ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ខណៈដែលប្រជាពលរដ្ឋខ្មែរកំពុងត្រៀមខ្លួនស្វាគមន៍ពិធីបុណ្យប្រពៃណីជាតិនេះ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និយាយថា លោកតែងមានការបារម្ភអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ក្តីបារម្ភខ្លាំងនោះគឺការវាយប្រហារភេរវកម្ម។
គ្រាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រ៉ាយរ៉ាប់អំពីការបង្ការហេតុការណ៍អាក្រក់នានា ដែលអាចកើតមាននៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ លោកនាយករដ្ឋមន្ត្រីបានត្អូញត្អែរថា លោកពុំដែលមានពេលសប្បាយនៅក្នុងពិធីបុណ្យធំៗនោះទេ។ លោកបានបង្ហាញពីការប្រុងប្រយ័ត្នខ្ពស់របស់លោក ចំពោះការឆ្លើយតបទៅនឹងសកម្មភាពវាយប្រហារភេរវកម្ម ដែលលោកយល់ថា អាចកើតមានគ្រប់ពេលវេលា។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា និងអ្នកសិក្សាស្រាវជ្រាវសង្គមបង្ហាញក្តីបារម្ភដូចគ្នានេះដែរ ហើយពួកគេថា មន្ត្រីរដ្ឋាភិបាលកម្ពុជានៅមានភាពទន់ខ្សោយ ក្នុងការរៀបចំផែនការគ្រប់គ្រងស្ថានការណ៍ ដែលអាចឈានទៅដល់មហន្តរាយ និងខ្វះការទទួលខុសត្រូវ។
ថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកចូលរួមឯទៀតនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិមួយខ្នងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពល បានថ្លែងពីការប្រុងជើងការរបស់លោក ចំពោះលទ្ធភាពដែលអាចនាំឲ្យកើតមានហេតុការណ៍អាក្រក់នានាយ៉ាងដូច្នេះថា៖
«នៅពេលដែលប្រជាពលរដ្ឋកំពុងតែសប្បាយ ពេលហ្នឹងនាយករដ្ឋមន្ត្រីកំពុងតែកង្វល់កើតឡើង ព្រោះនៅលើពិភពលោកបច្ចុប្បន្នស្អីក៏អាចកើតបានដែរ សូម្បីតែប្រទេសនៅអឺរ៉ុប បារាំង ប៊ែលហ្ស៊ិក ទើបនឹងរងការវាយប្រហារហើយ។ អញ្ចឹងទេមិនអាចបាត់បង់ម្ចាស់ការបានទេ មិនអាចបាត់បង់ម្ចាស់ការបានទេ។ នៅពេលដែលមន្ត្រីរបស់យើងលង់លក់នៅក្នុងដំណេក ឬប្រជាពលរដ្ឋលង់លក់នៅក្នុងដំណេក ខ្ញុំព្រះករុណាខ្ញុំនៅតាមដានសភាពការណ៍នៅឡើយទេ»។
សកម្មភាពវាយប្រហារភេរវកម្ម ត្រូវគេរាយការណ៍ថា បានកើតមានច្រើននៅក្នុងប្រទេសលោកខាងលិច ដែលកំពុងជាប់ដៃខ្លាំងក្នុងការដោះស្រាយជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ជម្លោះនេះបានធ្វើឲ្យពលរដ្ឋក្នុងតំបន់នេះ រាប់លាននាក់ភៀសខ្លួនទៅកាន់ប្រទេសនៅលោកខាងលិច។
ភេរវករមួយចំនួនក៏ត្រូវគេរាយការណ៍ថា បានចាកចេញពីប្រទេសមានជម្លោះទាំងនោះ ក្នុងនោះរួមមានប្រទេសស៊ីរី។ ការវាយប្រហារនេះក៏បានកើតមានម្តងម្កាលផងដែរនៅក្នុងតំបន់អាស៊ី។ ប្រទេសថៃគឺជាគោលដៅមួយ ដែលយូរៗម្តងបានទទួលរង ការបំផ្ទុះគ្រាប់បែកនៅកណ្តាលរាជធានីរបស់ខ្លួន គឺរាជធានីបាងកក។
លោក អ៊ូ វីរៈ អ្នកវិភាគស្ថានការណ៍នយោបាយខ្មែរ និងជាប្រធានវេទិកាអនាគត ដែលជាមជ្ឈណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក ថ្លែងថា ប្រទេសកម្ពុជាអាចជាគោលដៅវាយប្រហារភេរវកម្ម ទោះបីជាប្រទេសដ៏តូចនេះមិនមែនជាទិសដៅធំរបស់ក្រុមភេរវករក៏ដោយ។ លោកបន្តថា រដ្ឋាភិបាលត្រូវបំពេញចិត្តមន្ត្រីជំនាញដែលធ្វើការទប់ស្កាត់អំពើភេរវកម្មនេះ ដោយការផ្តល់ឲ្យពួកគេនូវប្រាក់ខែគ្រប់គ្រាន់ជាដើម។
«ការការពារហ្នឹងគឺ ពឹងផ្អែកទៅលើ មិនមែនមនុស្សច្រើនទេ គឺពឹងផ្អែកទៅលើភាពឈ្លាសវៃរបស់មន្ត្រីដែលធ្វើការទាក់ទងរឿងហ្នឹង ហើយហ្នឹងក្រៅពីភាពឈ្លាសវៃនោះគឺ សមាសភាពរបស់ពួកគាត់ ហើយនិងការផ្តោតយកចិត្តទុកដាក់ទៅលើការងារហ្នឹង។ អញ្ចឹងទាល់តែយើងរកមនុស្សពូកែឲ្យប្រាក់ខែគាត់ខ្ពស់ ហើយឲ្យអំណាចគាត់ក្នុងការចាត់តាំង អាហ្នឹងបាន បានគាត់អាចផ្តោតទៅលើហ្នឹងបាន និងការពារបាន»។
ប្រទេសកម្ពុជាត្រូវអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ឲ្យដឹងថា មិនទាន់រងការវាយប្រហារណាមួយពីក្រុមសកម្មប្រយុទ្ធឆ្លងដែនណាមួយ ឬក៏ក្រុមភេរវករណានៅឡើយទេ។ ប៉ុន្តែប្រទេសច្រើនប្រឈមបញ្ហាការខ្វះយន្តការត្រៀមឆ្លើយតបជាមុន នៅបាតុភាពដែលកើតក្នុងប្រទេស។ បាតុភាពដ៏ប្រល័យមួយបានកើតឡើង កាលពីឆ្នាំ២០១០ គឺនៅគ្រាដែលមនុស្សជាង៣៥០នាក់បានស្លាប់ ដោយការជាន់គ្នានៅលើស្ពានកោះពេជ្រ។
លោក អ៊ូ វីរៈ បានពន្យល់ពីភាពទន់ខ្សោយរបស់អាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជានៅក្នុងការឆ្លើយតបទៅនឹងហេតុការណ៍នោះថា ជាការខ្វះខាតយន្តការទប់ស្កាត់បីយ៉ាង រួមមានការបង្ការទុកជាមុន ការឆ្លើយតប និងការទទួលខុសត្រូវ។
លោកបញ្ជាក់ថា៖ «រឿងកោះពេជ្រខ្សោយទាំងបី តាំងពីការពារមិនបានឆ្លើយតបពេល ពេលមានព្រឹត្តិការណ៍អញ្ចឹង មិនដឹងឡាន ambulance នៅណា មានមូលហេតុមានអ្នកបាញ់ទឹកទៅឲ្យស្អិតថែម ឬមួយអី មិនដឹងដោះស្រាយម៉េច មិនដឹងពេទ្យនៅណា មិនដឹងជាអ្នកណាគេត្រូវរារាំងមនុស្សឲ្យធ្វើចរាចរ ធ្វើម៉េចឲ្យមនុស្សដើរចេញឲ្យផុត ឲ្យដើរមួយទិស កុំឲ្យដើរជាន់គ្នាគ្រប់ទិស»។
លោកថា រដ្ឋាភិបាលបានបរាជ័យក្នុងការគ្រប់គ្រងស្ថានការណ៍នោះ។ លោកបន្ថែមថា៖«បីជំហាន ទីមួយ គឺការពារមិនមានប្រសិទ្ធភាព។ ពេលមានព្រឹត្តិការណ៍ហើយ ឆ្លើយតបមិនមានប្រសិទ្ធភាព ដល់ពេលបន្ទាប់ព្រឹត្តិការណ៍ហើយហ្នឹងទៀត ការស៊ើបអង្កេត និងការរកការទទួលខុសត្រូវ និងធ្វើការកំណែទម្រង់មិនមានភាពច្បាស់លាស់ទៀត»។
បន្ទាប់ពីព្រឹត្តិការណ៍មនុស្សជាន់គ្នានោះ មានសេចក្តីរាយការណ៍ខុសៗគ្នាអំពីមូលហេតុដែលនាំឲ្យកើតឧប្បតិ្តវហេតុនេះ។ បណ្តាញព័ត៌មានអន្តរជាតិមួយចំនួនបានរាយការណ៍ថា ការជាន់គ្នានោះគឺបណ្តាលមកពីការឆក់ខ្សែភ្លើង និងការភ័យស្លន់ស្លោរបស់អ្នកកម្សាន្តនៅលើស្ពាន។ រីឯបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ដោយផ្អែកលើការសន្និដ្ឋាននៃការស៊ើបអង្កេតរបស់រដ្ឋាភិបាលថា ហេតុការណ៍នោះគឺបណ្តាលមកពីការយោលរបស់ស្ពាន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅពេលនោះបានសុំអភ័យទោសប្រជាពលរដ្ឋចំពោះហេតុការណ៍នោះ និងប្រកាសផ្តល់ជាសំណងដល់ជនរងគ្រោះក្នុងម្នាក់ៗ៥លានរៀល ឬជាង១.២០០ដុល្លារអាមេរិក។ យ៉ាងណាក៏ដោយ ពុំមានមន្ត្រីរដ្ឋាភិបាលរូបណា ចេញមកទទួលខុសត្រូវ ឬត្រូវអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនសាកសួរចំពោះសោកនាដកម្មនោះទេ។
ក៏ប៉ុន្តែ នៅក្នុងការថ្លែងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជានាយករដ្ឋមន្ត្រីយូរជាងគេបង្អស់ក្នុងតំបន់អាស៊ី បានថ្លែងថា រដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរក្នុងពេលប្រទេសមានការរៀបចំពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម។
លោក ហ៊ុន សែន ថ្លែងថា៖«ពេលហ្នឹងអត់មានមេទ័ព មេប៉ូលិសណា បិទទូរស័ព្ទ ហៅទូរស័ព្ទរកមិនឃើញ ហើយអាឡែងតែស្រវឹងទេ អត់ទេ ស្រវឹងអត់បានទេ។ អញ្ចឹងទេ កុំតិចថា អ្ហូ! បុណ្យចូលឆ្នាំ ហ៊ុន សែន សប្បាយណាស់។ ប៉ុន្តែអត់ទេទូរស័ព្ទប៉ុន្មានបើកទាំងអស់ ទូរស័ព្ទប៉ុន្មានបើកទាំងអស់។ អញ្ចឹងទេ នេះជាកាតព្វកិច្ចពីលើដល់ក្រោម មិនមែនបានសេចក្តីថាអ្វីផ្សេងទេ ព្រោះគេឲ្យយើងឈរកន្លែងហ្នឹងដើម្បីទទួលខុសនិងត្រូវ ទទួលខុស និងត្រូវ មិនមែនទទួលតែអាត្រូវទេ»។
បន្ទាប់ពីការដួលរលំរបបខ្មែរក្រហមមក ប្រទេសកម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើន តែហេតុការណ៍វាយប្រហារភេរវកម្មនោះមិនទាន់កើតមានឡើងនោះទេ។ សោកនាដកម្មកោះពេជ្រ គឺជាសោកនាដកម្មមួយដែលបានកើតឡើងក្នុងរយៈពេលជាង៣០ឆ្នាំ ក្រោយពីការផុតរលត់នៃរបប ប៉ុល ពត។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម មានប្រសាសន៍ប្រាប់ VOA ថាប្រទេសកម្ពុជាមិនត្រូវព្រួយបារម្ភហួសហេតុ ចំពោះការវាយប្រហារតាមសកម្មភាពភេរវកម្មនោះទេ ហើយថា កម្ពុជានៅក្នុងដំណាក់កាលនេះត្រូវធ្វើការពង្រឹងការទូតរបស់ខ្លួន ជាមួយបណ្តាប្រទេសជាមិត្ត ដោយមិនត្រូវយកប្រទេសមហាអំណាចណាមួយមកធ្វើជាខ្នងបង្អែក ដែលអាចទាញទម្លាក់ប្រទេសកម្ពុជាចូលក្នុងជម្លោះសារជាថ្មីជាដាច់ខាត។
លោកថា៖«នៅក្នុងដំណាក់កាលនេះ ខ្ញុំគិតថា ប្រទេសកម្ពុជាគួរតែពង្រឹងនូវនយោបាយការទូត ឬក៏នយោបាយការបរទេសហ្នឹងឲ្យបានរឹងមាំ ដើម្បីបញ្ចៀសការប្រើឥទ្ធិពលនៃមហាអំណាចណាមួយ ដើម្បីយកកេងប្រវ័ញ្ចផ្នែកនយោបាយ និងយោធាពីប្រទេសយើង ហើយនិងអាចទាញឲ្យប្រទេសយើងហ្នឹងធ្លាក់ចូលទៅក្នុងប្លុកណាមួយ ហើយនាំទៅរកសង្គ្រាម ដូចកាលពីសង្គ្រាមត្រជាក់»។
ក្រៅពីការពង្រឹងវិស័យការទូត លោក មាស នី បានស្នើឲ្យរដ្ឋាភិបាលផ្តោតការតាមដានលើស្ថានការណ៍នយោបាយនៅក្រៅប្រទេស ដូចជាជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ហើយនិងជម្លោះសមុទ្រចិនខាងត្បូង។ លោកថា ជម្លោះទាំងនេះអាចនឹងមានឥទ្ធិពលមិនប្រយោលមកលើប្រទេសកម្ពុជា ក្នុងកិច្ចការពង្រឹងទំនាក់ទំនងអន្តរជាតិ៕