ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតមកដល់ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជលិខិតមួយច្បាប់ដោយអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោតទាំងអស់គ្នា ដោយកុំបារម្ភពីការគំរាមកំហែងណាមួយ។
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខ ដោយមិនត្រូវបារម្ភពីការគាបសង្កត់ ឬការគំរាមកំហែងពីជនណាម្នាក់ ឬបក្សណាមួយនោះឡើយ។
តាំងពីថ្ងៃទី៣ ខែមីនា រហូតមកដល់ពេលនេះ ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី និងព្រះវររាជមាតា កំពុងគង់នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
ទោះជាយ៉ាងណា ព្រះរាជសារដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដែលធ្វើនៅព្រះបរមរាជវាំង ត្រូវបានគេបង្ហោះឡើងវិញលើគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃចន្ទនេះ។
នៅក្នុងព្រះរាជសារនោះ ទ្រង់មានព្រះបន្ទូលថា ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាការបោះឆ្នោតជាទូទៅ ដោយសម្ងាត់តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ព្រះអង្គមានព្រះបន្ទូលថា ប្រជាពលរដ្ឋមិនត្រូវមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឲ្យសោះ។
ព្រះអង្គមានបន្ទូលបន្ថែមក្នុងព្រះរាជសារលិខិតដោយសម្រង់ន័យដើមថា៖ «ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពី លោក អ៊ុំ ដារ៉ាវុធ អ្នកនាំពាក្យព្រះបរមរាជវាំងបានទេ នាល្ងាចថ្ងៃចន្ទនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ VOA ថា ជារៀងរាល់មុនពេលបោះឆ្នោត ព្រះមហាក្សត្រ តែងតែចេញព្រះរាជសារដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដើម្បីពង្រឹងជោគវាសនារបស់ពួកគេតាមរយៈសន្លឹកឆ្នោត។
លោកមានប្រសាសន៍ថា៖ «ដោយសារប្រទេសកម្ពុជាជាព្រះរាជាណាចក្រ អញ្ចឹងសង្គមកម្ពុជាពិតជាត្រូវការភាពកក់ក្ដៅពីព្រះមហាក្សត្រ។ អញ្ចឹងព្រះសូរសៀងរបស់ព្រះមហាក្សត្រគឺជាទម្ងន់មួយនៃការអំពាវនាវ ជាទម្ងន់មួយនៃតំណាងឲ្យភាពស្អាតស្អំ និងត្រឹមត្រូវ ឆ្ពោះទៅរកការដែលប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោត»។
លោក មាស នី អ្នកវិភាគពីការអភិវឌ្ឍសង្គម លើកឡើងថា ការចេញព្រះរាជសាររបស់ព្រះមហាក្សត្រ នឹងធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅក្នុងពេលបោះឆ្នោតខាងមុខ ស្របពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងឡើងកម្ដៅ។
លោកបញ្ជាក់ថា៖ «ព្រះអង្គបានចេញសារដ៏សំខាន់មួយនេះ គឺជាការដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរជាច្រើន។ ទោះបីជាព្រះអង្គ មិនសូវជាមានការចេញសារអីសំខាន់ៗ ប៉ុន្តែនៅពេលនេះមានសារៈសំខាន់ដោយសារតែថ្ងៃបោះឆ្នោត ក៏កាន់តែខិតចូលមកដល់ដែរ ក៏ចេះតែមានរឿងប្លែកៗកើតឡើង ហើយអញ្ចឹង អ្វីដែលជាសេចក្ដីថ្លែងការណ៍ចេញផ្សាយ ហើយចំពេលដែលពលរដ្ឋត្រូវការ វាជារឿងមួយដែលត្រឹមត្រូវ ហើយចំពេលដែលពលរដ្ឋត្រូវការ»។
ការយាងចេញទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រធ្វើឡើង មុនពេលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានអនុម័តហើយនោះ ត្រូវបានបញ្ជូនចូលព្រះបរមរាជវាំង។
វិសោធនកម្មច្បាប់ដែលគេមើលឃើញថា មានបំណងរំលាយចោលគណបក្សនយោបាយណាដែលមានមេដឹកនាំមានទោសព្រហ្មទណ្ឌនេះ ត្រូវបានចុះហត្ថលេខាឲ្យប្រើប្រាស់ដោយប្រមុខរដ្ឋស្ដីទី គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ជំនួសវិញ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអរព្រះគុណដល់ព្រះមហាក្សត្រដែលបានយាងចេញទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ ដោយមិនបានឡាយព្រះហត្ថលេខាលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានអនុម័តទាំងចម្រូងចម្រាសដោយរដ្ឋសភា និងព្រឹទ្ធសភាកាលពីខែកុម្ភៈ។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ ខែមីនា កន្លងទៅដោយសម្រង់ន័យដើមថា៖ «សូមអរព្រះគុណ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គមិនយល់ព្រមចុះហត្ថលេខាលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ តាមតែអំពើចិត្ត»៕