គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រាប់ឲ្យដឹងថា ខ្លួនរំពឹងថាការជម្លៀសជនជាតិស៊ីរីរាប់ពាន់នាក់ដែលកំពុងរង់ចាំចាកចេញពីទីក្រុង Aleppo ហើយនិងភូមិ២ទៀតដែលស្ថិតនៅក្រោមការកាន់កាប់របស់ពួកឧទ្ទាមនៅក្នុងខេត្ត Idlib នឹងបន្តពេញមួយថ្ងៃរហូតដល់យប់ ក៏ប៉ុន្តែ បានព្រមានថា អាកាសធាតុអាក្រក់ កំពុងធ្វើឲ្យយឺតយ៉ាវដល់ដំណើរការជម្លៀសនេះ។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) កំពុងជួយជម្លៀសមនុស្សនោះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សប្រហែល៣ម៉ឺន៤ពាន់នាក់បានចាកចេញពីទីក្រុង Aleppo ភាគខាងកើតដែលពួកឧទ្ទាមបានកាន់កាប់អស់រយៈពេល៤ឆ្នាំនៅក្នុងការខំប្រឹងប្រែងរបស់ពួកគេដើម្បីទម្លាក់ប្រធានាធិបតី Bashar Al-Assad ចេញពីតំណែង។ តួលេខនោះរួមមានពួកអ្នកប្រយុទ្ធ៤ពាន់នាក់ដែលបានចាកចេញរយៈពេលមួយយប់។
មនុស្សរាប់រយនាក់ទៀតបានចាកចេញពីភូមិ Foua និង Kefraya នៅក្នុងខេត្ត Idlip ដែលរដ្ឋាភិបាលនិយាយយ៉ាងទទូចថា ភូមិទាំងនេះក៏រួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងជម្លៀសផងដែរ។
លោកស្រីអ្នកនាំពាក្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ការធ្លាក់ទឹកកកយ៉ាងខ្លាំង ខ្យល់យ៉ាងខ្លាំងហើយនិងសីតុណ្ហភាពដ៏ត្រជាក់អាចជំរុញប្រតិបត្តិការនោះឲ្យអូសបន្លាយពេលវេលា។
លោក Staffan de Mistura បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរី បាននិយាយនៅក្នុងទីក្រុងហ្សឺណែវថា «ឥឡូវនេះ ជំហានបន្ទាប់គឺពិនិត្យមើលទីកន្លែងដែលមនុស្សទាំងនោះត្រូវជម្លៀសទៅហើយថា រដូវត្រជាក់នឹងមិនធ្វើឲ្យប៉ះពាល់ដល់ពួកគេ»៕