ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ ថា​ លោក​មិន​ចាត់​វិធាន​ការ​ខ្លាំងៗ​លើ​លោក ​ខឹម វាសនា​ ព្រោះ​ខ្លាច​ថា​ជា​«អន្ទាក់»


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងសទី ៤ ខែសីហា ឆ្នាំ ២០២២។ (Photo by HANDOUT / RUSSIAN FOREIGN MINISTRY / AFP)

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ថ្លែង​ថា​ លោក ​ខឹម វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ (LDP) ​ព្យាយាមឱ្យ​រូប​លោក​ធ្លាក់​ចូល​ទៅ​ក្នុង​«អន្ទាក់» ​តាម​រយៈ​ការ​ប្រមាថ​នាយក​រដ្ឋមន្រ្តី​ដើម្បី​ឱ្យគេ​ចាប់​ខ្លួន​រូប​លោក។​ ប៉ុន្តែ​លោក​ ហ៊ុន សែន​ បញ្ជាក់​ថា​ លោក​មិន​ចាញ់​កលល្បិច​របស់​លោក ​ខឹម វាសនា ​ឡើយ។​

វា​ខុស​ពី​ស្ថាន​ការណ៍​ផ្សេង​ទៀត ​គឺលោក ​ហ៊ុន សែន ​មិន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន ​លោក​ ខឹម វាសនា​ និង​បំបែក​ការ​ប្រមូល​ផ្តុំ​ ក្រោយ​ការ​ដាក់​ឱសាន​វាទ​ឲ្យ​បំបែក​ការ​ប្រមូល​ផ្តុំ​នៅ​ក្បែរ​ជើង​ភ្នំគូលែន ​ទី​កន្លែង​ដែល​លោក ​ខឹម វាសនា ​ថា​ ដើម្បី​គេច​ពី​ទឹក​ជន់​លិច​ពិភព​លោក។ ​

ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ចំនួន២ ​នា​ព្រឹក​ថ្ងៃទី​៣១ ​ខែ​សីហា​ ឆ្នាំ​ ២០២២​ ក្នុង​រាជធានី​ភ្នំពេញ ​លោក ​ហ៊ុន សែន ​បាន​ថ្លែង​ថា​ ប្រធានគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ​លោក ​ខឹម វាសនា​ ចង់​ឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​កង​កម្លាំង​ដើម្បី​បំបែក​ក្រុម​ពួក​គេ​នៅ​ជិត​ជើង​ភ្នំគូលែន​ ខេត្ត​សៀមរាប ​ហើយ​ចាប់​ខ្លួន​លោក ​ខឹម វាសនា ​ដើម្បី​ផ្លាស់​ប្តូរ​ស្ថាន​ការណ៍​ពី​រឿង​«អបិយជំនឿ»​ទៅ​ជា​រឿង​នយោបាយ។​ លោក​ ហ៊ុន សែន​ បាន​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​ដែល​ចង់ឱ្យ​នាយក​រដ្ឋមន្រ្តី​ចាត់​វិធាន​ការ​លើ​លោក​ ខឹម វាសនា​ មាន​ការ​អត់​ធ្មត់​ឱ្យ​បានខ្ពស់។​

លោក​ ហ៊ុន សែន​ ថ្លែង​ថា៖​ «អ្វី​ដែល​លោក ​ខឹម វាសនា ​ចង់​បាន ​គឺ​ចង់​ឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង​បំបែក​ភ្លាម​ ហើយ​ចាប់​ខ្លួន​គាត់​ភ្លាម។ ​បើ​សិន​ជាយើង​ហ៊ាន​ធ្វើ​អ៊ីចឹង​គឺ​ចូល​អន្ទាក់​របស់​ ខឹម វាសនា ​ពិត​ប្រាកដ។ ​ធ្វើ​នយោបាយ​ត្រូវ​មើល​ព្រៃ​ទាំង​មូល ​កុំ​មើល​ឈើ​មួយ​ដើមៗ​ឱ្យ​សោះ។​ នោះ​ហើយ​ជា​ការ​គិត​គូរ​របស់​ ហ៊ុន សែន»។​

​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ (LDP)។ (រូបថតពី Facebook/Khem Veasna)
​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ (LDP)។ (រូបថតពី Facebook/Khem Veasna)

លោក ​ហ៊ុន សែន ​ថ្លែង​បន្ត​ថា​ ការណ៍​ដែល​រដ្ឋាភិបាល​មិន​ចាត់​វិធាន​ការ​ធ្ងន់ធ្ងរ​ទៅ​លើ​លោក​ ខឹម​ វាសនា​ គឺ​ដោយ​ហេតុ​ថា​ ប្រធាន​គណ​បក្ស​រូប​នោះ​មិន​បាន​អំពាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ក៏ដូច​ជា​កង​ទ័ព​ងើប​ឡើង​ដើម្បី​«ផ្តួល​រលំ​រដ្ឋា​ភិបាល​»ឡើយ​ ដោយ​លោក​ប្រៀប​ធៀប​ទៅ​នឹង​មេ​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ។​

លោក ហ៊ុន សែន ទទូច​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​លោក​ថា​ «ចា​ញ់​បោក» ​លោក ​ខឹម​ វាសនា ​ត្រ​ឡប់​មក​កាន់​ទី​កន្លែង​ដើម​របស់​ខ្លួន​វិញ ​និង​ថា ​អាជ្ញាធរ​បាន​ដាក់​វិធាន​ការ​មិន​ឱ្យ​នរណា​ចូល​ទៅ​ក្នុង​ចម្ការ​របស់​លោក​ ខឹម វាសនា​ នៅ​ក្បែរ​ជើង​ភ្នំគូលែន​ទៀត​ឡើយ។​

លោក​បញ្ជាក់​បន្ថែម​ថា៖ ​«ព្រោះ​នៅ​ទី​នោះ ​នៅ​ពេល​នេះ​ចេញ​បាន​ តែ​ចូល​អត់​បាន។ ​នេះគឺ​ជា​បទ​បញ្ជា​នៃ​ការ​អនុវត្ត​របស់​អាជ្ញាធរ​នៅ​ទី​នោះ។ ​ចេញ​បាន​ តែ​ចូល​អត់​បាន ​តើ​រស់​នៅ​ទី​នោះ​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត»។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ខឹម វាសនា ​បាន​នៅ​ឡើយ​ទេ​នា​ថ្ងៃ​ពុធ​នេះ។​

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ ខឹម វាសនា ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ ​ក្នុង​ន័យ​ដើម​ថា​«កូន​ចៅ​អា​ខ្វាក់ ​និង​«អា​សម រង្ស៊ី ​នៅ​ព្រុស​វ៉េះៗ​តាម ​facebook ​មិន​ទាន់​ឃើញ​មឈូស​ វា​មិន​ស្រក់​ទឹក​ភ្នែក​ទេ។ បើ​អាខ្វាក់​វា​ធ្វើ​អី​អញ​កើត​ វា​ឱ្យ​កូន​ចៅ​របស់​វា​នៅ​ខេត្ត​សៀមរាប​មក​បាត់​ទៅ​ហើយ!»។​

សារ​នេះ​ត្រូវ​បាន​លោក​ ហ៊ុន សែន ​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា ​លោក ​ខឹម វាសនា ​ប្រមាថ​រូប​លោក។​

អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ​លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុ​ធ​នេះ​ថា ​ការ​ប្រមូលផ្តុំ​សាវ័ក​របស់​លោក​ ខឹម វាសនា ​ហាក់​មាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​ឱ្យ​ធ្វើ​បែប​ហ្នឹង។​ លោក​បន្ត​ថា ​ចំណាត់​ការ​របស់​អាជ្ញាធរ​មិន​ស្មើ​ភាព​គ្នា​ចំពោះ​ប្រជា​ពល​រដ្ឋ ​ក៏​ដូច​ជា​អ្នក​នយោបាយ​ខ្មែរ​គ្រប់​គ្នា​ឡើយ​ ខណៈ​វា​មិន​មែន​ផ្អែក​តាម​ច្បាប់ ​តែ​តាម​បុគ្គល​មាន​អំណាច ​ឬ​រដ្ឋាភិបាល។​

លោក​ថ្លែង​ថា៖​«នេះ​ជា​ហេតុ​ផល​មួយ​ដែល​យើង​មើល​ឃើញ​ថា​ ការ​អនុវត្ត​ហាក់ដូច​ជា​មាន​ការ​លើក​លែង​ឬ​ក៏​មាន​ការ​យោគ​យល់​អាស្រ័យ​ទៅ​លើ​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​នៅ​ក្រោម​ឥទ្ធិ​ពល​របស់​ខ្លួន​ ឬក៏​ជា​សាវ័ក​របស់ខ្លួ​ន»។​

អ្នក​ឃ្លាំមើល​រូប​នេះ​បន្ថែម​ថា ​វិធាន​ការ​របស់អាជ្ញាធរ​អាច​ធ្វើ​ឡើង​ម្តង​មួយ​ជំហានៗ​ ​ពី​ព្រោះ​ថា ​អ្នក​គាំទ្រ​របស់​លោក​ ខឹម វាសនា​ មាន​ការ​ងប់​ងុល​ខ្លាំង។​ លោក​បន្តថា​ លោក​មាន​ការ​ចម្លែក​ចំពោះ​ការ​ដែល​ប្រមុខ​រដ្ឋាភិបាល​មិន​មាន​ការ​ដាក់​ទោស​ទណ្ឌ​អ្វី​ជា​ដុំ​កំភួន​លើ​លោក ​ខឹម វាសនា ​ខណៈ​មាន​ការ​ប្រមាថ ​ក៏ដូច​ជា​ជេរ​លោក​នាយក​រដ្ឋមន្ត្រី​ផង​ដែរ។​

លោក​ថា ​វា​មិន​មាន​អ្វី​ជា​អន្ទាក់​ឡើយ​ ខណៈ​អំណាច​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​គណបក្ស​កាន់​អំណាច។​

លោក​ថ្លែង​ថា៖​ «គ្រាន់​តែ​បារម្ភ ​ជា​ទស្សនៈ​ខ្ញុំ។​ អ្នក​នយោបាយ​មួយ​ធ្លាប់​នៅ​ក្រោម​ឥទ្ធិពល​ ធ្លាប់​តែ​បម្រើ​នូវ​ទស្សនៈ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ មិន​សូវ​ជា​ដាក់​ទោស ​ដាក់​ទណ្ឌកម្ម​អី​ឱ្យ​មាន​រង​ផល​ប៉ះពាល់​ទេ។ ​ហើយ​មនុស្ស​នេះ​ប្រហែល​ជា​ថ្ងៃ​ក្រោយ​ គេ​អាច​នឹង​ប្រើប្រាស់​ទៀត ​បាន​ជាគេ​នៅ​រក្សា​ទុក​នៅ​ដដែល»។​

លោក ​លី សំរិទ្ធ ​អភិបាល​រង​ខេត្ត​សៀមរាប ​ប្រាប់​វីអូអេ​ថា ​មក​ទល់​ពេល​នេះ ​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​១​ម៉ឺន​នាក់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ចម្ការ​របស់​លោក​ ខឹម វាសនា ​ខណៈ​មួយ​ចំនួន​បាន​កំពុង​ចាក​ចេញ។​

លោក​ថ្លែង​ថា៖ ​«យើ​ងចែក​ជាពី​រផ្នែក។​ ទី​១​អ្នក​គាំទ្រ​ ទី​២​អ្នក​ជឿ​គាត់។​ អ្នក​គាំទ្រ​គាត់​ ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​របស់​គាត់។ ​ហ្នឹង​គាត់​ប្រហែល​ជា​មិន​ចាក​ចេញ​ទេ។ ​ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​ដែល​ជឿ​គាត់​បាន​ចាក​ចេញ​បណ្តើរៗ​ហើយ»។​

គួរបញ្ជាក់ថា​ ចាប់​តាំង​ពី​ថ្ងៃ​ទី២៦​ ខែ​សីហា ​ប្រជា​ពល​រដ្ឋ​ជាង​១​ម៉ឺន​៥​ពាន់​នាក់​បាន​នាំគ្នា​ជិះ​ឡាន ​ម៉ូតូ​យ៉ាង​ច្រើន​កុះ​ករ ​ដោ​យ​បាន​នាំ​យក​កូន​ចៅ ​និង​របស់​របរ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៅ​ជា​មួយ​ ដូច​ជា​ចាន ​ឆ្នាំង​ជា​ដើម​ដើម្បី​ភៀស​ខ្លួន​ និង​ស្នាក់​នៅ​រួមគ្នា​ក្នុង​ចម្ការ​ម្រេច​មួយ​កន្លែង​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជា​ធិបតេយ្យ ​គឺ​លោក ​ខឹម វាសនា ​ដែល​ស្ថិត​នៅ​ជិត​ជើង​ភ្នំ​គូលែន ​ក្នុងឃុំត្បែង​ ស្រុក​បន្ទាយ​ស្រី ​ខេត្ត​សៀមរាប។ ​ការ​សម្រុក​ទៅ​នេះ​កើត​មាន​ឡើង​ក្រោយ​ការ​ថ្លែង​របស់​លោក ​ខឹម វាសនា ​ដែល​បាន​ទស្សន៍​ទាយ​ពី​ទឹកជំនន់​ជន់​លិច​ពិភព​លោក​ទាំង​មូល​ លើក​លែង​តែទឹក​ដីភ្នំ​គូលែន​ ក្នុង​សៀមរាប​តែ​មួយ​គត់​ដែល​មិន​ជន់​លិច​នោះ។​

អាជ្ញាធរ​ខេត្ត​សៀមរាប​អះអាង​ថា ​ការណ៍​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​សង្គម​ និង​សុវត្ថិភាព​ ព្រម​ទាំង​ប្រឈម​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​ជាដើម។​

នៅ​ពេល​មាន​ការ​ជួប​ជុំ​យ៉ាង​ច្រើន​បែប​នេះ​ អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​បញ្ជា​ឱ្យ​រំសាយ ​និង​បញ្ឈប់​សកម្ម​ភាព​ជួបជុំ​ទាំង​នោះ​ ត្រឹម​ម៉ោង​១២​យប់ ថ្ងៃ​ទី៣០​ ខែ​សីហា ​និង​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់ ​បើ​នៅ​បន្ត​ជួប​ជុំ។ ​អាជ្ញាធរ​ខេត្ត​ចាត់​ទុក​សកម្ម​ភាព​នេះថា​ ជា«​ការ​ឃោសនា​ប្រជាភិថុតិ​បែប​អបិយ​ជំនឿ» ​និង​ប្រាស​ចាក​ការណ៍​ពិត៕

XS
SM
MD
LG