ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ លោក​ឆាយ បូរ៉ា​ថា​តួនាទី​​របស់​អ្នកនិពន្ធ​​គឺ​​ឆ្លុះ​​​បង្ហាញ​​ពី​តថភាព​​ក្នុង​​សង្គម

  • ប៉ូច រាសី

លោក ឆាយ បូរ៉ា អ្នកដឹកនាំរឿង «ឃ្លាតទៅសែនឆ្ងាយ» ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​​«ឧស្សាហកម្មភាពយន្តនៅប្រទេសកម្ពុជា៖ បច្ចុប្បន្ននិង​អនាគត» នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

អ្នក​ដឹកនាំ​រឿង​លោក ឆាយ បូរ៉ា ថ្លែង​ថា អ្នក​ផលិត​ភាព​យន្ត​មាន​តួ​នាទី​យ៉ាង​​​សំខាន់​​​មួយ​ក្នុង​​ការ​​ឆ្លុះ​​បង្ហាញ​​ពី​​តថភាព​​ក្នុង​​សង្គម​។

អ្នក​ផលិត​ភាព​យន្ត​មាន​តួ​នាទី​យ៉ាងសំខាន់មួយ​ក្នុងការឆ្លុះបង្ហាញពីតថភាពក្នុងសង្គម​នេះបើ​តាម​សម្តី​របស់​លោក ឆាយ បូរ៉ា អ្នក​ដឹកនាំ​រឿង «ឃ្លាត​ទៅ​សែន​ឆ្ងាយ» នៅ​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ច័​ន្ទ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ ខ្សែ​ភាពយន្ត «ឃ្លាត​ទៅ​សែន​ឆ្ងាយ»​ របស់លោក​ បូរ៉ា ​បានទទួលរង្វាន់៧ក្នុង​ចំណោម​រង្វាន់​៨ នៃ​មហោស្រព​ភាពយន្តជាតិ​លើក​ទី​៤ ដែល​ទើប​បាន​បញ្ចប់​នៅ​ទីក្រុង​ភ្នំពេញ។

សូម​ប្រិយមិត្ត​ចុចស្តាប់ការ​បកស្រាយ​ទាំង​ស្រុង​របស់​លោក ឆាយ បូរ៉ា ត្រង់​នេះ៖

លោក​ថ្លែង​ថា៖ «អ្នកនិពន្ធភាពយន្តប្រៀបដូចជាអ្នកនិពន្ធអក្សរសិល្បដែរ​ គឺត្រូវតែ​លាតត្រដាង​ការពិត។ សម្រាប់​ខ្ញុំ​ យើង​និយាយចំណុចអវិជ្ជមានមិន​មែនថា យើងវាយប្រហាររដ្ឋាភិបាលដូចជាគណបក្ស​មួយវាយ​ប្រហារគណបក្សមួយ​ទៀត​ទេ តែ​វា​ជា​សំឡេងរបស់​អ្នក​និពន្ធ ជា​សំឡេង​របស់​ប្រជា​ពលរដ្ឋ ដែល​ចង់​ឲ្យ​សង្គម​ខ្មែរ​ល្អ​តែ​ប៉ុណ្ណោះ»។

លោក ឆាយ​ បូរ៉ា ថ្លែងថា ការ​ព្រួយ​បារម្ភមួយរបស់​លោកនោះគឺ យុវជន​ចូល​ចិត្ត​ភាពយន្ត​បរទេស​ច្រើន​ជាង​ភាព​យន្ត​ខ្មែរបច្ចុប្បន្ននេះ។ លោក​ថ្លែង​ថា ​អ្នក​ដឹកនាំ​រឿង​ខ្មែរមានទេព​កោសល្យ ប៉ុន្តែ​ខ្វះឱកាស​និង​ធន​ធាន​ ​ព្រម​ទាំង​ពេលវេលា​ដើម្បីផលិត​ភាពយន្ត​ល្អៗ។

លោក ឆាយ បូរ៉ា​ ថ្លែង​ថា​ ផលិតករ នាយក​ដ្ឋាន​ភាពយន្ត​ចង់ឃើញការពង្រឹង​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ ដើម្បី​ឲ្យ​ផលិតករ​ភាពយន្ត អាច​លក់ផលិតផលភាពយន្ត​របស់​ពួកគេ ព្រោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​ផលិត។

XS
SM
MD
LG