ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ លោក​ ហ៊ុន សែន​ ថា ​អាស៊ាន​មិន​ត្រូវ​ការ​ជ្រើស​រើស​មហាអំណាច​ណា​មួយ​ទេ​


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចពិភាក្សានៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន នៅទីក្រុងហាណូយ វៀតណាម កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធានអាស៊ានប្តូរ​វេន​សម្រាប់​ឆ្នាំ​២០២២​នេះ បាន​ថ្លែងថា អាស៊ាន​មិន​ត្រូវ​ការ​ជ្រើសរើស​មហាអំណាច​ណាមួយនោះ​ទេ អំឡុង​ពេល​នៃ​ការ​ពិភាក្សា​មួយនៅវេទិកា​សេដ្ឋកិច្ច​ពិភព​លោ​កដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ស្វីសកាល​ពី​ពេល​ថ្មីៗ​នេះ។

​នៅ​ក្នុងកិច្ចពិភាក្សា​មួយ​លើប្រធានបទ «ទិដ្ឋភាព​យុទ្ធសាស្រ្ត​ស្តី​ពី​អាស៊ាន​ និង​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២» ​លោក​ហ៊ុន សែន​បានលើក​ឡើងក្នុង​សម្តី​ដើម​ថា​៖

«ពិត​មែន​ហើយ ចំណុច​ដែល​យើង​ឯកភាព​គ្នា​នៅ​ទី​នេះ គឺ​យើង​កត់សម្គាល់​ពី​ការ​មិនត្រូវ​ជ្រើសរើស​នរណា​មួយ​។ ខ្ញុំ​ក៏​បាន​កត់សម្គាល់​ថា មិត្តភក្តិ​របស់​យើង​ជា​ប្រទេស​មហាអំណាច​ ក៏​បាន​ប្រាប់​មក​យើង​ថា គ្មាន​ការ​ចាំបាច់​សម្រាប់​ការ​ជ្រើសរើស​នរណា​នោះ​ទេ។ ហើយ​យើង​ក៏​បាន​បញ្ជាក់​ទៅ​វិញ​ថា បើ​ទោះ​បី​ជា​អស់លោក​ឱ្យ​យើង​ខ្ញុំ​ជ្រើសរើស ក៏​យើង​ខ្ញុំ​អត់ជ្រើសរើស​ដែរ»។

កិច្ចពិភាក្សា​ខាង​លើ​នេះ​ត្រូវ​បាន​ធ្វើឡើង​អំឡុង​ពេល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្រុង​ដាវ៉ូស-ក្លូស្ទើរ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី២៤ ខែ​ឧសភា​កន្លង​ទៅ​នេះ។ វាគ្មិន​ចំនួន ៥​រូប ដែល​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ រួម​មាន​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ៤​រូប​ផ្សេង​ទៀត​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូ​នេស៊ី ​សិង្ហបុរី​ និង​អឺរ៉ុប។

អំឡុង​ពេល​កិច្ច​ពិភាក្សា​ លោក​ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បានសង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​គំនិត​ផ្តួច​ផ្តើម​ឥណ្ឌូ-​ប៉ាស៊ីហ្វិក ដែល​ត្រូវ​បានអ្នកជំនាញ​កិច្ច​ការ​អន្តរ​ជាតិយល់​ឃើញ​ថា ជា​គំនិតផ្តួចផ្តើម​មួយ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។​ លោក​បាន​បន្ត​ថា ​គោលបំណង​សំខាន់​បី​ជុំវិញ​គំនិត​ផ្តួច​ផ្តើម​ឥណ្ឌូ-ប៉ាស៊ីហ្វិកគឺ បម្រើ​ដល់​សន្តិភាព​និង​ការ​អភិវឌ្ឍ មិន​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ និង​បម្រើ​ដល់​មជ្ឈភាព​ ឬ​ការ​ប្រកាន់​ជំហរ​កណ្តាល​របស់​អាស៊ាន​។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ក៏​បាន​ចង្អុល​បង្ហាញ​ត្រួសៗ​ពីចំណោទ​បញ្ហា​នានា ទាក់​ទិន​ការ​ប្រកួតប្រជែង​គ្នា​រវាង​មហា​អំណាច​ ដូចជា​សហរដ្ឋអាមេរិក ​និង​ចិន វិបត្តិ​ស្បៀង​អាហារ ការ​ជំរុញ​ការ​គោរព​និង​បង្កើត​ក្រម​ប្រតិបត្តិ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​ផ្សេងៗបង្ក​ឡើង​ពី​សង្រ្គាម​រុស្ស៊ី និង​អ៊ុយក្រែន​ជាដើម។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក គិន ភា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធនេះ​ថា ជា​រឿង​ត្រឹមត្រូវ​ដែល​អាស៊ាន​មិន​ត្រូវ​ការ​ជ្រើស​យកមហាអំណាច​ណា​មួយ​នោះ​ទេ ពី​ព្រោះ ​ផ្អែក​តាម​គោលការណ៍​ អាស៊ាន​ត្រូវការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេសមហាអំណាច​ទាំងអស់។

​យ៉ាងណាក្តី លោក​បាន​បន្ថែម​ថា ការ​ផ្តោត​លើ​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ជា​ធំ​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​អាច​ជះឥទ្ធិពល​អវិជ្ជមាន​មក​លើ​ភាព​រឹងមាំ​របស់​អាស៊ាន​ទាំង​មូល។ ​

លោក​បាន​ថ្លែង​ថា៖ «យើង​គិត​ថា ការណ៍​ដែល​រដ្ឋ​ជា​សមាជិក​អាស៊ាន​នីមួយៗ​ គឺ​មាន​ទំនោរ​ទៅ​រក​មហាអំណាច​ម្ខាងៗ​នេះ គឺ​វា​ផ្តល់​នូវ​ហានិភ័យ​សម្រាប់​ភាព​រឹងមាំ សម្រាប់​នូវ​សាមគ្គីភាព ឯកភាព​ ក៏ដូចជា​ មជ្ឈភាព​របស់​អាស៊ាន»។

បើ​តាម​លោក គិន​ ភា បើ​ទោះបី​ជាមាន​សម្ពាធ​បែប​ណា​មួយ​ពី​មហាអំណាច​ក៏​ដោយ លោក​យល់ថា អាស៊ាន​នៅ​តែ​អាច​រក្សា​អព្យាក្រឹត​ភាពបាន​ ​ដោយសារ​គោលការណ៍​ផ្តោត​លើ «ស្មារតី​កុងសង់ស៊ីស» របស់​អាស៊ាន។

ចំណែក​អ្នក​វិភាគ​នយោបាយ ​លោក ​ឯម សុវណ្ណារ៉ា ​បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ឡាវ​និង​កម្ពុជា​ គឺ​មាន​ទំនោរ​គាំទ្រ​ចិន​ជាជាង​សហរដ្ឋអាមេរិក។ លោកបាន​បន្ត​ថា​ សហរដ្ឋ​អាមេរិក​ចង់​ឃើញ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន រក្សា​លំនឹង​ជំហរ​របស់​ខ្លួន​ជាមួយ​មហាអំណាច​នានា​លើ​សាកលលោក។

លោក​បាន​ថ្លែង​ថា៖ «សហរដ្ឋអាមេរិក​គឺ​ មិន​ចង់​ឱ្យ​កម្ពុជា​ងាក​ទៅ​អាមេរិក​ទេ។ គ្រាន់​តែ​ចង់​ឱ្យ​កម្ពុជា ឬ​ក៏​ឡាវ​ហ្នឹង ឈរ​ជំហរ​អព្យាក្រឹត​ ដែល​អាច​ឱ្យ​មាន​តុល្យភាព​រវាង​អាមេរិក​ ហើយ​និង​ចិន»។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​កម្ពុជា​អាច​សម្រេច​បាន​ក្នុង​ការ​រក្សាលំនឹង​ជំហរ​របស់​ខ្លួន កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ ដូច​យ៉ាង​ ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច និង​ការ​គាំពារ​នយោបាយ​ការទូត​លើ​ឆាក​អន្តរជាតិ​ជា​ដើម​៕

XS
SM
MD
LG