នៅក្នុងប្រទេសឥណ្ឌា បទដ្ឋានទាំងឡាយដែលអង្គភាពផែនការចម្បងរបស់ប្រទេសនេះបានកំណត់ បានទទួលការស្តីបន្ទោសពីក្រុមអ្នករិះគន់ ដែលមានការភ័យខ្លាចថា បទដ្ឋានទាំងនេះនឹងមិនរាប់បញ្ចូលប្រជាពលរដ្ឋ ដែលត្រូវការជំនួយដ៏ច្រើន នៅក្នុងកម្មវិធីសុខុមាលភាពសង្គមផងទេ។ បើយោងតាមការប៉ាន់ស្មានផ្លូវការមួយ ប្រហែលមួយភាគបីនៃប្រជាពលរដ្ឋឥណ្ឌាចំនួន ១ ពាន់ ២ រយលាននាក់ស្ថិតក្នុងភាពក្រីក្រ។
ហារី ស៊ីងហ៍ (Hari Singh) ដែលធ្វើការជាអ្នកយាមសន្តិសុខនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងទីក្រុង ហ្គ័រហ្គោន (Gurgaon) ដែលស្ថិតនៅក្បែរទីក្រុង ឌែលី (Delhi) រកចំណូលបានប្រហែល១៥០ដុល្លារក្នុងមួយខែ។ បន្ទាប់ពីចំណាយអស់៤០ដុល្លារទៅលើការជួលបន្ទប់តូចនៅក្នុងតំបន់ក្រីក្រមួយ បុរសអាយុ ៤៥ឆ្នាំរូបនេះ ស្ទើរតែមិនអាចទិញអាហារឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកផ្ទះ។
លោក ស៊ីងហ៍ (Singh) និយាយថា គាត់មិនមានលទ្ធភាពទិញផ្លែឈើនិងទឹកដោះគោបានទេ។ លោកបានធ្វើការប៉ាន់ស្មានថា គាត់ត្រូវការចំណូលទ្វេជាពីរដង ដើម្បីទប់ទល់ការចំណាយជាចាំបាច់ទាំងឡាយ ដូចជាការចំណាយនៅក្នុងផ្ទះ ការថែទាំសុខភាព និងការសិក្សាសម្រាប់កូនប្រុសរបស់គាត់។
ប៉ុន្តែ លោក ហារី ស៊ីញហ៍ (Hari Singh) នឹងមិនអាចរាប់បញ្ចូលនៅក្នុងចំណោមជនក្រីក្រឥណ្ឌាបានទេ បើយោងតាមលក្ខណៈវិនិច្ឆ័យថ្មី ដែលគណៈកម្មការផែនការបានស្នើឡើង សម្រាប់កំណត់ខ្សែបន្ទាត់នៃភាពក្រីក្រ។
គណៈកម្មការផែនការបានប្រាប់តុលាការកំពូលឥណ្ឌាថា មនុស្សម្នាក់ដែលចំណាយប្រាក់ប្រហែលកន្លះដុល្លាក្នុងមួយថ្ងៃទៅលើចំណីអាហារ ការសិក្សា និងសុខភាពនៅក្នុងតំបន់ជនបទ ឬ១៥ដុល្លារក្នុងមួយខែ នឹងមិនអាចចាត់ទុកថាជាជនក្រីក្របានទេ។ កម្រិតសម្រាប់ខ្សែបន្ទាត់នៃភាពក្រីក្រសម្រាប់តំបន់ទីក្រុង មានកម្រិតខ្ពស់ជាងបន្តិច គឺ៦៦សេនក្នុងមួយថ្ងៃ ឬប្រហែល២០ដុល្លារក្នុងមួយខែ។ តួរលេខនេះគឺមានកម្រិតទាបជាងច្រើន ពីបទដ្ឋាននៃភាពក្រីក្រអន្តរជាតិរបស់ធនាគារពិភពលោក ដែលមានអត្រា ១ ដុល្លារ ២៥ សេនក្នុងមួយថ្ងៃ។
គណៈកម្មការផែនការដែលជួយណែនាំគោលនយោបាយសេដ្ឋកិច្ច បានបង្កើតបទដ្ឋានទាំងនេះឡើង បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះ បានស្នើឱ្យគណៈកម្មការនេះពន្យល់អំពីមូលដ្ឋាន សម្រាប់បរិមាណនៃភាពក្រីក្ររបស់ខ្លួន។
លក្ខណៈវិនិច្ឆ័យថ្មីត្រូវបានធ្វើឡើង បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងតឹងតែង នៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីសំគាល់ភាពក្រីក្រនៅក្នុងប្រទេសឥណ្ឌា។ បន្ទាប់ពីបានធ្វើការកំណត់អស់រយៈពេលរាប់ទសវត្សរ៍រួចមក តាមការស្រូបយកចំនួនកាឡូរីរបស់មនុស្សម្នាក់ៗ ឥឡូវនេះ គេបានប្តូរទៅការកំណត់តាមប្រាក់ចំណូលវិញ។
ប៉ុន្តែ ក្រុមសកម្មជននិងអ្នកសេដ្ឋសាស្រ្តជាច្រើន បានរិះគន់បទដ្ឋានថ្មីថាគ្មានភាពសមហេតុសមផលទេ។ ពួកគេនិយាយថា នៅក្នុងទីក្រុងដូចជាទីក្រុង ញ៉ូ ឌែលី (New Delhi) លុយ៦៦សេនមិនអាចឱ្យមនុស្សម្នាក់ទិញអ្វីបាន លើសពី ខ្ទឹមបារាំងមួយ ដំឡូងបារាំងមួយ ចេកមួយ ខ្មៅដៃមួយ ថ្នាំអាស្ពេរិនមួយគ្រាប់ និងសំបុត្រឡានក្រុងមួយនោះទេ។
ជីន ដ្រេហ្សី (Jean Dreze) គឺជាអ្នកសេដ្ឋសាស្រ្តផ្នែកអភិវឌ្ឍន៍ដ៏ល្បីល្បាញមួយរូប ដែលជាប់ទាក់ទិននៅក្នុងការបង្កើតគោលនយោបាយសេដ្ឋកិច្ចរបស់ឥណ្ឌា។
«គេមានការយល់ដឹងអស់រយៈពេលជាយូរមកហើយថា កម្រិតនៃភាពក្រីក្រនេះមានលក្ខខ័ណ្ឌច្រើនណាស់។ ប៉ុន្តែ អ្វីដែលថ្មី និងអ្វីដែលខ្ញុំគិតថា ជាការគួរឱ្យភ្ញាក់ផ្អើលទាំងស្រុងនោះ គឺការអះអាងដែលថា បន្ទាត់នៃភាពក្រីក្រនេះតាមពិតទៅ អាចធានាឱ្យមានប្រាក់ចំណាយគ្រប់គ្រាន់ទៅលើម្ហូបអាហារ សុខភាព និងការអប់រំ។ ការអះអាងបែបនេះគឺពិតជាមិនអាចបង្ហាញឱ្យឃើញថាត្រឹមត្រូវបានទេ ពីទស្សនៈសុភនិច្ឆ័យមួយនោះ។ នេះមានលក្ខណៈជាបន្ទាត់នៃគ្រោះទុរភិក្សមួយ ជាជាងបន្ទាត់នៃភាពក្រីក្រមួយ»។
គណៈកម្មការផែនការនិយាយថា ខ្លួនត្រូវតែកំណត់បន្ទាត់នៃភាពក្រីក្រមួយ ដើម្បីកំណត់មនុស្សដែលត្រូវការជំនួយខ្លាំងបំផុត។ ក្រុមមន្រ្តីបានគូសបញ្ជាក់ថា រដ្ឋាភិបាលត្រូវតែប្រើប្រាស់មូលនិធិដ៏តិចតួចដែលខ្លួនមានឱ្យបានល្អបំផុត សម្រាប់ចំណាយទៅលើកម្មវិធីសុខុមាលភាពសង្គម ហើយពួកគេមិនអាចរួមបញ្ចូលមនុស្សឱ្យបានធំទូលំទូលាយពេកនោះទេ។
ទោះបីជាប្រទេសឥណ្ឌាមានការរីកចំរើនផ្នែកសេដ្ឋកិច្ចដ៏អស្ចារ្យយ៉ាងណាក្តី ប្រជាពលរដ្ឋរាប់លាននាក់នៅតែស្ថិតក្នុងភាពក្រីក្រនៅឡើយ។ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសមាជ (Congress Party) មានផែនការប្រកបដោយមហិច្ឆតាក្នុងការកាត់បន្ថយភាពក្រីក្រ ដោយធ្វើការចំណាយថវិការរាប់ពាន់លានដុល្លារទៅលើការផ្តល់ការងារធ្វើ ការថែទាំសុខភាព និងកម្មវិធីអប់រំ។ រដ្ឋាភិបាលបានស្នើឱ្យមានការអនុម័តច្បាប់មួយ ដើម្បីផ្តលគ្រាប់ធញ្ញជាតិអាហារតម្លៃថោកទៅឱ្យប្រជាពលរដ្ឋក្រីក្រ។ រដ្ឋាភិបាលចង់ជំនួសការឧបត្ថមធនផ្នែកប្រេងសាំងនិងជី ជាមួយនឹងការផ្ទេរសាច់ប្រាក់ទៅឲ្យវិញ។
ប៉ុន្តែ ក្រុមសកម្មជនអះអាងថា រដ្ឋាភិបាលកំពុងព្យាយាមកាត់បន្ថយបន្ទុកនៃសេវាសុខុមាលភាពសង្គមរបស់ខ្លួន ដោយធ្វើការកាត់បន្ថយចំនួនអ្នកដែលនឹងមានគុណសម្បត្តិគ្រប់គ្រាន់ សម្រាប់ទទួលបានអត្ថប្រយោជន៍ពីរដ្ឋ។ ប៊ីរ៉ាហ្ស ផាតនេក (Biraj Patnaik) ដែលជាទីប្រឹក្សារបស់គណៈកម្មការផ្លូវការមួយទៅលើសិទ្ធិទទួលម្ហូបអាហារ ស្ថិតនៅក្នុងចំណោមក្រុមអ្នករិះគន់។
«អ្វីដែលពួកគេចង់ធ្វើ គឺដកចេញប្រជាពលរដ្ឋចំនួន ៧០ភាគរយនៃប្រទេសនេះ ចេញពីអត្ថប្រយោជន៍ទាំងឡាយ ដែលកម្មវិធីប្រឆាំងនឹងភាពក្រីក្រផ្តល់ឱ្យ។ ប្រការនេះនឹងនាំឲ្យមានការធ្លាក់ចុះជាបន្តបន្ទាប់នៃការឧបត្ថម្ភធន។ ប៉ុន្តែ នេះគឺជាការលុបបំបាត់មនុស្សក្រីក្រដោយការបោកបញ្ឆោត ដោយការមិនគោរពតាមកិច្ចសន្យា គឺមិនមែនដោយការធ្វើឱ្យប្រសើរឡើងដល់ជីវិតរបស់ពួកគេនោះទេ»។
យោងតាមការប៉ាន់ស្មានតាមផ្លូវការ ប្រហែលជា៣២ភាគរយនៃចំនួនប្រជាពលរដ្ឋចំនួន ១ ពាន់ ២ រយលាននាក់របស់ឥណ្ឌា ឬប្រជាពលរដ្ឋប្រមាណ៤០០លាននាក់ រស់នៅក្នុងភាពក្រីក្រ។
ប៉ុន្តែ អ្នកសេដ្ឋសាស្រ្តមួយចំនួនអះអាងថា តួរលេខនេះមិនបានឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវទំហំនៃភាពខ្វះខាតនៅក្នុងប្រទេសមួយ ដែលកុមារជិតពាក់កណ្តាលដែលមានអាយុក្រោមប្រាំឆ្នាំ ខ្វះអាហារដែលមានជីវជាតិនោះផងទេ។
ក្រុមឃ្លាំមើលមួយដែលត្រូវបានតែងតាំងឡើងដោយរដ្ឋាភិបាល ហៅក្រុមប្រឹក្សាឲ្យយោបល់ជាតិ បានអះអាងថា ការគាំទ្រផ្នែកសង្គមនាពេលឥឡូវនេះ គួរតែពង្រីកទៅដល់ប្រជាពលរដ្ឋគ្រប់រូប ពីព្រោះប្រទេសជាតិមានលទ្ធភាពអាចទ្រទ្រង់បាន។
អ្នកសេដ្ឋសាស្រ្ត ដ្រេហ្សី (Dreze) ដែលជាសមាជិកម្នាក់នៃក្រុមប្រឹក្សានេះ គាំទ្រការអះអាងនេះ។ លោកនិយាយថា រដ្ឋមួយចំនួននៅក្នុងប្រទេសនេះ ដូចជារដ្ឋ តាមីលណាឌូ (Tamil Nadu) នៅភាគខាងត្បូង និងរដ្ឋ ហ៊ីម៉ាចាល ប្រាដេសហ៍ (Himachal Pradesh) នៅភាគខាងជើង បានបង្ហាញអំពីវិធីគាំទ្របែបនេះ។
«យើងអាចមានប្រព័ន្ធសន្តិសុខសង្គមពេញលេញមួយ ហើយរដ្ឋជាច្រើននៅក្នុងប្រទេសឥណ្ឌា ពិតជាកំពុងធ្វើដំណើរនៅក្នុងទិសដៅនេះហើយ ដោយធ្វើការពង្រីកប្រព័ន្ធចែកចាយសាធារណៈ។ ហើយខ្ញុំគិតថា បទពិសោធន៍នៃរឿងនេះ គឺមានភាពវិជ្ជមានគួរសម ព្រោះថានៅពេលដែលមនុស្សកាន់តែច្រើនមានការជាប់ពាក់ព័ន្ធនៅក្នុងប្រព័ន្ធនេះ វានឹងធ្វើការបានប្រសើរជាងមុនច្រើន។ ប្រជាពលរដ្ឋជាច្រើនមានការជាប់ជំពាក់រឿងនេះ។ នៅពេលដែលអ្នកធ្វើការកំណត់សេវាសង្គមសម្រាប់តែក្រុមប្រជាពលរដ្ឋភាគតិចនៃក្រុមគ្រួសារដែលក្រីក្របំផុតនោះ វានឹងមិនមានដំណើរការល្អទេ។ មិនមានអ្នកណាខ្វល់ខ្វាយពីរឿងនេះទេ»។
អ្នកយាមផ្នែកសន្តិសុខ ហារី ស៊ីងហ៍ (Hari Singh) ស្ថិតនៅក្នុងចំណោមអ្នកដែលយល់ស្របជាមួយនឹងសំណើរ នៅក្នុងការពង្រីកអត្ថប្រយោជន៍។
លោកនិយាយថា ទោះបីជាបទដ្ឋានផ្លូវការកំណត់អត្ថន័យនៃភាពក្រីក្រយ៉ាងណាក៏ដោយ ក៏គាត់បានរាប់ខ្លួនគាត់នៅក្នុងចំណោមប្រជាពលរដ្ឋក្រីក្ររបស់ប្រទេសនេះ ហើយនឹងមានការអបអរចំពោះជំនួយណាមួយពីសំណាក់រដ្ឋាភិបាល៕
ប្រែសម្រួលដោយ ឌី ខាំបូលី