ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​ចិន​ដែល​មាន​ខ្សែ​រយៈ បន្លំ​អត្តសញ្ញាណ​អ្នក​ដទៃ​ ដើម្បី​បាន​ចូល​រៀន​មហាវិទ្យាល័យ


រូបឯកសារ៖ ក្រុមអ្នកត្រួតពិនិត្យមើលវីដេអូអំឡុងពេលការប្រឡងកម្រិតឧត្តមសិក្សា នៅក្រុង Xian ខេត្ត Shaanxi ប្រទេសចិន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។

នាង Chunxiu Chen ដែល​ជា​កូនស្រី​របស់​កសិករ​ក្រីក្រ បាន​តាំងចិត្ត​រៀន​សូត្រ​ឲ្យ​ដល់​កម្រិត​ឧត្តមសិក្សា ដើម្បី​ជួយ​ឲ្យ​នាង​មាន​ជីវភាព​ប្រសើរ​ឡើង​នៅ​ក្នុង​សង្គម​ចិន។ នាង​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​នៅ​ក្នុង​ការ​ប្រឡង​ចូល​រៀន​មហាវិទ្យាល័យ ប៉ុន្តែ​ទោះ​ជា​នាង​ទទួល​បាន​លទ្ធផល​ល្អ​យ៉ាង​នេះ​ក្ដី ក៏​នាង​នៅ​តែ​មិន​អាច​ជាប់​ចូល​រៀន​នៅ​មហាវិទ្យាល័យ​បាន។

នៅ​ក្នុង​ឆ្នាំ​នេះ គឺ​ក្នុង​ពេល ១៦ ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​ប្រកប​ការងារ​ទទួល​បាន​ប្រាក់​កម្រៃ​ទាប​ជា​កម្មករ​រោងចក្រ ជា​អ្នក​រត់​តុ និង​ជា​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ ទីបំផុត​នាង​បាន​ដឹង​អំពី​មូលហេតុ​ដែល​នាង​មិន​អាច​ជាប់​ចូល​រៀន​មហាវិទ្យាល័យ​បាន។ អ្វី​ដែល​នាង​បាន​ឃើញ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ។

នាង​បាន​ដឹង​ថា សិស្ស​ម្នាក់​ទៀត​ដែល​មាន​ពិន្ទុ​ទាប​ជាង​នាង​ខ្លាំង ប៉ុន្តែ​មាន​ឪពុកម្ដាយ​ដែល​មាន​ខ្សែ​រយៈ​ច្រើន បាន​លួច​បន្លំ​អត្តសញ្ញាណ​របស់​នាង ដើម្បី​ចូលរៀន​នៅ​មហាវិទ្យាល័យ​មួយ​ក្នុង​ខេត្ត Shandong។ អ្នក​បន្លំ​អត្តសញ្ញាណ​របស់​នាង Chunxiu Chen បាន​ការងារ​ធ្វើ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន ហើយ​នៅតែ​បន្ដ​ប្រើ​អត្តសញ្ញាណ​របស់​នាង។

ករណី​នេះ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន រហូត​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​រដ្ឋាភិបាល​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​រក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ។

ចាប់​តាំង​ពី​រឿងរ៉ាវ​របស់​នាង Chen ត្រូវ​បាន​គេ​ដឹង​ឮ​ជា​សាធារណៈ​មក អ្នក​ផ្សេង​ទៀត​ក៏​បាន​ចេញ​មុខ​រាយការណ៍​អំពី​រឿងរ៉ាវ​របស់​ពួកគេ​ដែល​ស្រដៀង​គ្នា​នេះ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ផង​ដែរ។

លោក Hu Jia ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​ថ្លែង​ថា៖ «ករណី​សោកនាដកម្ម​ទាំងអស់​នេះ​ដែល​ត្រូវ​បាន​គេ​លាតត្រដាង​គឺ​ជា​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​នៃ​បញ្ហា​ទាំងមូល​តែ​ប៉ុណ្ណោះ។ ករណី​ភាគច្រើន​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​គេ​លាតត្រដាង​នៅ​ឡើយ​ទេ»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «ការ​ពិត​ទៅ តាមរយៈ​ការ​លាតត្រដាង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​យុគសម័យ​ទំនើប​ដែល​ប្រើប្រាស់​អ៊ីនធើណិត និង​ការ​យក​ចិត្តទុកដាក់​ពី​ពិភពលោក​ខាង​ក្រៅ មាន​តែ​ករណី​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​លាតត្រដាង។ ហើយ​ជនរងគ្រោះ​នៅ​ក្នុង​ករណី​ដែល​ត្រូវ​បាន​គេ​លាតត្រដាង​ទាំង​នោះ​គឺ​ជា​អ្នក​ដែល​មាន​សំណាង»។

របាយការណ៍​ស៊ើបអង្កេត​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​ពេល​ថ្មីៗ​នេះ​របស់​សារព័ត៌មាន Southern Metropolis Daily របស់​ចិន បាន​ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ​ចំនួន ១៤ នៅ​ក្នុង​ខេត្ត Shandong បាន​កំណត់​អត្តសញ្ញាណ​បុគ្គល​ចំនួន ២៤២ នាក់ ដែល​ត្រូវ​បាន​សង្ស័យ​ថា​បាន​ប្រើប្រាស់​ឈ្មោះ​របស់​បុគ្គល​ផ្សេង​ដើម្បី​បាន​ចូល​រៀន​ថ្នាក់​ឧត្តមសិក្សា​នៅ​ចន្លោះ​ឆ្នាំ ២០១៨ និង ២០១៩។

ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ​ចិន​បាន​ថ្លែង​ថា ទង្វើ​របៀប​នេះ​ឆ្លុះបញ្ចាំង​ពី​តថភាព​ជាក់ស្ដែង​ដែល​ទូលំទូលាយ​ជាង​នេះ​នៅ​ក្នុង​ប្រទេស​ចិន ដែល​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ត្រូវ​បាន​អ្នក​មាន​ទ្រព្យសម្បត្តិ​និង​មាន​អំណាច​កេងប្រវ័ញ្ច។

ការ​កេងប្រវ័ញ្ច​របៀប​នេះ​ច្រើន​កើតឡើង​នៅ​ពេល​ប្រឡង​ចូល​រៀន​មហាវិទ្យាល័យ ដែល​ជា​ពេល​ដែល​ផ្ដល់​ឱកាស​តែ​មួយ​គត់​សម្រាប់​សិស្ស​ក្រីក្រ​ក្នុង​ការ​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​នៅ​ក្នុង​សង្គម។ ប៉ុន្តែ​ការ​ប្រកួតប្រជែង​សម្រាប់​ចំនួន​មាន​កម្រិត​នេះ​មាន​ភាព​តានតឹង​ខ្លាំង។ អ្នក​ខ្លះ​ប្រដូច​ស្ថានភាព​នេះ​ទៅ​នឹង «ទាហាន​រាប់​ពាន់​នាក់​ដើរ​ឆ្លង​ស្ពាន​ដ៏​តូច​ចង្អៀត​មួយ»។

លោក Hu Jia បាន​ថ្លែង​ថា ការ​បន្លំ​អត្តសញ្ញាណ​ដូចនេះ​ច្រើន​កើតឡើង​នៅ​កន្លែង​ដែល​ការ​ប្រកួតប្រជែង​មាន​ភាព​តានតឹង​ខ្លាំង ដូចជា​នៅ​ក្នុង​ខេត្ត Shandong ខេត្ត Henan និង​ខេត្ត Sichuan ជា​ដើម ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា ជន​រងគ្រោះ​ភាគ​ច្រើន​គឺ​ជា​ស្ត្រី។

លោក Hu Jia បាន​លើកឡើង​ថា ឪពុកម្ដាយ​ដែល​មាន​អំណាច​នឹង​សូកប៉ាន់ ឬ​ឃុបឃិត​ជាមួយ​នឹង​មន្ត្រី​ទទួល​សិស្ស​ឲ្យ​ចូលរៀន​ដើម្បី​ជួយ​កូនៗ​របស់​ខ្លួន​ដែល​មាន​ពិន្ទុ​ទាប។ ការណ៍​នេះ​បាន​រុញច្រាន​សិស្ស​ដែល​មាន​ពិន្ទុ​ល្អ​ជាង «ឲ្យ​ធ្លាក់​ពី​ស្ពាន​ចូល​ក្នុង​ទឹក​ទន្លេ»។

លោក Hu Jia បាន​ថ្លែង​ទៀត​ថា នៅ​ពេល​ដែល​គេ​រកឃើញ​ការ​បន្លំ​របៀប​នេះ ក្រុម​គ្រួសារ​របស់​ជន​ក្លែង​បន្លំ​នឹង​តែងតែ​ប្រើ​លុយ ឬ​ខ្សែ​រយៈ​ក្នុង​សង្គម ដើម្បី​«ដោះស្រាយ​បញ្ហា​នេះ»។ ជាង​នេះ​ទៅ​ទៀត ក្រុម​គ្រួសារ​របស់​ជន​ក្លែងបន្លំ​ដែល​លួច​អត្តសញ្ញា​របស់​នាង Chen បាន​ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​លក្ខណៈ​ឯកជន ប៉ុន្តែ​នាង Chen បាន​ជួល​មេធាវី​ម្នាក់ និង​គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ។

លោក Hu Ping អ្នក​ធ្វើ​អត្ថាធិប្បាយ​អំពី​នយោបាយ​ចិន ដែល​រស់នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា ប្រព័ន្ធ​នៃ​ការ​ក្លែង​បន្លំ​ចូល​រៀន​មហាវិទ្យាល័យ​របៀប​នេះ​អាច​នឹង​មាន​បន្ដ​ទៅ​ទៀត ដោយសារ​តែ​អ្នក​ប្រព្រឹត្ត​ខុស​ប្រឈម​មុខ​តិចតួច​ប៉ុណ្ណោះ​ទៅ​នឹង​ការ​ទទួល​ទោស​ធ្ងន់ធ្ងរ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប្រព័ន្ធ​ប្រឡង​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ​នៅ​ក្នុង​ប្រទេស​ចិន គួរ​តែ​មាន​ការ​ដាក់​ទណ្ឌកម្ម​និង​ការ​ពិន័យ​ធ្ងន់ធ្ងរ​រួច​ជាស្រេច​ចំពោះ​ការ​លួច​បន្លំ​អត្តសញ្ញាណ ដោយសារ​តែ​វា​ប្រហែល​ជា​ឱកាស​តែ​មួយ​គត់​សម្រាប់​សិស្ស​រាប់​ម៉ឺន​នាក់​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ក្នុង​ការ​ផ្លាស់ប្ដូរ​ជោគ​វាសនា​របស់​ពួកគេ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «វា​ក៏​ឆ្លុះបញ្ចាំង​អំពី​កង្វះ​ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ចិន​ផ្ទាល់​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ជន​ក្លែង​បន្លំ​ងាយស្រួល​ក្នុង​ការ​ក្លែងបន្លំ​បាន។ លើស​ពី​នេះ​ទៅ​ទៀត ចិន​ក៏​មិនមាន​យន្ដការ​ទូលំទូលាយ​មួយ​សម្រាប់​តាមដាន​នោះ​ដែរ ដែល​នោះ​គឺ​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG