ក្រសួងមហាផ្ទៃចាប់ផ្តើមធ្វើជំរឿនអង្គការសង្គមស៊ីវិលនៅកម្ពុជាពីខែ មករា ឆ្នាំ ២០១៩ នេះតទៅ ដើម្បីកំណត់ចំនួនអង្គការសង្គមស៊ីវិលដែលមានសកម្មភាពជាក់លាក់ ងាយស្រួលក្នុងការធ្វើសហប្រតិបត្តិការ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃបានរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលជាលើកទី២ ដោយមានការចូលរួមពីតំណាងសង្គមស៊ីវិលចំនួនជាង២០០នាក់ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃថ្លែងក្នុងវេទិកានោះថា ក្រសួងមហាផ្ទៃ និងអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) កំពុងសហការគ្នាធ្វើជំរឿនអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិនៅកម្ពុជា ចាប់ពីដើមខែមករា ឆ្នាំ២០១៩ នេះតទៅ។ លោកបន្ថែមថា ការធ្វើជំរឿននេះគឺក្នុងគោលបំណងដើម្បី កំណត់ ចំនួនជាក់លាក់របស់អង្គការសង្គមស៊ីវិលដែលកំពុងមានសកម្មភាពនិងដើម្បីជាភាពងាយស្រួលក្នុងការធ្វើសហប្រតិបត្តិការជាមួយរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖
«យើងចង់ដឹងឲ្យជាក់លាក់ថាមានអង្គការសមាគមប៉ុន្មានដែលធ្វើសកម្មភាពពិតប្រាកដ ហើយអង្គការសមាគមណាដែលលែងធ្វើសកម្មភាពឬក៏បិទបាត់ទៅហើយ? ព្រោះខ្លះគ្រាន់តែបើករួចហើយធ្វើសកម្មភាពមិនមានលុយកាក់មិនមានអី គាត់បិទខ្លួនគាត់ទៅ ប៉ុន្តែគាត់អត់បានជូនដំណឹងមក។ ប្រយោជន៍សំខាន់គឺយើងងាយស្រួលក្នុងការធ្វើកិច្ចសហការគ្នា។ ឥឡូវយើងបានជជែកគ្នារួចហើយ រឿងថាភាពជាដៃគូជាមួយរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល។ ចុះបើអង្គការសង្គមស៊ីវិលអត់ធ្វើអី គ្រាន់តែដាក់ឈ្មោះមក កន្លែងណាហៅថាភាពដៃគូ?»
បើតាមលោក ប៊ុន ហុន រហូតមកដល់ពេលនេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃមានសរុបចំនួន ៥៥២៣ ប៉ុន្តែលោកថា អង្គការប្រមាណជាជាង២ពាន់ប៉ុណ្ណោះដែលកំពុងមានសកម្មភាព។ យ៉ាងណាក្តីលោកមិនទាន់អាចបញ្ជាក់បានថា តើក្រសួងនឹងមានចំណាត់ការបែបណាចំពោះអង្គការដែលក្រសួងរកឃើញថា មិនមានសកម្មភាពនៅឡើយនោះទេ។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ប្រាប់ VOA ថា លោកគាំទ្រចំពោះការធ្វើជំរឿនលើអង្គការសង្គមស៊ីវិលរបស់ក្រសួងមហាផ្ទៃ។ លោកបន្តថា ការធ្វើជំរឿនលើអង្គការសង្គមស៊ីវិលនឹងធ្វើឲ្យការធ្វើការងាររបស់សង្គមស៊ីវិលដែលមានសកម្មភាពពិតប្រាកដអាចធ្វើការបានដោយល្អប្រសើរ។
លោកបញ្ជាក់ថា៖
«នៅពេលដែលយើងដឹងថាអ្នកណាជាអ្នកណា? ហើយគាត់មានសេវាអី? ធ្វើនៅកន្លែងណា? កញ្ចប់ថវិកាប៉ុន្មាន? ក្រុមគោលដៅប៉ុន្មាន? អាហ្នឹងយើងស្រួលជម្រាប និងធ្វើការជាមួយរដ្ឋាភិបាល តើយើងអាចបំពេញបន្ថែមអីជាមួយរដ្ឋាភិបាល ហើយរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាជាមួយយើងដើម្បីឲ្យបរិយាកាសរបស់យើងអាចវិភាគទានក្នុងការអភិវឌ្ឍនឹងបានស្រួល។ ហើយបើយើងនៅដាច់ដោយឡែកពីគ្នាយើងអត់ដឹងថានរណាធ្វើអីៗ ចុងក្រោយបែរយើងលាបពណ៌គ្នាទៅវិញទៅមក»។
ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ជាលើកទី២នោះ គេឃើញមានតំណាងពីអង្គការមួយចំនួនបានឡើងបង្ហាញពីបញ្ហាប្រឈម ការព្រួយបារម្ភ និងសំណូមពររបស់ខ្លួន ទៅកាន់តំណាងរបស់ក្រសួងមហាផ្ទៃ។ ពួកគេមួយចំនួនក៏បានសំណូមពរដល់រដ្ឋាភិបាលកុំបើកបិទលំហរសេរីភាពការងាររបស់ពួកគេទៅតាមបរិយាកាសនយោបាយ ដូចដែលបានធ្វើនាពេលកន្លងទៅផងដែរ។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដែលជាអង្គការមួយមានអង្គការចំនួនជិត២០០ផ្សេងទៀតជាសមាជិក បានឡើងថ្លែងពីបញ្ហាប្រឈមរបស់សមាគមនិងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើសកម្មភាពនៅកម្ពុជាថា មិនទាន់មានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តការងារនៅឡើយ។ លោកក៏បានសំណូមពរឲ្យក្រសួងមហាផ្ទៃធ្វើវិសោធនកម្មច្បាប់ស្តីពីអង្គការសង្គមស៊ីវិលដែលក្រុមអង្គការជាច្រើនលើកឡើងថា ច្បាប់នេះ បាននិងកំពុងរឹតត្បិតសិទ្ធិសេរីភាពនៃការធ្វើការងាររបស់ពួកគេ៕