ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក គេហទំព័រជាភាសាអង់គ្លេសមួយបានចាប់ផ្ដើមចេញផ្សាយកាលពីថ្ងៃសុក្រ ទី០៣ កន្លងទៅនេះ ដើម្បីជួយស្រោចស្រង់ដល់បណ្តាញសារព័ត៌មានឯករាជ្យដែលលិចលង់នៅក្នុងប្រទេសកម្ពុជា។
លោក ណុប វី នាយកនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់ថា CCIM បានថ្លែងថា៖
«យើងបង្កើតវាឡើងដោយសារតែយើងមើលឃើញនូវកង្វះខាតបណ្តាញសារព័ត៌មានឯករាជ្យនៅកម្ពុជា ដែលផ្តល់ព័ត៌មានឯករាជ្យដល់ប្រជាជនដែលរស់នៅក្រៅប្រទេស ជាពិសេសសហគមន៍អន្តរជាតិ»។
លោក ណុប វី បានបន្ថែមថា កាលពីមុននេះ គេហទំព័រព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យឬហៅកាត់ថា VOD មានត្រឹមតែជាភាសាខ្មែរប៉ុណ្ណោះ។ គេហទំព័រ VOD ដែលបានបោះពុម្ពផ្សាយអត្ថបទមួយចំនួនកាលពីពេលថ្មីៗនេះ សង្ឃឹមថានឹងអាចបំពេញចន្លោះខ្វះខាត ដោយសារតែបណ្តាញសារព័ត៌មានឯករាជ្យនានាត្រូវបានបង្ខំឲ្យបិទទ្វារ ឬត្រូវបានលក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាសែតឯករាជ្យ The Cambodia Daily ត្រូវបានបង្ខំឲ្យបិទទ្វារកាលពីខែកញ្ញា ឆ្នាំ ២០១៧ នៅពេលដែលត្រូវប្រឈមនឹងការតម្រូវឲ្យបង់ពន្ធចំនួន ៦លាន៣សែនដុល្លារ។ មិនតែប៉ុណ្ណោះ វិទ្យុអាស៊ីសេរី បានបិទការិយាល័យរបស់ខ្លួនក្នុងទីក្រុង ភ្នំពេញ ដោយយោងហេតុផលថាមកពីសម្ពាធពីរដ្ឋាភិបាល។ ស្ថានីយ៍វិទ្យុក្នុងស្រុកចំនួន៣០ត្រូវបានផ្អាកការផ្សាយ ហើយកាសែតឯករាជ្យជាភាសាអង់គ្លេស ភ្នំពេញប៉ុស្តិ៍ ត្រូវបានលក់កាលពីខែ ឧសភា ឆ្នាំមុន។
ដោយមានក្រុមការងារថ្មីប្រមាណ ៥ទៅ៧នាក់ ដែលរួមទាំងអ្នកកាសែតនិងនិពន្ធនាយកផងនោះ លោក ណុប វី សង្ឃឹមថា គេហទំព័រនេះអាចដើរ «តួនាទីជាអ្នកឃ្លាំមើលសកម្មភាពរបស់រដ្ឋាភិបាល» ដែលព័ត៌មានទាំងនោះធ្លាប់ត្រូវបានចេញផ្សាយដោយបណ្តាញសារព័ត៌មាននានាកាលពីមុន។
លោកបានលើកឡើងបន្ថែមទៀតថា ការណ៍នេះនឹងចូលរួមចំណែកដល់អភិបាលកិច្ចល្អនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
លោក ណុប វី និយាយថា លោកមានបំណងនឹងបង្កើតប្រាក់ចំណូលសម្រាប់គេហទំព័រខ្មែរនិងសកម្មភាពនានានៅក្នុងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលជាបណ្តាញមេរបស់ VOD។
លោក Shawn Crispin អ្នកតំណាងគណៈកម្មាធិការដើម្បីការពារអ្នកកាសែត CPJ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ស្វាគមន៍ចំពោះការបង្កើតគេហទំព័រជាភាសាអង់គ្លេសនេះ។
លោកបាននិយាយនៅក្នុងអ៊ីមែលថា៖ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការធ្វើទុក្ខបុកម្នេញនិងការគំរាមកំហែងពីរដ្ឋាភិបាល»។
លោកបានបន្ថែមទៀតថា៖ «រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ច្បាស់ណាស់ ចាត់ទុកសេរីភាពសារព័ត៌មានថាជាការគំរាមកំហែងដល់រដ្ឋឯកបក្សដែលគ្មានគូប្រជែង»។
លោក ហ៊ុយ វណ្ណៈ ដែលកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផង និងជាប្រធានសហជីពអ្នកកាសែតកម្ពុជាផង បានបដិសេធចំពោះការចោទប្រកាន់នេះ។
លោកបានថ្លែងថា សេរីភាពសារព័ត៌មាន «មានលក្ខណៈបើកចំហនិងទូលំទូលាយ» ហើយថា អ្នកកាសែតដែលត្អូញត្អែរអំពីកង្វះខាតសេរីភាពសារព័ត៌មានគឺយល់ច្រឡំអំពីនិយមន័យនៃសេរីភាពសារព័ត៌មាន។
លោកថ្លែងថា៖ «ខ្ញុំគិតថា ពួកគេចង់ប្រើប្រាស់សេរីភាពដើម្បីនិយាយអំពីការស្អប់ខ្ពើម។ ពួកគេចង់ប្រើប្រាស់សេរីភាពដើម្បីធ្វើការញុះញង់»។ អ្នកកាសែតដែលនិយាយថា ពួកគេមិនអាចរាយការណ៍ដោយសេរីបាន ជាញឹកញយសរសេរអត្ថបទ«អសីលធម៌» ធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់អ្នកដទៃ ឬប៉ះពាល់ដល់មន្ត្រីរាជការ ដូចជាការហៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាជា «របបលោក ហ៊ុន សែន» ជាដើម។
លោក ហ៊ុយ វណ្ណៈ បានបន្ដទៀតថា៖ «ប្រសិនបើពួកគេមានបំណងល្អ ហើយប្រសិនបើពួកគេប្រកបវិជ្ជាជីវៈត្រឹមត្រូវនោះ ពួកគេអាចធ្វើអ្វីដែលពួកគេចង់ធ្វើបាន។ ប៉ុន្តែបញ្ហាគឺថា ពួកគេយល់ច្រឡំចំពោះការប្រើប្រាស់សេរីភាពសារព័ត៌មានរបស់ខ្លួន»។
លោក Phil Robertson នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើសិទ្ធិមនុស្ស Human Rights Watch យល់ស្របនឹងការវាយតម្លៃរបស់គណៈកម្មាធិការការពារអ្នកកាសែត CPJ។
លោកបានថ្លែងប្រាប់ VOA តាមអ៊ីមែលថា ខណៈដែលកម្មវិធីថ្មីនេះ«អាចបំពេញចន្លោះខ្វះខាតយ៉ាងច្រើនក្នុងការរាយការណ៍ព័ត៌មាន» នេះមិនមែនជាដំណោះស្រាយយូរអង្វែងនោះទេ។
លោកបានសរសេរថា៖ «សំណួរសំខាន់គឺមិនមែនសួរថាប្រសិនបើនោះទេ ប៉ុន្តែជាសំណួរថាតើពេលណា ដែលរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តធ្វើចំណាត់ការលើ VOD និងអ្នកយកព័ត៌មានរបស់ស្ថាប័ននេះ»។
លោក Robertson បានបន្ថែមទៀតថា៖ «សេរីភាពសារព័ត៌មាននៅតែរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជារបស់លោក ហ៊ុន សែន។ មន្ត្រីការទូតគួរតែប្រាប់ដល់រដ្ឋាភិបាលកម្ពុជាឲ្យគោរពសេរីភាពសារព័ត៌មាន និងបញ្ចប់ការធ្វើទុក្ខបុកម្នេញទៅលើវិទ្យុអាស៊ីសេរី VOD និងសារព័ត៌មានឯករាជ្យដទៃទៀត»។
លោក ណុប វី នាយកនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងថា ស្ថាប័នរបស់លោកបានព្យាយាមទប់ស្កាត់កុំឲ្យរឿងនេះកើតឡើង តាមរយៈការបង្កើតឲ្យមាន «ការយោគយល់គ្នាទៅវិញទៅមករវាងរដ្ឋាភិបាលនិងអ្នកកាសែតឯករាជ្យ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា