ការបន្តបើកសវនាការលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ គឺជាបែបផែននៃការគាបសង្កត់សិទ្ធិការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរប្រទេសនេះគួរពិចារណាទម្លាក់បទចោទលើសកម្មជនទាំងនោះ។ នេះជាការអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនាថ្ងៃចន្ទនេះ។
សកម្មជនមាតាធម្មជាតិដែលរួមមានលោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងសកម្មជនប្រាំនាក់ទៀត កំពុងត្រូវបានតុលាការកម្ពុជាកោះហៅឱ្យចូលរួមសវនាការ ជុំវិញបទចោទ«ប្រមាថព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»។
ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ១៦ ខែមិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្សថ្លែងថា អាជ្ញាធរកម្ពុជាកំពុងធ្វើការកាត់សេចក្តីសកម្មជនបរិស្ថានចំនួន ១០ នាក់ លើបទចោទដែលមានជាប់ហេតុផលនយោបាយ ដើម្បីបិទសំឡេងរិះគន់លើគោលនយោបាយរដ្ឋាភិបាល។
នាយិការងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស អ្នកស្រី Bryony Lau ត្រូវបានគេស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍ថា៖ «នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ដែលមិនខុសពីឪពុករបស់គាត់គឺលោក ហ៊ុន សែន ហាក់ដូចមានបំណងដាក់ឱ្យជាប់ឃុំខ្លួនសកម្មជនបរិស្ថាន ជាជាងទទួលយកការរួមចំណែករបស់ពួកគេមកដល់សង្គមកម្ពុជា»។
អ្នកស្រីបន្ថែមថា៖ «ការបន្តនីតិវិធីលើសកម្មជនទាំងនេះ គឺបង្កការឈឺចាប់ដល់ពួកគេ បរិស្ថាន និងពលរដ្ឋកម្ពុជាទាំងអស់ ដែលមានសិទ្ធិទទួលបានបរិស្ថានដែលល្អ ស្អាត និងមានចីរភាព»។
សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិកើតឡើង នៅចំពេលតុលាការប្រទេសកម្ពុជាបន្តបើកសវនាការសំណុំរឿងរួមគំនិតក្បត់របស់សកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ។
បើតាមសកម្មជនខ្លះដែលចូលរួមក្នុងសវនាការនៅថ្ងៃចន្ទនេះ តុលាការបានចាក់បញ្ចាំងបទសម្ភាសន៍របស់សហស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ជាវីដេអូជាងពីរម៉ោងជាមួយប្រព័ន្ធផ្សព្វផ្សាយនានា។ សវនាការកាលពីព្រឹកថ្ងៃចន្ទនេះគឺជាសវនាការលើកទី ៤។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានច្រានចោលការអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងថា កម្ពុជានឹងធ្វើទៅតាមច្បាប់ ដែលមានជាធរមានរបស់ខ្លួន នៅក្នុងការកាត់សេចក្តីសំណុំរឿងរបស់សកម្មជនដែលកំពុងប្រឈមនឹងការកាត់ទោសនៅក្នុងស្ថាប័នតុលាការកម្ពុជា។
លោកប្រាប់វីអូអេនាថ្ងៃចន្ទនេះថា៖ «សំណើរបស់គាត់ហើយនឹងការចោទប្រកាន់របស់គាត់ យើងដឹងហើយកន្លងមកគឺ មិន មិនស្របទៅនឹងរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់របស់កម្ពុជាដែលមានជាធរមានទេ។ ហើយសំណើចោទប្រកាន់ហ្នឹង គឺមិនមានឥទ្ធិពលអីទៅលើស្ថាប័នតុលាការនោះទេ។ វាគ្រាន់តែជារូបភាពផ្នែកនយោបាយដើម្បីបិទបាំងកំហុស និងការពារដល់ជនជាប់ចោទដែលជាបក្ខពួក ដៃជើងរបស់គាត់ហ្នឹងប៉ុណ្ណោះឯង ក៏ប៉ុន្តែមិនមានឥទ្ធិពលអ្វីទៅលើតុលាការដែលជាស្ថាប័នឯករាជ្យ ហើយអនុវត្តទៅតាមច្បាប់និងនីតិវិធីរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បាននៅឡើយទេនៅថ្ងៃចន្ទនេះ។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ថ្លែងថា សកម្មជនមាតាធម្មជាតិបានធ្វើការងារបរិស្ថានកន្លងមក ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការដោះស្រាយស្ថានភាពប្រឈម ខណៈធនធានធម្មជាតិក្នុងប្រទេសកម្ពុជារងការបំផ្លិចបំផ្លាញ។ ប៉ុន្តែលោកថា សកម្មជនទទួលបានផលតបស្នងមកវិញនូវការចោទប្រកាន់បទឧក្រិដ្ឋដែលមិនសមហេតុផល។
លោកថ្លែងថា៖ «ប៉ុន្តែផ្ទុយទៅវិញ យើងឃើញថា បទចោទប្រកាន់មកកាន់ពួកយើងនេះ វាបែរទៅជាបទ រួមគំនិតក្បត់ដែលជាបទឧក្រិដ្ឋមួយ។ ហើយបើយើងនិយាយពីនិយមន័យនៃបទរួមគំនិតក្បត់ហ្នឹងទៀតសោត គឺវាពាក់ព័ន្ធទៅនឹងសកម្មភាពដែលមានការផ្តួលរំលំ មានការចង់ធ្វើរដ្ឋប្រហារ ឬក៏ប្រើប្រាស់ហិង្សាអីផ្សេងៗជាដើម។ អ៊ីចឹងយើងមើលឃើញថា សកម្មភាពរបស់ពួកយើងគឺវាមិនដែលមានសកម្មភាពទាំងអស់ហ្នឹងដែលជាធាតុផ្សំនៃបទល្មើសទេ»។
លោកបានស្នើឱ្យតុលាការទម្លាក់បទចោទលើសកម្មជនទាំងអស់ ក្រោមហេតុផលថា សកម្មភាពការពារបរិស្ថានមិនមែនជាបទឧក្រិដ្ឋ ហើយពួកគេក៏គ្មានគំនិតគិតទៅដល់ការផ្តួលរំលំរដ្ឋាភិបាលនោះដែរ។
លោក ថុន រដ្ឋា គឺជាសកម្មជនម្នាក់ក្នុងចំណោម ១០ នាក់ នៃសកម្មជនចលនាមាតាធម្មជាតិ ដែលត្រូវបានចោទពីបទរួមគំនិតក្បត់។ នៅក្នុងចំណោម១០នាក់នោះ មានសកម្មជនបីនាក់កំពុងស្ថិតក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ផងគឺ មានលោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៥ ចំពោះសកម្មភាពបរិស្ថានរបស់លោកក្នុងតំបន់អារ៉ែង ដែលស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុងរបស់ប្រទេសកម្ពុជា។
មុនសវនាការនៅថ្ងៃចន្ទនេះ សកម្មជនមាតាធម្មជាតិធ្លាប់បានធ្វើពហិការសវនាការ និងធ្វើការតស៊ូមតិផ្សេងៗនៅមុខនិងក្នុងតុលាការ ដោយមានទាំងការស្លៀកពាក់ស សម្តែងការកាន់ទុក្ខ និងការបន់ស្រន់អរ័ក្សអ្នកតា ដើម្បីបានយុត្តិធម៌ពិតប្រាកដពីតុលាការ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដែលឃ្លាំមើលរឿងក្តីរបស់សកម្មជនបរិស្ថានមាតាធម្មជាតិ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ជាងមួយទសវត្សរ៍មកនេះ អង្គការចលនាមាតាធម្មជាតិបានធ្វើយុទ្ធនាការប្រឆាំងនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈបំផ្លិចបំផ្លាញបរិស្ថាន និងបានលាតត្រដាងអំពើពុករលួយនៅក្នុងការគ្រប់គ្រងធនធានរ៉ែប្រទេសកម្ពុជា ហើយបានកៀរគរពលរដ្ឋកម្ពុជាវ័យក្មេងឱ្យការពារជីវៈចម្រុះរបស់ប្រទេសដែលកំពុងរងការខូចខាតដោយសន្សឹមៗ។ អង្គការសិទ្ធិមនុស្សអន្តរជាតិដដែលបានឱ្យដឹងទៀតថា កម្ពុជាមានអត្រាខ្ពស់បំផុតនៃការកាប់បំផ្លាញព្រៃឈើ និងកម្រិតខ្ពស់នៃការជួញដូរសត្វព្រៃ៕
វេទិកាបញ្ចេញមតិ