ក្រុមតំណាងមកពីតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កំពុងស្ថិតនៅក្នុងប្រទេស Kenya កាលពីថ្ងៃច័ន្ទ ដើម្បីស្វែងរកចម្លើយអំពីការប្ដេជ្ញាចិត្ដរកយុត្ដិធម៌របស់ប្រទេសនោះ សម្រាប់ជនរងគ្រោះនៃអំពើឃោរឃៅកើតមានឡើងនៅពេលក្រោយការបោះឆ្នោត ពី ឆ្នាំ ២០០៧ ដល់ ២០០៨ ។ លោក MichaelOnyiego រាយការណ៍សម្រាប់ វីអូអេ ពី ទីក្រុង Nairobi។
នៅឯតុលាការឧក្រិដ្ឋកម្មអន្ដរជាតិក្នុងទីក្រុង ឡាអេ ករណីប្រឆាំងជនជាតិ Kenya ៦ នាក់ ដែលបានត្រូវមន្ទិលសង្ស័យ ថាបានរៀបចំផែនការ និងចំណាយលុយដើម្បីប្រព្រិត្ដអំពើឃោរឃៅនៅពេលក្រោយការបោះឆ្នោត ហាក់ដូចជាជួបប្រទះនឹងបញ្ហា។ ដោយប្រឆាំងនឹងការជំទាស់ របស់លោក ចៅក្រមបានចេញបញ្ជាឲ្យ រដ្ឋអាជ្ញា លោក Luis Moreno Ocampo លាតត្រដាងបង្ហាញភ័ស្ដុតាងគន្លឹះ និង សាក្សីជូនជនសង្ស័យ ។
រដ្ឋាភិបាលKenya ក៏មានចម្ងល់ មកលើ ការទទួលស្គាល់ករណីផងដែរ ដោយបានចង្អុលបង្ហាញកិច្ចប្រឹងប្រែងតំបន់ ពាក់ព័ន្ធនឹងជនសង្ស័យ។
នៅថ្ងៃអាទិត្យ លោក Moreno Ocampo បានបកឆ្លើយ វិញភ្លាមប្រាប់រដ្ឋាភិបាលkenya ដោយលោកបានសំដែងការមន្ទិលសង្ស័យរបស់លោក មកលើ សេចក្ដីប្ដេជ្ញាចិត្ដរបស់ប្រទេស Kenya ក្នុងការស៊ើបអង្កេតឲ្យបានត្រឹមត្រូវមកលើអំពើឃោរឃៅ។
«នៅថ្ងៃច័ន្ទ ក្រុមមួយចេញពីការិយាល័យរបស់ខ្ញុំ នឹងទៅប្រទេសKenya ដើម្បីសន្ទនា ជាមួយអាជ្ញាធរKenya អំពីកិច្ចការការពារសុវត្ថភាពសាក្សី ។ យើងនឹងធ្វើការវាស់វែង មិនត្រឹមតែទៅលើកម្មវិធីការពារសុវត្ថភាពសម្រាប់សាក្សី បុណ្ណោះទេ តែ យើងចង់ដឹងដែរអំពីគោលជំហររបស់រដ្ឋាភិបាលKenya ពាក់ព័ន្ធនឹងអំពើឃោរឃៅ នៅពេលក្រោយការបោះឆ្នោត។»
នៅក្នុងសេចក្ដីថ្លែងការថតផ្សាយ រដ្ឋអាជ្ញាបានចោទរដ្ឋាភិបាលថា បានប៉ុនប៉ងបំផ្លាញការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្ម។ ទាំងប្រធានាធិបតី Mwai Kibaki និងនាយករដ្ឋមន្ដ្រី Raila Odinga អ្នកទាំងពីរ នៅអតីតកាល បានសំដែងការប្ដេជ្ញាចំពោះ ដំណើរការតុលាការ តែ លោក Ocampo ថ្លែងថាគោលជំហររបស់រដ្ឋាភិបាលបានប្រែប្រួល ចាប់តាំងពីមានសេចក្ដីប្រកាសបង្ហាញជនសង្ស័យ ៦ នាក់នោះមកកាលពីខែធ្នូ។
នៅដើមឆ្នាំនេះ ប្រទេសkenya ខិតខំដាក់ឧបសគ្គ ដល់ករណី តាមរយៈកិច្ចខិតខំ ការទូតនៅក្នុងសហភាពអាហ្រ្វីក និងនៅក្នុង ក្រុមប្រឹក្សាសន្ដិសុខ អសប ។ លោក Ocampo បានគូសបញ្ជាក់កិច្ចប្រឹងប្រែងទាំងនោះ ថាភ័ស្ដុតាងបង្ហាញការមិនយកចិត្ដទុកដាក់ចំពោះជនរងគ្រោះនៃអំពើឃោរឃៅ។
«សំណួររបស់យើងដល់រដ្ឋាភិបាលKenya គឺ៖ តើរដ្ឋាភិបាលKenya ចង់បានយុត្ដិធម៌ជូនជនរងគ្រោះនៅក្នុងប្រទេសKenya ឬទេ? យើងចង់បានចម្លើយច្បាស់លាស់ ដែលជាចម្លើយដែលពលរដ្ឋ kenya និង ពិភពលោកយល់ដឹង។ តើរដ្ឋាភិបាលKenya ការពារសុវត្ថភាពសាក្សី ឬ ការពារជនសង្ស័យ ពីការស៊ើបអង្កេតនោះ? នេះ ជាសំណួរ។»
រដ្ឋាភិបាល kenya បានបដិសេធភ្លាមៗចំពោះ ការចោទប្រកាន់អំពីការដាក់ឧបសគ្គមកលើការស៊ើបអង្កេតរបស់តុលាការអន្ដរជាតិ។ អ្នកនាំពាក្យរដ្ឋាភិបាល បណ្ឌិត Alfred Mutua បានហៅការចោទប្រកាន់របស់លោក Moreno Ocampo ថា ជាការចោទប្រកាន់ “ផ្ដេសផ្ដាស” ហើយបានអញ្ជើញលោក ឲ្យបង្ហាញភ័ស្ដុតាងអំពីអំពើខុសច្បាប់ណាមួយ ប្រាប់ចៅក្រមតុលាការ នៃទីក្រុង ឡាអេ ។
មន្ដ្រីតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កំពុងពិនិត្យមើលភាពសមស្របនៃកម្មវិធីការពារសុវត្ថភាពសាក្សី របស់ប្រទេស Kenya ។ ក្នុងពេលជាមួយគ្នាដែរ សេចក្ដីព្រៀងច្បាប់អំពីការការពារសុវត្ថភាពសាក្សី បានត្រូវអនុម័ត នៅក្នុងឆ្នាំ ២០១០ តែ កម្មវិធីនោះ នៅពុំទាន់មាន ថវិកានៅឡើយទេ។
ប្រែសម្រួលដោយ អ៊ូ ធួក