នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានថ្លែងកោតសរសើរក្រុមហ៊ុនឯកជន ចំពោះការតស៊ូនៅក្នុងការទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩ ដោយពួកគេមិនបានបិទដំណើរការ ហើយបន្តរក្សាការងារឲ្យបុគ្គលិក។
ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលកម្សាន្ត ព្រីន៍ ម៉ាណ័រ គ្រប់គ្រងដោយវិនិយោគិនចិន នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃពុធលោក ហ៊ុន សែន មានប្រសាសន៍ថា ក្នុងពេលវិបត្តិជំងឺឆ្លងកូវីដ១៩ ក្រុមហ៊ុនឯកជនបានខិតខំបន្តអាជីវកម្មរបស់ខ្លួន ហើយថែមទាំងមិនបានកាត់បន្ថយបុគ្គលិកទៀតផង។
«នៅលើពិភពលោកបាត់បង់ការងារច្រើនណាស់! បាត់បង់ការងារច្រើនណាស់! មិនមែនគ្រាន់តែប្រទេសកម្ពុជាមួយទេ។ អ៊ីចឹង ការណ៍ដែលក្រុមហ៊ុនឯកជនទាំងអស់នៅបន្តការខិតខំវិនិយោគ និងបន្តដំណើរការនៃក្រុមហ៊ុនរបស់ខ្លួន ដោយមិនបិទ ឬមិនបន្ថយបុគ្គលិក គឺជាការរួមចំណែកដ៏ធំនៃការដោះស្រាយការងារធ្វើ និងប្រាក់ចំណូលឲ្យប្រជាជនកម្ពុជា ហើយមិនទម្លាក់បន្ទុកដោះស្រាយបញ្ហាសង្គមឲ្យរាជរដ្ឋាភិបាលនោះទេ»។
«ខ្ញុំឃើញថា ក្រុមហ៊ុនសំណង់នានា គឺបន្តធ្វើ។ ហើយបើតាមខ្ញុំសួរទៅ គឺគម្រោងធ្វើគម្រោងផ្ទះស្អីៗហ្នឹង តែបើកភ្លាមមានអ្នកដាក់កក់ទិញ កក់ទិញកក់។ ដូច្នេះនៅតែបន្តធ្វើបែបនេះ ធ្វើឲ្យកម្មករយើងមានការងារធ្វើ (អាចរក) ប្រាក់ចំណូលថែមទៀត»
លោក ហ៊ុន សែន បានអះអាងថា ទោះបីមានរោងចក្រខ្លះបានបិទទ្វារ តែក៏មានរោងចក្រថ្មីត្រូវបានបង្កើតឡើង ក្នុងគ្រាមានវិបត្តិនេះ។ លោកមិនបានបញ្ជាក់ពីប្រភេទផលិតកម្មរបស់រោងចក្រ ដែលបង្កើតឡើងថ្មីនោះទេ។ ក៏ប៉ុន្តែ លោកថា វាជាឱកាសនៃការបង្កើតការងារថ្មីសម្រាប់ពលរដ្ឋកម្ពុជា។
លោកនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់នូវការបន្តមានសកម្មភាពទិញដូរក្នុងវិស័យសំណង់ ហើយការផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុក ក៏បានរើបឡើងវិញទៀតផង។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំឃើញថា ក្រុមហ៊ុនសំណង់នានា គឺបន្តធ្វើ។ ហើយបើតាមខ្ញុំសួរទៅ គឺគម្រោងធ្វើគម្រោងផ្ទះស្អីៗហ្នឹង តែបើកភ្លាមមានអ្នកដាក់កក់ទិញ កក់ទិញកក់។ ដូច្នេះនៅតែបន្តធ្វើបែបនេះ ធ្វើឲ្យកម្មករយើងមានការងារធ្វើ (អាចរក) ប្រាក់ចំណូលថែមទៀត»។
សម្រាប់វិស័យកសិកម្ម លោកនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ៖ «ឯរឿងមួយទៀតក្នុងវិស័យកសិកម្ម នៅពេលដែលមានការអត់នាំចូលបាននូវអាដែងរបស់របរមកពីខាងក្រៅ ប្រឹងដាំប្រឹងដុះប្រឹងចិញ្ចឹមខ្លួនឯង ចិញ្ចឹមទីផ្សារបានអីតើ...អ៊ីចឹង ដូចជាការនាំជ្រូកចូល ឬនាំបន្លែបង្ការចូល ក៏ត្រូវបានកាត់បន្ថយនៅក្នុងដំណាក់កាលអាកូវីដនេះ។ អ៊ីចឹង តើនរណាផ្គត់ផ្គង់? គឺកសិករយើងផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង»។
បើតាមរបាយការណ៍បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០២០ នេះ «សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ នេះ ត្រូវបានព្យាករទុកថា នឹងមានកំណើនអវិជ្ជមានគឺ -២ភាគរយ ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់កម្ពុជា ជាហេតុប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខុមាលភាពគ្រួសារ និងអាចធ្វើឲ្យភាពក្រីក្រកើនឡើងទៀតផង»។
ធនាគារពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ពន្យល់បន្ថែមថា នៅឆ្នាំ ២០២០ នេះ ការរាលដាលជំងឺកូវីដនេះបានប៉ះពាល់យ៉ាងដំណំទៅលើក្បាលម៉ាស៊ីនកំណើនធំៗរបស់កម្ពុជា ជាពិសេសវិស័យសំណង់ ទេសចរណ៍ និងផ្នែកនាំទំនិញចេញដែលទាំងអស់នេះ មានចំណែកជាង ៧០ ភាគរយ ក្នុងកំណើនផលិតផលក្នុងស្រុកសរុប និង ៣៩ ភាគរយនៃការងារមានប្រាក់កម្រៃទាំងអស់ក្នុងឆ្នាំ ២០១៩។ ជំងឺកូវីដ១៩ ក៏បានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យ នៅទ្រឹងដែលជាវិស័យមានការពឹងពាក់ខ្លាំងទៅលើការវិនិយោគពីបរទេស។
ធនាគារបានកត់សម្គាល់ទៀតថា៖ «វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា បានដួលរលំដោយសារតែការរឹតត្បិតលើការធ្វើដំណើរ និងវិធានការរាំងខ្ទប់ឲ្យនៅមួយកន្លែង»។
«ក្នុងចំណោមក្រុមហ៊ុនចំនួន ៥៣៧ ដែលផ្តល់ចម្លើយមាន ១៨ ភាគរយ ដែលបានបិទទ្វារបណ្តោះអាសន្ន ឬជាស្ថាពរតែម្តងដោយសារតែជំងឺកូវីដ១៩»
ចំនួនភ្ញៀវមកដល់បានធ្លាក់ចុះប្រហែល ៦៤,៦ ភាគរយ ក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ ២០២០។ ការធ្លាក់ចុះយ៉ាងគំហុកនូវតម្រូវការលើសកលលោក ក៏បានបណ្តាលឲ្យវិស័យកមន្តសាលរបស់កម្ពុជាចុះខ្សោយ ពោលគឺការនាំចេញនូវផលិតផលកាត់ដេរ ផលិតផលសម្ភារៈធ្វើដំណើរ និងស្បែកជើងបានធ្លាក់ចុះ ៧,២ ភាគរយ ក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ហើយទន្ទឹមគ្នានោះ ការនាំចូលនូវក្រណាត់សម្រាប់យកមកកាត់ដេរ បានធ្លាក់ចុះ ៨៥,៤ ភាគរយ។
ចំពោះសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឯកជន ធនាគារពិភពលោក បានរកឃើញថា ក្រុមហ៊ុនក៏កំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចដែរ។
ធនាគារបានយោងទៅលើការស្ទង់មតិមួយក្នុងខែមិថុនា ឆ្នាំ ២០២០ ដែលបានបង្ហាញថា៖ «ក្នុងចំណោមក្រុមហ៊ុនចំនួន ៥៣៧ ដែលផ្តល់ចម្លើយមាន ១៨ ភាគរយ ដែលបានបិទទ្វារបណ្តោះអាសន្ន ឬជាស្ថាពរតែម្តងដោយសារតែជំងឺកូវីដ១៩»។ ត្រង់នេះបានជះផលប៉ះទង្គិចយ៉ាងអាក្រក់ទៅលើសុខុមាលភាព ជាពិសេសទៅលើជនក្រីក្រ និងក្រុមជនងាយរងគ្រោះបំផុត។
លោកស្រី ឆាយ ស៊ាវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ទទូចឲ្យរដ្ឋាភិបាលរកយន្តការស្រោចស្រង់ម្ចាស់ក្រុមហ៊ុនទេសចរណ៍ ដែលកំពុងទទួលរងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយស្ទើរតែដំណើរការលែងបាន។
លោកស្រីប្រាប់វីអូអេកាលពីសប្តាហ៍មុនថា៖ «អ៊ីចឹង ការអូសបន្លាយនេះ បានធ្វើឲ្យខាងឯកជនហ្នឹង គឺកាន់តែរងផលប៉ះពាល់ខ្លាំងមែនទែន ដែលយើងដូចថា មិនអាច...សឹងតែមិនអាចទៅមុខរួចឥឡូវហ្នឹង។ អ៊ីចឹងទាល់តែរដ្ឋាភិបាលជួយបន្ថែមនូវការគាំទ្រ ការជួយមកដល់ឯកជននេះ»។
លោកស្រីបន្ថែមថា៖ «ត្រូវមានកញ្ចប់ថវិកា ដើម្បីជាកម្ចីដល់ម្ចាស់សហគ្រាសមួយចំនួនច៎ា។ ម្ចាស់សហគ្រាសដែលគាត់អស់ទុនបង្វិលហើយ អស់ទុននៅក្នុងការចំណាយហើយ ព្រោះថា គាត់ប្រឈមមុខនឹងការចំណាយច្រើនណាស់បច្ចុប្បន្ននេះ។ ដូចជាការជួលអគារអី គាត់នៅដែរដោយសារអី? យើងមិនអាចឈប់ជួលបាន កាលណាឈប់ជួលដូចបិទអ៊ីចឹង។ អ៊ីចឹងវាប៉ះពាល់ទៅដល់អតិថិជន ប៉ះពាល់ទៅដល់អ្នកដែលជំពាក់វាក់វិន ព្រោះថា រហូតមកដល់ថ្ងៃនេះ អត់មាននរណារួចខ្លួនទេ»។
ធនាគារពិភពលោកបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីខែកញ្ញាថា សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗ ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយក្រោយពីមានការសម្រាលឲ្យបើកអាជីវកម្មឡើងវិញ។ តម្រូវការក្នុងស្រុក រួមមានការធ្វើដំណើរ និងសកម្មភាពទេសចរណ៍ក្នុងស្រុកផង កំពុងតែងើបឡើងវិញ។
អ្នកវិភាគសេដ្ឋកិច្ចមួយរូបគឺលោក ង៉ែត ជូ ចាត់ទុកការអធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ក្រុមហ៊ុនឯកជនមិនទាន់បិទទ្វារ គឺជាការលើកឡើងសមហេតុផល ដោយសាររហូតមកដល់ពេលនេះ ក្រុមហ៊ុនឯកជនភាគច្រើននៅបន្តដំណើរការ បើទោះមានក្រុមហ៊ុនក្នុងវិស័យខ្លះដូចជាទេសចរណ៍ បានផ្អាកដំណើរការ ឬបិទទាំងស្រុងក៏ដោយ។
អ្នកវិភាគរូបនេះនៅមិនហ៊ានវាយតម្លៃបានថា តើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឯកជនអាចស្ថិតក្នុងស្ថានភាពល្អប្រសើរបន្តទៀត ឬក៏អាក្រក់នោះទេ ដោយសារវិបត្តិកូវីដមិនទាន់បានមួយឆ្នាំផង។
«មកទល់ឥឡូវហ្នឹងគឺ៨ខែទេ អ៊ីចឹងវារៀងលឿនបន្តិច។ វាមានមានន័យថា ពេលវេលាដូចជានៅខ្លីនៅឡើយសម្រាប់ក្រុមហ៊ុនទាំងអស់ហ្នឹង។ ប៉ុន្តែ ក្រុមហ៊ុនខ្លះជាការពិតក្រុមហ៊ុនតូចៗ គាត់មានការលំបាកទាក់ទងជាមួយនឹងបញ្ហាហិរញ្ញវត្ថុបាទ»។
ស្របពេលជាមួយគ្នានេះ ការវាយតម្លៃរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លើផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ នៅកម្ពុជាឲ្យដឹងថា អត្រាភាពក្រីក្រអាចកើនឡើងជិត ២ ដងដល់ ១៧,៦ ភាគរយ ហើយអត្រាអ្នកអត់មានការងារធ្វើ អាចកើនឡើងដល់ ៤,៨ ភាគរយ។
លោក ហ៊ុន សែន បានឲ្យដឹងទៀតថា រដ្ឋាភិបាលបានបន្តជួយកម្មកររោងចក្រ ដែលត្រូវបានព្យួរការងារដោយខាងភាគីរដ្ឋាភិបាលផ្តល់ប្រាក់ចំនួន ៤០ ដុល្លារ ក្នុងមួយខែ ហើយខាងភាគីថៅកែរោងចក្រ ជួយឧបត្ថម្ភ ៣០ ដុល្លារក្នុងមួយខែ។ កម្មករក្នុងវិស័យទេសចរណ៍ក៏ទទួលបានការគាំទ្រចំនួន ៤០ ដុល្លារពីរដ្ឋាភិបាលផងដែរ។ លោកបញ្ជាក់ថា ការគាំទ្រទាំងនេះនឹងបន្តទៅមុខរយៈពេល ៣ ខែទៀត។
ប៉ុន្តែ លោក អាត់ ធន់ មេដឹកនាំសហភាពការងារកម្ពុជា មានប្រសាសន៍ថា ការទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០ ដុល្លាររបស់កម្មករក្នុងឧស្សាហកម្មកាត់ដេរ មិនទាន់បំពេញតម្រូវការប្រចាំថ្ងៃទេ បើទោះវាជួយដោះទ័លបានមួយគ្រា។ លោកបន្ថែមថា កម្មករកាត់ដេរដែលបាត់បង់ការងារ អាចបង្ខំចិត្តលក់ដីធ្លី បន្ទាប់ពីពួកគេបានលក់សម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ៕