ខណ:ពេលដែលការប្រឆាំងអំពើពុករលួយកើនឡើងនៅប្រទេសឥណ្ឌា នាយករដ្ឋមន្ដ្រី និយាយថា លោកបើកចំហឲ្យមានការជែកដេញដោលគ្នាអំពីបញ្ហាសំណើច្បាប់ប្រឆាំងអំពើពុករលួយ ដែលក្លាយទៅជាចំណុចមិនចុះសម្រុងគ្នារវាងរដ្ឋាភិបាលនិងសកម្មជនសង្គមស៊ីវីល។ ក៏ប៉ុន្ដែគេមិនឃើញមានសញ្ញាណាមួយថាភាពមិនចាញ់មិនឈ្នះគ្នារវាងភាគីទាំងពីរបានធូរស្រាលទេ។
ក្នុងពេលដែលអ្នកធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយ លោក អាន់ណា ហាហ្សារេ (Anna Hazare) ធ្វើកូដកម្មអត់អាហារចូលដល់ថ្ងៃទី៧ហើយនោះ មនុស្សរាប់ម៉ឺននាក់នាំគ្នាទៅសម្ដែងសាមគី្គភាពជាមួយលោក នៅទីលានកណ្ដាលវាលមួយនៅទីក្រុងញូវដេលី ដែលជាទីកន្លែងប្រឆាំងរបស់លោក។
ក្រុមវេជ្ជបណ្ឌិតនិយាយថា លោកចុះទម្ងន់៥គីឡូក្រាម ប៉ុន្ដែលោកមានសុខភាពល្អ។
នៅចុងសប្ដាហ៍កន្លងទៅនេះ មានមនុស្សកុះករមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេស ដែលប្រមូលផ្ដុំគ្នាគាំទ្រយុទ្ធនាការរបស់លោកហាហ្សារេ។ មនុស្សពាក់មួកមានសរសេរពាក្យថា «ខ្ញុំជា អាន់ណា ហាហ្សារេ» ហើយគ្រវីទង់ ធ្វើបាតុកម្មនៅទីក្រុង Mumbai, Bangalore, និង Chennai ព្រមទាំងទីប្រជុំជននិងទីក្រុងដទៃៗទៀត។
លោក ហាហ្សារេ ចង់ឲ្យរដ្ឋាភិបាលដកសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដែលខ្លួនបានដាក់ស្នើ នៅរដ្ឋសភា ហើយអនុម័តកំណែថ្មីដែលសកម្មជនសង្គមស៊ីវីលបានព្រាងឲ្យបានត្រឹមថ្ងៃទី៣០ខែសីហា។
ស្ថិតនៅក្រោមសម្ពាធច្រើនឡើងពីការតវ៉ា លោកនាយករដ្ឋមន្ដ្រី Manmohan Singh និយាយថាសំណើច្បាប់ប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ហៅថា Lokpal ជាសេចក្ដីព្រាងដំបូងៗដែលអាចផ្លាស់ប្ដូរបាន។ លោកនិយាយថា អ្នកដែលខ្វែងគំនិតអំពីសំណើនេះត្រូវធ្វើតាមនីតិវិធីនៃរដ្ឋសភា។
«យើងបានបញ្ជាក់ច្បាស់ថា បុគ្គលណាដែលពាក់ព័ន្ធនឹងរឿងនេះ គួរបញ្ជូនសេចក្ដីព្រួយបារម្ភរបស់គេអំពីខផ្សេងៗនៃសំណើច្បាប់នេះ ជូនអ្នកតំណាងរបស់ពួកគេនៅក្នុងរដ្ឋសភា និងគណ:កម្មាធិការអចិន្ដ្រៃយ៍។ គណ:កម្មាធិការអចិន្ដ្រៃយ៍នេះ មានអំណាចដាក់ស្នើវិសោធនកម្មណាមួយឬវិសោធនកម្មផ្សេងៗ។ យើងបើកចំហចំពោះការជជែកដេញដោលគ្នាសមហេតុសមផលអំពីបញ្ហាទាំងអស់នេះ។
លោក Singh ក៏និយាយដែរថា ខណ:ពេលដែលអង្គការឃ្លាំមើលការប្រឆាំងអំពើពុករលួយនឹងជួយអំពីរឿងនេះ អង្គការនោះនឹងមិនអាចដោះស្រាយបញ្ហានេះទេ។ លោកនិយាយថា អំពើពុករលួយមិនអាចត្រូវបានបំបាត់ដោយទង្វើតែមួយដងភ្លាមៗទេ គេមិនបានគិតអំពីភាពស្មុគស្មាញនិងលំបាកក្នុងការបំបាត់ឫសគល់នៃអំពើពុករលួយទេ។ ក៏ប៉ុន្ដែក្រុមសកម្មជនសង្គមស៊ីវីល ដែលត្រូវបានទទួលការលើកទឹកចិត្ដក្នុងសប្ដាហ៍កន្លងទៅនេះ ដោយការគាំទ្រយ៉ាងធំ មិនមានអារម្មណ៍ចង់ដកខ្លួនចេញពីការទាមទាររបស់គេ ដែលចង់បានអ្នកសម្របសម្រួលដ៏មានអំណាចម្នាក់។ ពួកគេទទូចថា លោកនាយករដ្ឋមន្ដ្រី ប្រព័ន្ធតុលាការ និងក្រុមមន្ដ្រីលំដាប់ថ្នាក់ទាបៗ ដែលរដ្ឋាភិបាលចង់ដាក់ឲ្យនៅក្រៅសមត្ថកិច្ចរបស់ច្បាប់នេះ គួរត្រូវបានដាក់បញ្ចូលក្នុងច្បាប់នេះដែរ។
លោក Arvind Kejriwal សកម្មជនសង្គមស៊ីវីលម្នាក់ពីក្នុងចំណោមសកម្មជនសង្គមស៊ីវីលមួយចំនួន ដែលនាំមុខគេនៅក្នុងយុទ្ធនាការនេះ ពន្យល់អ្នកទៅស្ដាប់លោកជាច្រើននាក់អំពីហេតុដែលសំណើរបស់រដ្ឋាភិបាលនឹងមិនបំបាត់អំពើពុករលួយតួចតាចថ្នាក់ទាបទេ ដែលអំពើនេះតែងប៉ះពាល់ពលរដ្ឋសាមញ្ញ។
«លោកនិយាយថា នៅពេលដែលពលរដ្ឋទៅកាន់ការិយាល័យរបស់រដ្ឋាភិបាល ពួកគេត្រូវបង់ប្រាក់សំណូក បើមិនធ្វើដូច្នោះទេ ពួកគេចំណាយពេលមិនចាំបាច់។ លោកនិយាយថាពួកគេទាមទារឲ្យកិច្ចការដូចជាការចេញប័ណ្ណរបប ការទទួលប្រាក់ចូលនិវត្ដន៍ សំបុត្រកំណើត។ល។ គួរធ្វើឡើងក្នុងរយ:ពេលមានកម្រិត បើពុំនោះសោតទេ គួរដាក់ពិន័យលើក្រុមមន្ដ្រីពាក់ព័ន្ធក្នុងរឿងនោះ។
រដ្ឋាភិបាលនៅមិនទាន់បានព្រមព្រៀងនាំយកមន្ដ្រីទាំងអស់ដែលស្ថិតនៅក្រោមសំណើរបស់អង្គការឃ្លាំមើលទេ ដោយនិយាយថា ការធ្វើដូច្នេះនឹងតម្រូវឲ្យមានយន្ដការថ្មីយ៉ាងធំមួយ។ រដ្ឋាភិបាលក៏បញ្ជាក់ផងដែរថា នៅបស្ចឹមប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យ លោកនាយករដ្ឋមន្ដ្រី និងចៅក្រមក្នុងអាណត្ដិ មានអភ័យឯកសិទ្ធិពីការកាត់ទោស ដើម្បីការពារអស់លោកពីការជាប់ផុងក្នុងពាក្យបណ្ដឹងរបស់ក្រុមប្រឆាំងនយោបាយ។
ភាគីទាំងពីរនិយាយថា គេបើកចំហចំពោះការចរចាគ្នា ក៏ប៉ុន្ដែមិនទាន់មានភាគីណាស្នើចាប់ផ្ដើមការចរចាគ្នាជាផ្លូវការនៅឡើយទេ៕
ប្រែសម្រួលដោយ កង ស៊ីវន