ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អន្តោ​ប្រវេសន៍​ជារឿងដ៏​សំខាន់​មួយ​នៅ​ក្នុងការ​បោះឆ្នោត​នៅ​ប្រទេស​អូ​ស្រ្តា​​លី​នៅ​ពេល​ខាងមុខ


រូបឯកសារ៖ ជនស្វែងរកសិទ្ធិជ្រកកោនត្រូវបានជួយសង្រ្គោះនៅកោះគ្រីស្តម៉ាស ប្រទេសអូស្រ្តាលី។ 

មជ្ឈមណ្ឌល​ឃុំឃាំង​នៅ​លើ​កោះ Christmas ដែល​ជា​ដែន​ដី​អូស្រ្តាលី​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ​នឹង​ត្រូវ​បើក​ឡើង​វិញ។ មជ្ឈមណ្ឌល​ឃុំឃាំង​នេះ ​បាន​ប្រតិ​បត្តិការ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក ​ក៏ប៉ុន្តែ ​ត្រូវ​បាន​បិទ​កាល​ពី​ឆ្នាំ​ទៅ។

រដ្ឋាភិបាល​កណ្តាល​ស្តាំ​និយម​របស់​អូស្ត្រា​លី ​និយាយ​ថា ​ខ្លួន ​នឹង​បើក​មជ្ឈ​មណ្ឌល​ឃុំឃាំង​ដ៏​ចម្រូង​ចម្រាស​ឡើង​វិញ​នៅ​លើ​កោះ​គ្រឹស្តម៉ាស (Christmas) ​បន្ទាប់ពី​ចាញ់​ឆ្នោត​ជា​ប្រវត្តិ​សាស្រ្ត​នៅ​ក្នុង​សភា។

រដ្ឋាភិបាល​អូស្រ្តាលី ​កំពុង​បង្កើន​ការពិភាក្សា​ដ៏​ក្តៅ​គគុក​អំពី​ពួក​អ្នក​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រក​កោន។ ដោយ​ទើប​តែ​ចេញពី​ភាពបរាជ័យ​ដ៏​អាម៉ាស​នៅ​ក្នុងការ​បោះឆ្នោត​សភា ​លោក​នា​យក​រដ្ឋ​មន្រ្តី Scott Morrison និយាយ​ថា ​ច្បាប់​ថ្មី​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​ជន​ចំណាក​ស្រុក​មាន​ជំងឺ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​កោះត្រូវបាន​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស​អូស្រ្តាលី​នោះ ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​កាន់​តែ​ច្រើន​ឡើង​មក​ប្រទេស​អូស្រ្តាលី​តាមសមុទ្រ។

លោក​នាយក​រដ្ឋ​មន្រ្តី បាន​និយាយ​ថា «ចំពោះ​ជន​ណា​ដែល​គិតថា ​ពួកគេ ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក ​ខ្ញុំ​នៅ​ទី​នេះ​ហើយខ្ញុំ ​នឹង​បញ្ឈប់​អ្នកឯង។ ការងារ​របស់​ខ្ញុំ​នៅពេល​នេះ គឺត្រូវ​ធ្វើ​អ្វី​ៗទាំងអស់​នៅ​ក្នុង​អំណាច​របស់​ខ្ញុំ​និងនៅ​ក្នុង​អំណាច​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​អ្វី​ដែល​សភា​បាន​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ចុះខ្សោយព្រំ​ដែន​របស់​យើង មិន​នាំ​ឲ្យ​ទូក​មកអូស្រ្តា​លីទេ»។

មជ្ឈមណ្ឌល​ឃុំឃាំង​នៅ​លើ​កោះ Christmas ដែល​ជា​ដែន​ដី​អូស្រ្តាលី​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ​នឹង​ត្រូវ​បើក​ឡើង​វិញ។ មជ្ឈមណ្ឌល​ឃុំឃាំង​នេះ ​បាន​ប្រតិ​បត្តិការ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក ​ក៏ប៉ុន្តែ ​ត្រូវ​បាន​បិទ​កាល​ពី​ឆ្នាំ​ទៅ។

​ក្រុម​អ្នក​រិះគន់ ​និយាយ​ថា ការ​សម្រេច​របស់​នាយក​រដ្ឋមន្រ្តី​ដើម្បី​បើក​មជ្ឈមណ្ឌល​ឃុំ ឃាំង​ ដែល​ស្ថិត​នៅ​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ការ​ប៉ុន ប៉ង​មួយ​ដើម្បី​បន្លាច​ពួក​អ្នក​បោះ​ឆ្នោត​អំពីសន្តិសុខព្រំដែន​មុនពេល​ការ​បោះឆ្នោតដែល​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​ឡើង​នៅ​ខែឧសភា​ខាង​មុខ​នេះ។

ក្រុម​អ្នក​ប្រឆាំង ចង្អុល​បង្ហាញ​ថា ច្បាប់​ជម្លៀស​ដោយ​ហេតុផល​ព្យាបាល​ជំងឺ ​បាន​អនុ ម័ត​កាល​ពី​សប្តាហ៍​មុន​សំដៅ​លើ​មនុស្ស​ដែល​ត្រូវ​ឃុំខ្លួន​នៅលើ​កោះ​ក្នុង​សមុទ្រ​រួច ហើយ​តែ​ប៉ុណ្ណោះ ​ហើយ​នឹង​មិន​អនុវត្ត​ដល់​ពួក​អ្នក​មក​ដល់​ថ្មី​ទេ។

លោក Alex Riley ជាសាស្រ្តាចារ្យ​មក​ពី​សាកល​វិទ្យាល័យ​ Adelaide និយាយ​ថា ​ជន​ចំណាក​ស្រុក​ជា​ច្រើន ​នឹង​ដឹង​ពីការ​រឹតត្បិត​ដែល​អូស្រ្តា​លី ​នឹង​ធ្វើ​ឡើង។

លោក បាន​និយាយ​ថា «ពួក​ជន​ភៀស​ខ្លួន ចេះស្វែង​រក​ប្រភព​ព័ត៌មាន​កាន់​តែ​ប្រសើរ​ឡើង។ ទូរស័ព្ទ Smart phone និង​ព័ត៌មាន​កាន់​តែ​សម្បូរ​ឡើង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ន័យ​ថា ​មនុស្ស ​នឹងសម្រេច​នៅ​ពេល​ឆាប់​ៗ​នេះ​ពី​ឱកាសអ្វី​ដែល​មាន​ប្រាកដ។ ពួកគេ​ប្រាកដ ​នឹងមើល​ព័ត៌មាន​លម្អិត។ ​មុន​ពួកគេ ​ហក់​ឡើង​លើ​ទូក​ហើយ​ប្តូរ​អាយុ​ជីវិតរបស់​ខ្លួន​ ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ផ្សេង​ទៀត​ដោយសង្ឃឹម​នឹង​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ​ក្នុង​ជំរំ​ឃុំឃាំង​នៅលើ​កោះ ពួកគេ ​នឹងមើល​ឲ្យ​បាន​ល្អិតល្អន់​អំពី​អ្វី​ដែល​ច្បាប់​បាន​ចែង​រួច​ហើយ​នោះ»។

វីដេអូ​ប្រឆាំង នឹងការត់​ពន្ធ​មនុស្ស​របស់​កងទ័ព​អូស្រ្តាលី ​បាន​និយាយ​ថា៖ «បើ​អ្នក ប្តូរ​ជីវិតនិង​ប្រាក់​កាស​របស់​អ្នក​ដើម្បី​ព្យាយាមមក​ដល់​អូស្រ្តាលី​ដោយ​ខុសច្បាប់ ​អ្នក​ នឹង​ទទួល​បរាជ័យ។ អ្នក មិន​បាន​ទទួល​ប្រយោជន៍​អ្វី​ទាំង​អស់​ដោយការ​ព្យាយាម​ទៅ​ដល់​ប្រទេស​អូស្រ្តាលី​ខុសច្បាប់​តាម​ទូក​នោះ ​ក៏ប៉ុន្តែ ​អ្នក អាចបាត់​បង់​អ្វី​ៗ​ទាំងអស់»។

ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក នាវា​អូស្រ្តាលី ​បាន​អូសទូក​របស់​អ្នក​សុំសិទ្ធិ​ជ្រកកោន​ចេញ​ពី​ផ្ទៃ​ទឹក​របស់​ខ្លួន។

មាន​ចលាចល​នៅឯជំរំ​ឃុំឃាំង​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកដែល​នៅ​ទី​នោះ​ជន​ចំណាក​ស្រុក​ផ្សេង​ទៀត ​បាន​ត្រូ​វ​គេចាប់​នៅ​សមុទ្របាន​ត្រូវ​ឃុំឃាំង​នៅ​ទី​នោះ។ ជន​ចំណាក​ស្រុក​ទាំង​នោះ​ត្រូវ​បាន​គេប្រាប់​ថា ​ពួកគេ​នឹងមិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​តាំង​ទីលំនៅក្នុង​ប្រទេស​អូស្រ្តាលី​ទេ។

នៅ​លើ​កោះ Manus ​ក្នុង​ប្រទេស Papua New Guinea ក្រុម​ជន​ភៀស​ខ្លួន​បាន​ស្វា​គមន៍​ព័ត៌មាន​ថា ​ពួកគេ អាច​ទៅ​ប្រទេស​អូស្រ្តាលី​ដើម្បី​ព្យាបាល​ជំងឺ។

ក៏ប៉ុន្តែលោក Khalid Hamad ដែល​បាន​រត់​គេច​ខ្លួនមក​ពី​ប្រទេសស៊ូដង់ ​និយាយ​ថា អនាគត​យូរអង្វែង​របស់​លោក ​នៅមាន​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ឡើយ។ លោកនិយាយថា៖ «វា​មិន​មែន​ជា​ដំណោះស្រាយ​អចិន្រ្តៃយ៍​សម្រាប់​យើង​ទេ។ ទៅ​ប្រ ទេស​អូស្រ្តាលី​ដើម្បី​ទទួល​បានការ​ព្យាបាល តែប៉ុណ្ណឹងឬ? តើ​មាន​អ្វី​ទៀត​បន្ទាប់​ពីការ​ព្យាបាល​នោះ? ​ការណ៍​នេះ​មិនមែន​ជា​ដំណោះ​ស្រាយ​អចិន្រ្តៃយ៍ទេ ​វា​គ្រាន់​តែ​ជា​ដំណោះ​ស្រាយ​បណ្តោះ​អាស័ន្ន​ប៉ុណ្ណោះ»។

ខណៈ​ដែលការ​ជជែក​ដេញដោល​ខាង​នយោបាយ​ប្រកប​ដោយ​ការរំជួល​ចិត្ត បានផ្តោត​លើ​ជន​ចំណាក​ស្រុក​ដែល​បាន​មក​ដល់​តាម​ទូក​នោះ ដែល​ចំនួន​របស់​ពួកគេ​បាន​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ គេ​បាន​យក​ចិត្ត​ទុកដាក់​បន្តិច​បន្តួចដល់​ចំនួន​មនុស្ស ​ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន​និង​ម៉ាឡេស៊ី ​ដែល​បានមក​ដល់តាម​យន្តហោះ​ដើម្បី​ស្វះស្វែង​សុំសិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី៕

ប្រែ​សម្រួយដោយ​ជឹង ប៉ូជីន

XS
SM
MD
LG