រោះ​ឥណ្ឌូនេស៊ីទទួល​បាន​ការ​ស្វាគមន៍​ជា​ខ្លាំង៕

ប្រែសម្រួល​ដោយ​លី សុខឃាង

XS
SM
MD
LG