ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​​​​អង្គការ Human Rights Watch អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​លម្អ​សេចក្ដី​ព្រាង​ច្បាប់​សហជីព


លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​​ Human Rights Watch។

អង្គការ Human Rights Watch បាន​និយាយ​​ថា រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា សិក្ខាសាលា​​ថា្លក់​ជាតិ​មួយ​​មាន​តម្លាភាព​និង​មាន​ការ​ចូលរួម​ពី​ភាគី​នានា។

​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស Human Rights Watch ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​ ដែល​ត្រូវ​បាន​ដាក់​ជូន​ទៅ​រដ្ឋ​សភា​នោះ ដើម្បី​ធានា​ថា ​ច្បាប់​នោះ​នឹង​ការពារ​សិទ្ធិ​កម្មករ​យ៉ាង​ពេញលេញ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ។

អង្គការ​ដែល​មាន​ស្នាក់ការ​ធំ​នៅ​ទីក្រុង​ញូវយ៉ក​នេះ បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​កំណត់​កាល​បរិច្ឆេទ​មួយ ដើម្បី​រៀបចំ «សិក្ខាសាលា​ថ្នាក់​ជាតិ»​ ដោយ​មាន ​«ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ចូលរួម» ក្រោយ​ពី​ក្រុម​សហជីពបាន​ជំទាស់​នឹង​សេចក្តី​ព្រាងច្បាប់​សហជីព​នោះ។

អង្គការ Human Rights Watch បាន​និយាយថា រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា សិក្ខាសាលា​នោះ មាន​តម្លាភាព​និង​មាន​ការ​ចូលរួម​ពី​ភាគី​នានា។

លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការនេះ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា «ខណៈ​ដែល​សេចក្តី​ព្រាច​ចុងក្រោយ​នៃ​ច្បាប់​ស្តី​ពី​សហជីព​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​សេចក្តី​ព្រាង​មុនៗ​នោះ វា​នៅ​តែ​មិន​ទាន់​អាច​ការពារ​សិទ្ធិ​កម្មករ​និង​សហជីព​បាន​នៅ​ឡើយ​ទេ។»​

លោក Brad Adams បាន​បន្ថែម​ថា «មាន​មាត្រា​ជា​ច្រើន​ដែល​អាច​ឲ្យ​រដ្ឋាភិបាល​និង​និយោជក​ រំលោភ​បំពាន​សិទ្ធិ​កម្មករ​បាន​យ៉ាង​ងាយ​ស្រួល ដូច្នេះ​ប្រទេស​ម្ចាស់​ជំនួយ​គួរ​តែ​ដាក់​សម្ពាធ​ដើម្បី​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ដ៏​ពិតប្រាកដ ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ»៕

ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​សហជីព​ក្នុង​ទម្រង់​បច្ចុប្បន្ន​នេះ កាល​ពី​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ ហើយ​ក៏​បាន​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​កាន់​សភា​ជាតិ ដើម្បី​អនុម័ត៕

XS
SM
MD
LG