ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា ជា​ប្រទេស​មួយ​ដែល​បិទ​សាលារៀន​យូរ​ជាងគេ ដោយសារ​ជំងឺ​កូវីដ១៩


កុមារី Pooja Sharma (ពាក់​អាវ​ពណ៌ស​នៅ​ខាងឆ្វេង) និង​បងស្រី​ពីរនាក់​របស់​នាង បាន​ខកខាន​មិន​បាន​រៀន​តាម​អនឡាញ​ជាច្រើន​ដង ដោយសារ​ពួកគេ​ត្រូវ​ចែក​វេនគ្នា​ប្រើប្រាស់​ទូរសព្ទដៃ​​ជាមួយ​បងប្រុស​របស់​ពួកគេ។

ការបិទ​សាលារៀននៅក្នុង​ប្រទេស​ឥណ្ឌា​ដែល​មាន​រយៈ​ពេល​ជិត​២​ឆ្នាំ​មក​ហើយ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការសិក្សារបស់កូនចៅ​នៃ​គ្រួសារដែល​មាន​ប្រាក់​ចំណូល​ទាប ​នៅ​ក្នុង​ប្រទេស​នេះ ដែល​បានសង្ឃឹម​ថា ការសិក្សា​ល្អមួយ​នឹង​ជួយលើកកម្ពស់​កូន​ចៅរបស់​គេឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​នោះ។ នេះ​ បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់​អ្នក​ជំនាញមួយ​ចំនួន។

ឥណ្ឌា​ បិទ​សាលារៀនយូរជាងគេ​បង្អស់​ បើ​ប្រៀបធៀប​ជា​មួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត លើក​លែង​តែ​ប្រទេស​អ៊ូហ្គាន់ដា​មួយ​ចេញ​ដោយ​សារតែជំងឺកូវីដ១៩។ នេះ​ បើតាមរបាយការណ៍មួយ​របស់​អង្គការ​សហប្រជាជាតិ។ សាលារៀនក្នុង​ប្រទេស​ឥណ្ឌា​ ត្រូវ​បាន​បិទទាំង​ស្រុង​ចំនួន​៨២​សប្តាហ៍​ រហូត​ដល់ខែ​តុលា​ឆ្នាំ​ទៅ។ ចាប់​តាំង​ពី​ពេល​នោះ​មក សាលា​រៀន ​ត្រូវបានបើក​ឡើង​វិញក្នុង​លក្ខណៈ​មិនទៀង​ទាត់នោះ​ឡើយ។

ដោយ​មាន​សិស្ស​ចំនួន ២៥០ ​លាននាក់ ចុះ​ឈ្មោះ​ចូលរៀន​ក្នុង​សាលា​ចំនួន ១ លាន​ ៥ សែន​កន្លែង​នោះ ឥណ្ឌា បាន​ក្លាយ​ជា​ប្រទេសធំ​បំផុត​ទី២​ ដែល​មាន​សិស្សទៅ​សាលា​រៀន​ច្រើនជាង​គេ។ ប៉ុន្តែ​ ការរៀន​តាម​អនឡាញ​នៅផ្ទះ​ មាន​លក្ខណៈ​កម្រិតយ៉ាង​ខ្លាំង​ក្នុង​ចំណោម​ក្រុមគ្រួសារ​ដែល​មាន​ប្រាក់​ចំណូលទាប ជា​ពិសេស​ចំពោះ​កូនស្រី ដោយ​សារ​តែ​ការ​ខ្វះខាត​នូវទូរស័ព្ទ​ទំនើប​ប្រើ​ប្រាស់​ និង​ការ​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​នៅ​តាមទីជនបទដ៏​ធំធេង​របស់​ខ្លួន​នោះ។

មន្ត្រី​អប់រំ​ជា​ច្រើន​នាក់​និយាយ​ថា ស្រប​ពេល​ដែល​សាលា​រៀន ត្រូវ​បាន​បើក​ឡើង​វិញ​នោះ​ ការប្រឈមនៃ​ការសិក្សា​ដែល​ត្រូវ​បាន​បាត់​បង់ក្នុង​រយៈពេល ២ ​ឆ្នាំ​កន្លង​ទៅ​ គឺ​មាន​លក្ខណៈធំ​ខ្លាំង។

មាន​សិស្ស​ប្រមាណ​តែ ៨% ប៉ុណ្ណោះ នៅ​តាម​ភូមិ​ ​និង ២៤% នៅ​តំបន់​ទីក្រុង​ដែល​អាច​សិក្សា​បាន​ទៀង​ទាត់​តាម​ប្រព័ន្ធ​អនឡាញ។ នេះ​ បើតាមការ​ស្ទង់​មតិ​មួយ​កាល​ពី​ខែ​សីហា ឆ្នាំ​មុន ដោយ​ក្រុម​អ្នក​សេដ្ឋវិទូ​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​បានព្រមាន​ពីលទ្ធផល​ដ៏​មហន្តរាយ​ដោយ​សារ​តែ​ការ​បន្ត​ការបិទ​សាលា​រៀន​នោះ។ មាន​សិស្សប្រមាណរហូត​ដល់ ៣៧% មិន​បាន​សិក្សា​នោះឡើយ។

សិស្ស​ឥណ្ឌា​ម្នាក់​ ឈ្មោះ Pooja Sharm ដែលកំពុង​រៀនថ្នាក់​ទី ៨ រស់​នៅជាយ​ក្រុង​ញូវដែលី​ជា​មួយម្តាយ​ជា​មេផ្ទះ​ និង​មាន​បង​ប្អូន​ទាំងអស់​៤នាក់។ ពួក​គេ​រៀន​នៅ​សាលា​មួយនៅ​ក្បែ​ផ្ទះ​ ដែល​បើក​ដំណើរការ​ដោយ​ក្រុមស្ម័គ្រចិត្តមួយ​ ដែល​បើក​ថ្នាក់​រៀនតាម​អនឡាញ ចាប់តាំង​ពី​ការ​ចាប់​ផ្តើម​នៃការ​បិទ​សាលា​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២០។​

ប៉ុន្តែ​ ដោយ​សារ​មាន​ទូរស័ព្ទ​ទំនើបតែ​មួយ​គ្រឿង​នៅ​ក្នុង​គ្រួសារ​នោះ​ បង​ប្អូន​ទាំង​៤​នាក់​ ត្រូវតែ​ចែក​វេនគ្នា​ ដើម្បី​ប្រើប្រាស់​ទូរស័ព្ទ​នោះ​ក្នុង​ការ​រៀន​តាម​អនឡាញ។

លោក Terry Durnnian ប្រធានផ្នែក​កម្មវិធី​អប់រំ​នៃ​មូលនីធិ​កុមារ​របស់អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា «ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការបិទ​សាលា​រៀន បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់យ៉ាង​ខ្លាំង ពិសេស​ក្មេង​ស្រីៗ។ បើ​ទោះបី​ជា​គេ​មាន​ទូរស័ព្ទ​ទំនើប​ប្រើប្រាស់​នៅ​ផ្ទះ​ក្តី ក៏​ក្មេង​ស្រី​ មិន​ត្រូវបាន​គេ​ឲ្យ​ប្រើ​ប្រាស់​ទូរស័ព្ទ​នោះ​ឡើយ ព្រោះដោយ​បារម្ភ​ថា គេ​អាច​យក​ទូរស័ព្ទ​ទៅ​ប្រើ​ប្រាស់​ក្នុងរឿង​ផ្សេង​វិញ។ លោក​បន្ត​ទៀត​ថា «ជាមួយ​គ្នា​នេះ​ផង​ដែរ ក្មេង​ស្រី​ត្រូវ​គេ​រំពឹង​ថា ជា​អ្នក​ធ្វើ​ការ​ងារក្នុង​ផ្ទះ។ ផល​ប៉ះពាល់​ក្នុង​រយៈពេល​វែង​នោះ គឺ​ថា នឹង​មានស្ត្រី​កាន់​តែ​តិច​ទៅៗ​នៅ​ក្នុង​កម្លាំង​ការងារ​នៅ​ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខៗ»៕

អ្នកយកព័ត៌មានអ្នកស្រី Suhasini Sood រួមចំណែកនៅក្នុង​សេចក្តីរាយការណ៍​នេះ។

XS
SM
MD
LG