ដោយ BRIAN PADDEN ប្រែសម្រួលដោយ លី សុខឃាង។
ប្រទេសឥណ្ឌូនេស៊ីជាប្រទេសបង្កើតឧស្ម័នផ្ទះកញ្ចក់បំពុលបរិស្ថាន ធំបំផុតទីបី ក្នុងពិភពលោក ដែលមួយផ្នែកធំ បណ្តាលមកពី ការដុតព្រៃឈើដ៏ធំល្វឹងល្វើយរបស់ខ្លួន។ ឧស្ម័នផ្ទះកញ្ចក់មានជាប់ពាក់ព័ន្ធនឹងកំដៅផែនដី។
ភាគច្រើននៃព្រៃឈើ ត្រូវបានកាប់ដើម្បីយកកន្លែងសម្រាប់ដំណាំដូងប្រេងថ្មីៗ។ តម្រូវការប្រេងដូងកំពុងកើនឡើងនៅក្នុងពិភពលោក។ ដូងប្រេង ត្រូវបានប្រើសម្រាប់ផលិតរបស់របរផ្សេងៗ រាប់ចាប់តាំងពីសាប៊ូ រហូតដល់ឥន្ធនៈផ្សេងៗទៀត។ មន្រ្តីឧស្សាហកម្ម និយាយថា ផលិតកម្មប្រេងដូង បានផ្តល់ការងារឲ្យមនុស្សប្រហែល២លាននាក់ក្នុងប្រទេសឥណ្ឌូនេស៊ី ហើយការនាំចេញអាចរកប្រាក់បានជាង១០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
កាលពីមុន ឧស្សាហកម្មប្រេងដូង មានអទិភាពខ្ពស់ជាងការការពារបរិស្ថានទៅទៀត។ និន្នាការ នោះកំពុងចាប់ផ្តើមផ្លាស់ប្តូរ។
នៅក្នុងឆ្នាំ២០១១ រដ្ឋាភិបាលនឹងហាមរាល់គម្រោងការកាប់ព្រៃឈើរយៈពេលពីរឆ្នាំ។ ហើយលោក ម៉ាហិនដ្រា ស៊ីរ៉េហ្កា (Mahendra Siregar) ជា អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម មានប្រសាសន៍ថា រដ្ឋាភិបាលមានបំណងទាមទារឲ្យមានវិធីសាស្រ្តធ្វើកសិកម្មថ្មីប្រកបដោយនិរន្តភាព។
នៅឯវេទិការសម្រាប់អ្នកយកព័ត៌មាននាថ្ងៃព្រហស្បត្តិ៍នេះ លោកបានឲ្យដឹងថា រដ្ឋាភិបាលមានផែនការទាមទារឲ្យមានដំណើរ ការ កំណត់អត្តសញ្ញាណមួយ សម្រាប់អ្នកផលិតប្រេងដូងទាំងអស់។ លោកស៊ីរ៉េហ្កាមានប្រសាសន៍ទៀតថា ភាពជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីនឹងត្រូវវិនិច្ឆ័យចុងក្រោយនៅលើទីផ្សារ។ លោកស៊ីរ៉េហ្កាមានប្រសាសន៍ថា៖
«ប្រសិនបើយើងអាចឃើញកំណើននៃទំហំប្រេងដូងដែលមានលិខិតបញ្ជាក់ទទួលជោគជ័យនៅលើទីផ្សារប្រេងដូងជាទូទៅ នោះ យើងនឹងរំពឹងថា ជាការពិតណាស់តម្លៃខ្ពស់ឬការទទួលស្គាល់បន្ថែមនឹងផុសចេញពីអតិថិជនផ្ទាល់ ដែលមានបំណងចំណាយប្រាក់បន្ថែមទៀត ដោយសារការទាមទារ និងសេចក្តីត្រូវការដែលពួកគេបានស្នើឡើង »។
លោកស៊ីរ៉េហ្កា រួមជាមួយនឹងអ្នកតំណាងមកពីឧស្សាហកម្មប្រេងដូង និងអង្គការអភិរក្សនានា បានជួបជុំគ្នាដើម្បីពិភាក្សាអំពីការផ្អាកនោះ និងថាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យមានតុល្យភាពរវាងសេដ្ឋកិច្ច និងបរិស្ថាន។
លោកប៊ុស្តា ម៉ៃតា (Bustar Maitar) នៃអង្គការហ្គ្រីនភីស (Greenpeace) និយាយថា ក្រុមបរិស្ថានមិនជំទាស់ចំពោះការអភិវឌ្ឍប្រេងដូង ឬសេដ្ឋកិច្ចនោះទេ។ លោកម៉ៃតា ថ្លែងថា៖
«ខ្ញុំបាននិយាយ ម្តងហើយម្តងទៀតថា អង្គការហ្គ្រីនភីស មិនប្រឆាំងនឹងប្រេងដូងទេ។ នេះជាគោលជំហររបស់យើង។ អ្វីដែលយើងប្រឆាំងនោះ គឺការកាប់បំផ្លាញព្រៃឈើ ពីព្រោះនោះគឺជាបញ្ហាគន្លឹះ។ អ្វីដែលយើងប្រឆាំងនោះ គឺការកាប់បំផ្លាញព្រៃឈើជាសាកល មិនមែនតែនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ»។
មន្រ្តីឧស្សាហកម្ម និងអ្នកអភិរក្សមួយក្រុម ដែលត្រូវបានហៅថា ជាការប្រជុំតុមូលស្តីពីប្រេងដូងប្រកបដោយនិរន្តភាព ឬRSPO បានបង្កើតដំណើរការកំណត់អត្តសញ្ញាណដោយស្ម័គ្រចិត្តមួយ។ លោកវេនដ្យេតា រ៉ៅ (Vengeta Rao) នៃ RSPO មាន ប្រសាសន៍ថាការកំណត់អត្តសញ្ញាណនោះ អាចត្រូវបានប្រើដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុន និងផលិតផលដែលមានការទទួលខុសត្រូវខាងបរិស្ថាន។ លោករ៉ៅបន្តថា៖
«រាល់អ្នកប្រើប្រាស់ប្រេងដូង ត្រូវតាំងចិត្តប្រើតែប្រេងណាដែលត្រូវបានផលិតប្រកបដោយនិរន្តភាព។ អ្នកផលិតត្រូវប្តេជ្ញាចិត្តធ្វើ និងផលិតប្រេងប្រកបដោយនិរន្តភាព ហើយរចនាសម្ព័ន្ធការគាំទ្រដទៃទៀត មិនថាឡើយ អង្គភាពវិនិយោគ ឬសង្គមស៊ីវិលក្តី នឹងត្រូវធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើកកម្ពស់ដល់ ផលិតកម្ម ឬការប្រើប្រាស់ប្រេង ដែលត្រូវបានផលិតឲ្យ បានប្រសើរជាងមុន ជាជាងលើកកំពស់បរិមាណដ៏ច្រើននៃអី្វដែលត្រូវបានផលិតនាពេលឥឡូវនេះ »។
ខណៈដែលក្រុមអ្នកបរិស្ថានបានលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងថ្មីនេះ ពួកគេក៏បានឲ្យដឹងថា ក្រុមហ៊ុនប្រេងដូងកំពុងតែប្រញាប់ប្រញាល់ទិញដីឲ្យបានច្រើនបំផុតតាមតែអាចធ្វើបាន ដើម្បីអភិវឌ្ឍមុនការផ្អាកនោះចូលជាធរមាន៕