ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អះអាង​ថា​ឥណ្ឌា​ផ្អាក​ការសាងសង់​ប្រាសាទ​ចម្លង​ពី​អង្គរវត្ត


រូបឯកសារ៖ ថ្ងៃ​រះ​ពី​លើ​ប្រាសាទ​អង្គរវត្ត ដែល​ជា​ប្រាសាទ​​បុរាណ​ដ៏​ល្បីល្បាញ​មួយ​របស់​កម្ពុជា​​។ ថតនៅ​​​ថ្ងៃ​សៅរ៍​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ ​(នៅ ពៅលក្ខិណា/VOA)
រូបឯកសារ៖ ថ្ងៃ​រះ​ពី​លើ​ប្រាសាទ​អង្គរវត្ត ដែល​ជា​ប្រាសាទ​​បុរាណ​ដ៏​ល្បីល្បាញ​មួយ​របស់​កម្ពុជា​​។ ថតនៅ​​​ថ្ងៃ​សៅរ៍​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ ​(នៅ ពៅលក្ខិណា/VOA)

ប្រទេស​កម្ពុជា​បាន​​អះអាង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្អាក​ដំណើរ​ការ​សាងសង់​ប្រាសាទ​ដែល​មាន​លក្ខណៈ​ចម្លង​ពី​ប្រាសាទ​អង្គរវត្ត​ខ្មែរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ហើយ​​​ បន្ទាប់​ពីមាន​ការតវ៉ា​ពី​រដ្ឋា​ភិបាល​កម្ពុជា​​។

ប្រទេស​កម្ពុជា​បានអះអាង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្អាក​ដំណើរ​ការ​សាងសង់​ប្រាសាទ​ដែល​មាន​លក្ខណៈ​ចម្លង​ពី​ប្រាសាទ​អង្គរវត្ត​ខ្មែរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ហើយ​ បន្ទាប់​ពីមាន​ការតវ៉ា​ពី​រដ្ឋា​ភិបាល​កម្ពុជា។​ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​រវាង​លោក​ហោ ណាំហុង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ឥណ្ឌា​ប្រចាំ​កម្ពុជា​គឺ​លោក​ Naveen Srivastara ​លោក​ ជុំ ស៊ុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរ​ទេស​បាន​ឲ្យ​ដឹង​ថា​ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ឥណ្ឌា​បាន​អះអាង​ ​ថាប្រទេស​ឥណ្ឌា​«​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នៃដំណើរ​ការ​សាង​សង់​ របស់​ប្រាសាទ​ដែល​មាន​លំនាំ​ពី​ប្រាសា​ទអង្គរ​វត្ត​កម្ពុជា​»​ ​រួច​រាល់​ហើយ​ ​ហើយ​ខ្លួន​ក៏​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​នោះ​ធ្វើការ​សម្រួល​រចនា​បទ​នៃ​ប្រា​សាទ​នោះ​មិន​ឲ្យ​ដូច​ប្រាសាទ​អង្គរ​វត្ត​នោះ​ទេ​។

លោក​ ជុំ ស៊ុន្ទរី​ បាន​ដក​ស្រង់​សម្តី​របស់​លោក​ឯកអគ្គ​រដ្ឋទូត​Naveen Srivastaraថា៖

«ហើយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​បាន​ជម្រាប​ជូន​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ថា​ រដ្ឋាភិបាល​ឥណ្ឌា​បាន​ណែនាំឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​មាន​គម្រោង​សាងសង់​ប្រាសាទ​តាមលំនាំប្រាសាទ​អង្គរ​វត្ត​កម្ពុជា​ហ្នឹង​ ឲ្យ​ធ្វើ​ផ្លាស់​ប្តូរ​ ​រចនាបទ​ ហើយ​ហ្នឹង​structure​ ដើម្បី​ជៀសវាង​កុំឲ្យ​យក​តាម​លំនាំ​របស់​ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា។ ​ហើយ​ឯកឧត្តម​បាន​បញ្ជាក់​ថា គម្រោង​ នេះ​គឺ​គ្រាន់​តែ​ជា​គម្រោង​មួយ​របស់​ក្រុមហ៊ុន​ឯក​ជន​នៃ​ប្រទេស​ឥណ្ឌា​ដែល​មាន​គោល​បំណង​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​តែ​ប៉ុណ្ណោះ»។

កាល​ពីឆ្នាំ​២០១២​កន្លងទៅ ក្រុម​ហ៊ុន​ឯក​ឥណ្ឌា​មួយ​ដែល​មាន​ឈ្មោះ​ថា​ The Mahavir Mandir Trust ​បាន​ប្រកាស​ចាប់​ផ្តើម​ធ្វើ​ការសាង​សង់​ប្រាសាទ​មួយ​ដែល​យក​លំនាំ​ពី​ប្រាសាទ​អង្គរ​វត្ត​កម្ពុជា​។​ ​ក្រុម​ហ៊ុនបញ្ជាក់​នា​ពេល​នោះ​ថា​ខ្លួន​អាច​ចំណាយថវិការ​ហូត​ដល់​ទៅ​ ​៧៥​លាន​ដុល្លារ​អា​មេរិក​ ​ក្នុង​ការ​សាង​សង់​ប្រាសាទ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​។

ក៏ប៉ុន្តែ​នា​ដើម​ខែ​មិថុនា​កន្លង​ទៅប្រទេស​កម្ពុជាបាន​ស​រសេរកំណត់​ទូត​តវ៉ា​ទៅ​កាន់​រដ្ឋាភិបាល​ឥណ្ឌា​ បន្ទាប់ពី​ឯក​អគ្គរាជ​ទូត​កម្ពុជា​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​សំណង់​ដែល​មាន​លក្ខណៈ​ចម្លង​ពី​ប្រាសាទ​អង្គរ​វត្ត​នោះ​។

លោក​ ជុំ ស៊ុន្ទរី​ មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ភាគីឥណ្ឌា​ក៏បាន​ទទួលស្គាល់​ថា​ប្រាសាទ​អង្គរវត្ត​នេះ​គឺ​ជា​ដួង​ព្រលឹង​ គឺ​ជា​មរតក​វប្បធម៌​ដ៏​មាន​តម្លៃ​ ​ជា​និមិត្ត​រូប​របស់​ជាតិ​កម្ពុជា​ ហើយ​គេ​សន្យា​ថា​គេ​នឹង​មិន​ធ្វើអ្វី​ដែល​ប៉ះពាល់​ដល់​ដួង​ព្រលឹង​ ប៉ះពាល់​ដល់​ទំនាក់​ទំនង​ល្អ​របស់​ប្រទេស​ទាំង​ពីរ​នោះ​ទេ»​។​

អ្នកប្រវត្តិសាស្ត្រ​កម្ពុជា​លោក​បណ្ឌិត​រស់ ចន្ត្រាបុត្រ​ បាន​សាទរ​ចំពោះ​ដំណឹង​ផ្អាក​ការ​សាងសង់​ប្រាសាទ​ដែល​មាន​លក្ខណៈ​ចម្លង​ពី​ប្រាសាទ​អង្គរវត្ត​នេះ​ដោយ​លើក​ឡើងថា​វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ​ដោយ​ចែក​ដាច់​ពី​ភាព​ខុស​គ្នារ​វាង​វប្បធម៌​ អរិយធម៌​និង​ការច្នៃប្រឌិត​នៃ​ប្រទេស​ទាំង​ពីរ។

«ខ្ញុំ​ឃើញ​ថា​ជា​ ការ​ល្អ​ប្រសើរ​មួយ​សម្រាប់​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ឥណ្ឌា​។​ ​ទីពីរ​អាច​ប្រសើរ​មួយ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ប្រជាពល​រដ្ឋឥណ្ឌា​ដែរ​ ពីព្រោះ​យើង​ ​និយាយ​ឲ្យ​ចំ​គឺ​ថា​ខ្មែរ​យើង​មាន​ប្រភព​ចេញ​មក​ពី​ឥណ្ឌា​ដែរ​ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​ខ្មែរគឺ​យើង​បាន​បង្កើត​ជា​វប្បធម៌​ អរិយ​ធម៌​មួយ​ ទោះ​ចេញ​ពី​ឥណ្ឌា​មែន​ តែមាន​លក្ខណៈ​ពិសេស​គឺ​ជា​ខ្មែរ​»​។​

លោក​ ​ក៏​បាន​បន្តថា​៖ ​«បើ​យើង​ឧបមា​ថា​ ប្រ​សិន​បើ​ឥណ្ឌា​ហ្នឹង​នៅ​តែ​រឹង​លើ​ជំហរ​របស់​ខ្លួនដើម្បី​បន្ត​ធ្វើ​ copy ​អំពី​ប្រាសាទ​អង្គរ​វត្ត​របស់​ខ្មែរ ​យើង​ជឿ​ថា​នៅ​ពេល​ហ្នឹង​អ្នក​សាង​សង់​ហ្នឹង​គឺ​អត់​មាន​តម្លៃ​ទេ​បាទ​ ខ្លួនឯង​បន្ថោក​តម្លៃរបស់​ខ្លួន។​ ​ហើយ​ជា​បន្ទាប់​ទៅ​ទៀត​គឺ​ប្រទេស​ឥណ្ឌា​ហ្នឹង​គឺ​បន្ថោក ​ នូវ​តម្លៃ​វប្បធម៌​និង​អរិយធម៌​ ​របស់​ឥណ្ឌា​ដែរពីព្រោះ​ថា​ពេល​ហ្នឹង​គេ​នឹង​ឃើញ​ថាឥណ្ឌា​ហ្នឹង​ហាក់​ដូច​ជា​ខ្វះ​គំនិត ​ចក្ខុវិស័យនៅ​ក្នុង​ការ​ច្នៃ​ប្រឌិតនូវ​អ្វី​ដែល​ជា​ថ្មី»​។

​នៅថ្ងៃ​អង្គារ​នេះ​ ​ប្រទេស​ឥណ្ឌា​ក៏​បាន​សន្យា​ជួយ​ជា​ទឹក​ប្រាក់​ប្រមាណ​៤លាន​ដុលា្លរសហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួសជុល​ប្រា​សាទ​ព្រះ​វិហារ​នា​ចុង​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ​បន្ទាប់​ពី​ជួយ​ជួសជុល​ប្រាសាទ​តាព្រហ្ម​ក្នុង​តំបន់​ប្រាសាទ​អង្គរ៕

XS
SM
MD
LG