រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៥មក រដ្ឋាភិបាលក្រុងប៉េកាំង តែងប្រកាសផ្សាយដំណឹងបម្រាមនេសាទមួយរយៈលើផ្ទៃសមុទ្រស្ទើរពាក់កណ្ដាលក្នុងដែនទឹកសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ ដូចគ្នាដែរ ជារៀងរាល់ឆ្នាំ ប្រទេសផ្សេងៗដែលប្រជែងទាមទារអធិបតេយ្យភាពលើដែនទឹកនោះដែរ នៅតែបន្តឱ្យទូកនេសាទរបស់ខ្លួនចូលនេសាទតាមអំពើចិត្តរៀងៗខ្លួន។
កងល្បាតឆ្នេរសមុទ្រចិន បាននិយាយថា បម្រាមដែលមានសុពលភាពតាំងពីថ្ងៃទី១ ខែឧសភាឆ្នាំនេះ នឹងត្រូវពង្រឹងការអនុវត្តបន្ថែមទៀត ប៉ុន្តែក្រុមអ្នកតាមដានស្ថានការណ៍នយោបាយសមុទ្រចិនខាងត្បូង រំពឹងថាអាជ្ញាធរចិននឹងចាប់តែទូកនេសាទជនជាតិចិនដែលបានចុះបញ្ជីនិងបំពានបម្រាមនេះតែប៉ុណ្ណោះ។
ចិនអាចនឹងចាត់វិធានការធូរស្រាលជាងមុនចំពោះទូកមកពីហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម ពីព្រោះចិនខ្លួនឯងក៏ចង់កសាងទំនាក់ទំនងក្នុងតំបន់អាស៊ី និងបញ្ចៀសការពង្រឹងតួនាទីរបស់សហរដ្ឋអាមេរិក(ស.រ.អា.) ក្នុងតំបន់សមុទ្រជម្លោះនេះ។
ក្រុមអ្នកវិភាគជឿថា កោះតៃវ៉ាន់ និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់ស.រ.អា. ក៏បានចាត់ទុកផ្នែកទាំងអស់ ឬផ្នែកខ្លះនៃតំបន់បម្រាមនេះជាដែនទឹករបស់ខ្លួនផងដែរ។ វៀតណាមក៏បានទាមទារដូចគ្នានេះដែរ និងបានបង្កើនទំនាក់ទំនងកាន់តែស្និទ្ធជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចាប់តាំងពីឆ្នាំ២០១៦។
ចិនកំពុងប្រាប់ប្រទេសផ្សេងទៀតពីបម្រាមរយៈពេល ៣ ខែ របស់ខ្លួនឱ្យកាន់តែទូលំទូលាយនិងជាការក្រើនរំឭកប្រទេសទាំងនោះឲ្យដឹងថាចិនក៏ទាមទារអធិបតេយ្យភាពលើដែនទឹកនោះដែរ។ នេះបើតាមសំដីរបស់អ្នកវិភាគ។
លោក ជេ បាតុងបាកាល (Jay Batongbacal) សាស្ត្រាចារ្យផ្នែកកិច្ចការសមុទ្រអន្តរជាតិនៃសាកលវិទ្យាល័យហ្វីលីពីន បាននិយាយថា៖
«មកទល់ពេលនេះ យើងមិនទាន់ឃើញមានការពង្រីកការអនុវត្តបម្រាមនេះឲ្យប្រាកដប្រជាតាមប្រទេសនីមួយៗនៅឡើយ ជាពិសេសការអនុវត្តបម្រាមនេះលើប្រទេសផ្សេង។ យ៉ាងហោចណាស់ ខ្ញុំគិតថា គឺត្រូវមានការកត់ត្រាការអនុវត្តយុត្តាធិការលើផ្ទៃដែនសមុទ្រចិនខាងត្បូងទាំងមូល»។
បម្រាមបណ្ដោះអាសន្នប្រចាំឆ្នាំ
ដែនសមុទ្រចិនខាងត្បូង ដែលស្ថិតនៅខាងលើខ្សែស្របទី ១២ ខាងជើងខ្សែអេក្វាទ័រ រួមនឹងផ្លូវទឹកផ្សេងទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់ចិន នឹងត្រូវស្ថិតក្រោមការឃ្លាំមើលប្រចាំ ២៤ ម៉ោងក្នុងមួយថ្ងៃហើយ «ប្រសិនបើមានការរំលោភបំពានណាមួយនោះ នឹងមានការឆ្លើយតបក្នុងពេលហ្នឹងតែម្ដង»។ នេះបើតាមការស្រង់សំដីពីកងល្បាតឆ្នេរចិន ចុះផ្សាយក្នុងទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua របស់ចិន។
សារព័ត៌មានដដែលនេះ ក៏បានរាយការណ៍បន្តថា បម្រាមនេសាទនៅរដូវក្ដៅនឹងជួយ «លើកកម្ពស់និរន្តរភាពជលផលដែនសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ»។
ប៉ុន្តែបើយោងតាមសំដីរបស់លោក ធឺមសាក់ ឆាលឺមប៉ាឡានុប៉ា (Termsak Chalermpalanupap) អ្នកស្រាវជ្រាវជំនាញអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី បាននិយាយថា ដែនសមុទ្រហ្នឹង មានការនេសាទហួសកម្រិតស្រាប់ទៅហើយ ជាពិសេសកប៉ាល់នេសាទជាច្រើនអាចចូលទៅដល់ដែនទឹកនោះ ហើយនេសាទនិងអាចបង្កកផលនេសាទទាំងនោះទុក មុនពេលត្រឡប់មកដីគោកវិញ។
ដែនសមុទ្ រ៣,៥ លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងពីកោះ Borneo ខាងជើងទីក្រុងហុងកុងនិងផ្ដល់ទិន្នផលត្រី ១៦,៦ លានតោនក្នុងមួយឆ្នាំៗ ជាពិសេសឧស្សាហកម្មនេសាទនេះ បានផ្ដល់ការងារដល់មនុស្ស ៣,៧ លាននាក់ដល់ប្រទេសក្បែរដែនទឹកនេះ។ នេះបើយោងតាមទិន្នន័យរបស់ស្ថាប័ន National Geographic។
ប្រទេសទាមទារក្នុងជម្លោះដែនសមុទ្រនេះ គិតថាដែនសមុទ្រផ្ដល់ផលប្រយោជន៍ដល់ផ្លូវនាវាចរណ៍ និងក្រោមសមុទ្រសម្បូរដោយឧស្ម័ននិងប្រេង។
សុខដុមនីយកម្មនៅពេលមានបម្រាមនេសាទរបស់ចិន
ប្រទេសផ្សេងៗ ស៊ាំនឹងបម្រាមរាល់ឆ្នាំរបស់ចិនស្រេចទៅហើយ។
កាលពីប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសមួយចំនួនបានផ្ដល់ដំណឹងស្ងាត់ៗដល់នាវានេសាទរបស់ខ្លួនពីរបៀបចូលទៅនេសាទក្នុងដែនទឹកសមុទ្រដោយមិនឲ្យចិនអាក់អន់ចិត្ តគឺចូលទៅនេសាទដោយមិនបាច់រំឭករឿងទាមទារដែនអធិបតេយ្យអ្វីឡើយ។ វិធីសាស្ត្រនេះ ត្រូវគេរំពឹងថានឹងបន្តអនុវត្តដដែលក្នុងឆ្នាំនេះ បើទោះជាមានការបំភ័យថាមានការពង្រឹងការអនុវត្តបម្រាមក៏ដោយ។
លោក Shih Chin-yi ប្រធានផ្នែកនៃទីភ្នាក់ងារជលផលកោះតៃវ៉ាន់ ក៏បានប្រកាសប្រាប់នាវានេសាទខ្លួនអំពីបម្រាមរបស់ចិនឆ្នាំនេះផងដែរ។ លោក Shih ក៏បានបញ្ជាក់ប្រាប់ថា ស្ថាប័នលោក ក៏បានគិតគូរក្នុងការបង្កើនជលផលក្បែរឆ្នេរតៃវ៉ាន់ ក៏ដូចជានៅក្នុងតំបន់ប៉ែកនិរតីនៃសមុទ្រចិនខាងត្បូងដែរ។
លោក Shih បានបន្ថែមថា៖
«យើងក៏បានជូនដំណឹងអំពីបម្រាមនេះដល់អ្នកនេសាទនាពេលកន្លងមកដែរ គឺថាក្នុងអំឡុងពេលនេះចិនដីគោកបានហាមប្រាមការនេសាទចាប់ត្រឹមពីបណ្ដោយខាងជើងខ្សែស្របទី១២រហូតដល់ដែនសមុទ្រលឿង និងជ្រោយ Bohai»។
ចិនក៏បានអះអាងថាខ្លួនមានអធិបតេយ្យភាពលើដែនដីគ្រប់គ្រងស្វយ័តកោះតៃវ៉ាន់ផងដែរ ដែលការណ៍នេះបន្ថែមឱ្យជម្លោះដែនដីកាន់តែឡើងកម្ដៅឡើង។ ប្រទេសនីមួយៗ តែងតែឃ្លាំមើលការកំណត់ព្រំប្រទល់សមុទ្រដែលកំណត់ដោយភាគីផ្សេងៗទៀត ហើយកោះតៃវ៉ាន់ ក៏បានកំណត់តំបន់ហាមប្រាមផ្ទាល់ខ្លួនផងដែរ។
វៀតណាមដែលជាប្រទេសរិះគន់ខ្លាំងជាងគេក្នុងជម្លោះដែនសមុទ្រលើសកម្មភាពរបស់ចិន បានតវ៉ាប្រឆាំងបម្រាមកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យក្រសួងការបរទេសទីក្រុងហាណូយ បាននិយាយថាបម្រាមនេះបានរំលោភអធិបតេយ្យភាពដែនដីប្រជុំកោះ Paracel របស់វៀតណាម និងប្រឆាំងនឹងកតិកាសញ្ញាដែនសមុទ្ររបស់អង្គការសហប្រជាជាតិ។ នេះបើតាមគេហទំព័រសារព័ត៌មាន Hanoi Times ។
ហ្វីលីពីនជាទូទៅក៏បានប្រកាសជូនដំណឹងអំពីបម្រាមនេះបែបមិនផ្លូវការដល់ទូកនេសាទខ្លួន ដើម្បីជាការជៀសវាងការបង្កជម្លោះជាមួយចិន ឬការទទួលស្គាល់ថាចិនមានសិទ្ធិប្រកាសប្រាប់បម្រាមនេះ។ នេះបើតាមសំដីអ្នកសិក្សាផ្នែកនយោបាយក្នុងប្រទេស។ ចិន និងហ្វីលីពីនផ្ដើមស្រុះស្រួលគ្នាចាប់តាំងពីឆ្នាំ ២០១៦ ខណៈពេលដែលចិនអនុញ្ញាតឲ្យមានទូកនេសាទហ្វីលីពីនមួយចំនួនក្នុងដែនទឹកដែលមានជម្លោះ។
លោក Termsak Chalermpalanupap អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរីបាននិយាយថា ពេលនិយាយរឿងកប៉ាល់ប្រទេសនីមួយៗចូលដែនដីសមុទ្រ៖
«ខ្ញុំគិតថាប្រទេសទាំងនោះចេះតែទ្រាំទទួលយកនូវអ្វីដែលប្រទេសផ្សេងធ្វើដាក់ទៅវិញទៅមក និងសង្ឃឹមថានឹងមិនការបុកពន្លិចគ្នា ឬចាប់គ្នាឡើយ»។
ទំនាក់ទំនងជាមួយប្រទេសជិតខាង និងតួនាទីរបស់ស.រ.អា.
ព្រុយណេ និងម៉ាឡេស៊ី ក៏បានទាមទារចំណែកខ្លះនៃដែនសមុទ្រនេះដែរ គឺនៅប៉ែកខាងត្បូងនៃខ្សែស្របទី ១២។ ប្រទេសដែលទាមទារទាំងអស់សុទ្ធតែមានកម្លាំងយោធាខ្សោយជាងរដ្ឋាភិបាលក្រុងប៉េកាំង។
ប្រទេសអាស៊ីអាគ្នេយ៍ដែលទាមទារទាំងអស់អាក់អន់ចិត្តចំពោះសំណង់ចាក់ដីបំពេញសមុទ្ររបស់ចិន និងបានឃ្លាំមើលការធ្វើការតាំងទីយោធារបស់ចិនតាំងពីឆ្នាំ២០១០។ ការចាក់ដីបំពេញកោះ នឹងសម្រួលការសាងសង់ឃ្លាំងយន្តហោះចម្បាំង និងកសាងប្រព័ន្ធរ៉ាដា ក៏ដូចជាគាំទ្រដល់ការនេសាទ និងការរុករកប្រេង។
ការអាក់អន់ចិត្តរបស់ប្រទេសទាំងអស់នេះ ញ៉ាំងឲ្យមានវត្តមានកងទ័ពជើងទឹកស.រ.អា. ជាញឹកញាប់ក្នុងដែនសមុទ្រចិនខាងត្បូង ដែលការណ៍នេះក៏បានធ្វើឲ្យចិន មិនសប្បាយចិត្តផងដែរ។ ទីក្រុងវ៉ាស៊ីនតោនមិនបានទាមទារភាពជាម្ចាស់នៃចំណែកណាមួយនៃដែនទឹកនេះឡើយ។
អ្នកស្រី យ៊ុន ស៊ុន (Yun Sun) សហការីជាន់ខ្ពស់នៃកម្មវិធីអាស៊ីខាងកើតនៃមជ្ឈមណ្ឌល Stimson Center ដែលជាស្ថាប័នផ្ដល់ប្រឹក្សាយោបល់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន និយាយថា រដ្ឋាភិបាលក្រុងប៉េកាំង សង្ឃឹមនឹងកសាងទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រទេសអាស៊ីទាំងអស់ដើម្បីទប់ទល់នឹងឥទ្ធិពល ស.រ.អា.។
ដើម្បីកសាងទំនាក់ទំនងជាមួយប្រទេសទាំងអស់ រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងពិភាក្សាជាមួយបណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ដោយរាប់បញ្ចូលទាំងប្រទេសទាមទារចំនួនបួន លើការចុះហត្ថលេខាលើក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូងឲ្យបានកាន់តែឆាប់ត្រឹមឆ្នាំ ២០២០ ដើម្បីបង្ការកុំឲ្យមានឧបទ្ទវហេតុកប៉ាល់នានា៕
ប្រែសម្រួលដោយ កោះ សុគន្ធី