ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​​​ឥណ្ឌា​​ស្ថាបនា​​រោងចក្រ​​អគ្គិសនី​​ពី​រលក​​សមុទ្រ​


ប៉ម​​អគ្គិសនី​​នៅ​​ជាយ​​​ក្រុង​ញូ​ឌែលី​​ប្រទេស​​ឥណ្ឌា​​ ខែ​​មេសា​​ឆ្នាំ​​២០១០។​
ប៉ម​​អគ្គិសនី​​នៅ​​ជាយ​​​ក្រុង​ញូ​ឌែលី​​ប្រទេស​​ឥណ្ឌា​​ ខែ​​មេសា​​ឆ្នាំ​​២០១០។​

ញូដេលី ឥណ្ឌា៖​ រដ្ឋ​ ហ្គូដ្យារ៉ាត​ (Gujarat​) នា​ប៉ែក​ខាង​លិច​នៃ​ប្រទេសឥណ្ឌា​កំពុង​បង្កើត​រោង​ចក្រ​មួយដែល​នឹង​ប្រើ​ប្រាស់​ការ​បោកបក់​នៃ​រលក​មហា​សមុទ្រ​ដើម្បី​ផលិត​អគ្គិសនី​។

កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ សាជីវកម្ម​ធនធាន​អាត្លង់ទីស​ (Atlantis​ Resources​ Corporation) ​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុងដ៍​ និង​រដ្ឋាភិបាល​រដ្ឋ​ ហ្គូដ្យារ៉ាត​ បាន​ត្រូវ​ចុះ​ហត្ថលេខា​កាល​ពី​ពេល​មុន​នេះ​ក្នុង​សប្តាហ៍​នេះ​ ​ក្រោយ​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ឈូងសមុទ្រ​ គុតច៍​ (Kutch) ​នៅ​តាម​ឆ្នេរ​សមុទ្រ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា​ជា​កន្លែង​សក្តិសម​សម្រាប់​ការ​បង្កើត​អគ្គិសនី​ដោយ​ប្រើ​កម្លាំង​រលកសមុទ្រ​។

កម្លាំង​រលក​សមុទ្រ​ប្រើ​ប្រាស់​ទួរប៊ីន​សម្រាប់​បង្កើត​ថាមពល​នៅ​ក្នុង​ការ​បោក​បក់​នៃ​រលក​មហាសមុទ្រ​។ ​គម្រោង​ការ​នេះ​ដែល​ជា​គម្រោងការ​ទី​មួយ​ ក្នុង​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នឹង​ផលិត​អគ្គិ​ស​នី៥០​ មេហ្កាវ៉ាត​។ ក៏ប៉ុន្តែ ​កម្លាំង​អគ្គិសនី​នេះ​អាច​ត្រូវ​បង្កើន​ដល់​២៥០​ មេហ្កាវ៉ាត​។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​នៅ​ទ្វីបអាស៊ី​តែ​មួយ​គត់​មួយ​ទៀត ​ដែល​គេ​ដឹង​ថា​ កំពុង​កសាង​រោង​ចក្រ​ថាមពល​រលក​សមុទ្រ​មួយ​។​ ប្រសិន​បើ​រោងចក្រ​នៅ​ក្នុង​រដ្ឋ​ ហ្គូដ្យារ​ ត្រូវ​បើក​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ពេលឆាប់ៗ​នេះ​ គម្រោងការ​នេះ​នឹង​ក្លាយ​ទៅ​ជា​គម្រោងការ​ថាមពល​រលកសមុទ្រ​ទី​មួយ​ក្នុង​ទ្វីប​អា​ស៊ី​។

លោក​រ៉ាចគូម៉ារ​ រ៉ាចស៊ីងហានី​ (Rajkumar​ Rajsinghani​) ​ជា​មន្ត្រី​មើល​ការ​ខុស​ត្រូវ​គម្រោងការ​ថាម​ពល​រលក​សមុទ្រ​របស់​ក្រុមហ៊ុន​ សាជីវកម្ម​ថាមពល​ហ្គូដ្យារ៉ាត​ (Gujarat​ Power ​Corporation​ Ltd) ​។​ លោក​និយាយ​ថា​ គម្រោង​ការ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​រដ្ឋ​ហ្គូដ្យារ៉ាត​។ លោក​បន្ត​ថា៖

«គម្រោងការ​នេះ​នឹង​ជួយ​យើង​ពីរ​យ៉ាង​។ ​បច្ចេកវិជ្ជា​នេះ​មិនមែន​ជា​មួយ​ពួកប្រទេស​ក្នុង​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក​ទេ​។ ​បច្ចេកវិជ្ជា​នេះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឱ្យរដ្ឋ។ ​ហើយ​ទីពីរ​ គឺ​ថា​ ដោយសារ​នេះ​ជា​គម្រោងការ​មួយ​ដែល​អាច​ផលិត​អគ្គិសនី​ពេញ​២៤​ម៉ោង​រៀងរាល់​ថ្ងៃ​ យើង​យល់​ថា​ ប្រភព​ថាមពល​នេះ​នឹង​ផ្តល់​ឱ្យ​យើង​នូវថាមពល​ដែល​អាច​យក​មក​ប្រើ​វិញ​បាន​ដោយមាន​តម្លៃ​ថោក​ល្មម»​។

មន្ត្រី​មួយ​ចំនួន​ក្នុង​រដ្ឋ​ ហ្គូដ្យារ៉ាត​ សង្ឃឹម​ថា​ រោងចក្រ​ថាមពល​រលក​សមុទ្រ​ដែល​នឹង​កសាង​ ហើយ​នឹងក្លាយ​ទៅ​ជា​រោងចក្រ​ទីមួយ​ក្នុង​បណ្តា​រោងចក្រ​បែប​នេះ​មួយ​ចំនួន​ទៀត​ ពីព្រោះ​ឆ្នេរ​សមុទ្រ​១ពាន់​៦រយ​គីទ្បូម៉ែត្រ​របស់​រដ្ឋ​នេះ​ផ្តល់សក្តានុពល​ល្អ​ប្រសើរ​សម្រាប់​ការបង្កើត​កម្លាំង​អគ្គិសនី​ពីកម្លាំង​បោកបក់​នៃ​រលក​សមុទ្រ​។

រដ្ឋហ្គូដ្យារ៉ាត​ ជា​រដ្ឋ​មួយ​ក្នុង​បណ្តា​រដ្ឋ​នៃ​ប្រទេស​ឥណ្ឌា​ដែល​មាន​ឧស្សាហកម្ម​ និង​សេដ្ឋកិច្ច​លូត​លាស់​ ក៏ប៉ុន្តែ​ដូចជា​ផ្នែក​ឯទៀតៗ​របស់​ប្រទេស​ដែរ​ រដ្ឋ​នេះ​ផលិត​អគ្គិសនី​ភាគច្រើន​របស់​ខ្លួន​ពី​ឥន្ធនៈ​ហ្វុស៊ីល​។ ក៏ប៉ុន្តែ​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក៏​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ​រដ្ឋ​ហ្គូដ្យារ៉ាត​ គ្រោងនឹង​បង្កើត​រោងចក្រ​អគ្គិសនី​ដោយ​ប្រើ​កម្លាំង​បោកបក់​នៃ​រលកសមុទ្រ​ កម្លាំង​ខ្យល់​និង​ចំណាំង​ថ្ងៃ​ដើម្បី​ផលិត​អគ្គិសនី​ជាង​៧ពាន់​មេហ្កាវ៉ាត​ និង​បង្កើន​ច្រើន​ក្រាស់​ក្រែល​ដល់ចំណែក​នៃ​ប្រភព​ថាមពល​យក​មក​ប្រើ​ជាថ្មី​បាន​។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ការ​ស្ថាបនា​ប្រភព​ថាមពល​ស្អាត​ដែល​មាន​រួម​បញ្ចូល​ថាម​ពលព្រះអាទិត្យ​មាន​ទ្បើង​នៅ​ពេល​មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​សាកល​លើ​ការ​ប្រែប្រួល​ធាតុអាកាស​ និង​ការ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ដែល​នាំ​ឱ្យ​ធាតុអាកាស​ពិភពលោក​ក្តៅ​ជាងមុន​។ ​ប្រទេសឥណ្ឌា​ជា​ប្រទេស​ទីបី​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាងគេ​។

នៅ​ទូទាំង​ពិភពលោក​ ការ​បង្កើត​អគ្គិសនី​ពី​កម្លាំង​បោកបក់​នៃ​រលកសមុទ្រ​នៅ​តូចនៅ​ទ្បើយ បើ​ប្រៀប​ធៀប​ជាមួយ​ប្រភព​ឯទៀតៗ​នៃ​ថាមពល​យក​មក​ប្រើ​ជា​ថ្មី​បាន​ដូចជា​ថាមពល​ព្រះអាទិត្យ និង​ថាមពល​ខ្យល់​ជាដើម​។ ​ក៏​ប៉ុន្តែ​ពួក​អ្នកជំនាញការ​និយាយថា ការណ៍​នេះ​អាច​ប្រែ​ប្រូល​បាន​ជាមួយ​កំណើន​នៃ​ការ​ផ្តោតការ​យក​ចិត្តទុក​ដាក់​លើ​ប្រភព​ថាមពល​ស្អាត​៕

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG