អង្គការពលកម្មអន្តរជាតិ (ILO) និយាយថាគេមានការលើកទឹកចិត្តពីសំណើច្បាប់នៅប្រទេសភូមាដែលអនុញ្ញាតឲ្យមានសេរីភាពច្រើនជាងមុនសម្រាប់សហជីពការងារ។ តែគេនៅតែមានការព្រួយបារម្ភអំពីការបង្ខំឲ្យកុមារធ្វើការនៅក្នុងវិស័យយោធានិងក្នុងវិស័យឯកជន។
លោក Steve Marshall ជាអ្នកតំណាងរបស់អង្គការពលកម្មអន្តរជាតិប្រចាំប្រទេសភូមា។ លោកបាននិយាយជាមួយក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារ៍ ហើយថ្លែងថា យោធាភូមាកំពុងរៀបចំច្បាប់ដែលនឹងអនុញ្ញាតឲ្យមានសហជីពពាណិជ្ជកម្មស្របច្បាប់ដែលមានសិទ្ធិធ្វើកូដកម្ម ដែលការណ៍នេះ ជាសញ្ញាបង្ហាញថា មានជំហានទៅមុខក្នុងការកែទម្រង់សេដ្ឋកិច្ច។
ច្បាប់នោះគឺតាក់តែងឡើងសម្រាប់ដាក់ជូនសភាថ្មីដែលបានជាប់ឆ្នោតកាលពីខែវិច្ឆិកា ហើយដែលត្រូវបើកសម័យប្រជុំដំបូងរបស់ខ្លួននៅចុងខែមករា។ លោក Marshall ថ្លែងថា ច្បាប់នោះកត់សម្គាល់ពីជំហានសំខាន់មួយនៅក្នុងច្បាប់សិទ្ធិពលកម្មក្នុងប្រទេសភូមា។
«ជាក់ស្តែងណាស់ រឿងសេរីភាពសមាគមដែលជាសិទ្ធិនៃពលករនិងជាសិទ្ធិសម្រាប់ប្រជាពលរដ្ឋដើម្បីមានអ្នកតំណាង ដែលមានជាឧទាហរណ៍ដូចជា រឿងទាមទាឲ្យបានចំណេញសម្រាប់សមូហភាពដែលមានទាំងសិទ្ធិធ្វើកូដកម្មផងនោះ រឿងទាំងនេះជារឿងសំខាន់បើអាចដាក់ឲ្យបោះឆ្នោតអនុម័តឲ្យទៅជាច្បាប់បាន នោះនឹងនាំឲ្យមានការផ្លាស់ប្តូរ ខ្លាំងក្នុងរបៀបដែលសង្គមអាច អភិវឌ្ឍន៍បាន»។
របបយោធានៅភូមា ដែលគេស្គាល់ថា មីយ៉ានម៉ារ (Myanmar) ផងដែរនោះ បានធ្វើសច្ចានុម័តរួចទៅហើយទៅលើអនុសញ្ញាសេរីភាពសមាគម ដែលជាបទដ្ឋានដែលអង្គការពលកម្មអន្តរជាតិ (ILO) បានរៀបចំឡើង។
តែលោក Marshall ថ្លែងថា ខណៈដែលការបញ្ចូលច្បាប់នោះ ជាជំហានមួយទៅមុខ ក្នុងការកែលម្អទីផ្សារពលកម្មនៅភូមា កម្មវិធីកែលម្អជាទូទៅនោះ គឺស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។
ក្រុមការពារសិទ្ធិមនុស្សនិយាយថា ខណៈពេលដែលក្រុមសហជីពនិងសមាគមនានានៅជាផ្នែកសំខាន់មួយនៃជីវភាពសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសភូមានោះ ក្រុមទាំងនោះត្រូវបានយោធាគ្រប់គ្រងដាក់បញ្ញត្តិច្បាប់តឹងរ៉ឹងទៅលើ។
ក្រុមសកម្មជនសហជីពពាណិជ្ជកម្មក៏ត្រូវគេចាប់ដាក់គុកផងដែរ ចំពោះសកម្មភាពដែលយោធាមិនអនុញ្ញាតឲ្យធ្វើ។ អង្គការសិទ្ធិមនុស្សមួយដែលមានទីស្នាក់ការនៅប្រទេសថៃឈ្មោះ Assistance Association for Political Prisoners ឬ សមាគមជំនួយអ្នកទោសនយោបាយភូមាថ្លែងថា សព្វថ្ងៃមានអ្នកនយោបាយភូមាជាង២.១០០នាក់ កំពុងជាប់ឃុំដែល៤៤នាក់ជាសកម្មជនពលកម្ម។
គោលបំណងរបស់ប្រធានអង្គការ ILO នៅភូមា គឺសម្រាប់ជួយបញ្ចប់សកម្មភាពបង្ខិតបង្ខំឲ្យធ្វើការ ហើយដែលគេក៏មានកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលយោធាដែលអនុញ្ញាតឲ្យមានការប្តឹងតវ៉ាផ្ទាល់ទៅការិយាល័យអង្គការពលកម្មនៅក្នុងប្រទេសនេះ។ ឆ្នាំទៅអង្គការ ILO បានទទួលពាក្យប្តឹងតវ៉ា៣៧០ ដែលនេះជាការកើនចំនួនដ៏ខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក Marshall ថ្លែងថាអង្គការ ILO នៅតែមានការបារម្ភលើរឿងពលកម្មកុមារនិងការរើសកុមារឲ្យធ្វើទាហានក្នុងកងទ័ពភូមា ដែលនៅតែបន្តមាន។ លោកថ្លែងថា មានឃើញសញ្ញានៃការចម្រើនខ្លះហើយ ក្នុងការចរចារកដំណោះស្រាយជាមួយយោធាភូមា។
«ក្នុងរឿងទាហានជាកុមារគឺ ពិតណាស់បាទ ជាទូទៅមានការប្រសើរជាងមុន ហើយជាឧទាហរណ៍ កាលពីឆ្នាំទៅ មានក្មេង៧៣នាក់ត្រូវបានយោធាដោះលែងជាផលដែលបានមកពីការតវ៉ាប្តឹងទៅ អង្គការ ILO»។
រដ្ឋាភិបាលយោធាថ្មីៗនេះ បានប្រកាសកម្មវិធីសេវាយោធាជាតិមួយសម្រាប់បុរសនិងស្រ្តីដែលនឹងចូលជាធរមានចាប់ពីឆ្នាំ ២០១២។
យោធានៅភូមាដែលមានការលំបាក ក្នុងការរើសអ្នកចូលទាហាន និងការលំបាកមកពីទាហានរត់ចោលជួរ បានប្រមើលមើលទៅការរើសទាហានតាមអ្នកសម្របសម្រួលយកកម្រៃជើងសារផ្តល់សេវាពលកម្ម។ លោក Marshall ថ្លែងថាសេវាជាតិរើសទាហានដែលរដ្ឋាភិបាលយោធាបានស្នើឡើងនោះ ត្រូវគេរំពឹងថានឹងមានឥទ្ធិពលផ្ទាល់ក្នុងការរើសកុមារឲ្យចូលទាហាន។
លោក Marshall ថ្លែងថា កុមារជាច្រើនត្រូវគេបញ្ឆោតទាក់ឲ្យចូលធ្វើការ មកពីភាពក្រីក្រពេលដែលឪពុកម្តាយគ្មានប្រាក់ឲ្យកូនទៅរៀន។
តែការចាប់បង្ខំមនុស្សឲ្យធ្វើការនៅតែជាបញ្ហាចម្បងមួយនៅភូមាដែលក្រុមអ្នកការពារសិទ្ធិមនុស្ស និយាយថាមនុស្សជាច្រើនភូមិត្រូវបង្ខំឲ្យទៅសង់ផ្លូវហើយនិងធ្វើការងារសម្រាប់យោធា ខណៈពេលជាមួយគ្នានោះដែរ អ្នកទោសជាប់គុគក៏ត្រូវរើសឲ្យចូលធ្វើការនៅក្នុងរោងចក្រក្នុងស្រុក។
ការវាយតម្លៃពីរឿងពលកម្មនៅភូមាត្រូវគេរំពឹងថានឹងធ្វើនៅខែកុម្ភៈខាងមុខ ពេលដែលគណៈប្រតិភូ អង្គការ ILO ដែលមានរួមទាំងក្រុមអ្នកឯកទេសពលកម្មផងនោះ នឹងធ្វើការវាយតម្លៃទៅលើការកែទម្រង់នានានិងទៅលើច្បាប់ពលកម្មថ្មី៕
ប្រែសម្រួលដោយ នៅ សារីម