តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុង ឡាអេ (Hague) ត្រូវបានរំពឹងថានឹងចេញសេចក្តីសម្រេចក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី២៣ ដល់២៧ ខែមករា ថាតើរឿងក្តីរបស់ជនសង្ស័យចំនួន៦រូប ដែលត្រូវបានចោទប្រកាន់ពីបទញុះញុងឲ្យមានអំពើហិង្សាក្រោយការបោះឆ្នោតនៅប្រទេសកេនយ៉ា (Kenya) កាលពីឆ្នាំ២០០៧ ដល់២០០៨ នឹងត្រូវបន្តជំនុំជម្រះក្តីដែរឬទេ។ ការចោទប្រកាន់ទាំងនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើការបោះឆ្នោតនាពេលខាងមុខរបស់ប្រទេសនេះ។
ជនសង្ស័យពីរនាក់ក្នុងចំណោម៦នាក់ មានដូចជា លោក អ៊ូហ៊ូរុ កេនយ៉ាតតា (Uhuru Kenyatta) ឧបនាយករដ្ឋមន្រ្តី និងលោក វីលៀម រុតូ (William Ruto) អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រកាសថា អ្នកទាំងពីរ នឹងឈរឈ្មោះសម្រាប់ដំណែងប្រធានាធិបតី នៅក្នុងការបោះឆ្នោតនាពេលខាងមុខរបស់ កេនយ៉ា។ កាលបរិច្ឆេទពិតប្រាកដនៃការបោះឆ្នោតនេះ នៅមិនទាន់ច្បាស់នៅឡើយទេ។
លោក កេនយ៉ាតតា ដែលជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុផងដែរ និងលោក រុតូ ត្រូវបានចោទប្រកាន់ពីបទទទួលខុសត្រូវលើបទឧក្រិដ្ឋកម្ម ក្នុងនាមជាសហជនដៃដល់ដោយប្រយោល ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នៅក្នុងករណីរបស់លោក កេនយ៉ាតតា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមានការសម្លាប់ ការផ្ទេរមនុស្សដោយបង្ខំ ការរំលោភផ្លូវភេទ ការធ្វើទុក្ខបុកម្នេញ និងអំពើអមនុស្សធម៌ដទៃទៀត។ ចំណែកឯករណីរបស់ លោក រុតូ វិញ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមមាន ការសម្លាប់ ការបញ្ជូនប្រជាពលរដ្ឋដោយបង្ខំ និងការធ្វើទុក្ខបុកម្នេញ។
អ្នកទាំងពីរ ព្រមទាំងជនសង្ស័យចំនួន៤នាក់ទៀត នឹងដឹងអំពីជោគវាសនារបស់ខ្លួន នៅថ្ងៃទី២៣ ខែមករា នៅពេលដែលសវនាការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់ផ្តើម។
លោក ខេនណែត អាឃីដ (Kenneth Akide) ប្រធានអង្គការសង្គមច្បាប់របស់កេនយ៉ា (Law Society of Kenya) ថ្លែងប្រាប់វីអូអេថា ច្បាប់របស់ កេនយ៉ា អនុញ្ញាតឱ្យ លោក កេនយ៉ាតតា និងលោក រុតូ ប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ដោយបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានសន្មត់ថាគ្មានទោស ដរាបណាពួកគេត្រូវបានបង្ហាញថាមានទោស។ ប៉ុន្តែ លោក និយាយថា ព្រឹត្តិការណ៍ដែលធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តជាច្រើន បន្ទាប់ពីការបោះឆ្នោតកន្លងទៅ និងភាពឈឺចាប់ជាបន្តបន្ទាប់មកទៀត ហាក់ដូចជានៅថ្មីៗនៅឡើយ នៅក្នុងទឹកចិត្តរបស់ប្រជាពលរដ្ឋជាច្រើន។
លោក មានប្រសាសន៍ថា៖ «អ្នកអាចស្រមៃមើលអំពីបេក្ខជន ដែលមានសាវតារបែបនេះ ព្យាយាមឈរឈ្មោះសម្រាប់ដំណែងប្រធានាធិបតី។ ទោះបីជាគ្មានការផ្តន្ទាទោសពីតុលាការ ICC ហើយទោះបីជាយើងកំពុងរង់ចាំឱ្យតុលាការ ICC ធ្វើការកាត់សេចក្តីក៏ដោយ ពួកគេប្រឈមមុខនឹងភារកិច្ចការដ៏លំបាកមួយ ក្នុងការបញ្ចុះបញ្ចូលក្រុមអ្នកបោះឆ្នោត។ ប្រសិនបើអ្នកឈរឈ្មោះសម្រាប់ដំណែងប្រធានាធិបតី ហើយអ្នកត្រូវចំណាយពេលវេលាធ្វើដំណើរទៅកាន់ទីក្រុង ឡាអេ ដើម្បីបង្ហាញពីការការពារខ្លួន ហើយរឿងរ៉ាវទាំងអស់នេះនឹងត្រូវបានរាយការណ៍យ៉ាងដិតដល់ រឿងនោះពិតជាបង្កើតឲ្យមានពេលវេលាយ៉ាងលំបាកមួយ។»
លោក និយាយថា លោកគិតថា អ្នកបោះឆ្នោតភាគច្រើននឹងសន្មត់ថា ប្រហែលជាមានរឿងរ៉ាវខ្លះៗ ទាក់ទងនឹងបទចោទប្រកាន់ទាំងនេះ ហើយថា សាធារណជននឹងសន្មត់ជាមុនអំពីទោស រហូតដល់ភាពគ្មានកំហុស ត្រូវបានបង្ហាញ ប្រសិនបើតុលាការ ICC លើកយកករណីនេះទៅជំនុំជម្រះ។
ប៉ុន្តែ លោក វិកទ័រ រ៉ាតេង (Victor Rateng) ប្រធានគម្រោងសម្រាប់ការស្ទាបស្ទង់មតិសាធារណៈ នៅឯក្រុមហ៊ុនស្ទាបស្ទង់មតិការបោះឆ្នោត Ipsos-Synovate មិនយល់ស្របជាមួយមតិខាងលើនេះឡើយ។ លោក និយាយថា នៅក្នុងការស្ទាបស្ទង់មិតកាលពីខែកក្កដា ឆ្នាំ២០១១ មានតែប្រជាពលរដ្ឋចំនួន៥៦ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមប្រជាពលរដ្ឋ កេនយ៉ា ដែលត្រូវបានស្ទាបស្ទង់មិតិ បានគាំទ្រដំណើរការរបស់តុលាការ ICC។
លោក រ៉ាតេង មានប្រសាសន៍ថា ការគាំទ្រនេះមានកម្រិតទាបយ៉ាងខ្លាំង នៅក្នុងខេត្តភាគកណ្តាល ដែលជាទឹកដីកំណើតរបស់លោក កេនយ៉ាតតា និងតំបន់ជ្រលងភ្នំរីហ្ស (Rift Valley) ដែលជាមណ្ឌលបោះឆ្នោតរបស់លោក រុតូ។
លោក រ៉ាតេង និយាយថា ប្រសិនបើ តុលាការ ICC មិនយកករណីទាំងនេះទៅជំនុំជម្រះទេនោះ លោក កេនយ៉ាតតា និងលោក រុតូ អាចប្រើប្រាស់រឿងក្តីនេះដើម្បីបង្កើនប្រជាប្រិយភាពនិងភាពជឿជាក់នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់ពួកគេ។
ប៉ុន្តែ លោកនិយាយថា ប្រសិនបើការកាត់សេចក្តីត្រូវដំណើរការ អ្នកទាំងនោះមិនចាញ់ទេ។ លោកសម្គាល់ឃើញអំពីរបៀបដែលលោក កេនយ៉ាតតា និងលោក រុតូ បានប្រាប់ក្រុមអ្នកគាំទ្ររបស់ពួកគេថា តុលាការ ICC មានលក្ខណៈ«នយោបាយ»និងក្លែងក្លាយតែប៉ុណ្ណោះ។
លោក ថ្លែងថា៖ «នោះជាចំណុចគន្លឹះមួយ ដែលពួកគេធ្លាប់ធ្វើយុទ្ធនាការប្រឆាំងទៅនឹងគូបដិបក្ខនយោបាយរបស់ពួកគេ ហើយនិយាយថា «បាទ! ត្រឹមត្រូវហើយ» មានការសមគំនិតគ្នារវាងគូបដិបក្ខរបស់យើងជាមួយតុលាការ ICC ដើម្បីនាំពួកយើងទៅកាត់ទោស។ ដូច្នេះ ពួកគេអាចដណ្តើមដំណែងប្រធានាធិបតីនៅឆ្នាំ២០១២។»
លោក ចច វៃណៃណា (George Wainaina) ប្រធានក្រុមប្រឹក្សាជាតិនៃអង្គការមិនមែនរដ្ឋាភិបាល (National Council of Non-Governmental Organizations) និយាយថា លោកគិតថា អ្នកភូមិជាមធ្យមនៅតំបន់ភាគកណ្តាលនៃប្រទេស កេនយ៉ា និងតំបន់ជ្រលងភ្នំ Rift Valley មានអារម្មណ៍ថា បេក្ខជនរបស់ពួកគេ ត្រូវបានធ្វើឱ្យក្លាយទៅជាជនរងគ្រោះពីសំណាក់គូប្រជែង តាមរយៈដំណើរការរបស់តុលាការ ICC ហើយថា បេក្ខជនទាំងនេះ បានក្រោកឈរឡើង ដើម្បីការពារក្រុមជាតិពន្ធុរបស់ពួកគេ ក្នុងកំឡុងពេលមានអំពើហិង្សា។
លោក វៃណៃណា គូសបញ្ជាក់ថា៖ «សម្រាប់ប្រជាពលរដ្ឋ ពួកគេប្រហែលជាគាំទ្រមនុស្សដែលស្ថិតនៅក្នុងការចោទប្រកាន់របស់តុលាការ ICC ជាជាងបោះឆ្នោតឱ្យអ្នកផ្សេង។ សូមមើលទៅមនុស្សម្នាក់នៅក្នុងភូមិ ដែលត្រូវបានប្រាប់ថា «ជនជាតិពន្ធុគីគូយុស (Kikuyus) បានដណ្តើមយកដីរបស់អ្នក» និងដែលត្រូវបានប្រាប់ទៀតថា «ជនជាតិពន្ធុកាលែនជីន (Kalenjins) បានសម្លាប់ប្រជាពលរដ្ឋរបស់អ្នក។»
លោក វៃណៃណា និយាយថា លោកគិតថា ការចោទប្រកាន់នៅឯតុលាការ ICC និងការជំនុំជម្រះជាយថាហេតុ ជាការទប់ស្កាត់ដល់ជនទាំងឡាយណា ដែលចង់អនុវត្តសារជាថ្មីទៀតនូវអ្វីដែលបានកើតឡើង នៅក្នុងការបោះឆ្នោតកាលពីមុន។
ប្រទេស កេនយ៉ា បានផ្ទុះឡើងអំពើហិង្សាផ្នែកជាតិពន្ធុ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ពោរពេញដោយជម្លោះយ៉ាងជូចត់កាលពីឆ្នាំ២០០៧។ ប្រជាពលរដ្ឋជាង៣សែននាក់ ត្រូវបាត់បង់ទីជម្រក នៅក្នុងអំពើហិង្សានោះ ហើយប្រជាពលរដ្ឋប្រមាណ ១ពាន់ ៣០០នាក់ផ្សេងទៀត ត្រូវបានសម្លាប់។
ដោយមានជំនួយពី លោក កូហ្វី អាន់ណាន់ (Kofi Annan) អ្នកសម្រុះសម្រួល និងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អ៊ឹមវៃ គីបាគី (Mwai Kibaki) និង លោក រ៉ាលៀ អូឌីងហ្គា (Ralia Odinga) គូរប្រជែងសម្រាប់ដំណែងប្រធានាធិបតី បានបង្កើតរដ្ឋាភិបាលចែករំលែកអំណាចមួយ ដែលបានធ្វើការរួមគ្នា ទោះបីជាមានតានតឹងកើតឡើងជាបន្តបន្ទាប់ក៏ដោយ។ លោក អូឌីងហ្គា ដែលឥឡូវនេះជានាយករដ្ឋមន្ត្រី បានប្រកាសថា លោក នឹងឈរឈ្មោះសម្រាប់ដំណែងប្រធានាធិបតី នៅក្នុងការបោះឆ្នោតនាពេលខាងមុខ៕
ប្រែសម្រួលដោយ ឌី ខាំបូលី