ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌាមានជំហរ​ដ៏​ល្អ​រឹង​​ប៉ឹងក្នុង​ការ​ដោះស្រាយ​បញ្ហា​នៃការ​បន្ទាប​ពិន្ទុ​ឥណទាន​របស់​សហរដ្ឋ​អាមេរិក


Quddusdagi ibodatxonada
Quddusdagi ibodatxonada

ប្រទេស​ឥណ្ឌា​និយាយ​ថា​ ខ្លួន​មាន​ជំហរ​ល្អ​ជាង​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​ពី​ការ​បន្ទាប​ពិន្ទុ​ឥណទាន​របស់រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។​ ប្រទេស​ឥណ្ឌា​ ដែល​ពឹង​ផ្អែក​យ៉ាង​ធ្ងន់​ទៅ​លើ​ការ​នាំ​ចូល​ថាមពល​ ក៏​សង្ឃឹម​ដែរ​ថា​នឹង​បាន​ទទួល​កម្រៃ​ពី​តម្លៃ​ប្រេង​ដែល​គេ​រំពឹង​ថា​នឹង​ចុះ​ថោក។

នៅ​ក្នុង​សេចក្តី​ថ្លែង​ហាក់​ដូច​ជា​ដើម្បី​សំដែង​ការ​ធានា​ជា​ថ្មី​ម្តង​ទៀត​ មន្រ្តី​ហិរញ្ញវត្ថុ​កំពូលៗ​របស់ប្រទេស​ឥណ្ឌានិយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ការ​បន្ទាប​ពិន្ទុ​ឥណទាន​របស់​សហរដ្ឋ​អាមេរិក​នឹង​មាន​ផល​ប៉ះ​ពាល់​ដ៏​តិច​តួច​ទៅ​លើ​ប្រទេសដែល​មាន​សេដ្ឋកិច្ច​ធំ​លេខ​បី​នៃ​ទ្វីប​អាស៊ី។

លោក ប្រាណាប់​ មុគើរជី​ (Pranab Mukherjee)​ រដ្ឋ​មន្រ្តីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា​មាន​ប្រសាសន៍​ថា​ គ្រឹះសេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​មាន​ជំហរ​រ៉ឹង​មាំ​ ហើយ​អាច​ដោះស្រាយ​ភាព​មិន​ពិត​ប្រាកដ​ទាំង​ឡាយ​ណា​ ដែល​អាច​កើត​ឡើង​ពី​វិបត្តិ​ចុង​ក្រោយ​នេះបាន។

លោករំពឹង​ថា​ ​មាន​អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​ទៀត​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ FII​ នឹងចូល​មកក្នុង​ប្រទេស​ឥណ្ឌា។

«វា​អាច​មាន​ផល​ប៉ះ​ពាល់​ខ្លះ​ទៅ​លើ​លំហូរ​នៃ​ដើមទុន​និង​ពាណិជ្ជកម្ម​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​រឿង​លូត​លាស់​របស់​ប្រទេស​ឥណ្ឌា​មាន​ភាព​រឹង​មាំ​ យើង​អាច​ឃើញ​ក្រុម​អ្នក​វិនិយោគ​ ក្រឡេក​មើល​មក​ប្រទេស​ឥណ្ឌា​ ថា​ជា​ទិសដៅ​ឬ​កន្លែង​ធ្វើ​វិនិយោគ​ដ៏​គួរ​ឲ្យ​ទាក់​ចិត្ត​មួយ​ ទោះ​បី​ជា​មាន​ការ​ហូរ​ចេញ​ជា​បណ្តោះ​អាសន្ន​ណា​មួយ​ក៏​ដោយ។​ លើស​ពី​នេះ​ទៅ​ទៀត​ យើង​ក៏​ប្រហែល​ជា​អាច​ឃើញ​ការ​ហូរ​ចូល​នៃ​ក្រុម​វិនិយោគ​ យ៉ាង​លឿន​ហើយ​ច្រើន​ជាង​មុន​ ដោយ​សារ​តែផល​ចំណេញ​ខ្ពស់​ជាង​កន្លែង​ដទៃ​ទៀត​ ដែល​ពួក​គេ​អាច​ទទួល​បាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា»។

មន្រ្តី​ធនាគារ​កណ្តាល​ក៏​បាន​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​ស្ងប់​ដល់​ផ្សារ​ហ៊ុន​ ដែល​បាន​ចុះ​ថ្លៃ​នៅ​ពេល​ថ្ងៃ​ផង​ដែរ។​ មន្រ្តី​ទាំង​នោះ​បាន​គូស​បញ្ជាក់​ថា​ សេដ្ឋកិច្ច​ជាតិ​នៅ​មាន​ភាព​រឹង​ស្វិត​ ទោះ​បី​ជា​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​ ២០០៨​ក៏​ដោយ​ ហើយ​នៅ​បន្ត​មាន​ការ​លូត​លាស់ចំនួន​ប្រហែល​ ប្រាំពីរ​ភាគរយ។

នៅ​ក្នុង​វិសាលភាព​ដ៏​ទូលំ​ទូលាយ​ ករណី​នេះ​អាច​កើត​ឡើង​បាន​ ពិព្រោះ​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​បាន​ទទួល​ការ​គាំទ្រ​ពី​ផ្សារ​លក់​ដូរ​ក្នុង​ស្រុក​ដ៏​ធំ​មួយ​ ហើយ​ពឹង​ផ្អែក​ទៅ​លើទំនិញ​នាំ​ចេញ​ តិចជាង​ប្រទេស​អាស៊ី​ដទៃ​ជា​ច្រើនទៀត។ នៅ​ពេល​ដែល​សេដ្ឋកិច្ច​សាកលលោក​មិន​មាន​ការ​ចម្រើន​លូតលាស់​ ការ​ទិញ​ផ្ទះ​ រថយន្ត​ និង​ផលិតផល​ដទៃ​ទៀត​ ក្នុង​បណ្តា​ប្រជាពលរដ្ឋ​វណ្ណៈ​កណ្តាល​ បាន​ចុះ​ថយ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

លោក​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ មុគើរជី​ សង្ឃឹម​ថាក្រុម​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក​ដ៏​ច្រើន​មហិមា​របស់​ប្រទេស​ឥណ្ឌា​ នឹង​ជួយ​ធ្វើ​ឲ្យ​សេចដ្ឋកិច្ច​មាន​ការ​លូត​លាស់​ជា​ថ្មី​ម្តង​ទៀត។

«យើង​ក៏​នឹង​ផ្តោត​ទៅ​លើ​ការ​លើក​ទឹក​ចិត្ដឲ្យ​មាន​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ច្រើន​ជាង​មុន​ និង​ផ្តល់​សម្ទុះ​ទៅ​ឲ្យ​អ្នក​ដែល​ដឹក​នាំ​ការ​លូត​លាស់​ក្នុង​ស្រុកផង​ដែរ។​ រដ្ឋាភិបាល​នឹងយក​ កំណែ​ទម្រង់ទាំង​ប៉ុន្មាន​ដែល​មិន​ទាន់​ធ្វើ​ ទៅអនុវត្ត​ឲ្យ​បានឆាប់​រហ័ស»។

មន្រ្តី​នៅ​ក្នុង​ក្រុង​ ញូ ឌែលី​ សង្ឃឹម​ថា​ បញ្ហា​សេដ្ឋកិច្ច​ចុង​ក្រោយ​នេះ​នឹង​មាន​ផល​ជាវិជ្ជមាន​នៅ​ក្នុង​សង្កាត់​ដ៏​សំខាន់​មួយ​ទៀត​ដែរ។​ តម្លៃ​ប្រេង​រំពឹង​ថា​នឹង​ចុះ​ថោក។​ ករណី​នេះ​អាច​ជួយ​ប្រទេស​ឥណ្ឌា​ ដែល​ពឹង​ផ្អែក​ធ្ងន់​ទៅ​លើ​ទំនិញ​ប្រេង​នាំ​ចូល​ ឲ្យ​អាច​ប្រយុទ្ធ​ទល់​និង​អតិផរណា​ខ្ពស់​ និងកាត់​បន្ថយ​ឱនភាព​សហព័ន្ធ​របស់​ខ្លួន​បាន។

រដ្ឋាភិបាល​បាន​ទទួល​ការ​រិះ​គន់​ដោយ​សារ​បរាជ័យ​ក្នុង​ការ​ត្រួត​ត្រា​មិន​ឲ្យ​ទំនិញ​ឡើង​ថ្លៃ​បាន​ ដែល​ធ្វើ​ឲ្យមនុស្ស​ក្រី​ក្រ​ជា​ច្រើន​លាន​នាក់​មាន​ការ​លំបាក​ខ្លាំង។

កិច្ច​ប្រឹង​ប្រែង​របស់​ប្រទេស​ឥណ្ឌា​ ដើម្បី​ប្រយុទ្ធ​ទល់​និង​អតិផរណា​ បាន​ធ្វើ​ឲ្យល្បឿន​សេដ្ឋកិច្ច​មាន​ការ​ចុះ​ថយ​បន្តិច​បន្តួច​ ក៏​ប៉ុន្តែ​ការ​លូត​លាស់​នៅតែ​មាន​ភាព​រឹងមាំ​ ក្នុង​កម្រិត​ប្រហែល​ ប្រាំ​បី​ភាគរ​យ៕៚

ប្រែសម្រួល​ដោយ​កែរ យ៉ាន

XS
SM
MD
LG