របាយការណ៍ថ្មីមួយដែលមានចំណងជើងថា «ខ្ញុំត្រូវបានគេវាយច្រើនដងរាប់មិនអស់» ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងពីការបំពានផ្នែករាងកាយ ពាក្យសម្ដី និងការបំពានផ្លូវភេទ ទៅលើអត្តពលិកជាកុមារនៅក្នុងប្រទេសជប៉ុន។
ក្រុមអ្នកស៊ើបអង្កេតនិយាយថា ពួកគេបានរកឃើញហេតុការណ៍ជាច្រើនដែលបានកើតឡើងលើអត្តពលិកជាកុមារ ដូចជាការវាយ ទាត់ ទះកំផ្លៀង ប្រមុជទឹក វាយដោយប្រើឧបករណ៍នានា បង្អត់អាហារ និងទឹក និងការបំពានបៀតបៀន និងបំពានផ្លូវភេទជាដើម។ ពួកគេនិយាយថា ការបំពានទាំងនេះនាំឱ្យជនរងគ្រោះមានជំងឺបាក់ទឹកចិត្ត ពិការ បាក់ស្បាត និងមានករណីខ្លះរហូតឈានដល់ធ្វើអត្តឃាត។
គណៈកម្មាធិការអូឡាំពិករបស់ជប៉ុនមិនបានផ្ដល់អត្ថាធិប្បាយចំពោះរឿងនេះនោះទេ។
របាយការណ៍នេះបានឱ្យដឹងថា ជាឧទាហរណ៍កីឡាករបាល់បោះម្នាក់អាយុ ១៧ ឆ្នាំ រៀនថ្នាក់វិទ្យាល័យនៅទីក្រុង Osaka ត្រូវបានគ្រូបង្វឹករបស់ខ្លួនវាយដំម្ដងហើយម្ដងទៀត។
របាយការណ៍ថ្មីនេះត្រូវបានចេញផ្សាយ រយៈពេល ៧ ឆ្នាំ បន្ទាប់ពីអាជ្ញាធរកីឡារបស់ជប៉ុនបានប្ដេជ្ញាថានឹងបញ្ចប់ការអនុវត្តការវាយដំនៅក្នុងវិស័យកីឡាយុវជន ដែលគេហៅថា «taibatsu» ក្រោយពីមានការចោទប្រកាន់នានា ស្របពេលដែលជប៉ុនទទួលបានការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅឆ្នាំ ២០២០ នេះ៕