ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ព្រមាន​ដក​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ពាក់ព័ន្ធ​ការផ្សាយ​ផ្ទាល់​ការប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ព្រមាន​ដក​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ចំពោះ​ការ​ខក​ខាន​មិន​បាន​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​ និង​វិញ្ញាសា​ប្រកួត​ផ្សេង​ទៀត​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេមដែល​លោក​ចាត់​ទុក​ថា​ ជា​ព្រឹតិ្តការណ៍​ធំ​មួយ​របស់ប្រទេស​កម្ពុជា​។

​កម្ពុជា​កំពុង​ធ្វើ​ជាម្ចាស់​ផ្ទះ​ រៀប​ចំ​ការ​ប្រកួត​កីឡា​ផ្សេង​ៗ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ ដែល​នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅថ្ងៃ​ទី​៥​ ខែ​ឧសភា​ខាង​មុខ​នេះ​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ចំណត​ផែកុង​ទីន័រ​ នៅ​ខេត្ត​ព្រះសីហនុ​ និង​ពិធី​អបអរ​សាទរ​ខួប​អនុស្សា​វរីយ៍​លើក​ទី​៧០​ នៃ​ទំនាក់​ទំនង​កា​រទូត​រវាង​កម្ពុជា​ និង​ជប៉ុន​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចំណត​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​ លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា​ លោក​ និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ខ្លះ​ ​ខក​ខាន​មិន​បាន​មើល​ការ​ប្រកួត​បាល់​ទាត់​របស់​ប្រទេស​ដែល​ចូលរួមការ​ប្រកួត​ស៊ីហេ្គម​ដោយសារ​ទូរស្សន៍​ជាតិ​ថា ការ​ផ្សាយ​បន្ត​ផ្ទាល់​ប្រកួត​បាល់​ទាត់​នឹង​ធ្វើ​ឡើង​តែ​នៅ​ពេល​មាន​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​ និង​កីឡាករ​ប្រទេស​ផ្សេង​។

លោក​ថ្លែង​ថា​៖ ​«​ទូរសព្ទ​ទៅ​ទូរ​ទស្សន៍​ជាតិ​ ទូរ​ទស្សន៍​ជាតិ​គ្នា​ឆ្លើយ​មក​ម៉េច​ទេ? វា​ថា​ វា​ផ្សាយ​តែ​រវាង​គូខ្មែរ​ជាមួយ​នឹង​គូ​បរទេស​ ខ្ញុំ​ថា​ អាងាប់​...ស៊ីហ្គេមនៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត បួន​ថ្ងៃទៀត​ គ្រាន់​តែ​ហែ​ស៊ី​ហ្គេម​ គឺ​គេ​ក្លាយ​ជា​បុណ្យ​មួយ​នៅ​តាម​ខេត្ត​ ហេតុអី​ឯង​ប្រកួត​ ប្រជាជន​ចង់​មើល​ឯង​មិន​ព្រម​ផ្សាយ​? ឥឡូវ​សុំ​ផ្តាំ​ទៅ​ទូរទស្សន៍​ជាតិ​ល្ងាច​នេះ​ត្រូវ​តែ​ផ្សាយ​ឱ្យបាន​ បើ​ផ្សាយ​មិន​បាន​អគ្គនាយក​ដក​ទាំងអស់​។ អត់​មាន​ទុក​ឯង​មួយ​ទេ​ ប្រាប់​ឱ្យ​ហើយ​»។ ​

​លោក​បន្ថែម​ថា​ ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុកគួរ​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យបាន​ផុសផុល​ ចំពោះ​ការ​ប្រកួត​កីឡា​ ដែល​កំពុង​កើតឡើង​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​នេះ​។

លោក​ថ្លែង​ថា​៖ «អ្ហែង​ចង់​ទុក​ឱ្យ​ប្រទេស​ខ្មែរ​ស្ងប់​ស្ងាត់​អីចឹង​ហ្អេ៎? ក្នុងពេល​ដែល​មាន​ស៊ីហ្គេម​ គេ​ប្រកួត​កីឡា​មិន​ព្រម​ផ្សាយ​។ មើ!​ គ្រប់​ទូរទស្សន៍​ទាំង​អស់​ឱ្យវា​ចេះ​ភ្ញាក់​រឭក​មើ​អ្វី!​ អាខ្លះ​ទៅ​ផ្សាយ​អំពី​កីឡា​ស្អី​ ឥឡូវ​ប្រកួត​ប៉ុន្មាន​ដូច​ជា​១១វិញ្ញាសា​ហើយ​។ ប៉ុន្តែ​វា​គ្មាន​ អាណា​ទៅផ្សាយ!​ ហើយ​អា​ទូរទស្សន៍​ជាតិ​ហ្នឹង​ ហើយ​អារដ្ឋមន្ត្រី​វាហ្នឹង​ វា​ទៅ​ណា​? ឥឡូវហ្នឹង កំពុង​ជេរហ្មង»​។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​បាន​រំឭកហើយ​ តាំង​ពី​មុន​មក​ថា​ អារឿង​ការ​ផ្សាយ​នេះ​ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។ វាមាន​អី វា​ដេក​ធ្វើ​មិន​ដឹង​ទៅ​ អាឯង​ទី​បំផុត​ ចាំ​មើល ទៅ​ឃើញ​ថា​ ថៃ​ស៊ី​សិង្ហបុរី​ ២-១​ ដល់​ទៅ​យប់​បន្តិច​ វៀតណាម​ស៊ីឡាវ​ ៣-0​ បាន​មើល​ប៉ុណ្ណឹង​ គេ​ត្រូវ​ការ​មើល​ អាណាទាត់​យ៉ាងម៉េច​ អីយ៉ាង​ម៉េច​? បើ​ទូរទស្សន៍​ប៉ុណ្ណឹង​មិន​បាន​ ធ្វើរដ្ឋមន្ត្រី​ប៉ុណ្ណឹង​មិន​បាន​ នាំគ្នា​ចេញ​ទៅ​ ទៅ​អញដក​មុន​ស៊ីហ្គេម​ហ្មង»។

លោក​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ដក​លោក ​ឃឹម វុទ្ធី​ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ បើ​មិន​មាន​ការ​កែ​ប្រែ​របៀប​ផ្សាយ​ ការ​ប្រកួត​កីឡា​ផ្សេង​ៗ​ នៅមុន​ពេល​បើក​ព្រឹត្តការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ជា​ផ្លូវ​ការ​នៅថ្ងៃ​សុក្រ​ខាង​មុខ​នេះ​។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​ ឃឹម វុទ្ធី​ បាន​ទេ​នៅ​ថ្ងៃ​ចន្ទនេះ​។ ចំណែក​លោក​ ផុស សុវណ្ណ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និងសោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មានបដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​។

​នៅ​ព្រឹកថ្ងៃ​ចន្ទនេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏បាន​ថ្លែង​ការ​ពារ​សេចក្តីសម្រេច​របស់​រដ្ឋា​ភិបាល​ដែល​មិន​យក​ប្រាក់​ពី​គណៈ​ប្រតិភូកីឡាស៊ីហ្គេម​នោះ​ គឺ​ក្នុង​គោលបំណង​ទាញយក​មនុស្ស​ទាំង​ឡាយ​ចូល​មក​ស្គាល់​កម្ពុជា​។​លោក​ថា កម្ពុជា​ក្រ តែមាន​បេះដូង​ធំ​។

លោក​ ហ៊ុន សែន​ ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​មតិ​រិះ​គន់​ខ្លះ​ ដែល​មាន​ចេតនា​បំបែក​បំបាក់​ព្រះ​មហាក្សត្រ​ និង​រដ្ឋាភិបាល​ ពាក់​ព័ន្ធ​នឹង​ការ​បើក​ការ​ប្រកួត​ស៊ីហ្គេម​។ លោក​ថា​ មាន​តែ​ក្នុង​ប្រព័ន្ធ​ប្រធានាធិបតី​ និយម​ដែលប្រមុខ​រដ្ឋ​ជា​អ្នក​បើក​ការ​ប្រកួត​របៀប​នេះ​ រីឯ​ក្នុង​ប្រព័ន្ធ​សភា​និយម​ គឺ​នាយករដ្ឋមន្ត្រី​ជា​អ្នក​ប្រកាស​បើក​៕

XS
SM
MD
LG