លោក Le Minh Tuan តែងសម្រាកនៅលើគ្រែកូនប្រុសរបស់លោកជារៀងរាល់យប់ ចាប់តាំងពីពេលដែលកូនប្រុសរបស់លោក បានស្លាប់ដោយសារថប់ដង្ហើមនៅក្នុងរថយន្តដឹកទំនិញធុនធ្ងន់មួយនៅប្រទេសអង់គ្លេស ជាមួយជនចំណាកស្រុកវៀតណាមមួយចំនួនទៀត កាលពីឆ្នាំមុន។ បុរសបួននាក់កំពុងជាប់សវនាការនៅក្រុងឡុងដ៍ ពាក់ព័ន្ធនឹងការស្លាប់បុរស និងស្រ្តីជនជាតិវៀតណាមចំនួន ៣៩នាក់ ដោយប្រឈមនឹងបទចោទប្រកាន់ផ្សេងៗ រួមមាន បទមនុស្សឃាតដោយអចេតនា និងឃុបឃិតលួចនាំមនុស្សឆ្លងដែន។
ប៉ុន្តែដូចគ្រួសារដែលកំពុងជួបទុក្ខផ្សេងទៀតដែរ លោក Tuan មិនបានគិតថា បុរសទាំងនោះ ជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះសោកនាដកម្មមួយនេះនោះទេ។ លោក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ពីផ្ទះរបស់លោកនៅខេត្ត Nghe An ដោយស្រក់ទឹកភ្នែកបណ្តើរថា៖ «ខ្ញុំមិនបន្ទោសនរណាម្នាក់ទេ»។
លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំអាចទៅប្រទេសអង់គ្លេសដើម្បីចូលរួមសវនាការ និងអុជធូបនៅកន្លែងដែលពួកគេ បានរកឃើញសាកសពកូនប្រុសរបស់ខ្ញុំ»។
កូនប្រុសរបស់លោកឈ្មោះ Le Van Ha អាយុ ៣០ឆ្នាំ បានបង់ប្រាក់ឲ្យក្រុមលួចនាំមនុស្សឆ្លងដែនដើម្បីនាំខ្លួនពីប្រទេសវៀតណាមទៅអឺរ៉ុប ដោយធ្វើដំណើរពីប្រទេសតួកគីទៅកាន់ប្រទេសក្រិក ហើយបន្តទៅប្រទេសបារាំង មុនទៅដល់ប្រទេសអង់គ្លេស ដែលជាគោលដៅចុងក្រោយ ដើម្បីស្វែងរកជីវភាពប្រសើរជាងមុន។
Ha ជាកសិករធ្វើស្រែ មានក្តីស្រមៃចង់ក្លាយជាមន្រ្តីប៉ូលិសម្នាក់ ប៉ុន្តែមិនបានសម្រេចដូចបំណងនោះទេ។ ហើយ Ha បានចាកចេញពីប្រពន្ធ និងកូនតូចៗពីរនាក់ ធ្វើដំណើរដោយលួចលាក់ទៅកាន់ប្រទេសអង់គ្លេសកាលពីឆ្នាំមុន។
សាកសពរបស់ Ha ត្រូវបានគេរកឃើញកាលពីថ្ងៃទី២៣ ខែតុលា នៅក្រុង Essex ភាគអាគ្នេយ៍ប្រទេសអង់គ្លេស ក្នុងកុងតឺន័រដ៏ក្តៅ និងងងឹតនៃរថយន្តដឹកទំនិញធុនធ្ងន់មួយ ដែលត្រូវបានបិទជិតអស់រយៈពេលយ៉ាងហោចណាស់ ១២ម៉ោង។
នៅក្នុងចំណោមអ្នកស្លាប់ដទៃទៀតរួមមានយុវជនចំនួន ១០នាក់ ដែលក្នុងនោះ មានក្មេងប្រុសអាយុ ១៥ឆ្នាំពីរនាក់ និងយុវជន Nguyen Dinh Luong វ័យ២០ឆ្នាំ ដែលព្យាយាមហៅទូរសព្ទទៅកាន់ក្រុមសង្រ្គោះបន្ទាន់ នៅពេលពួកគេចាប់ផ្តើមស្ទះខ្យល់។
រយៈពេលជិតមួយឆ្នាំចាប់តាំងពីសោកនាដកម្មនោះ ក្រុមរាជអាជ្ញានិយាយថា ក្រុមជនលួចនាំមនុស្សឆ្លងដែនខុសច្បាប់ ចំនួនបួននាក់ ព្យាយាមដឹកជនចំណាកស្រុក ដែលត្រូវជិះជាពីររថយន្តធុនធ្ងន់ តែបានដាក់ពួកគេក្នុងតែរថយន្តធុនធ្ងន់តែមួយ ដើម្បីគេចពីការស្ទាក់ចាប់ដោយប៉ូលិស។
ប៉ុន្តែ ដូចលោក Tuan ដែរ ឪពុកម្តាយរបស់ Luong មិនបានចងកំហឹងនឹងពួកជនដែលត្រូវបានចោទប្រកាន់ទាំងនោះទេ។
លោក Nguyen Van Gia ឪពុករបស់ Luong បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «ជនទាំងនោះមិនមានចេតនាឲ្យពួកគេស្លាប់នោះទេ»។
នៅផ្ទះរបស់លោកក្នុងខេត្ត Ha Tinh ជាប់ខេត្ត Nghe An លោក Gia និងភរិយា បានបង្ហាញធ្នើអសនៈមួយដែលមានដាក់រូបកូនប្រុសវ័យក្មេងរបស់ពួកគេ។
Luong គឺជាកូនប្រុសម្នាក់នៅក្នុងចំណោមកូនចំនួនប្រាំបីនាក់ ដែលបានទៅធ្វើការ និងរស់នៅប្រទេសបារាំង ចាប់តាំងពីឆ្នាំ ២០១៨មក មុនពេលលួចធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីស្វែងរកឱកាសប្រសើរជាងនេះ។
លោក Gia បាននិយាយថា៖ «គ្មាននរណាម្នាក់បង្ខំឲ្យគាត់ទៅនោះទេ។ គាត់គ្រាន់តែជួបសំណាងអាក្រក់ប៉ុណ្ណោះ»។
ដូចអ្នកដទៃទៀតមកពីខេត្តក្រីក្រនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម បុរសវ័យក្មេងទាំងនោះ ត្រូវបានឈ្មួញបញ្ចុះបញ្ចូលឲ្យធ្វើដំណើរទៅក្រៅប្រទេសដោយខុសច្បាប់ និងប្រកបដោយគ្រោះថ្នាក់។
ជាញឹកញយ បុរស និងស្រ្តីវ័យក្មេងនៅវៀតណាម បានចំណាយប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីគេចចេញពីការធ្វើស្រែ ហើយតាមចាប់ក្តីស្រមៃថា នឹងអាចស្វែងរកភាពមានបាននៅក្រៅប្រទេស។
ប៉ុន្តែ មួយចំនួននៃពួកគេ នៅទីបំផុត បានត្រឹមតែទៅធ្វើការដោយខុសច្បាប់នៅតាមហាងធ្វើក្រចក ឬកសិដ្ឋានដំណាំកញ្ឆានៅប្រទេសអង់គ្លេស ដោយជាប់បំណុលយ៉ាងច្រើន និងងាយរងការកេងប្រវ័ញ្ច។
យ៉ាងណាក្តី ជនចំណាកស្រុកភាគច្រើនមិនបានគិតថា ខ្លួនជាជនរគ្រោះនោះទេ ពីព្រោះពួកគេជាអ្នកសម្រេចចិត្តចាកចេញ។ នេះបើយោងទៅតាមនាង Le Thi Hong Luong នៃអង្គការសប្បុរធម៌ Blue Dragon នៅវៀតណាម ដែលផ្តោតលើការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
Le Thi Hong Luong បាននិយាយថា សោកនាដកម្មកាលពីឆ្នាំមុនមិនបានធ្វើឲ្យថមថយការចាប់អារម្មណ៍ធ្វើដំណើរដោយលួចលាក់ទៅក្រៅប្រទេសនោះទេ។ នាងបន្ថែមថា មនុស្សជាច្រើនទៀតនឹងព្យាយាមធ្វើដំណើរដូចនេះ នៅពេលដែលការរាតត្បាតជំងឺកូវីដ១៩ បានបញ្ចប់ ហើយព្រំដែនបើកឡើងវិញ។ នាងបាននិយាយថា៖ «នៅតែមានមនុស្សច្រើនទៀតចង់ទៅ អ៊ីចឹង»។
មានផលប្រយោជន៍ច្រើនសម្រាប់ពួកគេគឺ លទ្ធភាពសង់ផ្ទះធំៗ និងទិញឡានជិះនៅខេត្តរបស់ពួកគេ ពីប្រាក់ដែលរកបានដោយជនចំណាកស្រុកវៀតណាមធ្វើការនៅក្រៅប្រទេស។ ប៉ុន្តែនេះ គឺជារឿងកម្រមួយ ដែលយុវជនវ័យក្មេងមានសង្ឃឹមខ្ពស់ គិតថាជារឿងកើតមានជាទូទៅ។
នាងបានបន្តថា៖ «ពលរដ្ឋនៅវៀតណាមគ្រាន់តែគិតថា អ្នកដែលបានស្លាប់នោះគឺជា អ្នកជួបសំណាងអាក្រក់ប៉ុណ្ណោះ ប៉ុន្តែ ពួកគេវិញ នឹងមិនជួបរឿងអ៊ីចឹងទេ។ ពួកគេនឹងមានសំណាងល្អ»។
«ខ្ញុំនឹកកូនខ្លាំងណាស់»
Ha ដែលជាកូនរបស់លោក Tuan ជាប់បំណុលច្រើនរួចទៅហើយ មុនពេលចាកចេញទៅប្រទេសអង់គ្លេស។ Ha បានបង់ប្រាក់ចំនួន ៨ពាន់ ៥រយដុល្លារ ដើម្បីសង់ផ្ទះពីលើប្រាក់ចំនួន ៣ម៉ឺនដុល្លារ ដែលខ្លួនបានបង់ឲ្យក្រុមលួចនាំមនុស្សឆ្លងដែន ហើយគ្រួសាររបស់លោកសង្ឃឹមថា Ha នឹងរកការងារបានប្រាក់ខែគួរសមមួយនៅប្រទេសអង់គ្លេស។ ឥឡូវនេះ ពួកគេកំពុងជួបប្រទះការលំបាកផ្នែកជីវភាពកាន់តែខ្លាំង។
លោក Tuan បាននិយាយថា៖ «យើងកំពុងជួបបញ្ហាលុយកាក់» ដោយលោកបានពន្យល់ថា បំណុលរបស់គ្រួសារលោក កាន់តែកើនឡើង បន្ទាប់ពីរដ្ឋាភិបាលបានឲ្យលោកខ្ចីប្រាក់ជិត ៣ពាន់ដុល្លារ ដើម្បីដឹកសាកសព Ha មកកាន់ស្រុកកំណើតវិញ។
ដូចមនុស្សដទៃទៀត ពលរដ្ឋវៀតណាមជឿថា វាជារឿងអព្វមង្គលមួយនៅក្នុងការទិញរបស់របរពីគ្រួសារដែលសាច់ញ្ញាតិទើបតែបានស្លាប់នាពេលថ្មីៗ ជាពិសេសនៅពេលដែលសាច់ញ្ញាតិនោះនៅវ័យក្មេង ឬបានស្លាប់នៅក្នុងគ្រោះថ្នាក់ណាមួយ ហើយការណ៍នេះកាន់តែធ្វើឲ្យជីវភាពរបស់លោក Tuan កាន់តែលំបាក។
លោក Tuan មានជំនាញជាជាងឈើម្នាក់ ប៉ុន្តែអ្នកជិតខាងរបស់លោកមិនបានបញ្ជាទិញអ្វីពីលោកនោះទេ។
លោក Tuan បាននិយាយថា៖ «រឿងនេះនឹងអូសបន្លាយរយៈពេលយ៉ាងហោចណាស់ពីរឆ្នាំ ហើយនេះមានន័យថា ខ្ញុំមិនអាចធ្វើអ្វីដើម្បីរកលុយបានទេ»។
ការឈឺចាប់ដោយសារបាត់បង់កូនប្រុស និងផលវិបាកទាំងនេះ គឺសឹងតែមិនអាចទ្រាំទ្របានចំពោះលោក Tuan។
លោក Tuan សារភាពថា៖ «ខ្ញុំមិនដឹងថា នឹងដើរទៅមុខយ៉ាងដូចម្តេចទេ។ ខ្ញុំនឹកកូនខ្លាំងណាស់»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា