ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា​លោក​មិន​ទៅ​ទទួល​វ៉ាក់​សាំង​​អាមេរិក ដោយសារ​វា​មិន​មែន​ជា«ជំនួយ​ទ្វេ​ភាគី»


កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ Johnson & Johnson ចំនួន៥០ម៉ឺនដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ Johnson & Johnson ចំនួន៥០ម៉ឺនដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ បាន​អះអាង​ថា​មូល​ហេតុដែល​លោក​មិន​ទៅ​ទទួល​វ៉ាក់​សាំង​បង្ការ​ជំង​កូវីដ​១៩ ដែល​ជា​ជំនួយ​របស់​អាមេរិក ដោយ​សារ​វា​មិន​មែន​ជា​«ជំនួយ​ទ្វេ​ភាគី»​នោះ​ទេ។

លោក ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុងពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​មនុស្ស​អាយុ​ពី​១២​ឆ្នាំ​ទៅ​១៧​ឆ្នាំ ដែល​លោក​បាន​អនុញ្ញាត​ឱ្យ​ចៅប្រុស​ស្រី​របស់​លោក​ចាក់​វ៉ាក់​សាំង​នេះ​មុន​គេ ដើម្បី​បង្ហាញ​ពី​ភាព​ទុក​ចិត្ត។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​មុន វ៉ាក់សាំង​ប្រភេទ ​Johnson​&Johnson ប្រមាណ​៤៥ម៉ឺន​ដូស ក្នុង​ចំណោម​វ៉ាក់សាំង​ជាង​១​លាន​ដែល​ជា​ជំនួយ​អាមេរិក ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា ដែល​មានវត្តមាន​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុន​ហេង ក្នុង​ពិធី​ប្រគល់​និង​ទទួល​វ៉ាក់សាំង​នោះ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​ ការ​ដែល​លោក​មិន​ទៅ​ទទួល​ដោយ​ផ្ទាល់ មិន​មែន​រើស​អើងប្រទេសណា​នោះ​ទេ ប៉ុន្តែ​លោក​ថា​វ៉ាក់​សាំង​នេះ​ផ្តល់​ដល់​កម្ពុជា ក្រោម​ក្របខណ្ឌ​កូវ៉ាក់​ដែល​ជា​អង្គការ​ពហុភាគី ហើយ​កម្ពុជា​ក៏​ជា​សមាជិក​មួយ​ដែរ។

កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​បាន​ចេញ​ទៅ​ទទួល​វ៉ាក់សាំង ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន និង​ជប៉ុន។

ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក​មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ។ ហើយ​ចុង​ក្រោយ​នេះ អាមេរិក​បាន​ចោទ​សួរ​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិប​តេយ្យ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធភាព​នៃ​វត្ត​មាន​កង​ទ័ព​ចិននៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ នា​ពេល​អនាគត។

លោក​បញ្ជាក់​ថា៖ «អញ្ចឹង​សូម​បញ្ជាក់​កុំ​ឲ្យ​ថា​ខ្ញុំ​មាន​ការ​រើស​អើង។ ខ្ញុំ​អត់​រើស​អើង​ទេ។ បើ​ផ្តល់​ជំនួយ​ទ្វេភាគី​ខ្ញុំ​ចេញ តែ​បើ​មក​តាម​ពហុ​ភាគី អាហ្នឹង​គឺ​រដ្ឋមន្រ្តី​សុខាភិបាល​ចេញ គឺបាន​ហើយ។ គ្រប់​គ្រាន់​ហើយ»។

លោក ហ៊ុន សែន បន្ថែម​ថា​លោក​នឹង​ចេញ​ទៅ​ទទួល​វ៉ាក់​សាំង​ដែល​ផ្តល់​ដោយ​ចក្រភពអង់​គ្លេស​ដែល​នឹង​ត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា​ខាង​មុខ​នេះ។

លោក ​Chad Roedemeier ​អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ។ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា​វ៉ាក់សាំង​របស់​អាមេរិក​ផ្តល់​មក​កម្ពុជា មិន​មាន​ភ្ជាប់​លក្ខខណ្ឌ​អ្វី​នោះ​ទេ៕

XS
SM
MD
LG