កាលពីខែមុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទសាកលវិទ្យាល័យមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើក្លែងបន្លំទិដ្ឋាការ។
និស្សិតប្រមាណ៩៥ភាគរយ ដែលបានចូលរៀននៅក្នុងសាកលវិទ្យាល័យ ត្រៃ វ៉ាល្លី (Tri Valley University) នៅទីក្រុងភ្លីសានតុន (Pleasanton) រដ្ឋកាលីហ័្វរញ៉ា មកពីរដ្ឋ អែនដ្រា ប្រាដែស្ស (Andhra Pradesh) ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ លោក ចាយ៉ារ៉ាម កូម៉ាទី (Jayaram Komati) គឺជាប្រធានសមាគម ទីលូហ្គូ (Telugu) នៃទ្វីបអាមេរិកខាងជើង ដែលជាអង្គការមួយតំណាងឲ្យប្រជាពលរដ្ឋមកពីរដ្ឋអែនដ្រា ប្រាដែស្ស នៅសហរដ្ឋអាមេរិក។ លោកមានប្រសាសន៍ថា៖
«និស្សិតប្រមាណ១៥៥០នាក់កំពុងសិក្សានៅក្នុងសាកលវិទ្យាល័យនេះ។ វាជាកំហុសនៃការគ្រប់គ្រងរបស់សាកលវិទ្យាល័យ ដែលនាំឲ្យមានការបិទទ្វារសាកលវិទ្យាល័យ។ វាមិនមែនជាកំហុសរបស់និស្សិតទេ។ នៅពេលដែលសាកលវិទ្យាល័យត្រូវបានបិទទ្វារ អ្នកទាំងឡាយណាដែលបានចូលរៀននៅក្នុងសាកលវិទ្យាល័យនេះ ដោយប្រើទិដ្ឋាការសិស្សប្រភេទ F-1 ទិដ្ឋាការទាំងនោះគ្មានសុពលភាពទៀតទេ។ នេះគឺជាអ្វីដែលនិស្សិតភាគច្រើនកំពុងប្រឈមមុខ»។
លោក កូម៉ាទី និយាយថា មន្រ្តីអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកបានបិទសាកលវិទ្យាល័យនេះកាលពីខែមុន។ លោកនិយាយថា ទោះបីជាមន្រ្តីនៃសាកលវិទ្យាល័យនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវច្បាប់យ៉ាងណាក៏ដោយ ក៏និស្សិតជាច្រើនគឺជាគោលដៅនៃភ្នាក់ងារអន្តោរប្រវេសន៍របស់សហរដ្ឋអាមេរិក។ លោក កូម៉ាទីបន្តថា៖
«សាកលវិទ្យាល័យត្រូវបានបិទទ្វារនៅថ្ងៃទី១៨ខែមករា។ នៅព្រឹកថ្ងៃទី១៩ អាជ្ញាធរអន្តោប្រវេសន៍បានឆ្មក់ចូលទៅក្នុងអគារស្នាក់នៅរបស់និស្សិត។ ពួកគេបានឃាត់ខ្លួននិស្សិតប្រមាណចំនួន១៩នាក់។ អាជ្ញាធរអន្តោប្រវេសន៍ទាំងនេះបានធ្វើការសួរចម្លើយពួកគេ ហើយដាក់ឧបករណ៍តាមដានមួយនៅលើជើងរបស់ពួកគេ ហើយអាជ្ញាធរទាំងនេះបានចាកចេញទៅ»។
ដោយសារនិស្សិតទាំងនោះមិនមានទិដ្ឋាការ និងដោយគ្មានទម្រង់បែបបទដែលចាំបាច់សម្រាប់ការស្នាក់នៅក្នុងសាលា ហើយដោយមានពាក់ឧបករណ៍តាមដាននៅជាប់នឹងជើងរបស់ពួកគេផង រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានទាក់ទងមកក្រសួងការបរទេសសហរដ្ឋអាមេរិក។ ហេតុការណ៍នេះបានរីកឡើងដល់មន្រ្តីជាន់ខ្ពស់សម្រាប់កិច្ចការទំនាក់ទំនងអន្តរជាតិ នៅក្នុងសប្តាហ៍នេះ នៅពេលដែលរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា បានជួបជាមួយនឹងលោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន (Hillary Clinton)។ ហេតុការណ៍នេះត្រូវបានថ្លែងដោយអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ភីជេ ក្រោហ្វលី (PJ Crowley) កាលពីថ្ងៃពុធ។ លោកថ្លែងថា៖
«យើងបានបញ្ជាក់សារជាថ្មីម្តងទៀតកាលពីប៉ុន្មានថ្ងៃមុន អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលឥណ្ឌា។ យើងយល់អំពីការខ្វល់ខ្វាយដែលរដ្ឋាភិបាលមាន។ យើងចង់ដោះស្រាយករណីទាំងនេះ។ ហើយសម្រាប់អ្នកទាំងឡាយណាដែលជាប់នៅក្នុងអំពើក្លែងបន្លំរបស់អ្នកផ្សេង យើងបានដឹងថា ពួកគេត្រូវបានដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ដែលជាលទ្ធផលនៃហេតុការនេះ។ យើងមានការសោកស្តាយចំពោះរឿងនេះយ៉ាងខ្លាំង។ បើនិយាយទៅ យើងមានការសង្ស័យយ៉ាងខ្លាំង ដែលថាការក្លែងបន្លំទិដ្ឋាការបានកើតមានឡើង។ វាគឺជាបញ្ហាដ៏គួរឲ្យខ្វល់ខ្វាយយ៉ាងខ្លាំងមួយសម្រាប់យើង ក្នុងនាមជាប្រទេសមួយ។ វាគឺជាបញ្ហាដ៏គួរឲខ្វល់ខ្វាយ៉ាងខ្លាំងមួយសម្រាប់ប្រទេសឥណ្ឌា ក្នុងនាមជាប្រទេសមួយ។ យើងនឹងស្វែងរកដំណោះស្រាយចំពោះបញ្ហានេះឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។ យើងសូមសន្យាថា នឹងរក្សាការជូនដំណឹងយ៉ាងពេញលេញដល់អាជ្ញាធរឥណ្ឌា។ ប៉ុន្តែ យើងត្រូវតែធ្វើការស៊ើបអង្កេតអំពីរឿងនេះ»។
លោក ចាយ៉ារ៉ាម កូម៉ាទី នៃសមាគមទេលូហ្គូ និយាយថា បន្ទាប់ពីការជួបប្រជុំគ្នានៃក្រុមមន្រ្តីថ្នាក់ខ្ពស់ និងដោយមានអន្តរាគមន៍ពីមេធាវីដែលត្រូវបានជួលសម្រាប់សិស្សមួយចំនួន ស្ថានភាពមានការផ្លាស់ប្តូរសម្រាប់សិស្សមួយចំនួន។ លោក កូម៉ាទីថ្លែងថា៖
«តាមដែលខ្ញុំដឹងកន្លងមក មានសិស្ស៦នាក់ត្រូវបានរួចផុតពីការតាមដាន ហើយពួកគេទទួលបានលិខិតឆ្លងដែនមកវិញ។ ពួកគេនឹងត្រូវបានផ្តល់ឱកាសស្វែងរកសាកលវិទ្យាល័យផ្សេងៗទៀត ដើម្បីធ្វើការប្តូរ និងបន្តការសិក្សារបស់ពួកគេ»។
នៅទីក្រុងញ៉ូដែលី (New Delhi) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទីម៉ូធី រ៉ូម័រ (Timothy Roemer) បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកគាំទ្រ និងជំរុញទឹកចិត្តដល់និស្សិតឥណ្ឌា ឲ្យទៅសិក្សានៅសហរដ្ឋអាមេរិក។ លោករ៉ូម័រនិយាយថា៖
«សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការចូលរួមរបស់និស្សិតឥណ្ឌានៅក្នុងបណ្តាសាលានៅសហរដ្ឋអាមេរិក។ តាមពិតទៅ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះការចូលរួមនៅក្នុងជីវិតសិក្សារបស់យើង និងចំពោះសេដ្ឋកិច្ចរបស់យើង។ ទីពីរ យើងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ ប្រការនេះគឺមានសារៈសំខាន់ណាស់។ ក្នុងនាមជាឪពុករបស់កូន៤នាក់ ខ្ញុំអាចស្រមៃឃើញនូវអ្វីដែលឪពុកម្តាយទាំងឡាយប្រឈម នៅពេលដែលពួកគេបារម្ភអំពីកូនៗរបស់ពួកគេ និងបារម្ភអំពីការសិក្សារបស់និស្សិត និងឱកាសនានា។ យើងកំពុងខិតខំធ្វើការយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះ»។
លោកឯកអគ្គរដ្ឋទូត រ៉ូម័រ បានបន្ថែមថា សហរដ្ឋអាមេរិកមានសេវាកម្មឥតគិតថ្លៃសម្រាប់សិស្សជនជាតិឥណ្ឌាក្នុងការស្វែងរកភាពស្មោះត្រង់ និងអធីបតេយ្យភាពនៃមហាវិទ្យាល័យទាំងឡាយរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយឌី ខាំបូលី