ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ថា​ កម្ពុជា​កំពុង​តែ​ស្ថិត​ក្នុង​គន្លង​នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​


រូប​ឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅពហុកីឡដ្ឋានមរតកតេជោ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
រូប​ឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅពហុកីឡដ្ឋានមរតកតេជោ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ ​បាន​អះអាង​ថា​ រដ្ឋាភិបាល​របស់​លោក​កំពុង​តែ​អនុវត្ត​នូវ​អ្វី​ដែល​លោក​ហៅ​ថា​«ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​នីតិ​រដ្ឋ»។​

រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន ​រង​ការ​រិះគន់​ថា​ ធ្វើ​ការ​បង្រ្កាប​យ៉ាង​ធ្ងន់ធ្ងរ​ខាង​នយោបាយ ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ​ដោយ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ ​និងការ​កាត់​ទោស​មេ​ដឹកនាំ​គណបក្ស​ជំទាស់ ​លោក​ កឹម សុខា ​ជា​ដើម។​

ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​នៃ​បណ្ឌិត្យ​សភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ​និង​ពិធី​ប្រគល់​សញ្ញាបត្រ ​នៅ​ថ្ងៃទី​៦ ​ខែ​មិថុនា ​លោក​ ហ៊ុន សែន ​បាន​ការពារ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ ​ត្រូវ​តែ​ដើរទៅ​ទន្ទឹម​គ្នា​ ដែល​ទាំង​ពីរ​នេះ​មិន​អាច​មាន​មួយ ​អត់​មួយ​ឡើយ។ ​ក្នុង​ន័យនេះ ​លោក ​ហ៊ុន សែន ​ថា​ ការ​អនុវត្ត​ច្បាប់​ត្រូវ​តែ​ធ្វើ​ឡើង​ដើម្បី​ធានា​ថា ​វា​មិន​មាន​ភាព​អនាធិបតេយ្យ​ក្នុង​ប្រទេស។​

លោក​ថ្លែង​ថា៖​ «ប្រជាធិបតេយ្យ​ដែល​គ្មាន​ការ​គោរព​ច្បាប់​គឺ​អនាធិបតេយ្យ។ ​បើ​គិត​តែ​ពី​អនុវត្ត​ច្បាប់​ដោយ​មិន​បើក​សេរីភាព​ គឺ​វា​ផ្តាច់ការ។ ​អ៊ីចឹង​វា​ត្រូវ​អម​ដំណើរ​ជា​មួយ​គ្នា​រវាង​ប្រជាធិបតេយ្យ​ និង​នីតិ​រដ្ឋ។ ​នៅ​លើ​ពិភព​លោក​ ក៏​គេ​កំពុង​តែ​ធ្វើ​អាហ្នឹង​ដែរ!​ ត្រូវ​ឱ្យ​មាន​ការ​គោរព​ច្បាប់។ ​ពិភព​លោក​ គឺ​គោរព​ច្បាប់​ ផ្អែក​លើ​ច្បាប់។ ​បើ​មិន​ផ្អែក​លើ​ច្បាប់ ​ផ្អែក​លើ​កម្លាំង​ វា​មិន​វ៉ៃ​គ្នា​ពេញ​ពិភព​លោក​ហើយ!»​

ទោះ​ជា​យ៉ាងណា ​គណបក្ស​ជំទាស់​នៅ​កម្ពុជា​បង្ហាញ​ការ​យល់​ឃើញ​ខុស​ពី​អ្វី​ដែល​លោក ​ហ៊ុន សែន ​បាន​លើក​ឡើង។​

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក ​រ៉ុង ឈុន ​កត់​សម្គាល់​ថា ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ទាន់ពេញ​លេញ​នៅ​ឡើយ​ទេ។​ លោក​បន្ថែម​ថា ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មាន​តែ​ចំពោះ​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ ​មិន​មែន​សម្រាប់​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​ឡើយ។​

លោក​បញ្ជាក់​ថា៖ ​«អ៊ីចឹង​គ្រាន់តែ​មាន​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​តូច​ដែល​ទទួល​បាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ ​ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន ​អ្នក​នយោបាយ​មួយ​ចំនួន ​មិន​ទទួល​បាន​នូវ​នីតិ​រដ្ឋ ​និង​ប្រជា​ធិបតេយ្យ​ទេ។ ​ហើយ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ នៅ​ថ្ងៃ​២៣ ​កក្កដា​ ដែល​អវត្តមាន​គណបក្ស​ភ្លើង​ទៀន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ដើរ​ថយ​ក្រោយ ​ថយ​ក្រោយ​មែន​ទែន»។​

ក្រោយ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណ​បក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​ចូលរួម​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ ​ អង្គការ​សង្គម​ស៊ីវិល ​និង​ស្ថាន​ទូត​បរទេស​មួយ​ចំនួន ​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ បាន​រិះ​គន់​ការ​សម្រេច​មួយ​នេះ ​ដែល​ពួក​គេ​ចាត់​ទុក​ថា ​វា​មិន​អនុវត្ត​ទៅ​តាម​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារថា​ការ​លើក​ឡើ​ង​របស់​លោក ​ហ៊ុន សែន ​គឺ​ស្រ​ប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​ កម្ពុជា​រង​នូវ​ការ​រិះគន់​ជា​ច្រើន​ពី​សហគមន៍​អន្តរ​ជាតិ។​

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ កម្ពុជា​គួរ​តែ​យក​ការ​រិះគន់​ទាំង​នោះ​មក​ពិចារណា​ដើម្បី​បញ្ចៀស​ការ​ខាត​បង់​ប្រយោជន៍​ជាតិ ​ឬក៏​ធ្វើ​ឱ្យ​ទំនាក់​ទំនង​មាន​ភាព​រកាំ​រកូស​ជា​មួយ​បណ្តា​ប្រទេស​លោក​ខាង​លិច​ទាំង​នោះ។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ លោក ​ឯម សុណ្ណារ៉ា ​សម្តែង​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើ​ង​របស់​អ្នក​នយោបាយ​ដែល​ថា​ កម្ពុជា​កំពុង​តែ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​បែប​ស្តង់ដារ​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «អ្វី​ដែល​អ្នក​នយោបាយ​ថ្លែង​ខុស​ពី​គោល​ការណ៍​ច្បាប់​ ខុស​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ខុស​ពី​ធម្មនុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ខុស​ពី​ធម្មនុញ្ញ​កម្ពុជា ​ហើយ​លើក​ហេតុ​ផល​ផ្សេង។ អាហ្នឹង​គ្រា​ន់​តែ​ឡប់​ឡែ ជា​លេស​នៃ​ការ​មិន​អនុវត្ត​តាម​ការ​បារម្ភ​ ឬ​ក៏​ការ​លើក​ឡើង​ពី​មិត្ត​ភក្តិ​បរទេស​ ដែល​ជា​រដ្ឋ​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​ទេ»។​

ចំណែក​លោក ​វ៉ន ចាន់ឡូត ​អ្នក​ជំនាញច្បាប់​នៃ​អង្គការ​សង់ត្រាល់ យល់​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​។ លោក​ថា​ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា​ នីតិរដ្ឋ​នៅ​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​មួយ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ។​

បើ​តាម​អ្នក​ជំនាញ​ច្បាប់​រូប​នេះ ​កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​បន្ថែម​ទៀត​ដើម្បី​ឱ្យនីតិរដ្ឋ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។​

លោក​បន្ត​ថា៖ ​«ថ្វី​ដ្បិត​តែ​កម្ពុជា​មិន​មាន​នូវ​បញ្ហា​សង្គ្រាម ​តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ​ បញ្ហា​អយុត្តិ​ធម៌ក្នុង​សង្គមក៏​កើត​មាន​ច្រើន ​ហើ​យ​រឿង​ខ្លះ​បា​ន​អូស​បន្លាយ​ពេល​យូរ ​ហើយ​ក្នុង​នោះ​យើង​ឃើញ​ថា​ ជន​រង​គ្រោះ​ដែល​ជា​សហគមន៍​ដីធ្លី ​ឬក៏​ជា​សហគមន៍​ផ្សេងៗ​ ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អី​ផ្សេងៗ​ហ្នឹង​ គឺ​ពិបាក​ជឿ​ទុក​ចិត្ត​ទៅ​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា»។​

គួរ​បញ្ជាក់​ថា ​ភាព​ចម្រូង​ចម្រាស​តែង​តែ​កើត​មាន​ នៅ​ពេល​និយាយ​ពី​បញ្ហានីតិ​រដ្ឋ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា​ ខ្លួន​ប្រើ​ប្រាស់​ច្បាប់​ទៅ​លើ​អ្នក​នយោបាយ​ណា​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ ​ដែល​នេះ​មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឡើយ។ ​ទាក់ទង​នឹង​អវត្តមាន​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៣​ខាង​មុខ ​ក្រសួង​ការ​បរទេស​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ថា​ វា​មិន​ប៉ះពាល់​ដល់​ភាព​សេរី ​ពហុ​បក្ស ​និង​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា​ឡើយ ​ព្រោះ​អ្នក​បោះ​ឆ្នោត​នៅ​តែ​អាច​ជ្រើស​រើស​ដោយ​សេរី​នូវ​គណបក្ស​នយោបាយ​មួយ ​ក្នុង​ចំណោម​គណបក្ស​ប្រកួត​ប្រជែង​គ្នា​យ៉ាង​តិច​ចំនួន​១៨»។​

ទោះ​ជាយ៉ាងណា ​អវត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន​បាន​នាំ​ឱ្យ​អ្នក​តាម​ដាន​លើក​ឡើង​ថា​ គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នឹង​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង​១២៥ ​ហើយ​កម្ពុជា​នឹង​បន្ត​ដឹកនាំ​ដោយ​ឯកបក្ស​រយៈ​ពេល​៥​ឆ្នាំ​ទៀត ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​កាល​ពី​ឆ្នាំ​ ២០១៧ ​ដែល​ធ្វើ​ឱ្យ​គណបក្ស​ជំទាស់​មួយ​នេះ​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​ ២០១៨៕​

XS
SM
MD
LG