ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​របស់​​​ឥណ្ឌា​​ច្រាន​ចោល​​របាយការណ៍​​ថា​ឥណ្ឌា​មិន​បាន​ត្រៀមខ្លួន​​សម្រាប់​ការ​ប្រយុទ្ធ


ឥណ្ឌា​សាកល្បង​កាំជ្រួច​ផ្លោង
ឥណ្ឌា​សាកល្បង​កាំជ្រួច​ផ្លោង

រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់ប្រទេស​ឥណ្ឌា​( India) ​បាន​ច្រានចោល​ របាយការណ៍ ដែល​ថា​ប្រទេស​នេះ​មិន​បាន​ត្រៀម​ខ្លួនសម្រាប់​ការ​ប្រយុទ្ធ។ ការ​អះអាង​បែប​នេះ កើតមានឡើង​បន្ទាប់​ពី​មាន​ការព្រួយ​បារម្ភកាល​ពី​ពេល​ថ្មី​ៗនេះ ​ដែល​បានធ្វើ​ឡើងដោយ​ប្រមុខ​កងទ័ព​ឥណ្ឌា​ ជុំ​វិញ​ការ​ត្រៀមខ្លួនលើវិស័យ​ការពារ​ជាតិរបស់​ប្រទេស​នេះ។

កាលពីថ្ងៃព្រហស្បតិ៍នេះ លោក អេ ខេ អានតូនី (A. K. Antony) រដ្ឋ​មន្ត្រី​ការពារ​ជាតិ បាន​បដិសេដ​សេចក្តី​រាយការណ៍ព័ត៌មាន ​ដែលថា​គ្រាប់​រំសេវ​សម្រាប់​រថក្រោះ​នៅក្នុង​ជួរ​កងទ័ពឥណ្ឌា​ នឹង​អស់​ពី​ឃ្លាំង​បម្រុង​ក្នុង​រយៈពេល​បួន​ថ្ងៃ​ប៉ុណ្ណោះ។ លោកបាន​ថ្លែងដូច្នេះ​នៅ​ទីក្រុងញូវ​ដេលី នៅ​ខាងក្រៅ​សន្និសីទ​របស់​កងទ័ព​អាកាស​ឥណ្ឌា។

«សេចក្តី​រាយការណ៍ទាំងនោះ​សុទ្ធ​តែ​ជា​ពាក្យ​ចចាម​អារាម។ អ្នក​ដឹងទេ! វា​ជា​ពាក្យ​ចចាម​អារាម​ទាំងអស់។»

លោក អានតូនី ថ្លែង​ថា​ មានចំណុចខ្វះខាត​មួយ​ចំនួន​ ប៉ុន្តែ​អាជ្ញាធរ​ព្យាយាមធ្វើ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ លោក មានប្រសាសន៍​ថា ​ឥណ្ឌា​ មិន​អាច​រំពឹង​ថា​តម្រូវការចំនួន​មួយរយ​ភាគរយ នឹងត្រូវ​បាន​បំពេញនោះ​ទេ។ ប៉ុន្តែ​ លោករដ្ឋមន្ត្រី​បានគូស​បញ្ជាក់ថា​ ប្រទេស​នេះ ​បាន​ត្រៀមរួចជា​ស្រេច​សម្រាប់​ការ​ប្រយុទ្ធ។

ការបង្ហោះផ្កាយរណប Vehicle C-19 របស់​ឥណ្ឌា នៅ​មជ្ឈមណ្ឌល​អាវកាស Sriharikota ប្រទេស​ឥណ្ឌា ថ្ងៃទី២៦ មេសា ២០១២។
ការបង្ហោះផ្កាយរណប Vehicle C-19 របស់​ឥណ្ឌា នៅ​មជ្ឈមណ្ឌល​អាវកាស Sriharikota ប្រទេស​ឥណ្ឌា ថ្ងៃទី២៦ មេសា ២០១២។

«ឥណ្ឌាមាន​ជំហរ​កាន់​តែ​រឹងមាំជាង​មុន​ បើ​ប្រៀបធៀប​ទៅ​អតីតកាល.....​និយាយរួម​ ឥឡូវ​នេះ កងកម្លាំង​ប្រដាប់​អាវុធ​ឥណ្ឌា​ ​បាន​ត្រៀមខ្លួនយ៉ាង​ល្អ​ប្រសើរ ហើយ​ពួកគេ​មាន​ជំហរ​ប្រសើរជាង​ពេល​មុន ដើម្បី​ឆ្លើយ​តប​ទៅនឹង​បញ្ហាប្រឈមណា​មួយ ​ចំពោះបូរណភាព​របស់​យើង។»

សំណួរ​ជាច្រើន ​ត្រូវ​បាន​លើក​ឡើង​ជុំ​វិញការត្រៀម​ខ្លួន​ខាង​វិស័យ​ការពារ​ជាតិ​របស់​ឥណ្ឌា ដោយសារ​តែ​លិខិត​របស់​ប្រមុខកងទ័ព​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ផ្តោតការ​ចាប់អារម្មណ៍​ទៅ​លើ​អ្វី​ដែល លោក បាន​ពណ៌នា​ថាជាភាព​ទន់​ខ្សោយ​យ៉ាង​ច្បាស់​ក្រឡែត​ចំពោះសមត្ថភាព​ការពារ​ជាតិ​របស់​ប្រទេស​នេះ។ នៅ​ក្នុង​លិខិត​សម្ងាត់​ដែល​បាន​លេច​ធ្លាយ​នោះ ប្រមុខកងទ័ព​ បាន​និយាយ​ថា​ កង​វរសេនា​ធំរថពាស​ដែក​របស់ឥណ្ឌា​ នឹងអស់​គ្រាប់​រំសេវចាំ​បាច់ ដើម្បី​វាយបង្ក្រាប​កងរថក្រោះ​របស់​បច្ចាមិត្ត​ ហើយ​គ្រឿង​សព្វាវុធ​សំខាន់​ៗ​ ប្រឈមទៅ​នឹងការ​ខ្វះខាត។

គណៈកម្មាធិការសភាមួយ ​បាន​កោះហៅ​បណ្តា​ប្រមុខ​កងទ័ព​ជើង​គោក ជើង​ទឹក និង​ជើង​អាកាស នៅចុង​ខែនេះ​ ដើម្បី​សាកសួរ​អំ​ពីមតិ​យោបល់​ ទាក់​ទង​នឹងស្ថានការណ៍នៃការត្រៀម​ខ្លួន​ក្នុង​វិស័យកាពារ​ជាតិ​របស់​ឥណ្ឌា។ សេចក្តី​រាយការណ៍​ ព័ត៌មាន​ក្នុងស្រុក បាន​ឱ្យ​ដឹង​ថា ​គណៈកម្មាធិការ​នេះមាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ខ្វះខាតគ្រាប់​រំសេវយ៉ាង​ខ្លាំង។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ អាជ្ញាធរ​ បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ទំនើបកម្មយ៉ាង​ធំ​សម្បើមមួយ ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ឧបករណ៍​ការពារជាតិ​សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ។

ប៉ុន្តែ ក្នុងនាម​ជា​អ្នក​ជំនាញខាង​កិច្ចការយុទ្ធសាស្ត្រនៅ​ឯមជ្ឈមណ្ឌល​សម្រាប់​ការ​ស្រាវជ្រាវ​គោល​នយោបាយ (Center for Policy Research) នៅទីក្រុង​ញូវ​ដេលី លោក បារ៉ាត ខារណាដ (Bharat Karnad) ពន្យល់​ថា ការ​យកចិត្តទុកដាក់ដ៏​សមល្មម​ប្រហែលជា​មិនបានផ្តោតទៅលើ​ឃ្លាំង​ស្តុក​គ្រាប់​រំសេវ​ខ្លាំង ដូចការ​ផ្តោត​សំខាន់​ទៅលើ​ការ​ទិញឧបករណ៍យោធានោះទេ។

«ដូច្នេះ រវាង​ការ​បំពេញ​ឡើង​វិញនូវ​ឃ្លាំងស្តុកនិង​គ្រឿង​បន្លាស់ និង​ប្រភេទ​នៃ​គ្រឿង​ផ្គត់​ផ្គង់ដែល​នឹង​ជួយឲ្យអ្នក​ធានាបាននូវការប្រយុទ្ធ​ក្នុង​សង្គ្រាម។ ​ប្រហែលជាពេល​ខ្លះ ​សេវាកម្ម​បែបនេះ​ បានផ្តោត​ខ្លាំង​ពេកទៅ​លើ​ការ​ទទួល​បាន​គ្រឿងសព្វាវុធ ​ជា​ជាងផ្តោត​ទៅ​លើ​ការ​ធានា​ឱ្យប្រាកដថា ​សេវាកម្ម​នោះ​ ​មាន​សមត្ថភាព​ប្រយុទ្ធ​ក្នុងសង្គ្រាមដែរ​ឬអត់។ សមត្ថភាព​ប្រយុទ្ធ គឺជា​អ្វី​ដែល​ឃ្លាំងស្តុក​ទុកគ្រឿង​បន្លាស់​ជា​ដើម អាចជួយ​អ្នក​បាន។ នោះ​ប្រហែល​ជា​ចំណុច​មួយ ដែលជា​ទូទៅ​ សេវាកម្ម​ការពារ​ជាតិ​ឥណ្ឌា​ មាន​ភាព​ខុស​ឆ្គង។ ប៉ុន្តែ ​ការ​កែ​តម្រូវ ត្រូវបានដាក់​ឲ្យ​អនុវត្តយ៉ាង​ងាយស្រួល ​ហើយ​កំពុងតែ​ត្រូវ​បាន​អនុវត្ត។»

ឥណ្ឌា​ មាន​កងទ័ព​ច្រើន​ជាង​គេបំផុត​លំដាប់​ទី​បី​នៅ​ក្នុង​ពិភពលោក ដែល​ត្រូវ​បាន​បំពាក់​អាវុធ​នូវ​ឧបករណ៍យោធាផលិត​សម័យ​សូវៀតភាគច្រើន៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

XS
SM
MD
LG