ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​​​​​​ដាក់​ឱ្យ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​ថ្មី​នៅ​មហាសមុទ្រ​ឥណ្ឌា


ទាហាន​ជើង​ទឹក​ឥណ្ឌា​ឈរ​ក្នុង​អំឡុង​ពេល​ដាក់​ឱ្យ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព INS Jatayu នៅកោះ Minicoy កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
ទាហាន​ជើង​ទឹក​ឥណ្ឌា​ឈរ​ក្នុង​អំឡុង​ពេល​ដាក់​ឱ្យ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព INS Jatayu នៅកោះ Minicoy កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

ប្រទេស​ឥណ្ឌាដាក់​ឱ្យ​ប្រើប្រាស់មូលដ្ឋាន​កងទ័ព​ជើងទឹក​ថ្មី​មួយ​លើ​កោះមួយ​ក្នុងលំហ​សមុទ្រ​ទល់មុខ​នឹង​ឆ្នេរសមុទ្រភាគ​និរតី​របស់ខ្លួន នៅពេល​ប្រទេសនេះពង្រឹងវត្តមាន​ខ្លួនក្នុង​មហាសមុទ្រ​ឥណ្ឌា ខណៈ​មាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពីវត្តមាន​របស់​ចិន​នៅក្នុងដែនទឹក​យុទ្ធសាស្ត្រនេះ​ ហើយទំនាក់ទំនង​ជាមួយ​ប្រទេសម៉ាល់ឌីវបាន​ចុះ​ថមថយ។

មូលដ្ឋានកងទ័ពជើងទឹកនេះមានឈ្មោះថា INS Jatayu ស្ថិតនៅ​លើកោះ Minicoy ដែល​ជាកោះ​ខាងត្បូង​បំផុតក្នុង​ប្រជុំ​កោះ Lakshadweep នៃប្រទេស​ឥណ្ឌា​ ដែល​ជា​ផ្លូវ​សមុទ្រ​ពាណិជ្ជកម្ម​សំខាន់ៗ។ មូលដ្ឋាន​នេះ​នឹង​ក្លាយ​ជាមូលដ្ឋានកងទ័ពជើងទឹកទីពីររបស់ឥណ្ឌា​នៅលើ​ប្រជុំ​កោះនោះ ហើយនៅ​ជិត​ប្រទេស​ម៉ាល់ឌីវ​ជាង។

​ក្រោយ​ការប្រកាស​ឱ្យប្រើ​មូល​ដ្ឋាន​ទ័ព​នេះ​កាល​ពី​ថ្ងៃ​ពុធទី៦ ខែមីនា អគ្គមេបញ្ជាការ​កងទ័ពជើង​ទឹក​ឥណ្ឌា លោក​ឧត្តមនាវី​ Hari Kumar​ បាន​និយាយថា ជា​ការ​សំខាន់​ចាំបាច់​ត្រូវទទួល​ស្គាល់សេចក្តីត្រូវការ​ពង្រឹង​ការឃ្លាំមើលនៅពេល​មានការ​វិវឌ្ឍន៍ខាង​ភូមិសាស្ត្រ​នយោបាយ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Press Trust of India។

កងទ័ពជើងទឹកឥណ្ឌា​បានថ្លែង​ថា​មូលដ្ឋាន​យោធា​ថ្មីនេះជា«​ផ្នែក​មួយ​នៃកិច្ច​ប្រឹងប្រែងសម្រាប់បង្កើន​ហេដ្ឋារចនាសម្ព័ន្ធខាងសន្តិសុខ​នៅ​លើកោះ​យុទ្ធសាស្ត្រ​សំខាន់ៗ»។

ការ​ប្រកា​សអំពី​មូលដ្ឋានកងទ័ព​ជើង​ទឹក​ថ្មីនេះ​ធ្វើ​ឡើងនៅ​ពេល​កោះ​ម៉ាល់ឌីវ នៅ​ក្រោម​រដ្ឋាភិបាល​ថ្មីដែលបានកាន់តំណែង​កាលពី​ខែវិច្ឆិកា​មុន ខិត​កាន់​តែជិត​ជាមួយ​ប្រទេសចិនជាងមុន​ ដែល​ជាគូប្រជែង​របស់រដ្ឋាភិបាលក្រុង New Delhi។

កាលពី​ថ្ងៃ​អង្គារ​ទី៥ ខែមីនា ក្រសួង​ការពារ​ជាតិ​ម៉ាល់ឌីវ​បាន​និយាយថា​ខ្លួនបានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងមួយជា​មួយ​ប្រទេសចិនអំពីជំនួយ​យោធា​ដល់​ប្រទេស​ជា​ប្រជុំកោះនេះ ប៉ុន្តែ​មិនបាន​ផ្តល់​សេចក្តី​លម្អិត​ទេ។ ប្រទេសម៉ាល់ឌីវក៏​បានសុំ​ដល់ឥណ្ឌាឱ្យ​ដកបុគ្គលិក​សន្តិសុខ៨០នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់ប្រជុំកោះ​នោះ​ដើម្បីបើក​ឧទ្ធម្ភាគចក្រ​និង​យន្តហោះឯទៀតៗ​ដើម្បីធ្វើការ​ឃ្លាំ​មើល​និង​ជួយសង្គ្រោះ។

ពួកអ្នកជំនាញបានថ្លែង​ថាមូលដ្ឋាន​យោធាថ្មីនេះ​នៅលើ​កោះ Minicoy នឹង​ក្លាយ​ជា​ការទប់ទល់​ខាង​យុទ្ធសាស្ត្រមួយនឹងប្រទេស​ចិន ដែល​រដ្ឋាភិបាលក្រុង New Delhi សង្ស័យ​ថានឹងពង្រឹង​វត្តមាន​យោធាខ្លួន​ក្នុង​ប្រទេស​ម៉ាល់ឌីវ​នៅ​ពេលប្រទេសទាំង​ពីរនេះ​ចាត់​វិធានការ​យ៉ាងលឿនដើម្បីធ្វើឱ្យមានចំណង​ទាក់ទង​យុទ្ធសាស្ត្រ។​

ក្នុង​ទសវត្សរ៍មុន មាន​កង្វល់​ច្រើន​ជាងមុន​នៅ​ក្រុង New Delhi ថា​គម្រោងការហេដ្ឋារចនា​សម្ព័ន្ធដែល​ចិនបាន​កសាង​ដូច​ជាកំពង់ផែ Hambantota នៅ​ប្រទេស​ស្រីលង្កានៅ​ជិតខាង​និង​ទីក្រុងGwadar ក្នុង​ប្រទេសប៉ាគីស្ថាន​នាំឱ្យ​ចិន​មានវត្តមានជិតឆ្នេរសមុទ្រ​ឥណ្ឌា​ជាងមុន។

លោក Sreeram Chaulia ជា​ព្រឹទ្ធបុរសនៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ Jindal។ លោកបាន​និយាយថា«​ការចូលរបស់ប្រទេសចិន​ក្នុងមហាសមុទ្រ​ឥណ្ឌាជាកង្វល់មួយ។ ដោយ​ស្ថាបនា​មូលដ្ឋាន​បែបនេះ ឥណ្ឌាចង់ជៀសវាងមិនឱ្យ​មាន​សុទ្ធ​តែ​ចិន​នៅ​ផ្នែកខាងលិច​នៃមហាសមុទ្រឥណ្ឌា»។

មូលដ្ឋានកងទ័ពជើង​ទឹក​ថ្មីនេះ​ត្រូវបានដាក់ឱ្យប្រើ​ប្រាស់​មួយ​សប្តាហ៍​ក្រោយ​ប្រទេស​ម៉ូរីស​និង​ឥណ្ឌា​បានសម្ពោធ​វាល​ចុះចត​យន្តហោះ​មួយ​និង​ផ្លូវ​ទំនប់​ទឹកមួយលយ​លើ​សមុទ្រ​នៅលើ​កោះ Agalega​ ដែលឥណ្ឌា​ជា​អ្នកផ្តល់​ថវិកា​សាងសង់។ ប្រទេស​ម៉ូរីសជា​កោះ​ជួរ​មុខ​ក្នុងមហាសមុទ្រ​ឥណ្ឌាស្ថិតនៅ​ជិត​ទ្វីប​អាហ្វ្រិក​ហើយមានសារៈសំខាន់ខាង​យុទ្ធសាស្ត្រ។​ នាយករដ្ឋមន្ត្រី​ប្រទេសម៉ូរីសលោក Pravind Jugnauth បាន​បដិសេធ​របាយការណ៍​ថាកោះ Agalega​ នឹងបម្រើការ​ជា​មូលដ្ឋាន​យោធា តែ​លោក​បានពោលថាហេដ្ឋារចនាសម្ព័ន្ធនេះ​នឹងជួយ​ធ្វើទំនើបកម្ម​និងពង្រឹង​ផ្នែក​សន្តិសុខ។

ក្រុមអ្នកវិភាគថាឥណ្ឌាអាច​ប្រើ​វាលយន្តហោះ​និង​ផ្លូវ​ទំនប់​ទឹកមួយលយ​លើ​សមុទ្រ​នោះដើម្បីសម្រួល​ការ​យាមល្បាត​តាម​អាកាស​និងតាមសមុទ្រ​ក្នុង​ប៉ែកនិរតីនៃ​មហាសមុទ្រ​ឥណ្ឌា ដែល​ជាចំណុច​ឆ្លងកាត់សម្រាប់​ផ្លូវ​សមុទ្រ​សំខាន់ៗ។ ប្រទេសអូម៉ង់​ក៏បានឱ្យ​ឥណ្ឌា​ប្រើ​កំពង់ផែ Duqm ខាងភ័ស្តុភារ​និង​ខាងការគាំទ្រ​សម្រាប់សម្រួល​វត្តមាន​នាវាចម្បាំង​ខ្លួនក្នុង​ផ្នែក​ខាងលិចនៃមហាសមុទ្រ​ឥណ្ឌា។

លោក Chaulia​ បាន​ថ្លែង​ថា«ឥណ្ឌាចង់​បង្ហាញ​កម្លាំង​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​ខ្លួន។ គោលដៅ​រយៈពេលយូររបស់​ឥណ្ឌា​គឺធ្វើឱ្យ​បានមុនការទន្ទ្រានរបស់ចិនក្នុង​តំបន់នោះ ប៉ុន្តែ​យើង​ក៏​ត្រូវតែ​បង្ហាញ​ភាពជា​មេដឹកនាំរបស់យើង​ក្នុងតំបន់នោះ​ដែរ​ដោយការពារ​ផ្លូវគមនាគមន៍ខាង​សមុទ្រនិង​ទប់ទល់​នឹងការគំរាមកំហែងដូចជា​ក្រុមចោរសមុទ្រដែលប្លន់កប៉ាល់ជំនួញជា​ដើម។

ពួក​អ្នកវិភាគ​ចង្អុលបង្ហាញថាការ​ពង្រឹងសមត្ថភាព​កងទ័ព​ជើងទឹក​របស់ប្រទេស​បានក្លាយ​ជាការផ្តោត​ធំមួយសម្រាប់ឥណ្ឌា​ដោយសារកំណើនវត្តមាន​ចិន​ក្នុង​មហាសមុទ្រ​ឥណ្ឌា។ ទំនាក់ទំនង​រវាង​មហា​អំណាច​អាស៊ីទាំង​ពីរនេះអាក្រក់ជាងមុន​កាលពីប៉ុន្មាន​ឆ្នាំមុន ​នៅ​ក្រោយ​ការប្រឈម​មុខ​ដាក់​គ្នា​ខាងយោធា​ដ៏​ជូចត់​នៅ​តាម​ព្រំដែន​ពួក​គេ​ក្នុង​តំបន់​ភ្នំ Himalaya។​ មហាសមុទ្រ​ឥណ្ឌា​ជា​ផ្លូវទឹក​យុទ្ធសាស្ត្រ​ធំមួយ​សម្រាប់ប្រទេស​ទាំង​ពីរនេះសម្រាប់​ដឹកជញ្ជូន​ថាមពល​និងពាណិជ្ជកម្មឯទៀតៗ។

កាលពីថ្ងៃអង្គារទី៥ ខែមីនា រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​លោក Rajnath Singh បាន​និយាយថា​ឥណ្ឌា​ដែល​ពីមុនផ្តោតលើការ​ពង្រឹង​ព្រំដែន​គោក​របស់ខ្លួន​ នៅ​ពេល​នេះ«ធ្វើ​ឱ្យប្រភពធនធាន​យោធា​ខ្លួនមានតុល្យភាព​ជា​ថ្មី»​ដោយសារមាន​«កំណើន​ចលនារបស់គូប្រជែង​យើង​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​និងសារៈសំខាន់ខាង​ពាណិជ្ជកម្មរបស់តំបន់នោះ»។ លោកបានសម្ពោធ​អគារថ្មី​មួយ​ក្នុងមហាវិទ្យាល័យសង្គ្រាមជើង​ទឹក​នៅរដ្ឋ Goa។

លោកបាន​ថ្លែងថា ​ឥណ្ឌានឹង​ធ្វើឱ្យ​ប្រាកដប្រជាថា​គ្មាន​ប្រទេស​ណាមួយ​មានអនុត្តរភាព​ក្នុងតំបន់មហាសមុទ្រ​ឥណ្ឌា។ លោក​ Singh បាន​និយាយ​ថា​«កងទ័ពជើង​ទឹកធ្វើឱ្យ​ប្រាកដ​ថាគ្មាន​ប្រទេស​ណា​មួយ ដែល​មានកម្លាំង​សេដ្ឋកិច្ចនិង​យោធា​ខ្លាំង​លើសលុប អាច​គ្រប​សង្កត់​លើពួកប្រទេស​ជា​មិត្ត​ឬ​គំរាមកំហែងអធិបតេយ្យភាព​ពួកគេទេ»៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG