ខេត្តស្វាយរៀង -- កាលពីអ្នកស្រី ស៊ឹម អាក់ មានកូនលើកដំបូង អ្នកស្រីពុំបានគិតថា កន្លែងធ្វើការគួរមានបន្ទប់មើលថែទារកមួយ ដែលអ្នកស្រីអាចយកកូនទៅតាមខ្លួន ដើម្បីមើលថែ និងអាចបំបៅដោះកូនដោយទឹកដោះខ្លួនផ្ទាល់នោះទេ។
ប៉ុន្តែឥឡូវនេះ អ្នកស្រីគិតថា ប្រសិនជាមានទារកដ្ឋាននៅតាមកន្លែងធ្វើការ «វាជារឿងល្អ» សម្រាប់អ្នកស្រី និងស្ត្រីជាម្តាយជាច្រើននាក់ទៀតដែលកំពុងធ្វើការនៅតាមរោងចក្រ និងក្រុមហ៊ុននានា។
សម្រាប់អ្នកស្រី វាជារឿងល្អត្រង់ថា កាលពីពេលមានកូនលើកដំបូងនៅប្រាំឆ្នាំមុន អ្នកស្រីបានឈប់ធ្វើការពេញមួយឆ្នាំ។
ពេលនេះ អ្នកស្រី ស៊ឹម អាក់ មានវ័យ២៩ឆ្នាំ ជាម្តាយដែលទើបសម្រាលកូនបានប្រាំខែ។ អ្នកស្រីត្រូវជួយរកចំណូលគ្រួសារ។ អ្នកស្រីធ្វើការនៅក្នុងរោងចក្រ You Li International Factory នៅទីក្រុងបាវិត ខេត្តស្វាយរៀង។
អ្នកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «បើមានមែន ស្នើសុំមែនហ្នឹង។ ឲ្យមានកន្លែងដែល មានកូនថែទាំនៅក្បែរខ្លួនយើងធ្វើការទៅរឹតល្អហើយ»។
ក្រោយពេលអ្នកស្រី ស៊ឹម អាក់ សម្រាលកូនប្រុសទីពីរទើបតែបានជិតបីខែ អ្នកស្រីតែងតែទទួលទូរស័ព្ទជាញឹកញយពីអ្នកលើបង្គាប់។ អ្នកស្រីថា ទូរស័ព្ទទាំងនេះជាសញ្ញាដែលគេតម្រូវឲ្យអ្នកស្រីប្រញ៉ាប់ចូលធ្វើការវិញ បើមិនដូច្នោះទេអ្នកស្រីអាចប្រឈមមុខនឹងការបាត់បង់ការងារ។
ការងារពេញម៉ោងអ្នកស្រីមានន័យថា កូនប្រុសអ្នកស្រី ឈ្មោះ ហាំ យ៉ាឧត្តម ដែលជាទារកអាយុជាង៥ខែ ត្រូវប្តូររបបអាហារពីទឹកដោះម្តាយ ទៅបៅម្សៅទឹកដោះគោ ចាប់តាំងពីពេលឧត្តម មានអាយុបីខែនៅឡើយ។ ពេលយប់ ឧត្តមបៅទឹកដោះម្តាយវិញ។ ថ្ងៃណាដែលម្តាយរបស់គេត្រូវធ្វើការលើសម៉ោងនោះ ទឹកដោះម្តាយនឹងមិនសូវចេញឬអាចមិនចេញតែម្តង។ ឥឡូវនេះ សមាជិកគ្រួសារគ្រប់គ្នានៅក្នុងផ្ទះរបស់ ស៊ឹម អាក់ ត្រូវដឹងពីរបៀបលាយម្សៅទឹកដោះគោសម្រាប់ទារកជាមួយនឹងទឹកដាំពុះ ឬទឹកបរិសុទ្ធ ហើយត្រូវបន្ស៊ាំទម្លាប់របស់ឧត្តម ពីការបៅដោះម្តាយមកជាការបៅដោយក្បាលដបទឹកដោះគោ។ ឧត្តម ជាទារកដែល មានទឹកមុខរីករាយ លើកលែងតែពេលដែលគាត់ភ្ញាក់ឡើង ហើយមិនឃើញមនុស្សពេញវ័យនៅក្បែរ ដើម្បីពរគាត់ដើរលេងជុំវិញផ្ទះឬតាមភូមិ។
បើទោះបីជាអ្នកស្រី ស៊ឹម អាក់ និងម្តាយដទៃទៀតដែលកំពុងធ្វើការនៅក្នុងរោងចក្រចង់បំបៅកូនដោយទឹកដោះឲ្យបានពេញលេញនិងតែមួយមុខគត់ក្នុងរយៈពេល៦ខែដំបូង ដូចអ្វីដែលក្រុមគ្រូពេទ្យបានឲ្យដំបូន្មាន ពួកគេមិនដឹងថា តើពួកគេត្រូវលើកយកបញ្ហានេះទៅជជែកយ៉ាងណាជាមួយប្រធានក្រុមហ៊ុនរបស់ពួកគេនោះទេ។
ការផ្លាស់ប្តូរដែលគួរឲ្យបារម្ភ
ករណីឧត្តមនៅពេលម្តាយរបស់គេត្រឡប់ទៅធ្វើការវិញ ជាឧទាហរណ៍មួយពន្យល់ពីមូលហេតុដែលអត្រាបំបៅដោះកូនដោយទឹកដោះម្តាយ កំពុងធ្លាក់ចុះនៅកម្ពុជាដែលជាការផ្លាស់ប្តូរមួយធ្វើឱ្យអ្នកជំនាញលើការរីកធំធាត់របស់កុមារមានការព្រួយបារម្ភ។
កាលពីឆ្នាំ២០១០ កម្ពុជាធ្លាប់ជាប្រទេសដែលមានអត្រានៃការបំបៅកូនដោយទឹកដោះម្តាយខ្ពស់។ ៧៤% នៃទារកក្រោមអាយុ៦ខែបានបៅទឹកដោះម្តាយ។ ប៉ុន្តែ៤ឆ្នាំក្រោយមក នៅឆ្នាំ២០១៤ អត្រានេះធ្លាក់ចុះ មកត្រឹម ៦៥%។ ការធ្លាក់ចុះនៃការបំបៅទារកក្រោមអាយុ៦ខែដោយទឹកដោះម្តាយ នេះត្រូវបានគេប៉ាន់ប្រមាណថានៅតែបន្តមកទល់សព្វថ្ងៃ នេះបើទោះទិន្នន័យចុងក្រោយមិនទាន់បង្ហាញជាសាធារណៈក៏ដោយ។ នេះបើយោងតាម លោកស្រី Cristian Munduate ប្រធានអង្គការ UNICEF ប្រចាំនៅកម្ពុជាដែលតាមដានការធំធាត់របស់កុមារ។ លោកស្រីថា «វាគឺជាការធ្លាក់ចុះយ៉ាងខ្លាំង»។
លោកស្រី Cristian Munduate មានប្រសាសន៍ថា៖ «គ្រួសារទាំងអស់ គួរតែដឹងអំពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយក្នុងអំឡុងពេល ៦ខែដំបូងនៃជីវិតរបស់ពួកគេ»។
អ្នកស្រីបន្ថែមទៀតថា៖ «នៅក្នុងបរិបទប្រទេសកម្ពុជា ដែលនិយមចូលចិត្តឱសថបែបធម្មជាតិ និងមិនងាយចង់ប្រើប្រាស់ផលិតផលគីមី និងផលិតផលបែបកែច្នៃនោះទេ ការបំបៅកូនដោយទឹកដោះម្តាយនេះគឺជាដំណើរការដែលផ្តល់ឱ្យទារកនូវផលិតផលមិនមែនគីមី។ ដូច្នេះ ការ ការបំបៅកូនដោយទឹកដោះម្តាយគឺល្អ ព្រោះវាជាវ៉ាក់សាំងធម្មជាតិដំបូងដែលកូនទទួលបាន»។
របាយការណ៍របស់អង្គការ UNICEF បង្ហាញថា ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយឲ្យបានត្រឹមត្រូវ អាចការពារកុមារប្រមាណ ៨២៣.០០០ នាក់ឲ្យជៀសផុតពីការស្លាប់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។
បន្ថែមលើនោះទៀត ការបំបៅកូនដោយទឹកដោះម្តាយរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពនៃការគិតរបស់កុមារ ភាពជោគជ័យក្នុងការសិក្សា និងសក្តានុពលនៃសមត្ថភាពការងារ បង្កើនប្រាក់ចំណូលនាពេលអនាគតរបស់ពួកគេ។ នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក The Lancet ដែលជាស្ថាប័នស្រាវជ្រាវដែលទទួលបានការគោរពជាសាកល។
សម្រាប់កម្ពុជា កាលណាអត្រានៃការបំបៅកូនដោយទឹកដោះម្តាយធ្លាក់ចុះ នោះកម្ពុជានឹងត្រូវចាយអស់ប្រាក់បន្ថែម ១លានដុល្លារប្រចាំឆ្នាំ ទៅលើការព្យាបាលកុមារដែលមានជំងឺរាគរូស និងជំងឺរលាកទងសួត និងម្តាយដែលប្រឈមនឹងជំងឺទឹកនោមផ្អែម ប្រភេទទី២។ នេះជាការប៉ាន់ប្រមាណរបស់របាយការណ៍ Alive & Thrive ដែលស្រាវជ្រាវអំពីការខាតបង់នានា ក្រោមការឧបត្ថម្ភរបស់មូលនិធិ និងអង្គការអន្តរជាតិមួយចំនួន ដែលក្នុងនោះមាន Bill & Melinda Gates និង UNICEF។ កម្ពុជានឹងប្រឈមនឹងបញ្ហាទាំងនេះ បើកុមារពុំបានបៅទឹកដោះម្តាយត្រឹមត្រូវ។ ទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet បញ្ជាក់ទៀតថា ការទទួលបានទឹកម្តាយត្រឹមត្រូវ វានឹងអាចលុបបំបាត់បញ្ហាជំងឺទាំងបីខាងលើចំពោះកុមារ និងម្តាយ។
របាយការណ៍នេះបន្ថែមទៀតថា កម្ពុជានឹងខាតបង់ទឹកប្រាក់ចំនួន ៨៣លានដុល្លារក្នុងមួយឆ្នាំដោយសារការបាត់បង់សមត្ថភាពខាងបញ្ញា នាពេលអនាគត ដែលពាក់ព័ន្ធនឹងការបំបៅកូនដោយទឹកដោះម្តាយមិនបានគ្រប់គ្រាន់។
ច្បាប់គោលនយោបាយ និងការពិតជាក់ស្តែង
មានកត្តាខ្លះ រួមចំណែកឱ្យមានការធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា។ ការខ្វះការគាំទ្រពីមនុស្សជុំវិញខ្លួន និងគោលនយោបាយធានាការបំបៅកូនដោយទឹកដោះ និងការលំបាកក្នុងការបំបៅកូនដោយផ្ទាល់ស្របពេលដែលត្រូវបំពេញការងាររកចំណូលផង ព្រមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងខ្លាំងក្លាទាក់ទាញឲ្យប្រើប្រាស់ទឹកដោះគោម្សៅផ្សំតាមរូបមន្តសម្រាប់ចិញ្ចឹមទារក និងផលិតផលជំនួសទឹកដោះម្តាយផ្សេងៗនេះ។ បើយោងតាមអង្គការ UNICEF។
ស្ត្រីកម្ពុជាចំនួនប្រមាណ ២,៤ លាននាក់ ដែលមានអាយុចន្លោះពី១៥ ទៅ៣៤ឆ្នាំ ចូលរួមជាកម្លាំងពលកម្មនៅក្នុងទីផ្សារការងារ ហើយមួយភាគបីនៃពួកគេធ្វើការនៅក្នុងរោងចក្រកាត់ដេរ។ លោកស្រី Cristian Munduate លើកឡើងដែរថា វាទាមទារឲ្យមានច្បាប់និងយន្តការនានាដែលអាចធានាដល់ស្ត្រីនូវឱកាសបំបៅកូនដោយទឹកដោះ។
ប៉ុន្តែច្បាប់ និងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង ដែលតម្រូវឲ្យស្ត្រីជាច្រើនចេញទៅធ្វើការរកចំណូល នៅមិនទាន់ដើរស្របគ្នានៅឡើយ។
អ្នកស្រី ស៊ឹម អាក់ និងស្វាមី ភឹង ទិត្យា ដែលជាអាជីវករដុតនំប៉័ង នៅភូមិព្រៃស្នៀង ឃុំស្វាយតាយាន មានកូនប្រុសពីរនាក់។ ប្តីប្រពន្ធអ្នកទាំងពីរ ពឹងទៅលើបងស្រីអ្នកស្រី ស៊ឹម អាក់ គឺអ្នកស្រី ស៊ឹម ឡាត់ អាយុ ៤០ឆ្នាំ ដើម្បីមើលថែកូនរបស់ពួកគេដែលមានអាយុ៥ឆ្នាំនិង៥ខែ។
រោងចក្រដែលអ្នកស្រី ស៊ឹម អាក់ កំពុងធ្វើការអនុញ្ញាតឲ្យស្រ្តីកូនខ្ចីដែលចូលធ្វើការក្រោយសម្រាលកូន អាចសម្រាកមួយម៉ោងក្នុង មួយថ្ងៃ ឬកន្លះម៉ោងពេលព្រឹក និងកន្លះម៉ោងពេលរសៀល ដើម្បីចេញមកសម្រាក និងបំបៅកូនបាន ក្នុងរយៈពេលមួយឆ្នាំ។ ទោះជាយ៉ាងណា អ្នកស្រីថាគោលនយោបាយនេះ មិនអាចអនុវត្តបានទេចំពោះការបំបៅដោះកូនដោយសារ គ្រាន់តែការធ្វើដំណើរ អ្នកស្រីត្រូវចំណាយពេលលើសកន្លះម៉ោងទៅហើយ ដោយត្រូវជិះម៉ូតូលើចំងាយ២០គីឡូម៉ែត្រ ពីរោងចក្រទៅផ្ទះ។
ស្ត្រីដែលធ្វើការនៅរោងចក្រ ដូចអ្នកស្រី ស៊ឹម អាក់ ដែលមិនមានលទ្ធភាពពន្យារការសម្រាកលើសរបបមាតុភាព គឺមិនអាចបំបៅកូនដោយទឹកដោះម្តាយពេញដល់៦ខែឡើយ។
អ្នកស្រី ស៊ឹម អាក់ និយាយថា៖ «សម័យឥឡូវគេធ្វើរោងចក្រទាំងអស់។ ម្តាយគឺទៅចោលកូនទាំងអស់ភាគច្រើន»។
នៅផ្ទះមួយ ចម្ងាយប្រហែលមួយគីឡូម៉ែត្រ ពីគ្នានៅលើបណ្តោយផ្លូវក្នុងភូមិព្រៃស្នៀងនេះ អ្នកស្រី អ៊ុក សុខា វ័យ៥៨ ឆ្នាំ កំពុងច្រៀងបំពេចៅប្រុសអាយុ២ខែកន្លះ ដែលគេងនៅក្នុងអង្រឹងឬស្សី។ ពេលចៅប្រុសយំ អ្នកស្រី ទាញដបទឹកដោះគោ ដែល មានទឹកគោម្សៅលាយស្រាប់ជាមួយទឹកសុទ្ធ យកមកបញ្ចុកចៅឲ្យគេង។
រយៈពេល៨ឆ្នាំកន្លងទៅ អ្នកស្រីបានមើលថែចៅចំនួន ១១នាក់ ជាបន្តបន្ទាប់។ ចៅទាំងអស់ជាកូនៗរបស់កូនស្រី ៥នាក់ និងកូនប្រុសម្នាក់របស់អ្នកស្រី។ ពួកគេបានទិញឧបករណ៍កូនង៉ាជាឈុតៗនិងផលិតផលម្សៅទឹកដោះគោសម្រាប់ទារកជាកំប៉ុងៗមានដបទឹកដោះគោច្រើនដប និងទឹកសុទ្ធទាំងកេសៗផងដែរ។
អ្នកស្រី សុខា បានឲ្យដឹងថា៖ «ឲ្យគ្នាបានចេញរកទៅវាធូរ។ បើថា យើងមិនមើលឲ្យវា វាធ្វើអីបាន រកអីបាន? ហើយបើឲ្យអឹម (បៅ) ទឹកដោះម្តាយ ម៉ែវាទៅធ្វើការម៉េចរួចអូន? ទាល់តែអឹមទឹកដោះគោបាន បានទៅរួច បានបានលុយចំណូលខ្លះ»។
អ្នកស្រីបន្តទៀតថា ចៅប្រុសអាយុ ២ខែកន្លះរបស់ អ្នកស្រីបៅទឹកដោះគោអស់ ៥ដបតូចៗ ក្នុងមួយថ្ងៃ។
ជាទូទៅ គ្រួសារដែលចិញ្ចឹមទារកអាយុក្រោម ៦ខែ ចំណាយទឹកដោះគោម្សៅកំប៉ុងតូច អស់ប្រមាណ៧កំប៉ុងក្នុងមួយខែ។ ទឹកដោះគោមួយកំប៉ុងមានតម្លៃប្រហែល១២ ដុល្លារសហរដ្ឋអាមេរិកមានន័យថា ឪពុកម្តាយត្រូវចំណាយជាង ៨៤ដុល្លាក្នុងមួយខែ ប្រសិនបើរបបអាហារគេគឺម្សៅទឹកដោះគោសុទ្ធ នេះមិនរាប់បញ្ចូលតម្លៃទឹកសុទ្ធ។
អ្នកស្រី សុខា កាលពីអ្នកស្រីជាម្តាយវ័យក្មេង អ្នកស្រីបំបៅកូនទាំងអស់ដោយទឹកដោះខ្លួនផ្ទាល់នៅឯតាមវាលស្រែ។
ការលក់ផលិតផលជំនួសទឹកដោះម្តាយកើនឡើង
ផលិតផលបង្កើតដើម្បីជំនួសទឹកដោះម្តាយ មានលក្ខណៈជាសកល និងកំពុងកើនឡើង។ ការរីកលូតលាស់នៃផលិតផលប្រើជំនួសទឹកដោះម្តាយនៅក្នុងប្រទេសកំពុងអភិវឌ្ឍ បានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវការបំបៅកូនដោយទឹកដោះម្តាយ ដើរថយក្រោយវិញ នេះបើតាមយោងតាមអង្គការ UNICEF។
អង្គការសុខភាពពិភពលោក ឲ្យដឹងថានៅក្នុង ឆ្នាំ២០១៤ ទឹកប្រាក់ដែលបានពីការលក់ផលិតផលជំនួសទឹកដោះម្តាយ បានកើនឡើងដល់ប្រហែល ៤៤,៨ ពាន់លានដុល្លារ។ នៅចុងឆ្នាំ២០១៩ ការលក់ផលិតផលនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៧០,៦ពាន់លានដុល្លារ នៅទូទាំងពិភពលោក។
នៅកម្ពុជា របាយការណ៍មួយដែលចេញដោយអង្គការHellen Keller Institute (HKI) និង World Vision International (WVI) ដែលបោះពុម្ពផ្សាយក្នុងខែកក្កដា ឆ្នាំ ២០១៩ រកឃើញថា ៩២%នៃស្លាកសញ្ញាលើផលិតផលជំនួសទឹកដោះម្តាយដែលរួមទាំងម្សៅទឹកដោះគោសម្រាប់ទារក មានសរសេរជាលាយលក្ខណ៍អក្សរដែលបង្ហាញពីគុណប្រយោជន៍នៃការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ ដែលលើកទឹកចិត្តនិង រារាំងដល់ការបំបៅកូនដោយទឹកដោះ។ នេះជាការរំលោភអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខដល់ទារកក្រោមអាយុ៦ខែ។
ដើម្បីធ្វើរបាយការណ៍នេះ គេបានស៊ើបអង្កេតនៅក្នុងហាងចំនួន ៦៦ នៅទូទាំងខេត្តចំនួន៥ក្នុងប្រទេសកម្ពុជា។ អ្នកស្រី Mary Champeny អ្នកជំនាញស្រាវជ្រាវផ្នែកអាហារូបត្ថម្ភ នៃអង្គការ Hellen Keller International បានប្រាប់វីអូអេតាមសារអេឡិចត្រូនិចថា៖
«ផលិតផលទាំងនេះ ជារឿយៗត្រូវបានគេផ្សព្វផ្សាយលក់តាមទីផ្សារជាមួយនឹងការអះអាងខុសឆ្គងអំពីការដែលវាធ្វើឱ្យប្រសើរឡើងនូវគុណភាពបញ្ញា (IQ) និងប្រព័ន្ធភាពស៊ាំរបស់កុមារ ឬត្រូវមានការអះអាងថា វាជាផលិតផលចាំបាច់សម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ»។
សន្និបាតសុខភាពពិភពលោកបានអនុម័តក្រមអន្តរជាតិនៃការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយក្នុងឆ្នាំ ១៩៨១ «ដើម្បីការពារ និង លើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយតាមរយៈការផ្តល់ព័ត៌មានគ្រប់គ្រាន់ស្តីពីការចិញ្ចឹមទារកឱ្យសមស្រប និងបទបញ្ញត្តិស្តីពីទីផ្សារនៃការលក់ផលិតផលជំនួសទឹកដោះម្តាយ ដប និងក្បាលដោះជ័រ»។
ក៏ប៉ុន្តែ យោងតាមការសិក្សាស្រាវជ្រាវផ្សេងទៀត ដែលអ្នកស្រី Mary Champeny ជាអ្នកស្រាវជ្រាវរកឃើញបង្ហាញថា ទារកនៅកម្ពុជា ៣៦,១% (ឬ២នាក់ក្នុងចំណោម៥នាក់) ចាប់តាំងពីពេលកើតរហូតដល់៥ខែ ត្រូវបានបំបៅដោយទឹកដោះម្តាយសុទ្ធ។ ការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ គឺខ្ពស់ក្នុងចំណោមទារកពីកើតដល់អាយុ៥ខែ មាន៤៣,១% និងពីអាយុពី ៦ទៅ ២៣ខែ មាន២៩,៣% ។
សព្វថ្ងៃនេះមន្ទីរពេទ្យរដ្ឋ ឬសម្ភពឯកជន ឬតាមកន្លែងផ្តល់សេវាកម្មមណ្ឌលសុខភាពនានាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពីសារៈសំខាន់អំពីការបំបៅកូនដោយទឹកដោះម្តាយ។
វេជ្ជបណ្ឌិត សុត សំអូន វ័យ ៣០ឆ្នាំ បម្រើការនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលនៅខេត្តស្វាយរៀងដែលជារៀងរាល់ខែមានស្ត្រីប្រហែល ២០នាក់ ទៅសម្រាលកូន បាននិយាយថា ហេតុផលចំបងពីរដែលស្ត្រីទាំងនោះងាកទៅស្វែងរកទឹកដោះគោជំនួសវិញ គឺពេលដែលទឹកដោះរបស់ពួកគេមិនចេញដោយសារបញ្ហាសុខភាព ឬភាព «មមាញឹក» ។
ទោះយ៉ាងណាក៏ដោយ លោកថា ក្រុមហ៊ុនផលិតម្សៅទឹកដោះគោជំនួសទឹកម្តាយនានាបានធ្វើបទបង្ហាញម្តងឬពីរដងក្នុងមួយឆ្នាំដល់ឆ្មបដែលធ្វើការនៅមន្ទីរពេទ្យ។
«បាទ ពីព្រោះថាអាហ្នឹងអត់អាចធ្វើនៅមន្ទីរពេទ្យបានទេ ព្រោះខុសច្បាប់។ បទបង្ហាញគាត់ មួយម៉ោងតិចតូចហ្នឹង បន្ទាប់មកអាហារសម្រន់ ហើយចែកកាដូឲ្យអ្នកចូលរួម»។
បើទោះជាការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលម្សៅជំនួសទឹកដោះម្តាយនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនប្រាសចាកពីអនុក្រឹត្យរបស់រដ្ឋាភិបាលក៏ដោយ គេនៅឃើញក្រុមហ៊ុនមួយចំនួនធ្វើការបង្ហោះតាមប្រព័ន្ធសង្គមហ្វេសប៊ុក នូវរូបភាពដែលបង្ហាញការជូនអំណោយជាផលិតផលម្សៅជំនួសទឹកដោះម្តាយនៅតាមគ្លីនិកឯកជនទំនើបៗ។
លោក ទឹម សុវណ្ណារ៉ា ម្ចាស់ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt Cambodia បានប្រាប់ VOA ថា៖ «បាទវាគ្រាន់តែជាវត្ថុអនុស្សាវរីយ៍សម្រាប់ត្រៀមសម្រាល យើងមិនមែនបង្ខំឲ្យគាត់ប្រើប្រាស់ទេ ព្រោះយើងដឹងច្បាស់ហើយរឿងបញ្ហាក្រសួងសុខាភិបាល មិនតម្រូវឲ្យអ្នកម្តាយទាំងអស់ហ្នឹងប្រើម្សៅទឹកដោះគោ»។
មុនពេលនិងក្រោយពេលសម្រាលកូន អ្នកស្រី ស៊ឹម អាក់ បានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលម្សៅទឹកដោះគោ ដែលបង្ហាញពីរូបភាពទារករីករាយ ស្រស់ថ្លា សំបុរសរ និងថ្លោស។
អ្នកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «ទឹកដោះគោម្សៅភាគច្រើនវាសំបូរវីតាមីនដែរបង។ វីតាមីន វាមានគ្រប់គ្រាន់សម្រាប់កូន។ ពេលខ្លះទឹកដោះម្តាយក៏វាមិនល្អអស់ដែរបង។ ឮគេនិយាយអញ្ចឹងបង»។
អ្នកស្រីនិងស្ត្រីដទៃទៀតនៅក្នុងភូមិដែលវីអូអេបានសម្ភាសជឿថា ម្សៅទឹកដោះគោដែលផ្សំឡើងតាមរូបមន្តផ្តល់នូវអាហារូបត្ថម្ភបំប៉នបន្ថែម និងមានជីវជាតិល្អជាងទឹកដោះម្តាយ៕