ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាំ​វ៉ាក់សាំង​​ការពារ​រោគ​របេង​​​ប្រសើរ​ជាង​មុន​​​ត្រូវ​បាន​ផលិត


កុមារ​ចូលរួម​ក្នុង​​ការចាប់ផ្តើម​កម្រោង​ជា​សាកល​ដើម្បី​បញ្ឈប់​ជំងឺ​របេង​​នៅ Alexandra Township ភាគ​ខាងជើង​​នៃ​ទីក្រុង Johannesburg ប្រទេស​​អាហ្វ្រិក​ខាងត្បូង​​ នៅ​ខែតុលា​ ឆ្នាំ​២០១១។
កុមារ​ចូលរួម​ក្នុង​​ការចាប់ផ្តើម​កម្រោង​ជា​សាកល​ដើម្បី​បញ្ឈប់​ជំងឺ​របេង​​នៅ Alexandra Township ភាគ​ខាងជើង​​នៃ​ទីក្រុង Johannesburg ប្រទេស​​អាហ្វ្រិក​ខាងត្បូង​​ នៅ​ខែតុលា​ ឆ្នាំ​២០១១។

ដោយ​អត្រា​ចម្លងរោគ​របេងកំពុង​ធ្លាក់​ចុះនៅ​ទូទាំង​ពិភព​លោក ក្រុម​មន្ត្រី​សុខាភិបាលកំពុងប្រញាប់ប្រញាល់បំពេញ​បន្ថែម​លើ​សមិទ្ធផល​ទាំង​នោះ។ របាយការណ៍​ចុង​ក្រោយ​បំផុតរបស់​អង្គការ​សុខភាព​ពិភព​លោក (World Health Organization) ឬ​ហៅ​កាត់​ថា​ WHO ស្តី​ពីរោគ​របេងបង្ហាញថា​តើ​ចំនួន​ប្រជាពលរដ្ឋដែល​ឆ្លង​ជំងឺ​នេះ​បាន​ធ្លាក់​ចុះ​ទៅ​ដល់៨.៨​លាន​នាក់នៅ​ឆ្នាំ​២០១០ ដែល​បាន​ថយ​ចុះពី​៩​លាន​នាក់​កាល​ពី​៥​ឆ្នាំ​កន្លងទៅយ៉ាង​ដូច​ម្តេច។ សមិទ្ធផលទាំង​នេះ​ភាគ​ច្រើន​បំផុតបាន​ទទួល​ពីតំបន់​ដែល​ទទួល​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុតនៃ​ទ្វីប​អាហ្វ្រិកខាង​កើត ពោល​គឺប្រទេសកេនយ៉ា(Kenya) និង​តង់ហ្សានី (Tanzania)។

ការ​ព្យាបាល​ដ៏​ប្រសើរ​ជាង​មុន​បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ដល់អត្រាចម្លង​ដែល​បាន​ថយ​ចុះ​នេះ។ ប៉ុន្តែ​ ក្រុម​មន្ត្រី​ផ្នែក​វេជ្ជសាស្ត្រ​មិន​ត្រឹម​តែស្វែង​រកវិធី​ព្យាបាល​រោគ​របេងប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទប់​ស្កាត់មេរោគ​នេះ​ទៀត​ផង។ មាន​គម្រោង​ជា​ច្រើន​ ដែល​កំពុង​អនុវត្តដើម្បី​ផលិត​វ៉ាក់​សាំង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ជាង​មុន។​ អង្គការ WHO ថ្លែង​ថា មាន​ថ្នាំ​វ៉ាក់​សាំងលំដាប់​កំពូល​ចំនួន​១០ ដែល​ត្រូវ​បាន​សាក​ល្បង​នៅ​ពេល​នេះ។ វ៉ាក់​សាំង​មួយក្នុង​ចំណោមវ៉ាក់​សាំង​ទាំង​នោះត្រូវ​បាន​បង្កើត​ដោយ​ក្រុម​ហ៊ុន​អេរ៉ាស (Aeras) ដែល​មាន​មូល​ដ្ឋាន​នៅសហរដ្ឋ​អាមេរិក។

លោកស្រី វីកគី ខាដេណាស (Vicky Cardenas) ជា​នាយិការ​ផលិត​ផលគ្លីនីករបស់​ក្រុម​ហ៊ុនអេរ៉ាស ដែល​បច្ចុប្បន្នកំពុង​សាក​ល្បង​ថ្នាំ​ថ្មីរបស់​ខ្លួននៅប្រទេស​ចំនួន​៥ ក្នុង​អនុ​តំបន់​សាហារ៉ា​របស់​ទ្វីប​អាហ្រ្វិក។

«គោល​ដៅ​របស់​យើង​គឺ​ត្រូវ​ចុះ​ឈ្មោះ​កុមារចំនួន​៤​ពាន់នាក់​នៅ​ត្រឹម​ចុងឆ្នាំ​ក្រោយ ហើយ​សង្ឃឹម​ថា យើង​នឹង​មាន​ថ្នាំ​វ៉ាក់​សាំង​មួយ​ដែលមាន​ប្រសិទ្ធិ​ភាព​ជាងថ្នាំ​វ៉ាក់​សាំង​បច្ចុប្បន្ន​នេះ។ ថ្នាំ​វ៉ាក់​សាំង​បច្ចុប្បន្នត្រូវ​បាន​ហៅ​ថា​ BCG ហើយ​ថ្នាំ​នេះ​ត្រូវ​បាន​ចាក់​នៅ​ពេល​ទារក​ចាប់​កំណើត ប៉ុន្តែ​ថ្នាំ​នេះមិនអាច​ការ​ពារ​បាន​ល្អប្រឆាំង​នឹង​ជំងឺ​របេង​សួត ហើយ​ថ្នាំ​នេះ​ក៏មិនអាច​ការ​ពារ​មនុស្ស​ពេញវ័យ​ប្រឆាំង​នឹងជំងឺ​របេង​ឡើយ»។

ថ្នាំ​វ៉ាក់​សាំង​បច្ចុប្បន្ន BCG ត្រូវ​បាន​ប្រើ​ប្រាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩២១​មក​ម៉្លេះ។ ការ​ព្យាបាល​ភាគ​ច្រើនមាន​រយៈ​កាល​ប្រហែល៥០​ឆ្នាំ ហើយការ​ចម្លង​រោគ​របេង​កំពុង​ស៊ាំនឹង​ឪសថពី​បុរាណ​នោះ។ ថ្នាំ​វ៉ាក់​សាំងថ្មីរបស់​ក្រុមហ៊ុន Aeras ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ Aeras-402 ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាក​ល្បង​កម្រិត​ខ្ពស់ ហើយ​ក្រុម​ហ៊ុន​នេះ​សង្ឃឹម​ថានឹង​មាន​ថ្នាំ​នេះដាក់​លក់​នៅ​តាម​ទីផ្សា​នៅ​ត្រឹម​ឆ្នាំ២០២០។

ក្រុម​ហ៊ុន អ៊ែរ៉ាស (Aeras) កំពុង​ធ្វើ​ការ​សាក​ល្បងថ្នាំ​ព្យាបាលនេះនៅ​ទី​ក្រុង​គីសុមុ (Kisumu) ស្ថិត​នៅ​ប្រទេស​កេនយ៉ា​ភាគ​ខាង​លិច នៅ​ឯ​គ្លីនីក​មួយ​កន្លែង​ គ្រប់​គ្រង​ដោយមជ្ឈមណ្ឌលគ្រប់​គ្រងជំងឺ និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវវេជ្ជសាស្ត្រកេនយ៉ា។

លោក​ខាឌឺណាស មាន​ប្រសាសន៍​ថា ហេតុ​ផល​មួយ​ដែល​ពួក​គេ​ជ្រើស​រើស​យក​ប្រទេស​កេនយ៉ាដើម្បី​សាក​ល្បង​នោះ​គឺ​ដោយ​សារឥទ្ធិពលរបស់​ប្រទេស​នេះ​នៅ​ក្នុង​តំបន់។

«អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការ​ទាក់​ទង​នឹង​ថ្នាំ​វ៉ាក់​សាំង​ជំងឺ​គ្រុន​ចាញ់ គឺ​ថាប្រទេស​ភាគ​ច្រើន​ថ្លែង​ថា «ខ្ញុំ​នឹង​មិន​ទិញ​វ៉ាក់​សាំង​នោះ​ទេ​ ដរាប​ណាអ្នក​បាន​សាក​ល្បង​ថ្នាំ​នោះ​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​របស់​ខ្ញុំ​សិន»។ ដូច្នេះ យើង​ត្រូវ​តែ​ជម្នះ​ឧបសគ្គ​នោះ ដោយ​សារ​តែ​យើងមិន​អាច​ធ្វើ​ការ​សាក​ល្បងថ្នាំ​នេះនៅក្នុងប្រទេស​ចំនួន​១៩២​បាន​ទេ។ ដូច្នេះ អ្វី​ដែល​យើង​ត្រូវ​ធ្វើគឺ​ត្រូវ​ស្វែង​រក​ប្រទេស​ណាដែលមាន​លក្ខណៈ​ជា​មេ​គំនិតនៅ​ក្នុង​តំបន់​នោះ ហើយ​ដូច្នេះ​គឺមាន​តែ​ប្រទេស​កេនយ៉ានេះ​តែ​ម្តង។ នោះ​ជា​អ្វី​ដែលយើង​គិត​អំពី​កេនយ៉ា។ កេនយ៉ា​អាច​ដឹក​នាំប្រទេស​ផ្សេង​ទៀត»។

យោង​តាម​ទិន្នន័យ​របស់​អង្គការ WHO ក្នុង​ចំណោមប្រទេស​ដែល​គេ​ហៅ​ថា​មាន​កម្រិត​ខ្ពស់​ចំនួន​២២ ដែល​ជំងឺ​របេង​រីក​រាល​ដាល​ច្រើន​បំផុត ប្រទេស​ចំនួន​៩ ស្ថិត​នៅ​ក្នុងអនុ​តំបន់​សាហារ៉ារបស់​ទ្វីប​អាហ្វ្រិក។​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ជា​ប្រទេសទទួល​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​បំផុត ដោយ​មាន​ករណី​ជំងឺនេះ​ចំនួន​២​សែន ១​ម៉ឺន ៣​ពាន់​នាក់ បន្ទាប់​មកប្រទេសកេនយ៉ា​ ដែល​មាន​អ្នក​កើត​ជំងឺ​របេង​ចំនួន​៩​ម៉ឺន៧​ពាន់​នាក់។ ប្រទេសអ៊ុយ​ហ្គាន់ដា(Uganda) តង់ហ្សានី​(Tanzania) និង​អេត្យូពី(Ethiopia) ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេសមាន​កម្រិត​ឆ្លង​ខ្ពស់​ដែរ។

អង្គការ​ WHO បានឲ្យ​ដឹង​ថា ខណៈ​ដែល​ការ​ចម្លង​ជំងឺ​របេងបាន​ធ្លាក់​ចុះ អង្គការ​នេះ​បញ្ជាក់ថា មូល​និធិ​ច្រើន​ថែម​ទៀតនៅ​តែ​ត្រូវ​ការ​ចាំ​បាច់ដើម្បី​ពង្រីក​ការ​ព្យាបាល​សម្រាប់​អ្នក​ជំងឺ​កាន់​តែ​ច្រើន​ឡើង ជា​ពិសេសអ្នក​ដែល​មាន​ផ្ទុក​ជំងឺដែល​មាន​ភាព​ស៊ាំ​នឹង​ថ្នាំ៕

ប្រែសម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG