ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បញ្ជា​ឱ្យ​កាយដី​ចេញ​ពី​សមុទ្រ​វិញ​ក្រោយ​រង​ការរិះគន់


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុង​កិច្ច​ប្រជុំ​​បោះឆ្នោត​ជ្រើសតាំងថ្នាក់ដឹកនាំ​រដ្ឋសភាថ្មី និង​ការ​បោះឆ្នោត​ផ្តល់សេចក្តី​ទុក​ចិត្ត​រដ្ឋាភិបាល​ថ្មី ក្នុង​វិមាន​រដ្ឋសភា នា​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ (រូបថត​ពី​ទូរទស្សន៍)

នៅ​ថ្ងៃ​អង្គារ​នេះ​ ​ក្រសួង​រៀបចំ​ដែនដី​​បាន​ប្រកាស​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ខ្លួន​ថា​ ​​លោក​ ​ជា សុផារ៉ា​ ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ ​ត្រូវ​បាន​ចាត់តាំង​ដោយ​ផ្ទាល់​ពី​លោក​ ​ហ៊ុន សែន​ ​ដើម្បី​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​សមុទ្រ​មួយ​កន្លែង​ស្ថិត​ក្នុងឆ្នេរ​ព្រែកត្រែង​ ​ឃុំ​ ​អូរត្រេះ​ ​ស្រុក​ស្ទឹងហាវ​ ​ខេត្ត​ព្រះសីហនុ​ ​នឹង​ធ្វើឱ្យ​​ឆ្នេរ​សមុទ្រ​នោះ​មាន​សភាព​ដូច​ធម្មជាតិ​វិញ។​

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ដាក់​បញ្ជា​ ​បន្ទាន់​មួយ​ឱ្យ​ម​ន្ត្រី​ថ្នាក់​ក្រោមកាយ​យក​ដី​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​ចាក់​បំពេញ​សមុទ្រ​ធម្មជាតិ​ ​ក្នុង​ខេត្ត​ព្រះ​សីហនុ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចែកចាយ​ឱ្យ​អ្នក​សារព័ត៌មាន។​

ការ​ដាក់​បញ្ជា​ភ្លាមៗ​របស់​លោក​ ​ហ៊ុន សែន​ ​ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ ​ក្រោយ​មាន​ការ​រិះគន់​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ចំពោះ​កា​រចាក់​ដី​បំពេញ​សមុទ្រ​ ​ដែល​ធ្វើ​ឱ្យ​កខ្វក់​ទឹក​និង​ឆ្នេរ​សមុទ្រ​កម្ពុជា។​ ​វីដេអូខ្លី​មួយ​ដែល​គេ​ចែកចាយ​តៗគ្នា​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុកកាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ ​បង្ហាញ​ឱ្យ​ឃើញ​ថា​ឆ្នេរ​សមុទ្រ​កម្ពុជា​មួយ​ផ្នែកធំ​នៅ​តំបន់​ព្រែកត្រែង​ប្រែជា​ល្អក់​និង​កខ្វក់​ក្រោយ​ការ​ចាក់​បំពេញ​ដី​ក្នុង​សមុទ្រ​នៅ​ក្បែរ​នោះ។​

នៅ​ថ្ងៃ​អង្គារ​នេះ​ ​ក្រសួង​រៀបចំ​ដែនដីបាន​ប្រកាស​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ខ្លួន​ថា​ លោក​ ​ជា សុផារ៉ា​ ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ ​ត្រូវ​បាន​ចាត់តាំង​ដោយ​ផ្ទាល់​ពី​លោក​ ​ហ៊ុន សែន​ ​ដើម្បី​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​សមុទ្រ​មួយ​កន្លែង​ស្ថិត​ក្នុងឆ្នេរ​ព្រែកត្រែង​ ​ឃុំ​ ​អូរត្រេះ​ ​ស្រុក​ស្ទឹងហាវ​ ​ខេត្ត​ព្រះសីហនុ​ ​នឹង​ធ្វើឱ្យឆ្នេរ​សមុទ្រ​នោះ​មាន​សភាព​ដូច​ធម្មជាតិ​វិញ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ ​ក៏បាន​ព្រមាន​ម្ចាស់​ដី​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ផង​ដែរ​ ​ឱ្យ​ ​«ចៀស​វាង​នូវ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរ​ធម្មជាតិ»។​

VOA​ ​មិនអាច​ទំនាក់​ទំនង​មន្ត្រីនៃ​ក្រសួង​រៀបចំ​ដែន​ដី​ ​រួម​ទាំង​លោក​ ​ជា សុផារ៉ា​ ​ដើម្បី​សុំក្តី​អធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

សារព័ត៌មាន ​Fresh News​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិ​បាល​រាយការណ៍​ថា​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ដែល​ចាក់ដី​លុប​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​គឺ​ក្រុមហ៊ុន​ ​ជឹង សុភាព​ ​ហៅ​យាយភូ​ ​ដែល​គេ​ស្គាល់​ថាជា​ភរិយា​របស់​លោក​ ​ឡាវ ម៉េងឃីន​ ​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

យ៉ាង​ណា​ក៏​ដោយ​មិនទាន់​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ឯកជន​ដ៏មាន​ឥទ្ធិពល​នេះ​នៅ​ឡើយ​ទេ​ ​ចំពោះ​ការ​ធ្វើ​សកម្មភាព​ចាក់បំពេញ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​ ​ដែល​ជា​តំបន់​ឆ្នេរ​សមុទ្រ​ធម្មជាតិ​ដ៏វែងតែ​មួយ​គត់​របស់​កម្ពុជា៕

XS
SM
MD
LG