ឆ្លៀតក្នុងឱកាសចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋខ្មែរឥស្លាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកពលរដ្ឋអ្នកកាន់សាសនាឥស្លាម កុំឲ្យចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរសង្គម ដូចនៅមជ្ឈឹមបូព៌ាប្រទេស ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ និងសាសនាឥស្លាម។ អ្នកវិភាគនយោបាយខ្មែរយល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីគ្រាន់តែជាការ គម្រាមផ្នែកស្មារតី ដែលអាចធ្វើឲ្យលោកស្ថិតក្នុងអំណាចយូរបន្តទៅទៀតតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជូនពរប្រជាពលរដ្ឋខ្មែរឥស្លាម ហើយបានដាស់តឿនពួកគេឲ្យមានការប្រយ័ត្នប្រយែងចំពោះការឃោសនា ដែលនាំទៅរកការផ្លាស់ប្តូរ ខណៈដែលពួកគេប្រារព្ធពិធីចូលឆ្នាំថ្មីនៅថ្ងៃពុធនេះ។ នេះបើតាមសារជូនពររបស់លោកនាយករដ្ឋមន្ត្រី ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
ការផ្ញើសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង នៅគ្រាដែលលោកកំពុងបំពេញការងារនៅឯប្រទេសចិន។ នៅក្នុងសារនោះ លោកនាយករដ្ឋមន្ត្រីបានសរសរថា៖
«ខ្ញុំសូមផ្ញើនូវសេចក្តីនឹករឭក និងជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមនៅក្នុងឱកាសចូលឆ្នាំថ្មី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥នេះ គឺត្រូវនឹងថ្ងៃទី០១ ខែមូហារ៉ាម មហំាម៉ាត់ សករាជ១៤៣៧ គឺជាថ្ងៃចូលឆ្នាំថ្មីរបស់សាសនិកឥស្លាមទូទាំងពិភពលោក។ ដូចបងប្អូនខ្មែរឥស្លាមដឹងច្បាស់ហើយថា រាជរដ្ឋាភិបាល កម្ពុជាចាត់ទុកបងប្អូនជាសាច់ឈាមខ្មែរតែមួយ ទោះបីមានជំនឿសាសនាខុសគ្នាក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រ និងលើកតម្កើងសិទ្ធិសេរីភាព ជំនឿសាសនា និងសិទ្ធិប្រកបការងារ ហើយនិងសិទ្ធិចូលរួមក្នុងកិច្ចការសង្គមទូទៅ»។
មេដឹកនាំប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ា ដែលកាន់សាសនាឥស្លាម ត្រូវពលរដ្ឋបណ្តេញចេញពីអំណាច ដោយសារមេដឹកនាំទាំងនោះប្រកាន់របបផ្តាច់ការ គាបសង្កត់ ពុករលួយ និងធ្វើឲ្យប្រទេសអន់ថយជាដើម ក្នុងពេលដឹកនាំប្រទេសច្រើនទសវត្សរ៍។
លោកនាយករដ្ឋមន្ត្រី ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកហើយនោះ បានរំឭកទៅដល់នយោបាយផ្លាស់ប្តូររបស់ខ្មែរក្រហម ទាក់ទិនសាសនាឥស្លាមនេះ ដោយលោកបានពណ៌នានៅក្នុងសាររបស់លោកថា កាលពីជាង៣០ឆ្នាំមុន នយោបាយផ្លាស់ប្តូររបស់ខ្មែរក្រហមគឺបានធ្វើឲ្យសាសនិកខ្មែរឥស្លាមត្រូវបានកម្ទេចស្ទើរទាំងស្រុង។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះផុតពីរបបឃោរឃៅនេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជួយពង្រឹងបងប្អូនខ្មែរឥស្លាមនៅទូទាំងប្រទេស ឲ្យមានឱកាសគ្រប់យ៉ាងឡើងវិញ រួមទាំងការអភិវឌ្ឍសង្គមគ្រួសារ និងជំនឿសាសនាដោយគ្មានការរើសអើង។
បន្ទាប់ពីបានបញ្ជាក់អំពីការរំដោះនេះ លោកនាយករដ្ឋមន្ត្រី ដែលធ្លាប់ជាកម្មាភិបាលខ្មែរក្រហមម្នាក់ដែរនោះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឥស្លាមមានការប្រុងប្រយ័ត្នជាថ្មីម្តងទៀត ចំពោះការឃោសនាញុះញង់ អូសទាញឲ្យមានការផ្លាស់ប្តូរដែលស្រដៀងទៅនឹងការផ្លាស់ប្តូរសម័យខ្មែរក្រហម។ លោកបាននិយាយអំពីស្ថានភាពវឹកវរនៅក្នុងតំបន់មជ្ឈឹមបូព៌ាយ៉ាងដូច្នេះថា៖
«ដូចបងប្អូនបានឃើញស្រាប់នឹងភ្នែកហើយ អំពីការផ្លាស់ប្តូរដែលកំពុងកើតមានឡើងនៅមជ្ឈឹមបូព៌ា គឺផ្លាស់ប្តូរពីមានទៅក្រ ពីមានវិហារទៅជាអត់វិហារ មានសាលាទៅជាអត់សាលា មានពេទ្យទៅជាអត់ពេទ្យ មានផ្ទះរស់នៅបែរជាទៅរស់នៅតាមតង់កៅស៊ូ នៅតាមព្រំដែន រត់លូនកាត់សង្គ្រាម ស្ទើររាល់ថ្ងៃយ៉ាងលំបាកវេទនា»។
នៅចុងបញ្ចប់នៃសាររបស់លោកដែលនិយាយពីទិដ្ឋភាពភ្លឺ និងទិដ្ឋភាពងងឹតនៃការផ្លាស់ប្តូរនេះ លោកនាយករដ្ឋមន្ត្រីបានសរសេរថា៖
«ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ជូនបងប្អូនខ្មែរឥស្លាមទូទាំងប្រទេសឲ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងការពារនូវសិទ្ធិសេរីភាពជំនឿសាសនា និងគាំទ្រសហគមន៍ខ្មែរឥស្លាមក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។ សូមបងប្អូនមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែការពារ ថែរក្សាសនិ្តភាព ដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានមួយថ្លែងថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីគឺមានចេតនាមិនចង់ឲ្យប្រទេសកម្ពុជាស្គាល់ការដឹកនាំថ្មី ក្រៅពីការដឹកនាំរបស់លោកអស់រយៈពេលជាង៣០ឆ្នាំមកនេះ។
«គាត់នៅតែយកសាររឿងផ្លាស់ប្តូរ អសិ្ថរភាព ដូចឧទាហរណ៍នៅស៊ីរី យកមកធ្វើជាការបំភ័យប្រជាពលរដ្ឋខ្មែរ រួមទាំងខ្មែរឥស្លាមដែរ។ វាមិនមានអីប្លែកទេ ព្រោះអី សារហ្នឹងវាស្របជាមួយនឹងសាររបស់គាត់ ដែលប្រើជាមួយនឹងប្រជាពលរដ្ឋទូទៅ មិនមែនសម្រាប់តែខ្មែរឥស្លាមទេ។ ហើយអ្វីដែលគាត់បានលើកឡើងទាក់ទងរឿងខ្មែរក្រហម ការបញ្ចប់ខ្មែរក្រហមគឺជាការណ៍ពិត ក៏ប៉ុន្តែជារឿងមួយអស់រយៈពេលជិត៤០ឆ្នាំរួចទៅហើយ ហើយមិនគួរអ្នកនយោបាយស្រុកខ្មែរនៅតែប្រើរឿងអតីតកាលយូរអង្វែងបែបហ្នឹងទេ គួរតែឈានទៅមុខបានហើយ»។
លោកថ្លែងបន្តថា ការណ៍ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកការផ្លាស់ប្តូរដែលនាំមកនូវភាពវឹកវរក្នុងមជ្ឈឹមបូព៌ា មកប្រៀបប្រដូចជាមួយនឹងការចង់បានការផ្លាស់ប្តូរដែលប្រជាពលរដ្ឋខ្មែរចង់បាននោះ គឺមិនអាចទៅរួចទេ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ព្រោះប្រជាពលរដ្ឋខ្មែរចង់បានការផ្លាស់ប្តូរតាមការបោះឆ្នោតសេរីតែប៉ុណ្ណោះ ហើយថា សម្តីរបស់លោកនាយករដ្ឋមន្ត្រីអំពីការផ្លាស់ប្តូរដែលនាំឲ្យមានស្ថានភាពវឹកវរក្នុងតំបន់មជ្ឈឹមបូព៌ានោះ គឺគ្រាន់តែជាយុទ្ធសាស្ត្រដាក់សម្ពាធផ្លូវចិត្តដែលនឹងលែងមានប្រសិទ្ធិភាពទៅថ្ងៃខាងមុខនេះ។
«ខ្ញុំមើលទៅគាត់ ជាយុទ្ធសាស្រ្តគាត់ គាត់យករឿងបំភ័យហ្នឹង ឆ្លៀតឱកាសដែលកំពុងមានភាពច្របូកច្របល់នៅក្នុងមជ្ឈឹមបូព៌ាផង គាត់យករឿងហ្នឹងមកបំភ័យប្រជាពលរដ្ឋ។ ជាចិត្តសាស្រ្តនយោបាយ វាមានប្រសិទ្ធភាពខ្លះដែរជាទូទៅ ដោយសារប្រជាពលរដ្ឋគាត់រអា គាត់ខ្លាចរអានូវសង្គ្រាម នូវអស្ថិរភាព។ ជាទូទៅមានប្រសិទ្ធភាពខ្លះ។ ប៉ុន្តែខ្ញុំមើលទៅ ទៅអនាគតមិនមានប្រសិទ្ធភាពខ្លាំងទេ ដោយសារខ្ញុំមើលទៅ ប្រជាពលរដ្ឋចាប់ផ្តើមយល់ជាងមុនបន្តិច គ្រាន់បើជាងមុន។ ប៉ុន្តែដូចខ្ញុំថា អញ្ចឹង នៅមានប្រសិទ្ធខ្លះដែរ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់ VOAថា ការផ្លាស់ប្តូរដែលអាចនឹងនាំមកដោយគណបក្សសង្គ្រោះជាតិនោះ មិនអាចដូចគ្នា ឬក៏ស្រដៀងគ្នាទៅនឹងក្រុមកម្មុយនីស្តជ្រុលនិយមខ្មែរក្រហមបានធ្វើទេ ដោយលោកមានប្រសាសន៍ថា៖
«មានតែពួកខ្មែរក្រហមទេ ដែលធ្វើអញ្ចឹង ហើយមានតែពួកល្ងង់ខ្លៅ ដែលងប់ងល់ទៅនឹងលទ្ធិកុម្មុយនីស្តទេ ដែលធ្វើអញ្ចឹង។ គណបក្សសង្គ្រោះជាតិអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ហើយបណ្តាប្រទេសប្រជាធិបតេយ្យនៅលើសាកលលោកទាំងអស់ គឺថា បើគេអនុវត្តតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដមែន ឃើញថា គេមានការរីកចម្រើន គេគោរពសិទ្ធិមនុស្ស គេគោរពសិទ្ធិកាន់សាសនា គេរៀបចំប្រទេសគេមានយុត្តិធម៌ ហើយមានការរីកចម្រើនមានអរិយ្យធម៌។ ដូច្នេះយើងដើរតាមប្រទេស ដែលគេបានអនុវត្តរួចហើយ មិនមានការលំបាកអីទេ។ អ្នកខ្លះចេះតែចោទប្រកាន់អញ្ចេះ ចោទប្រកាន់អញ្ចុះ។ អាហ្នឹងជារឿងរបស់គាត់»។
តំណាងខ្មែរឥស្លាមម្នាក់ថ្លែងថា លោកបានមើលឃើញការលំបាក និងទុក្ខវេទនាដូចសម័យខ្មែរក្រហមកំពុងកើតឡើងនៅក្នុងតំបន់មជ្ឈឹមបូព៌ាប្រទេស ខណៈដែលពួកគេខិតខំផ្លាស់ប្តូររបបនយោបាយ។ ពលរដ្ឋខ្មែរឥស្លាមធ្លាប់បាននិយាយពីមុនមកផងដែរថា ពួកគេមិនចូលរួមក្នុងសកម្មភាពប្រឆាំង ឬក៏សកម្មភាពតស៊ូប្រឆាំងរដ្ឋាភិបាលទេ ហើយគេក៏មិនចូលរួមជាមួយសកម្មភាពជ្រុលនិយមណាមួយនៅក្រៅប្រទេសដែរ ជាពិសេសក្រុមភេរវកម្មដែលបំផ្លាញពិភពលោក៕