ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ក្រសួង​ការងារ៖​​ ក្រុមហ៊ុន​កូរ៉េ​ស្នើ​ឱ្យ​កាត់​បន្ថយ​ចំនួន​ពលករ​ខ្មែរ ​បន្ទាប់ពី​ពួកគេ​សម្រុក​ចេញ​ពី​ប្រទេស


រូបឯកសារ៖ ពលករ​ចំណាកស្រុក​កម្ពុជា​​ដើរ​ឆ្លង​កាត់​ព្រំប្រទល់​នៅ​ក្រុង Aranyaprathet ខេត្ត Sa Kaew ប្រទេស​ថៃ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករ​ចំណាកស្រុក​កម្ពុជា​​ដើរ​ឆ្លង​កាត់​ព្រំប្រទល់​នៅ​ក្រុង Aranyaprathet ខេត្ត Sa Kaew ប្រទេស​ថៃ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។

អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​កូរ៉េ​បាន​ប្តឹង​ទៅ​ក្រសួង​ការងារ​កូរ៉េ ​ដោយ​ស្នើ​ឱ្យកាត់​បន្ថយ​ចំនួន​ពលករ​កម្ពុជា ​បន្ទាប់​ពី​ពួក​គេ​ជាង​៤០០នាក់​ ដែល​ធ្វើ​ការ​នៅ​កូរ៉េ ​បាន​សម្រុក​ចាក​ចេញ​មក​កម្ពុជា ​និងបោះ​បង់​ការងារយ៉ាង​តក់​ក្រហល់។ ​ការ​ចាក​ចេញ​នេះ​ពាក់​ព័ន្ធ​នឹងការ​អំពាវ​នាវ​របស់​ប្រធាន​គណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ​លោក ខឹម វាស​នា ​ដែល​ថា ទឹក​នឹង​ជន់​លិច​ពិភព​លោក​ទាំង​មូល។​

មិន​មែន​មាន​តែ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេសកូរ៉េ​ទេ ​ពលករខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ​ប្រមាណ​១០០​នាក់​ក៏​បាន​ត្រឡប់​មក​កម្ពុជា​យ៉ាង​តក់​ក្រហល់​ផង​ដែរ។ ​នេះ​បើ​តាម​លោក​ ហេង សួរ​ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ។​

លោក ​ហេង សួរ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ចាប់​ពី​ថ្ងៃ​ទី​២៣​ដល់​២៥​ ខែ​សីហា​នេះ​ ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ​បាន​សម្រុក​ចេញ​មកកម្ពុជា​ចំនួន​ជាង​៤០០​នាក់ ​និងពលករ​ខ្មែរ​ចាក​ចេញ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​មាន​ប្រហែល​១០០នាក់។ ​លោក​បន្ថែម​ថា​ ក្នុង​នោះ​ក៏​មាននិស្សិត​ថ្នាក់​បណ្ឌិត​ រៀន​នៅ​តំបន់​កាន់​សៃរបស់​ប្រទេស​ជប៉ុន​១​នាក់​ផង​ដែរ។​

អ្នក​នាំពាក្យ​ក្រសួង​ការងារ​រូប​នេះ​បន្ថែម​ថា ​ពលករ​ខ្មែរ​ទាំង​នោះ ខ្លះ​សុំ​ច្បាប់​ថៅ​កែ​ថា ​ឪពុក​ម្តាយ​ឈឺ​ធ្ងន់ និង​ខ្លះ​ទៀត​សុំច្បាប់​ថៅ​កែ​ឈប់​មិន​បាន​ ក៏​ពួក​គេសម្រេច​ចិត្ត​បោះ​បង់​ការងារចោល ​និង​ត្រឡប់​មក​កម្ពុជា​វិញ។​ លោក​បញ្ជាក់​ថា​ ការ​ចាក​ចេញ​របស់​ពួកគេ​គឺ​ដោយ​សារ​ជឿ​លើ​«ការ​ឃោសនា​អកុសល​បែប​អបិយ​ជំនឿ ​និង​មិន​សម​ហេតុ​ផល» ​របស់​លោក​ ខឹម វាសនា។​

លោក​ ហេង សួរ ​បន្ត​ថា ​ការណ៍​នេះ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​កូរ៉េមួ​យ​ចំនួន​បាន​ប្តឹង​ទៅ​ក្រសួង​ការ​ងារ​កូរ៉េ ​ដោយ​ស្នើ​ឱ្យ​កាត់​បន្ថយ​ពលករ​របស់កម្ពុជា ​ដែល​លោក​មិន​អាច​បញ្ជាក់​ថា ​តើ​មាន​ចំនួន​ក្រុម​ហ៊ុន​ប៉ុន្មាន​ទេ​ ដែល​បាន​ប្តឹង​ទៅ​ក្រសួង​ការងារ​កូរ៉េ។​

អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ថា​ ក្រសួង​ការងារ​បានជួប​ដោះស្រាយ​បញ្ហា​នេះ​ជា​មួយ​តំណាង​អង្គភាព​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​កូរ៉េ​ (HTD Korea) ​ដោយ​បាន​សុំទោស​រដ្ឋាភិបាល​កូរ៉េ ​ជា​ពិសេស​និយោជក​កូរ៉េ ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​ចលាចល​នេះ។​ ក្រសួងក៏​សំណូម​ពរ​ដល់​និយោជក​កូរ៉េ ​និង​ជប៉ុន​មេត្តា​យោគ​យល់​ដល់​ពល​ករ និង​សិក្ខាកាម​របស់​កម្ពុជា​ ដោយកុំ​ប្តឹង ​និង​ពិចារណា​ទទួល​យក​ពួក​គេវិញ​តាម​លទ្ធ​ភាព​ជាក់​ស្តែង។​

លោក ​ហេង សួរ​ បញ្ជាក់​សារ​ជា​អក្សរ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​ថា៖​ «គេ​ [ក្រុមហ៊ុនកូរ៉េ]​ បាន​ប្តឹង​ទៅ​ក្រសួង​កាងារ​កូរ៉េ ​និង​បាន​សំណូម​ពរ​ឲ្យ​ក្រសួ​ង​ការងារ​កូរ៉េ​កាត់​បន្ថយ​ចំនួន​ពលករ​យើង។​ យើង​បាន​ខិត​ខំ​សុំ​ការ​យោគ​យល់​ពី​និយោជក​កូរ៉េ ​ហើយ​សន្យា​ថា ​នឹង​អប់រំ​បង​ប្អូន​យើង​បន្ថែម»។​

លោក​ ហេង សួរ​ ក៏​ស្នើ​ទៅ​ពលករ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ឱ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ និង​កុំជឿ​លើ​ការ​ឃោសនា​ណា​មួយ។​

បើ​តាម​លោក​ ហេង សួរ​ បច្ចុប្បន្នពលករ​ខ្មែរដែល​ធ្វើ​ការនៅ​ប្រទេស​កូរ៉េ​ ​មាន​ជាង​៥​ម៉ឺន​នាក់ ​និង​ក្នុង​ប្រទេស​ជប៉ុន​មាន​ជាង​១ម៉ឺន​៦​ពាន់នាក់។​

ទាក់ទង​បញ្ហា​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ស្នើ​ទៅ​ក្រុម​ហ៊ុនកូរ៉េ ​ជប៉ុន ​និង​ថៃ​ កុំ​ប្តឹង​តាម​ផ្លូវ​ច្បាប់​លើ​រដ្ឋាភិបាល​កម្ពុជា ​និង​ពលករ​ដែល​រត់​ចោល​ការងារ​នា​ពេល​ថ្មីៗ​នេះ។​ លោក​បន្ថែម​ថា​ពលករ​ទាំង​នោះ​ចាញ់​បោក​ការ​ឃោសនា​របស់​ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ​លោក ខឹម វាសនា។ ​លោក ​ហ៊ុន សែន ​បាន​ស្នើ​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​ ​ក្នុង​រាជ​ធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​៣១ ​ខែ​សីហា​នេះ។​

លោក ​ហ៊ុន សែន ​ថ្លែង​ថា៖​ «សូម​កុំ​ឱ្យ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​អស់​ ដែល​មាន​ពលករ​ធ្វើការ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​ដាក់​ពាក្យ​បណ្តឹង​ ទាមទារ​សំណង​ពី​រដ្ឋា​ភិបាល​កម្ពុជា ​ឬ​ពី​បុគ្គ​លិក​ដែល​រត់​ចោល​ការងារ។ ​ហើយ​សូមកុំ​ផ្សារ​ភ្ជាប់​ពលករ​កម្ពុជា​ដទៃ​ទៀត​ជាមួយ​ពលករ​ដែល​ធ្វើ​កំហុស​ ដោយ​សារ​ការ​ចាញ់​បោក​សម្រាប់​ព្រះ​ព្រហ្ម​ [លោក ខឹម វាសនា ​តាំងខ្លួន​ជា​ព្រះ​ព្រហ្ម]​ នៅ​ប្រទេស​កម្ពុជា»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំ​ពាក្យ​របស់​ក្រសួង​ការ​ងារ​សាធារណៈ​រដ្ឋកូរ៉េ ​លោក ​Park Jihye តាម​សារ​អ៊ីម៉ែលបាន​នៅ​ឡើយ​ទេ ​នា​ថ្ងៃ​ពុធ​នេះ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ ខឹម ​វាសនា ​ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ​បាន​តាំង​ខ្លួន​ថា ​ជា​«ព្រហ្មរក្សាលោក» ​និង​បាន​ទស្សន៍​ទាយ​ថា​ មាន​ទឹក​ជំនន់​លិច​ពិភព​លោក​ ដោយថា​ មាន​តែ​ដី​ចម្ការ​ម្រេច​របស់​លោក​នៅ​ជិត​ក្បែរ​ជើង​ភ្នំគូលែន​ ខេត្ត​សៀម​រាបប៉ុណ្ណោះ ​ដែល​មិន​ជន់​លិច។​ អ្នក​នយោបាយ​រូប​នោះ​បាន​ហៅ​សមាជិក​របស់​ខ្លួន​ឱ្យ​មក​ផ្តុំ​គ្នា​នៅ​ចម្ការ​នោះ​ដើម្បី​រួច​ផុត​ពី​ការ​ជន់​លិច ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​លោក​ ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​នាំ​គ្នា​សម្រុក​ទៅ​ និង​ខ្លះ​ទៀត​ដែល​ជា​ពលករ​នៅ​ក្រៅ​ប្រទេស​បង្ខំ​ចិត្តបោះ​បង់​ចោល​ការងារ​នៅ​ក្រៅ​ប្រទេស ​និង​មក​ប្រទេស​កម្ពុជា​វិញ​យ៉ាង​តក់​ក្រហល់ ​ដោយ​សារ​ភ័យ​ខ្លាច។​

ការ​ជឿ​លើ​ការ​ឃោសនា​របស់​លោក​ ខឹម វាសនា ​ក៏​នាំ​ឱ្យ​មាន​ការ​រិះគន់​ផង​ដែរ​ថា​ ហេតុ​អ្វី​បាន​ជា​ប្រជា​ពលរដ្ឋ​ជឿ​លើ​ពាក្យ​សម្តី​របស់​អ្នក​នយោបាយ​រូប​នោះ។ ​អ្នកតាម​ដាន​សង្គម​បាន​លើក​ឡើង​ថា​ ប្រជាពល​រដ្ឋ​គួរ​តែ​ពិចារណា ​មុន​ជឿ​ស្លុង​លើ​អ្វី​មួយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG