ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស៊ឹង សែនករុណា ភៀស​ខ្លួន​ទៅ​អូស្ត្រាលី ខណៈ​ប្រឈម​បណ្តឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា


រូបឯកសារ៖ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

អតីត​មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​ស៊ឹង សែនករុណា ​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​អូស្រ្តាលី​ ក្រោយ​លោក​រង​ការ​ប្តឹង​ផ្តល់​ពី​គណបក្ស​ប្រជាជន​កម្ពុជា។​ នេះ​បើ​តាម​ការ​បង្ហោះ​សារ​អត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ។​

បើ​តាម​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ​ លោក​ ស៊ឹង សែនករុណា ​បាន​បង្ហាញ​ពី​ក្តី​សប្បាយ​រីក​រាយ ​និង​ថ្លែង​អំណរ​គុណ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្រ្តាលី ​ដែល​បាន​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​លោក​ក្នុង​ប្រទេស​អូស្រ្តាលី។​

លោក​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ កាល​ពី​ថ្ងៃ​សៅរ៍​ថា៖​ «សូម​អរគុណ​ច្រើន​ចំពោះ​ចាស់​ព្រឹទ្ធាចារ្យ​ និង​លោក​បង ​Heang Tak ​ដែល​ទទួល​ស្វាគមន៍​និង​ប្រាប់​ពី​ស្ថាន​ភាព​នៃ​ទឹកដី​សេរី​ភាព​នៅ​រដ្ឋ​វិចតូរីយ៉ា ​ក្រុង​ម៉ែលប៊ន ​ស្រ្ពីងវ៉ែល ប្រទេស​អូស្រ្តាលី​និង​សូម​អរគុណ​នូវ​ឆន្ទៈ​ចំពោះ​សង្គម​ជាតិ​មាតុភូមិ​របស់​ពួក​គាត់។​ ទោះ​បី​រស់​នៅ​ឆ្ងាយ​ពី​ទឹកដី​ ប៉ុន្តែ​ទឹក​ចិត្ត​ពួក​គាត់​មិន​ដែល​ឆ្ងាយ​ពី​នយោបាយ​ដើម្បី​ជួយ​សង្គម​ជាតិ​យើង​ឡើយ»។​

ជាមួយ​គ្នា​នោះ​ដែរ ​កាល​ពី​ថ្ងៃ​ទី ២៣​ ខែ​មេសា​ ឆ្នាំ​ ២០២៤​ លោក​ ករុណា ​ក៏​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​លោក​ ដោយ​បញ្ជាក់​ឱ្យ​ដឹង​ថា​ លោក​បាន​លា​ឈប់​ពី​ការងារ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ហើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ស៊ឹង សែនករុណា ​បាន​នៅ​ឡើយ​ទេ។​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក ​នី សុខា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក ​ស៊ឹង សែនករុណា​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អូស្ត្រាលី ​កាល​ពី​អំឡុង​សប្តាហ៍​មុន។​ លោក​បន្ត​ថា ​ការ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​លោក ស៊ឹង សែនកុរណា ​ដូច​គ្នា​នឹង​សកម្មជន​ដទៃ​ទៀត​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដែរ ​គឺ​ដើម្បីស្វែងរក​កន្លែង​ដែល​អាច​ការពារ​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន ​និង​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​រូប​លោក។​

លោក ​នី សុខា ​ឱ្យ​ដឹង​ទៀត​ថា​ លោក ​ស៊ឹង សែនករុណា ​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់ ​ដើម្បី​បង់​សង​ប្រាក់​ជំងឺ​ចិត្ត​ដល់​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក​ឡើយ ​ហើយ​លោក​ថា ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ក៏​មិន​អាច​ទុក​ចិត្ត​បាន។​

លោក​បញ្ជាក់​ថា៖​ «ការ​ប្តឹង​ផ្តល់​ទាំង​អស់​នេះ​វា​ធ្វើ​ឱ្យ​គាត់​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន​គាត់ ​ហើយ​ដូច​ដែល​យើង​ឃើញ​ជា​រឿយៗ​គឺ​ថា​ មាន​បណ្តឹង​ជា​ហូរ​ហែ ។ អ៊ីចឹង​ហើយ​យើង​ដឹង​ហើយ​ថា​ កន្លង​ទៅ​មាន​ការ​ប្តឹង​ទាមទារ​នូវ​ប្រាក់​ដ៏​ច្រើន​លើស​លប់​ដែល​វា​មាន​ចំនួន​ច្រើន​លើស​លប់។ ​ហើយ​យើង​គិត​ថា​ គាត់​អាច​នឹង​គិត​ថា ​គាត់​គ្មាន​លទ្ធភាព​ទេ​ ប្រសិន​ជា​ថ្ងៃ​អនាគត​ទៅ​មាន​ការ​កាត់​សេចក្តី​ឱ្យ​គាត់​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង់​ប្រាក់​អី​មួយ​ចំនួន​ទាំង​អស់​នោះ​គឺ​ថា​ គាត់​មិន​អាច​មាន​លទ្ធភាព​ទៅ​សង​ដើម​បណ្តឹង​បាន​ទេ»។​

លោក​ នី សុខា ​បន្ថែម​ថា​ លោក​ពិត​ជា​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ធនធាន​មនុស្ស​ដ៏​ល្អ​មួយ​រូប​នេះ​ដែល​មាន​ភាព​ក្លាហាន ​ហ៊ាន​លះ​បង់ ​តស៊ូ​ការពារ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ប្លង់ សុផល ​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​និង​លោក​ គី តិច ​មេធាវី​ម្នាក់​របស់​គណបក្ស​កាន់​អំណាច​បាន​នៅ​ឡើយ​ទេ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី ​៥​ ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤​ ក្រុម​មេធាវី​របស់​លោក ​ហ៊ុន សែន​ បាន​ប្តឹង​លោក ​ស៊ឹង សែនករុណា ​ពី​បទ​បរិហារ​កេរ្តិ៍ ​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ​ ៥០ ​ម៉ឺន​ដុល្លារ​អាមេរិក​ ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក​ជាមួយ​សារ​ព័ត៌មាន ដែ​ល​គណបក្ស​កាន់​អំណាច​ថា ​«មួល​បង្កាច់​នាំ​ឱ្យ​ប៉ះ​ពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។​

លោក ​ស៊ឹង សែនករុណា ​ត្រូវ​បាន​សារ​ព័ត៌មាន​យោង​សម្តី​ក្នុង​ឃ្លា​ថា៖ ​«គណបក្ស​កាន់​អំណាច​តែង​តែ​យក​តុលាការ​មក​ធ្វើ​ជា​របាំង​ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន»។​

ទោះ​ជាយ៉ាងណា ​លោក​ ស៊ឹង សែនករុណា ​ធ្លាប់​បាន​បដិសេធ​ថា​ រាល់​ការ​ស្រង់​សម្តី​របស់​លោក​ទៅ​បន្ថែម​បន្ថយ​បញ្ចេញ​បញ្ចូល​វាយ​ប្រហារ​ចំៗ​លើ​ឈ្មោះ​បក្ស​នយោបាយ​ណា​មួយ​នោះ ​មិន​មែន​ជា​ចេតនា​និង​គោល​បំណង​របស់​លោក​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG