ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ដើម​អូស្ត្រាលី ប្តឹង​ទាមទារការ​ខូចខាត​ដោយសារ​ការលួច​ប្រាក់ឈ្នួល​ដូច​«ទាសភាព»


រូបឯកសារ៖ បាតុករ​កាន់​ទង់ជាតិ​របស់​ជនជាតិ​ដើម​អូស្ត្រាលី ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​នៅ​ទិវា​អូស្រ្តាលី​នៅ​ទីក្រុង​ស៊ីដនី កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ បាតុករ​កាន់​ទង់ជាតិ​របស់​ជនជាតិ​ដើម​អូស្ត្រាលី ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​នៅ​ទិវា​អូស្រ្តាលី​នៅ​ទីក្រុង​ស៊ីដនី កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

ជនជាតិ​ដើមអូស្ត្រាលី​រាប់ពាន់​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចូលរួម​ក្នុង​រឿងក្តី​បណ្តឹង​តាង​នាម​សមូហភាពមួយ​ដែល​ត្រូវ​បាន​ប្តឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​អូស្ត្រាលីខាងលិចទាមទារសំណងលើ​ការងារ​ដែល​មិនមាន​ប្រាក់កម្រៃ​ជាច្រើនឆ្នាំ។ ប្រវត្តិវិទូ ​បាន​និយាយ​ថា នៅពេល​នោះ​ អាជ្ញាធរ​បាន​ដឹង​ថា ​វាជាទម្រង់​នៃ​ទាសភាព​មួយ។

កាលពី​សតវត្សរ៍​ទី​១៩​ និង​សតវត្សរ៍​ទី​២០ កុមារ​ជនជាតិ​ដើមអាយុ​៤ឆ្នាំ​ ត្រូវ​បាន​ពង្រាត់​ចេញពី​គ្រួសារ​របស់​ពួកគេ​ បង្ខំឲ្យធ្វើ​ការ​នៅ​កន្លែង​ជីករ៉ែ នៅតាមកសិដ្ឋាននានា និង​ធ្វើជា​អ្នកបម្រើ​តាម​ផ្ទះ​ក្នុង​ប្រទេស​អូស្ត្រាលី។ កុមារ​ជាច្រើន​ ទទួល​បាន​ប្រាក់​ឈ្នួល​តិចតួច​ ឬ​គ្មាន​ប្រាក់​ឈ្នួល​ទាល់តែសោះ ហើយ​ខ្លះ​ទៀតទទួល​បាន​កម្រៃជា​សាច់គោ​ ឬ​នំប៉័ង។ មេធាវី​ជាច្រើន​បាន​និយាយ​ថា ​លក្ខខ័ណ្ឌ​ធ្វើការ​គឺ​«ស្រដៀង​នឹង​ទាសភាព»។ រហូត​ដល់​ទសវត្សរ៍​១៩៧០ ប្រាក់​ឈ្នួល​ដែល​ជនជាតិ​ដើម​អូស្ត្រាលី​រក​បាន​នៅ​អូស្ត្រាលី​ខាងលិច ​គឺ​ត្រូវ​បង់​ឲ្យ​រដ្ឋា​ភិបាល ប៉ុន្តែប្រាក់ឈ្នួល​ទាំង​នោះ​ មិន​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​ពួកគេ​ទេ។

មេធាវី​បាននិយាយ​ថា កម្មករយ៉ាង​ហោចណាស់​១០.០០០នាក់​ និងកូន​ចៅជំនាន់​ក្រោយ​របស់​ពួកគេ ​នឹងអាច​ចូល​រួមរឿងក្តី​តាង​នាម​សមូហភាពទាមទារប្រាក់​ឈ្នួល​ដែ​ល​ត្រូវ​បាន​លួច​ ដែល​បាន​ប្តឹង​ទៅ​តុលាការ​សហព័ន្ធ​អូស្ត្រាលី។

លោក Jan Saddler គឺ​ជានាយកផ្នែក​បណ្តឹង​តាងនាម​សមូហភាព ​នៅក្រុម​ហ៊ុន​ច្បាប់ Shine Lawyers ដែលជាក្រុមហ៊ុនច្បាប់នាំមុ​ខមួយ។ លោក ​បាន​និយាយ​ថា៖

«យើង​បាន​និយាយ​ជាមួយ​ជនជាតិ​ដើម​អូស្ត្រាលី​ខាង​លិច​ដែល​ស្ថិត​ក្នុង​វ័យ​៧០ឆ្នាំ​និង​៨០​ឆ្នាំ។ ពួកគេ​រង់ចាំ​ជាយូរមក​ហើយដើម្បីទទួល​សំណងសមស្រប​។ ពួកគេកំពុង​រង់ចាំ​ទទួល​ប្រាក់​ឈ្នួលរបស់ពួកគេកាលពី​ទសវត្សរ៍​១៩៤០ និង​១៩៥០ ហើយ​ពួកគេ​នៅតែ​មិនទាន់បាន​ទទួល​ប្រាក់​ឈ្នួល នេះ​ គឺជាអ្វី​ដែល​ពួកគេ​កំពុង​ទាមទារ»។

រហូត​មក​ដល់​ចុង​ទសវត្សរ៍​១៩៧០ ច្បាប់​របស់​ប្រទេស​អូស្ត្រាលី​ បាន​គ្រប់គ្រង​គ្រប់​ជ្រុងជ្រោយលើ​ជីវិត​ជនជាតិ​ភាគ​តិច តាំង​ពី​ការ​ទិញ​សម្លៀក​បំពាក់ ​និង​ថា​តើ​ពួកគេ​អាច​រៀបការ​បាន​ ឬទេ។ ពួកគេ ​ក៏ត្រូវ​បាន​អនុញ្ញាត​ឲ្យមាន​ការកាត់ទុក​ប្រាក់​ឈ្នួល​ផងដែរ។

រដ្ឋាភិបាល​របស់​អូស្ត្រាលីខាងលិច ដែល​ត្រូវបានប្តឹង​ទាមទារ​សំណង បាន​និយាយ​ថា​ ខ្លួន​សង្ឃឹម​ថា ​ការ​ទូទាត់​ដោយ​ការ​សម្រុះ​សម្រួល​គ្នា​មួយ​ អាច​នឹងសម្រេច​បាន។​

គម្រោង​សំណង​រាប់​លាន់​ដុល្លារ​ ត្រូវបាន​សង​ទៅ​ឲ្យ​កម្មករជា​ជនជាតិ​ភាគតិច​ក្នុង​រដ្ឋ Queensland និង New South Wales។ កម្មវិធី​ទូទាត់សំណង​មួយ​ពី​មុន​នៅ​អូស្ត្រាលីខាងលិច​ បាន​កំណត់​ចំនួន​ទឹក​ប្រាក់​សម្រាប់​អ្នក​ទាមទារ​សំណង​ចំនួន​១.៤០០​ដុល្លារ​និងមាន​លក្ខខ័ណ្ឌ​តឹង​តែង។ អ្នក​ធ្វើ​យុទ្ធនាការ​បាន​និយាយ​ថា ​វា​មាន​ការ​រឹតត្បិត​ខ្លាំង​ពេក​ ហើយ​មិន​អាច​ឈាន​ដល់​ការ​ដោះ​ស្រាយ​ភាព​អយុត្តិធម៌​ពី​អតីតកាលបាន​ទេ។

ការ​ស៊ើបអង្កេត​របស់​សភា​សហព័ន្ធ​មួយ​កាលពី​ឆ្នាំ​២០០៦​ បានព្យាយាម​កំណត់​ថា​ តើ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ ត្រូវបានលួច​ពី​ជនជាតិដើម​អូស្រ្តាលី​ជាច្រើន​ទសវត្សរ៍នេះ ប៉ុន្តែ​ សមាជិកសភា​បាន​រក​ឃើញ​ថា ​ការលួច​ប្រាក់​ឈ្នួល​នេះ បាន​កើនឡើង​ច្រើនពេក​រហូត​ដល់​ការ​គណនា​ចំនួន​ គឺ​ស្ទើរ​តែ​មិនអាចទៅរួច៕

ប្រែសម្រួល​ដោយកញ្ញា ទុំ​ ម្លិះ

XS
SM
MD
LG