ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជនខ្មែរ​ចំណាន​ខាង​ផ្លុំ​ខ្លុយ​ត្រូវ​ជ្រើសរើស​​ចូល​រួម​វង់​តន្ត្រី​លំដាប់​ខ្ពស់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន


យុវជន​ប៉ាន់ ប៉ាន់ឡូវ ​(Panh Panhlauv)​​​ ​ប្អួនប្រុស​នាង​បុស្បា ប៉ាន់​ កំពុងផ្លុំខ្លុយ​ក្នុង​​វង់​តន្ត្រី​លំដាប់​ខ្ពស់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។
យុវជន​ប៉ាន់ ប៉ាន់ឡូវ ​(Panh Panhlauv)​​​ ​ប្អួនប្រុស​នាង​បុស្បា ប៉ាន់​ កំពុងផ្លុំខ្លុយ​ក្នុង​​វង់​តន្ត្រី​លំដាប់​ខ្ពស់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

កូន​ខ្មែរ​ជា​អ្នក​ផ្លុំ​ខ្លុយ​វ័យ​ក្មេងដ៏ចំណាន​ម្នាក់​ត្រូវគេ​ជ្រើសរើស​ឲ្យចូល​រួមប្រគុំ​តន្ត្រី​ក្នុង​វង់​តន្ត្រី​លំដាប់​ខ្ពស់​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​ ​ការហ្វឹក​ហាត់ច្រើន​ ការ​តស៊ូ ​ហើយ​នឹង​ទេពកោសល្យ​ពី​កំណើត​បាន​ធ្វើឲ្យ​ប៉ាន់ ប៉ាន់ឡូវ ​(Panh Panhlauv)​ ទទួល​បានការ​ជ្រើស​រើស​ជាអ្នកផ្លុំ​ខ្លុយ​លំដាប់​ខ្ពស់​ក្នុងចំណោម​និស្សិត​អាមេរិកាំង។​

ស្ថិត​ក្នុង​វ័យ​១៥​ឆ្នាំ​ យុវជន ប៉ាន់ ប៉ាន់ឡូវ ​(Panh Panhlauv) ​បាន​តស៊ូ​ឈាន​ដល់​លំដាប់​ខ្ពស់​នៃ​អ្នក​ផ្លុំ​ខ្លុយ​នៅ​ក្នុង​ចំណោម​និស្សិត​វិទ្យាល័យ​អាមេរិកាំង​ ហើយ​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យចូល​រួម​ជាមួយ​ក្រុម​អ្នក​លេង​ភ្លេង​ល្បីៗ​ផ្នែក​ផ្សេងៗ​ទៀត​ក្នុង​វង់​តន្ត្រី​ Orchestra ​ចម្រុះ។​ ​

នៅ​ចំពោះ​មុខ​ក្រុម​អ្នក​ទស្សនា​ជាច្រើន​រយនាក់​ដែល​ចូលរួម​ទស្សនាការ​ប្រគុំ​ភ្លេង​ដោយ​ឡែកៗ​ និង​ការ​ប្រគុំ​រួមគ្នា​ជាមួយ​សាលា​ផ្សេងៗ​ចំនួន៨​នោះ​ យុវជន​ប៉ាន់ ប៉ាន់ឡូវ ​(Panh Panhlauv) ​បាន​កាន់​ខ្លុយ​ពណ៌​ទឹកប្រាក់​ផ្លុំប្រគុំ​នៅ​ក្នុង​ពិធី​បុណ្យ​ប្រគុំ​តន្ត្រី​សម្រាប់​និស្សិត​វិទ្យាល័យ​ប្រចាំ​ឆ្នាំ​២០១៦​នេះ​ ​នៅ​ក្នុង​ព្រះវិហារ ​National ​Cathedral ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​យប់ថ្ងៃ​ពុធទី​២៤ ​ខែ​កុម្ភៈ​ឆ្នាំ ​២០១៦។​

លោកប៉ាន់ ប៉ាន់ឡុវអង្គុយ​សម្ភាស​ជាមួយលោកសុខ ខេមរា​នៃ VOA ខ្មែរ​ក្រោយ​ការ​ប្រគុំតន្ត្រី​
លោកប៉ាន់ ប៉ាន់ឡុវអង្គុយ​សម្ភាស​ជាមួយលោកសុខ ខេមរា​នៃ VOA ខ្មែរ​ក្រោយ​ការ​ប្រគុំតន្ត្រី​

លោក​ប៉ាន់​ ម៉េងហ៊ាង ​ជាឳពុក​របស់ប៉ាន់ ប៉ាន់ឡូវ ​(Panh Panhlauv)បាន​ថ្លែង​ថា ​កូន​ប្រុស​របស់​លោក​ បាន​ខិតខំ​ហ្វឹកហាត់​ លេងភ្លេង​ខ្លាំង​តាំងពី​មក​ដល់​ស.រ.អា.។​

«ដូច្នេះ​ហើយ​គាត់​មាន​និស្ស័យ​ មាន​ដុង​ ហើយ​អ្នក​ចាត់ចែង​ភ្លេង​នេះ​គេ​បាន​ជ្រើស​រើស​គាត់​មក​លេង​ថ្ងៃនេះ​នៅ​ព្រះ​វិហារ ​Cathedral ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​នេះ»។​

លោក​អះអាង​ថា​ លោក​មាន​មោទនភាព​ដែល​កើត​មក​ជា​ខ្មែរ​ហើយ​ បាន​បន្ត​ឲ្យ​ កូន​ចាប់​យក​វិស័យ​សិល្បៈ​ដែលជា​វិស័យ​មួយ​ខ្វះខាត​ធនធាន​មនុស្ស​ច្រើន ​បើ​ធៀប​នឹង​វិស័យ​កុំព្យូទ័រ​ ​ឬ​មុខ​វិជ្ជា​ជំនាញ​ផ្សេងៗ​ទៀត​ ដែល​ឳពុកម្តាយ​ជាច្រើន​បាន​ជំរុញ​កូន​ឲ្យសិក្សា​នោះ។ ​កូនរបស់​លោក​ផ្សេង​ទៀតរួម​ទាំង​បុស្បា ប៉ាន់ក៏​ជា​អ្នក​តន្ត្រី​ និង​សិល្បៈ​ដែលមាន​ឈ្មោះល្បី​ ហើយ​ត្រូវបាន​សម្តែង​ក្នុងកម្មវិធី​ទូរទស្សន៍​នៅ​ប្រទេស​កម្ពុជា​តាម​ពី​នៅ​កុម៉ារី ​អាយុ​ក្រោម​១០​ឆ្នាំ។​

យុវជន​ប៉ាន់ ប៉ាន់ឡូវ ​(Panh Panhlauv) ​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពីភ្នំពេញ​មករៀន​នៅ ស.រ.អា.​កាលពី​ឆ្នាំ ​២០១២​ ហើយ​ឥឡូវនេះ​រៀនថ្នាក់​ទី១០​នៅ​សាលារៀន​មួយ​នៅ​ ស.រ.អា.។​ យុវជន​រូបនេះ​បាន​និយាយ​ថា​ ខ្លួន​មាន​អារម្មណ៍​ល្អដោយ​បានលេង​ភ្លេង​ក្នុង​ព្រះវិហារ​ Cathedral ​ព្រោះវា​ជាកម្មវិធី​ពិសេស​មួយ​ ហើយក៏​បាន​បញ្ជាក់​ពី​ចំណង់​ចំណូល​ចិត្ត​ចំពោះ​ភ្លេង​ដែរ។​

«ខ្ញុំ​ចង់​និយាយ​ថា​ ភ្លេង​គឺ​ពិតជា​រឿង​សំខាន់​ចំពោះ​ជីវិត​ ព្រោះ​ភ្លេង​បង្រៀន​អំពី​បញ្ហា​ដូចជា​វិន័យ​ ហើយ​ក៏​ជួយ​ដល់​ខួរក្បាល​ ព្រោះថា​ ភ្លេង​ធ្វើ​ឲ្យ​យើង​ឆ្លាត​ដែរ។ ​វា​ដូច​ជា​រឿង​វិទ្យាសាស្ត្រ​ដែរ»។​

ក្រៅពី​ការ​រៀន​សូត្រ​នៅ​សាលារដ្ឋ ​យុវជន​ ​ប៉ាន់ ប៉ាន់ឡូវ(Panh Panhlauv)​ បាន​ហ្វឹកហ្វឺន​ផ្នែក​ភ្លេង​ ជាពិសេស​ខ្លុយ​នេះ​នៅ​កន្លែង​ចំនួន​៣​ផ្សេងៗ​គ្នា​គឺ​នៅ​សាលា​រៀន​រដ្ឋ​ ជួល​គ្រូ​មក​បង្ហាត់​ដល់​ផ្ទះ​ និង​ទៅរៀន​សាលា​ឯកជន​ទៀត​ផង។​ ​យុវជន​រូបនេះ​បានរៀន​ខ្លុយ​នេះ​១០​ឆ្នាំ​មុន​ពេល​ត្រូវ​ជ្រើស​រើស​ឲ្យ​ចូលរួម​ប្រគុំ​ជាមួយ​ក្រុម​ភ្លេង​ដទៃ​ទៀត​នោះ។​

អង្គការ​កម្ម​វិធី​ភ្លេង​យុវជន​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រគុំ​តន្ត្រី​សម្រាប់​និស្សិត​វិទ្យាល័យ​ប្រចាំ​ឆ្នាំ​២០១៦ ​ជារៀង​រាល់ឆ្នាំ ​ដែល​ឆ្នាំ​នេះ ​ជាឆ្នាំ​ទី១១​ហើយ។​ អង្គការនេះ​បាន​ជ្រើសរើស​និស្សិត​ភ្លេង​អាមេរិកាំង​ពូកែ​ជាច្រើន​ដែល​លេង​ខ្លុយ​ ត្រែ ​ឆេឡូ​ វីយូឡុង​ និង​ឧបករណ៍​ដទៃ​ទៀត​មក​ប្រគុំ​រួមគ្នា។ ​ក្នុង​នោះ​ក៏មាន​និស្សិត​អាមេរិកាំង​ ដើម​កំណើត​អាស៊ី ​និង​និស្សិត​អាស៊ី ​ដូចជា​ ប៉ាន់ ប៉ាន់ឡូវ ​(Panh ​Panhlauv)។​

ក្រុម​អ្នក​ចូលរួម ​ដែល​មាន​ឳពុកម្តាយ​ភាគច្រើន​ជាជន​ជាតិ​អាមេរិកាំង ​សាច់​ញាតិ ​អ្នក​រៀបចំ ​គ្រូបង្រៀន ​និង​និស្សិត​ជាដើម​ បានទះ​ដៃអបអរ​សាទរ​រាល់បទ​ភ្លេង ​ចម្រៀង​អាមេរិកាំង ​និង​ការ​ប្រគុំ​តន្ត្រី​ដ៏ពិរោះ ​ដែល​កន្ត្រាក់​អារម្មណ៍​ ពីបទ​មួយ ​ទៅបទ​មួយ​ ដែល​ទាក់​ទង​នឹង​ការ​សរសើរ​ដល់​ព្រះ​ជាម្ចាស់ ​បទទាក់​ទងនឹង​ជីវិត​ឯក​ជន​របស់​បុគ្គល​ល្បីៗ ​និង​បទ​ចម្រៀង​ល្បី​របស់​អាមេរិកាំង​ផ្សេងៗ​ទៀត។​

ក្រុមភ្លេង​បាន​ប្រគុំ​លាយ​ឡំ​និង​កាយវិការ​ប្លែកៗ​ និង​សំឡេង​ប្រដេញ​គ្នា​គួរឲ្យចង់​ស្តាប់​ម្តង​ហើយ​ម្តង​ទៀត ​ដែល​វា​ធ្វើឲ្យ​មាន​ការទាក់​ទាញ​អារម្មណ៍យ៉ាង​ខ្លាំង​ពីអ្នក​ទស្សនា។​

បទភ្លេង​និង​ចម្រៀង​ដែល​និស្សិត​បានច្រៀង​ និងប្រគុំ​ភ្លេងរួមគ្នា​ និង​ជា​ក្រុម​រៀងៗ​ខ្លួន​ទាំង​នោះ​ មានបទ​ Overture ​to ​Don ​Giovanni, ​Sound ​of Silence,​ In My Life, ​និង​Battle of ​Jericho ​ជាដើម។

លោកស្រី ​Kate Breytspraak​ នាយិកា​ប្រតិបត្តិ ​និង​ទំនាក់​ទំនង​សហគមន៍​នៃ​ព្រះ​វិហារ ​Washington ​National ​Cathedral ​បាន​ថ្លែង​ថា៖​ វាជា​រឿង​រំភើប​ដែល​ឃើញ​ក្រុមអ្នក​ភ្លេង​ចំណានៗ​ទាំងនេះ​ចូលរួម​ប្រគុំ​តន្ត្រី​រួមគ្នា ​ពង្រឹង​សហ​គមន៍​យើង​តាម​រយៈ​ការ​កម្សាន្តសប្បាយ​ជាមួយ​នឹង​ភ្លេង។​ ហើយ​កម្មវិធី​បុណ្យ​នេះមិន​អាច​ដំណើរការ​បាន​ទេ​ ប្រសិន​បើគ្មាន​ការប្តូរ​ផ្តាច់​ពី​អ្នក​ចាត់ចែង​ និង​និស្សិត​មកពី​សាលា​ទាំង​នេះ​ទេ​នោះ។​

លោក​ម៉ារីយ៉ាណូ ​វ៉ាឡេស៍ ​( Mariano Vales)​ នាយក​កម្មវិធី​នៃ​កម្មវិធី​ភ្លេង​យុវជន​នៅ​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ឌីស៊ី​ បាន​ថ្លែង​ថា​ ក្រុម​ភ្លេងនេះ​ជាក្រុម​ភ្លេង​ ដែល​ស្ថិត​ក្នុង​លំដាប់​ខ្ពស់​បំផុត​នៃ​អង្គការ​របស់​លោក​ ហើយ​ជាមោទន​ភាព​មួយ​ដែល​ក្រុមភ្លេង​របស់​លោក​ចូលរួម​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​នេះ​ប្រចាំ​ឆ្នាំ​ក្នុង​ព្រះវិហារ ​Cathedral ​ដើម្បី​ឲ្យ​និស្សិត​ចូលរួម​និង​ប្រគុំភ្លេង​ក៏ដូច​ជា​ច្រៀង​ចម្រៀង​ដែល​គេ​បាន​តាក់​តែង។​ លោក​បាន​ថ្លែងថា​ ប៉ាន់ ប៉ាន់ឡូវ ​(Panh Panhlauv) ​ពូកែផ្លុំ​ត្រែ​ពូកែ​ និង​ផ្លុំ​ខ្លុយ​ ដែល​អង្គការ​លោក​បាន​ប្តូរ​ពីការ​លេង​ត្រែ​ទៅ​ឲ្យ​លេង​ខ្លុយ​វិញ។​

«យើង​មាន​វង់​ភ្លេង​ចំនួន​៧ ​ហើយ​មួយ​នេះ​ជា​វង់ភ្លេង​ចំណាន​ដែល​មាន​លំដាប់​ខ្ពស់​ ក្នុង​អង្គការ​របស់​យើង។​ ដូច្នេះ​វាជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ចូលរួម​លេង​ភ្លេង»។​

លោក​ថ្លែង​ថា​ ប៉ាន់ ប៉ាន់ឡូវ ​(Panh Panhlauv)​ ទើបតែ​ត្រូវ​ជ្រើស​រើស​ឲ្យចូល​រួម​ប្រគុំ​តន្ត្រី​នៅ​ឆ្នាំនេះ ​ហើយ​លោក​ថា​ លោក​ទើប​តែ​បាន​ហាត់​សម​ជាមួយ​ប៉ាន់ ប៉ាន់ឡូវ​ (Panh Panhlauv)​ មួយ​ខែ នៅ​មុន​ពេល​កម្មវិធី​នេះ​ចាប់​ផ្តើម។​

រាយ​ការណ៍​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ ខ្ញុំ សុខ ខេមរា​វីអូអេ៕

XS
SM
MD
LG