ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch ព្រមាន​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ ​Nigeria


យុទ្ធជន​ម្នាក់​ឆែកឆេរ​រថយន្ដ​មួយ​នៅ​ទីក្រុង​កាឌូណា​ ប្រទេស Nigeria នៅ​ថ្ងៃ​ទី២១​ ខែ​មេសា​ ឆ្នាំ​២០១១។
យុទ្ធជន​ម្នាក់​ឆែកឆេរ​រថយន្ដ​មួយ​នៅ​ទីក្រុង​កាឌូណា​ ប្រទេស Nigeria នៅ​ថ្ងៃ​ទី២១​ ខែ​មេសា​ ឆ្នាំ​២០១១។

អង្គការ​សិទ្ធិមនុស្ស​Human Rights Watch ចង់​ឲ្យ​ក្រុម​មេដឹកនាំ​ Nigeria ​ធានា​ឲ្យ​ជាក់​ច្បាស់​ថា​កងកម្លាំង​សន្ដិសុខ​ប្រព្រិត្ដ​អំពើ​ដោយ​មាន​ការ​ទទួល​ខុសត្រូវ​ នៅ​ក្នុងការ​បញ្ឈប់អំពើ​ហិង្សា​នៅ​ពេល​ក្រោយ​ការ​បោះឆ្នោត​។​ក្រុមអ្នក​គាំទ្រអតីតមេដឹកនាំយោធា​បាន​ពើប​ប្រយុទ្ធ​ជា​មួយ​ប៉ូលីស​កុប្បកម្ម​ នៅ​ក្នុងការ​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ជ្រើសរើសលោក​ប្រធានាធិបតី​ Goodluck Jonathan ឲ្យ​កាន់​តំណែង។

លោក​ប្រធានាធិបតី​ Jonathan​ កំពុង​តែ​បញ្ជូនកង​កម្លាំង​រក្សា​សន្ដិសុខ​ច្រើន​ថែម​ទៀត ទៅ​កាន់ក្រុម​រដ្ឋ​នៅ​ភាគ​ខាង​ជើង​ ដែល​នៅ​ក្នុង​រដ្ឋ​ទាំង​នោះ​ ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​គាំទ្រ​ លោក Muhammadu Buhari​ បេក្ខជន​ សម្រាប់​តំណែង​ប្រធានាធិបតី​ ដែល​បាន​ចាញ់​ការ​បោះ​ឆ្នោត​ បាន​វាយ​ប្រហារទៅ​លើ​ព្រះ​វិហារ​គ្រីស្ដ​ ផ្ទះ​សម្បែង​ ​ហើយ​នឹង​ស្ថានីយ៍ប៉ូលីស​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​វាយ​ប្រហារ​សងសឹក​វិញ​របស់​ក្រុម​អ្នក​កាន់​សាសនា​គ្រីស្ដ។

«ជា​អកុសល​ដែល​មាន​ក្រុម​វង្វេង​វង្វាន់​ខ្លះ​ មិន​បាន​ចូល​រួម​នៅក្នុង​ស្មារតី​នៃ​ សមិទ្ធិផល​ប្រជាធិបតេយ្យ​របស់​យើងទេ។​ ពួក​គេ​បង្កើត​ជា​ក្រុម​មនុស្ស​មិន​មាន​ការ​ជឿជាក់​ ហើយ​វាយប្រហារ​ដោយ​ប្រើ​កម្លាំង​បំផ្លិច​បំផ្លាញ​និង​យ៉ាង​ប្រល័យ​ នៅ​ក្នុង​ផ្នែក​ខ្លះៗ​នៃ​ប្រទេស​នេះ។​ ពួក​គេ​បាន​សម្លាប់​ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លូត​ត្រង់​ដាច់​ដៃ​ជើង​ដែរ។​ ពួក​គេ​ដុត​អគារ​ពាណិជ្ជកម្ម​ ផ្ទះ​របស់​ឯកជន​ ហើយ​ព្រមទាំង​ទី​កន្លែង​សក្ការ:បូជា​ថែម​ទៀត​ផង»។

លោក​ Buhari ​និយាយ​ថា​ ការ​បោះឆ្នោត​មិន​សុច្ចរឹត​ មាន​ការក្លែងបន្លំ​ តាម​រយ:​ការ​ប្រើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​គណ:កម្មការ​រៀបចំ​ការ​បោះឆ្នោត​ ហើយ​លោក​កំពុងតែ​អំពាវ​នាវ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​លោក​ ស្ថិត​នៅ​ឲ្យ​ស្ងប់​ស្ងៀម​ នៅ​ពេល​ដែល​គណបក្ស​របស់​លោក​ តវ៉ា​ប្រឆាំង​នឹង​លទ្ធផលនោះ​នៅ​ក្នុង​តុលាការ។

លោក​ប្រធានាធិបតី​ Jonathan​ មាន​ប្រសាសន៍​ថា​ ការ​រំជើប​រំជួល​ទាំង​នេះ​មិន​គ្រាន់​តែ​ជា​ការ​ប្រឆាំង​តវ៉ា​នយោបាយ​ប៉ុណ្ណោះ​ទេ។​ លោក​ មាន​ប្រសាសន៍​ថា​ ការ​រំជើប​រំជួល​ទាំង​នេះ​ មាន​គោលដៅ​ជាក់​ស្ដែង​ដើម្បី​ធ្វើឲ្យ​ការ​បោះឆ្នោត​នា​ពេល​អនាគត​នៃ​ប្រទេស​ មាន​ការ​លំបាក ហើយ​នេះ​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ។

នៅ​ពេល​ដែល​កងកម្លាំង​រក្សា​សន្ដិសុខ​ ទៅ​បញ្ឈប់​អំពើ​ហិង្សាដែល​អង្គការ​កាកបាទ​ក្រហម​ឲ្យ​ដឹង​ថា​ បាន​ធ្វើឲ្យ​មនុស្ស​ជាង​៤​ម៉ឺន​នាក់​ភៀស​លំនៅ​ដ្ឋាន​ អង្គការ Human Rights Watch ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​របស់​លោក​ Jonathan ​ត្រូវ​តែ​ធានា​ឲ្យ​បាន​ជាក់​ច្បាស់​ថា​ កង​កម្លាំង​ទាំង​នោះ​មិន​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់​យ៉ឺន​ថែម​ទៀត​ទេ​ ដោយ​ប្រើ​កម្លាំង​ជ្រុល​ហួស​នោះ៕

ប្រែ​សម្រួល​ដោយ​ កងស៊ីវន

XS
SM
MD
LG