ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​​ហុងហ្គារី​ បាន​ដាក់​ចេញ​យុទ្ធ​សាស្រ្ត​ ខណៈ​ពេល​ដែល​ខ្លួន​​ជា​ប្រធាន​របស់​សហ​ភាព​អឺរ៉ុប


លោក ​Janos Martonyi ​រដ្ឋមន្ត្រី​​​ការ​បរទេស​​ហុងហ្ក្រី​កោត​សរសើរ​​កម្មវិធី​​ប្រទេស​​ហុងហ្គ្រី​ជា​ប្រធាន​សហគមន៍​អឹរ៉ុប។
លោក ​Janos Martonyi ​រដ្ឋមន្ត្រី​​​ការ​បរទេស​​ហុងហ្ក្រី​កោត​សរសើរ​​កម្មវិធី​​ប្រទេស​​ហុងហ្គ្រី​ជា​ប្រធាន​សហគមន៍​អឹរ៉ុប។

ទីក្រុង​ប៊ុយដាប៉េស៖ ប្រទេស​ ហុងហ្គារី បាន​ទទួល​កាន់​តំណែង​ជា​ប្រធាន​ប្តូរ​វេន​របស់​សហ​ភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១​ខែ​មករា​ ដោយ​បាន​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេច​ក្តី​ថ្កុំ​ថ្កើងរបស់​ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់​ហើយ​នឹង​បន្ត​ពង្រីក​សហ​ភាព​នេះ​បន្ថែម​ទៀត។ ប្រធាន​ក្រុម​ប្រឹក្សា​សហ​ភាព​អឺរ៉ុប លោក ហឺមែន វ៉ាន់ រ៉ុមពុយ (Herman Van Rompuy) ​រំពឹង​ថា​ការចរចា​ស្តី​អំពី​សមាជិក​ភាព​ជា​មួយ​ប្រទេស​ទួរគី នឹង​ជឿន​លឿន​ទៅ​មុខ​នៅ​ក្រោម​អធិបតី​ភាព​របស់​ប្រទេស​ហុងហ្គារី។

ទន្លេ​ដានូប (Danube) មិនត្រឹម​តែ​ហូរ​កាត់​រដ្ឋធានី​ប៊ុយដាប៉េស (Budapest) ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ហូរ​កាត់​រដ្ឋ​ធានី​នៃ​ប្រទេស​ចំនួន​បីទៀត​គឺ​ច្រើន​ជាង​ទន្លេ​ផ្សេងៗ​នៅ​លើ​ពិភព​លោក។

ឥឡូវ​នេះ​ ប្រទេស​ ហុងហ្គារី​ដែល​កាន់​កាប់​តំណែង​ជា​ប្រធាន​សហ​ភាព​អឺរ៉ុប​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ​ចង់​ឱ្យ​លុយ​ហូរ​កាត់​ប្រទេស​ចំនួន​១៤​ ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​ទន្លេ​នេះ។

យុទ្ធ​សាស្រ្ត​ដានូប (Danube Strategy) មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​របស់​ប្រជា​ពលរដ្ឋជាង​115​លាន​នាក់​ដែល​រស់​នៅ​ក្បែរ​ផ្លូវ​ទឹក​ដ៏​ធំ​មួយនេះនៃ​ទ្វីប​អឺរ៉ុប​ដែល​ជាជម្រក​នៃ​តំបន់​ក្រី​ក្រ​បំផុត​ក្នុង​ទ្វីបអឺរ៉ុប​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ប៊ុល​ហ្គារី និង​ប្រទេស​រ៉ូម៉ានី។ ប៉ុន្តែ​ វាក៏​ជា​ជម្រក​នៃ​តំបន់​ដែល​មាន​ជាង​គេ​បំផុត​ផង​ដែរ​ ដូច​ជា​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​អូទ្រីស។

យុទ្ធ​សាស្រ្តនេះ​ដែល​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​សហ​ភាព​អឺរ៉ុប​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​ទំនើប​កម្ម​ផ្លូវ​ថ្នល់​ ផ្លូវ​រថ​ភ្លើង​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ទឹក ការ​ទាក់​ទាញ​ទេសចរ​បន្ថែម​ទៀត ការ​បង្កើត​ទី​ផ្សា​រថាមពល​ក្នុង​តំបន់​ និង​ការ​ពង្រឹង​សន្តិ​សុខ​ឡើង​វិញ ដែល​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ នឹង​ធ្វើ​ការ​ការ​ពារ​បរិស្ថាន។

ក្រៅ​ពី​យុទ្ធ​សាស្រ្ត​ដានូប ប្រទេស​ ហុងហ្គារី ក្នុង​ឋានៈ​ជា​ប្រធាន​សហ​ភាព​អឺរ៉ុប​ក៏​នឹង​ត្រូវ​ទទួល​រ៉ាប់​រង​ទៅលើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​អនុម័ត​ច្បាប់​សារពើ​ពន្ធ​ថ្មី​ដើម្បី​ការ​ពារ​កុំ​ឱ្យ​មាន​ការ​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​នូវ​វិបត្តិ​សេដ្ឋ​កិច្ច​នា​ពេល​ចប្ចុប្បន្ននៅ​ក្នុង​សហភាព​និង​នៅ​ក្នុងប្រទេស​ដែល​បាន​អនុម័ត​ទទួល​យក​រូបិយ​ប័ណ្ណអឺរ៉ុប​តែ​មួយ​ឬ​ហៅ​ថា«តំបន់​អឺរ៉ូ»។

ប៉ុន្តែ រដ្ឋាភិ​បាល​ ហុងហ្គារី ដែល​មាន​ទំនោរ​ទៅ​រក​និន្នាការ​អភិ​រក្ស​និយម មាន​ការ​ខ្វល់​ខ្វាយ​ថា ផែន​ការ​ប្រកប​ដោយ​មហិច្ឆតា​ទាំង​នេះ​មិន​អាច​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​បាន​ទេ​ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​មិន​ផ្លាស់​ប្តូរ​ទំនោរ​របស់​ខ្លួន​ ដែល​ជា​ទ្វី​ប​មួយ​មានប្រជា​ពលរដ្ឋ​វ័យ​ចំណាស់​ច្រើន។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស ហ្សាណូស ម៉ាតុនយី (Janos Martonyi) និយាយ​ថា ទ្វី​ប​អឺរ៉ុប​ត្រូវ​ការ​ក្មេងៗ​បន្ថែម​ទៀត​ហើយ​ពន្យល់​ថា​ប្រទេស​ហុង​ហ្គារី​ចង់​ប្រើ​ប្រាស់​ឋានៈ​របស់​ខ្លួន​ក្នុង​នា​ម​ជា​ប្រធាន​សហ​ភាព​អឺរ៉ុប ដើម្បី​ដាក់​បញ្ចូល​ការ​ពិភាក្សា​មួយ​ស្តី​អំពី​«តម្លៃ​នៃ​គ្រួ​សារ» ហើយ​នឹង​ធ្វើ​ការ​ស្នើ​ថា ឆ្នាំ​2014​នឹង​ត្រូវ​បាន​ប្រកាស​ថា គឺ​ជា​«ឆ្នាំ​នៃគ្រួ​សារ​របស់​អឺរ៉ុប»។

«យើង​បាន​ដឹង​យ៉ាង​ច្បាស់​ថា វា​មាន​ការ​ពិ​បាក​ខ្លាំង​ណាស់​ ក្នុង​ការ​ធ្វើឱ្យ​ទ្វីប​អឺរ៉ុប​ ដែល​មាន​ប្រជា​ពល​រដ្ឋ​ចាស់​ជរា​និង​កាន់​តែ​មាន​ចំនួន​តិច​ក្លាយ​ទៅ​ជា​តំបន់​ប្រកួត​ប្រជែង​ខ្លាំង​បំផុត​មួយនៅ​លើ​ពិភព​លោក​ដោយ​មិន​ធ្វើ​ការ​ប្រឈម​ទៅ​នឹង​ឧប​សគ្គ​ផ្នែក​ប្រជា​សាស្រ្ត។ នេះ​គឺ​ជា​មូល​ហេតុ​ដែល​យើង​ចង់​និយាយ​អំពី​គ្រួ​សារ ការរួម​បញ្ចូល​ក្នុង​សង្គម ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រី​ក្រ។ យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា គម្រោង​យុទ្ធ​សាស្រ្ត​មួយ​នឹង​ត្រូវ​បាន​អនុម័ត​ស្តី​អំពី​បញ្ហា​ក្នុង​ទ្វីប​អឺរ៉ុប​ទាំង​មូល​ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​ជាតិ​សាសន៍​រ៉ូម៉ា»។

ក្រៅ​ពី​បញ្ហា​ប្រឈម​ផ្នែក​សង្គមកិច្ច​និង​សេដ្ឋ​កិច្ច​របស់​សហ​ភាព​អឺរ៉ុប ហុង​ហ្គារី ក៏​ចង់​ប្រើ​ប្រាស់​ឋានៈ​ជា​ប្រធាន​របស់​ខ្លួន​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​ចរ​ចា​អំពី​សមាជិក​ភាព​ជាមួយ​ប្រទេសក្រូអាស៊ី ដែល​នៅជិត​ខាង​ហើយ​ធ្វើ​ដំណើរ​ទៅ​មុខ​ដើម្បី​សម្រេច​ឱ្យ​បាន​ការ​ចរចា​ផ្សេងៗ​ទៀត​ជាមួយ​នឹង​ប្រទេស​ដែល​សង្ឃឹម​ថា​នឹង​អាច​ចូលជាសមាជិករបស់​សហ​ភាព​អឺរ៉ុប​ដែល​រួម​មាន​ទាំង​ប្រទេស​ក្នុង​តំបន់​បាល​កង់​ខាង​លិច​ក៏​ដូច​ជា​ប្រទេស​ អាយស៍លែន និង​ប្រទេសទួរគី។

ជាង​នេះ​ទៅ​ទៀត ហុងហ្គារី ចង់​ធ្វើ​ឱ្យ​កាន់​តែ​ស្រួល​ដល់​ជន​ជាតិ​ហុងហ្គារី​រាប់​លាន​នាក់​ ដែល​រស់​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ដើម្បី​ទទួល​បាន​លិខិត​ឆ្លង​ដែន​ហុង​ហ្គារី។

នាងប៊ូចដូស (Bujdos) មើល​ឃើញអធិបតី​ភាព​ទៅ​លើ​សហ​ភាព​អឺរ៉ុប​របស់​ប្រទេស​ ហុងហ្គារី ថា​ជា​ព្រឹត្តិការណ៍​នយោ​បាយ​ដ៏​សំខាន់​បំផុត​មួយ​ចាប់​តាំង​ពី​របប​កុម្មុយនីស្ត​នៅ​ក្នុង​ប្រទេស​នេះ​បាន​ដួល​រលំ​នៅ​ក្នុង​ឆ្នាំ​1989 គឺ​នៅ​ក្នុង​ឆ្នាំ​តែ​មួយ​ដែល​នាងបាន​ចាប់​កំណើត។

ប្រែសម្រួលដោយ​ឌីខាំ បូលី៕

XS
SM
MD
LG