«មិនដឹងថា ថ្ងៃ០៩ ហ្នឹងត្រូវស្លាប់ ឬត្រូវរស់ ឬត្រូវគេចាប់ខ្លួន។ បើគេប្រកាសយប់មិញហើយ គេប្រកាសរៃលុយដើម្បីចិញ្ចឹមទ័ពទៀត។ អាហ្នឹងហើយ សម្រាប់អញវ៉ៃ អញប្រាប់ឲ្យហើយវ៉ើយ»។ នេះគឺជាការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃចន្ទនេះ។
ថ្វីបើមិនបង្ហាញចំៗ ប៉ុន្តែលោកហ៊ុន សែន ទំនងជាចង់និយាយសំដៅទៅកាន់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី ដែលបានប្រកាសទុកជាមុនថាលោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខ ដើម្បីធ្វើការផ្លាស់ប្ដូររបបដឹកនាំ។ប៉ុន្តែរដ្ឋាភិបាលបានហៅសេចក្ដីអះអាងនោះថាជាចេតនាធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមសិស្សានុសិស្សដែលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបជាប់និទ្ទេស អេ ក្នុងទីក្រុងភ្នំពេញនៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានគំរាមប្រើកម្លាំងយោធា ដើម្បីបង្ក្រាបទៅលើការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។
«តាមានប្រដាប់អាវុធហើយ អញវៃហើយ។ អាហ្នឹងឃើញទីណា វៃទីហ្នឹងហ្មង។ អានេះគឺអត់មាន ត្រូវចាំដីកាចាប់ខ្លួន។ អានេះឃើញទីណា វៃទីហ្នឹងហ្មង។ ផ្ដល់ឱកាសឲ្យកងកម្លាំងប្រដាប់អាវុធក្នុងហ្នឹងមានកងទ័ពចេញធ្វើសកម្មភាព»។
ដោយឡែកនៅថ្ងៃចន្ទដដែលនេះ អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសរសេរសារបង្ហោះនៅក្នុងគណនី Twitter របស់អ្នកស្រីដោយច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលថាការនិវត្តមកកាន់ប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី គឺដើម្បី«ធ្វើការបះបោរប្រដាប់អាវុធ»។
ក្នុងសារជាភាសាអង់គ្លេសអ្នកស្រី មូរ សុខហួរ លើកឡើងថាការចោទប្រកាន់របស់រដ្ឋាភិបាល«ខុសពីការពិត និងភាពស្របច្បាប់»។ អ្នកស្រីបន្ថែមថា«ពួកយើងគ្មានអាវុធនោះទេ»។
កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានវាយបកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយប្រើសំដីធ្ងន់ៗនិងបានហៅលោកហ៊ុន សែន ថាបាន«ធ្វើសង្គ្រាមប្រឆាំងប្រជាពលរដ្ឋ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ បានប្រាប់ VOA នៅថ្ងៃនេះថា ការចាត់វិធានការបង្ក្រាបលើលោក សម រង្ស៊ី អាចធ្វើឲ្យប៉ះពាល់ទៅលើលទ្ធិប្រជាធិបតេយ្យ ប្រសិនចំណាត់ការនេះ មិនទទួលបានការគាំទ្រទេនោះ។
«ខ្ញុំគិតថា នៅក្នុងករណីនេះ ប្រសិនបើពុំមានការទទួលស្គាល់ ឬក៏ឲ្យតម្លៃគាំទ្រទៅលើសកម្មភាពរដ្ឋាភិបាលទេ។ កាលណា សកម្មភាពណាមួយ ប្រសិនបើកើតឡើងអញ្ចឹងមែន នៅថ្ងៃអនាគត នៅពេលដែលលោកសម រង្ស៊ី មកមែន វិលចូលមកស្រុក ហើយចាត់វិធានការវាយដំដូចដែលលើកឡើង ខ្ញុំគិតថា វាមិនល្អនៅក្នុងរូបភាពប្រជាធិបតេយ្យនៅកម្ពុជាទេ»។
សូមបញ្ជាក់ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រើសាច់ដុំបង្ក្រាបការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី តុលាការបានបន្តចាប់ខ្លួននិងចោទប្រកាន់សកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួនប្រាំពីរនាក់បន្ថែមទៀតក្នុងរាជធានីភ្នំពេញ និងនៅខេត្តឧត្តរមានជ័យ នៅថ្ងៃចន្ទនេះ។
យោងតាមសេចក្ដីប្រកាសរបស់តុលាការនៃខេត្តទាំងពីរ សកម្មជននយោបាយទាំងប្រាំពីរនាក់ ក្នុងនោះប្រាំនាក់ស្ថិតក្នុងរាជធានីភ្នំពេញ និងពីរនាក់ទៀតស្ថិតក្នុងខេត្តឧត្តរមានជ័យ ត្រូវចោទប្រកាន់ពីបទ«រួមគំនិតក្បត់» តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។
តុលាការបានសំអាងថាជនត្រូវចោទទាំងប្រាំពីរនាក់ បានកៀរគរនិងបំផុសមហាជនឲ្យចូលរួមក្នុងផែនការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក សម រង្ស៊ី។
ដោយបូករួមទាំងការចោទប្រកាន់និងចាប់ខ្លួនសកម្មជនប្រឆាំងទាំងប្រាំពីរនាក់ចុងក្រោយនេះ ការចាប់ខ្លួននិងចោទប្រកាន់លើសកម្មជនអតីតគណបក្សសង្គ្រោះជាតិបានកើនដល់ប្រមាណ៤០នាក់ហើយចាប់តាំងពីដើមឆ្នាំ២០១៩មក៕