ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​រួម​គ្នា


នាវា​ចម្បាំង USS Ronald Reagan (រូប​ខាង​មុខ) និង​នាវា​ចម្បាំង USS Nimitz ធ្វើ​នាវាចរណ៍​រួម​គ្នា​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
នាវា​ចម្បាំង USS Ronald Reagan (រូប​ខាង​មុខ) និង​នាវា​ចម្បាំង USS Nimitz ធ្វើ​នាវាចរណ៍​រួម​គ្នា​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

នាវា​ចម្បាំង​ឥណ្ឌា​ និង​សហរដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​រួម​គ្នា​ក្នុង​មហា​សមុទ្រ​ឥណ្ឌា។ ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​នេះ​ជា​ការ​បញ្ជូន​សញ្ញា​នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​ញូវដេលី​នៅ​ពេល​ដែល​មាន​ការ​តានតឹង​ដ៏​ខ្លាំង​ជាមួយ​ចិន។ រដ្ឋាភិបាល​ឥណ្ឌា​សង្ឃឹម​ថា សមយុទ្ធ​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​ឱ្យ​អូស្ត្រាលី​ចូលរួម​ក្នុង​សមយុទ្ធ​ប្រចាំ​ឆ្នាំ Malabar ដែល​សមយុទ្ធ​នោះ​ធ្វើ​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​ជប៉ុន​ ជា​សញ្ញា​មួយ​ដែល​នាវា​របស់​ប្រទេស​ទាំង​៤​មាន​គោលបំណង​សហការ​កាន់​តែ​ជិតស្និទ្ធ​ឡើង​ដោយ​ការផ្តោត​លើ​ប្រទេស​ចិន។

នាវា​ចម្បាំង​ឥណ្ឌា​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​នៅក្នុង​មហា​សមុទ្រ​ឥណ្ឌា។ នេះ​តាម​ការ​ប្រកាស​របស់​ប្រទេស​ទាំង២។

សមយុទ្ធ​នាវា​នេះ​ ផ្តល់​សញ្ញា​នៃ​កិច្ចសហប្រតិបត្តិ​យុទ្ធសាស្ត្រ​កើន​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ញូវដេលី ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ពេល​មាន​ការ​តានតឹង​ខ្លាំង​ជាមួយ​ចិន។

សមយុទ្ធ​នេះ​បាន​ចាប់ផ្តើម​កាលពី​ពេល​ថ្មីៗ​នៅជិត​កោះ Andaman និងNicobar ដែល​ស្ថិត​នៅ​ឆ្ងាយពី​ប្រទេស​ឥណ្ឌា​នៅ​ជិត​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក​នៅ​ជិត​ច្រក​សមុទ្រ​ម៉ាឡាកា។

នាវា​ឥណ្ឌា​បាន​ហៅ​សមយុទ្ធ​នេះ​ថា​ជា «សមយុទ្ធ​ធ្វើ​ដំណើរ​ឆ្លង​កាត់» ដែល​សំដៅ​ដល់​ការធ្វើ​សមយុទ្ធ​ដែល​ធ្វើឡើង​ដោយ​ប្រទេស​ទាំង២​នៅពេល​ដែល​នាវា​ចម្បាំង​ឆ្លងកាត់​ចូលរួម​ជាមួយ​នាវា​ចម្បាំង​មួយ​ទៀត។

លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា សមយុទ្ធ​រួមគ្នា​រវាង​កង​នាវា​ឥណ្ឌា​ និង​នាវា​ផ្ទុក​យន្តហោះ USS Nimitz របស់​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ថា ប្រទេស​ទាំង​២​មាន​ការ​តាំង​ចិត្ត​ដល់​កិច្ចសហប្រតិបត្តិការ​ខាង​នាវាចរណ៍​កាន់តែ​ខ្លាំងឡើង​ និង​គាំទ្រ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​ និង​បើក​ចំហ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Esper បាន​និយាយ​ទៀត​ថា ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាលើក​ទី១​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​ប្រ​ទេស​ទាំង២ គ្រោង​ធ្វើ​ការ​ចរចា​ថ្នាក់​រដ្ឋមន្ត្រី​២បូក២​នៅចុង​ឆ្នាំ​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ជឿនលឿន​នូវ​កិច្ចសហប្រតិបត្តិ​របស់​ប្រទេស​ទាំង២។

លោក​ឧត្តមនាវី​ Jim Kirk ​មេបញ្ជាការ​កង​វាយប្រហារ​របស់​នាវា​ផ្ទុក​យន្តហោះ Nimitz របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «ការធ្វើ​សមយុទ្ធ​ជា​បន្ត​បន្ទាប់​នេះ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​កិច្ចប្រតិបត្តិការ​របស់​ប្រទេស​យើង​ទាំង​២ ​និង​ជាការ​បង្ហាញនូវ​ភាព​អាច​បត់បែន​បាន​នៃ​កង​នាវា​របស់​ប្រទេស​យើង​ទាំង២»។

កាលពី​ដើមខែ​កក្កដា នាវា​ផ្ទុក​យន្តហោះ​២​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​គឺ USS Nimitz និង USS Ronald Reagan បាន​ធ្វើ​កិច្ចប្រតិបត្តិការ​រួមគ្នា​ដើម្បី​បង្ហាញ​សេរីភាព​នៃ​ការ ធ្វើ​នាវាចរណ៍​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​នៅទីនោះ​ជម្លោះ​ដែន​ទឹក​បាន​ឆាបឆេះ​ឡើង​រវាង​ចិន​ និង​ប្រទេស​តូចៗ​ដែល​ជា​ប្រទេស​ជិតខាង​របស់​ចិន។ សហរដ្ឋ​អាមេរិក​ បាន​ច្រានចោល​ការ​ទាមទារ​ទឹកដី​របស់​ចិន​ថា​ជា «ការ​ខុស​ច្បាប់»។

ការ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​នេះ​គឺ​ជា​លើក​ទី១​ដែល​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​កិច្ចប្រតិបត្តិការ​នាវា​ផ្ទុក​យន្តហោះ​២​ចាប់តាំង​ពីឆ្នាំ​២០១២​មក។

កាលពី​ឆ្នាំ​ទៅ​យោធា​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​កិច្ចប្រតិបត្តិការ​នាវាចរណ៍​ដោយ​សេរី​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាង​ឆ្នាំ​ណាៗ​ទាំងអស់​ចាប់តាំងពី​ខ្លួន​បាន​ចាប់ផ្តើម​ប្រភេទ​កិច្ចប្រតិបត្តិការ​ទាំង​នេះ​នៅ​ឆ្នាំ​២០១៥​ដែល​ជា​មធ្យោបាយ​មួយ​នៃ​ការ​ប្រឈម​តទល់​កាន់​តែ​ខ្លាំង​ឡើង​ដល់​ការ​ទាមទារ​ទឹកដី​របស់​ចិន​នៅទី​នោះ។

ចិន​ចាត់​ទុក​ផ្នែក​ភាគច្រើន​នៃ​សមុទ្រ​នោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែល​មាន​ការត្រួត​ស៊ី គ្នា​ជាមួយ​ការ​ទាមទារ​ទឹក​ដី​របស់​ប្រទេស​ផ្សេង​ទៀត​ ហើយ​បាន​បង្កើត​កោះ​សិប្បនិមិត្ត​ដែល​មាន​ទំហំ​រាប់រយ​ហិកតា​ដើម្បី​ទ្រទ្រង់​ការ​ទាមទារ​ទឹកដី។ សហរដ្ឋ​អាមេរិក​ ជារឿយៗ​ បាន​ធ្វើ​កិច្ចប្រតិបត្តិការ​នាវាចរណ៍​ដោយ​សេរី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ជំទាស់​ការ​ទាមទារ​របស់​ចិន​ និង​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ឆ្លងកាត់​ដោយ​សេរី​ដោយ​កាត់​តាម​ផ្ទៃទឹក​អន្តរជាតិ​ដែល​បាន​ដឹកជញ្ជូន​ប្រហែល​ពាក់​កណ្តាល​នៃ​ទំនិញ​របស់​ពិភពលោក​ដែល​មាន​តម្លៃ​រាប់​លាន​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។

ថ្វីបើ​រដ្ឋាភិបាល​ក្រុង​ញូវដេលី​បញ្ចៀស​មិន​ធ្វើ​សេចក្តីថ្លែងការណ៍​ណាមួយ​ស្តីពី​ការ​ប្រកួត​ប្រជែង​ទាមទារ​នៅក្នុង​ផ្ទៃ​ទឹក​មាន​ជម្លោះ​ ក្រសួង​ការបរទេស​ឥណ្ឌា​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា សមុទ្រ​ចិន​ខាង​ត្បូង​ជា​ផ្នែក​មួយ​នៃ​ផែនដី​រួម​ ហើយ​ឥណ្ឌា​ មាន​ផលប្រយោជន៍​ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់»។

ការ​តានតឹង​រវាង​ឥណ្ឌា​និង​ចិន​មាន​ភាព​យ៉ាប់យ៉ឺន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំដែន​ដែល​មាន​ជម្លោះ​របស់​ខ្លួន​នៅ​តំបន់​ភ្នំ​ហេមពាន្ត​ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា​ចំនួន​២០​នាក់។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Esper កាលពី​ថ្ងៃ​អង្គារ​ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​បំផុត​អំពី​ស្ថានភាព​រវាង​ឥណ្ឌា​ និង​ចិន។ លោក​ និយាយ​បន្ត​ទៀត​ថា លោក​សប្បាយចិត្ត​ដែល​បាន​ឃើញ​ភាគី​ទាំង២​កំពុង​ព្យាយាម​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ។

ពួក​អ្នកវិភាគ​ និយាយ​ថា ចំណង​ទាក់ទង​ដែល​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​រវាង​ប្រទេស​ជិត​ខាង​អាស៊ី​ទាំង​២​នេះ នឹង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ស្ថាបនា​ចំណង​ទាក់ទង​យុទ្ធសាស្ត្រ ​និង​កិច្ចសហប្រតិបត្តិការ​ខាង​នាវា​កាន់តែ​ជិតស្និទ្ធ​ឡើង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ឥណ្ឌា​ត្រូវ​គេ​រំពឹង​យ៉ាង​ខ្លាំង​ថា នឹង​ត្រួសត្រាយ​ផ្លូវ​ឱ្យ​ប្រទេស​អូស្ត្រាលី​ចូលរួម​ក្នុង​សម យុទ្ធ​ប្រចាំ​ឆ្នាំ Malabar ដែល​ធ្វើ​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ជា​សញ្ញា​មួយ​ដែល​នាវា​របស់​ប្រទេស​ទាំង​៤​មាន​គោលបំណង​សហការណ៍​កាន់តែ​ជិតស្និទ្ធ​ឡើង​ដោយ​សម្លឹង​មើល​ប្រទេស​ចិន៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG