ព្រះសពរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង Buckingham ទៅកាន់សាល Westminster របស់សភានៅក្នុងទីក្រុងឡុងដ៍ នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដែលនៅទីនោះព្រះសពរបស់ព្រះអង្គនឹងត្រូវតម្កល់ជាផ្លូវរដ្ឋ។ ព្រះមហាក្សត្រ Charles ទី ៣ បានយាងពីក្រោយក្បួនដង្ហែព្រះសពរបស់ព្រះមហាក្សត្រិយានីដែលជាព្រះមាតារបស់ព្រះអង្គ។ ព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry ដែលជាបុត្រារបស់ព្រះមហាក្សត្រ Charles រួមជាមួយនឹងម្ចាស់ក្សត្រិយ៍ Anne ព្រះអង្គម្ចាស់ Andrew និងព្រះអង្គម្ចាស់ Edward ដែលជាព្រះអនុជ ក៏បានយាងចូលរួមផងដែរនៅក្នុងព្រះរាជពិធីដង្ហែនេះ។ ហ្វូងប្រជារាស្ត្ររាប់ម៉ឺននាក់ក៏បានមកអមតាមដងផ្លូវ និងចូលសម្តែងការគោរពព្រះសពជាចុងក្រោយនៅសភាអង់គ្លេស៕