ទីក្រុងឡុងដ៍៖ រដ្ឋាភិបាលប្រជាធិបតេយ្យនៃបស្ចឹមប្រទេសខកខាន មិនបានទប់ទល់នឹងការរំលោភលើសិទ្ធិមនុស្សសកលទេ នេះបើយោងទៅតាមអង្គការការពារសិទ្ធិមនុស្សអន្ដរជាតិHuman Rights Watch។ សេចក្ដីរាយការណ៍របស់ក្រុមនេះប្រចាំឆ្នាំ២០១១អំពីការរំលោភសិទ្ធិមនុស្សក្នុងពិភពលោក ឲ្យដឹងថា ជើងឯកខាងលទ្ធិប្រជាធិបតេយ្យមិនបានប្រឆាំងមេដឹកនាំកាន់អំណាចផ្ដាច់ការនៅក្នុងពិភពលោកទេ។
លោកតុម ប័រសឺស (Tom Porteous) នាយកការិយាល័យរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅក្នុងទីក្រុងឡុងថ្លែងថា៖
«រដ្ឋាភិបាលប្រជាធិបតេយ្យ ហើយជាពិសេស រដ្ឋាភិបាលលើកស្ទួយសិទ្ធិមនុស្សជាទូទៅ ខកខានមិនបានកៀបសង្កត់ទៅលើរដ្ឋាភិបាលក្នុងប្រទេសដែលមានការរំលោភសិទ្ធិមនុស្សច្បាស់ក្រឡែតនោះទេ»។
សេចក្ដីរាយការណ៍នោះចេញឈ្មោះមន្ដ្រីអន្ដរជាតិល្បីឈ្មោះ ដែលអង្គការនោះថ្លែងថា ជាអ្នកជើងឯកខាងលទ្ធិប្រជាធិបតេយ្យ ដែលបរាជ័យ ដូចជាលោកបាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រីខេតសឺរីន អាស្ហតុន (Catherine Ashton) ចាងហ្វាងនយោបាយបរទេសរបស់សហភាពអឺរ៉ុប និងប្រធានាធិបតី ស.រ.អ. លោកបារាក់ អូបាម៉ា (Barack Obama)។
លោក Porteous ថ្លែងទៀតថា អ្នកដែលធ្លាប់ធ្វើជាជើងឯកការពារសិទ្ទិមនុស្សជាប្រពៃណី បានបន្ទន់ឥរិយាបថរបស់ខ្លួន មួយផ្នែកដោយសារតែមានការផ្លាស់ប្ដូរឥទ្ធិពលក្នុងសកលលោក។
«នៅពេលនេះ យើងរស់នៅក្នុងពិភពលោកពហុមតិ ដែលប្រទេសមានលទ្ធិប្រជាធិបតេយ្យនៅបស្ចឹមប្រទេសមើលឃើញថា ឥទ្ធពលរបស់ខ្លួនចុះថយ ពីព្រោះតែមូលហេតុសេដ្ឋកិច្ចនិងនយោបាយ តែយើងក៏បានឃើញថា ប្រទេសនិយមលទ្ធិប្រជាធិបតេយ្យនៅបស្ចិមប្រទេសខ្លួនឯងក៏មានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែរ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ហេតុដូច្នេះ ភាពស្របច្បាប់និងការទុកចិត្ដរបស់គេថា ជាអ្នកលើកដំកើងសិទ្ធិមនុស្សនោះ ក៏បានចុះអន់ថយដែរ។
ឧទាហរណ៍ លោក Porteous និយាយថា វិធានការប្រឆាំងភេរវកម្ម នៅក្នុងស.រ.អ. និងនៅក្នុងប្រទេសអឺរ៉ុបទាំងមូល បាននាំឲ្យមានការរំលោភសិទ្ធិមនុស្ស។
លោកនិយាយថា ហើយនៅក្នុងប្រទេសអឺរ៉ុប ការរើសអើងប្រឆាំងក្រុមអម្បូរភាគតិចបានក្លាយទៅជាបញ្ហាកាន់តែធំ។ កាលពីឆ្នាំកន្លងទៅនេះ ប្រទេសអឺរ៉ុបបានធ្វើការវាយបង្រ្កាបមកលើក្រុមរ៉ូម៉ា (Roma) ឬជិបស៊ី (gypsy) គឺជាវិធានការមួយដែលអង្គការការពារសិទ្ធិមនុស្សទិតៀនយ៉ាងខ្លាំង។
ក្រុមនោះបានដាក់ប្រទេសអ៊ីរ៉ង់ ភូមា (Myanmar) កូរ៉េខាងជើង យេមិន (Yemen )និងប្រទេសហ្ស៊ីមបាបវ៉េ (Zimbabwe) នៅក្នុងចំណោមរដ្ឋាភិបាលរំលោភសិទ្ធិមនុស្សច្រើនបំផុត។ នេះជាសេចក្ដីរាយការណ៍ប្រចាំឆ្នាំលើកទី២១របស់អង្គការ Human Rights Watch ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សក្នុងពិភពលោក៕
បកប្រែសម្រួលដោយ លោក អ៊ូ ធួក